អានតួអត្ថបទ
ឥណ្ឌូណេស៊ី

បេក្ខជន​ចាញ់​ឆ្នោត​ប្រធានាធិបតី​ប្តឹង​តវ៉ា​ទៅ​តុលាការ​ធម្មនុញ្ញ

នៅថ្ងៃពុធ ទី ២៣​កក្កដា គឺ​នៅមួយថ្ងៃ​ក្រោយ​ប្រកាស​លទ្ធផល​បោះឆ្នោត របស់​គណៈ​កម្មាធិការ​បោះឆ្នោត​ក្នុង​ទីក្រុង​ហ្សាកាតា បេក្ខជន​ចាញ់ឆ្នោត លោក​ប្រាបូវូ ស៊ូបៀនតូ បាន​ប្រកាស​ថា លោក​នឹង​ប្តឹង​ជំទាស់​លទ្ធផលបោះឆ្នោត ទៅ​តុលាការ​ធម្មនុញ្ញ​ឥណ្ឌូណេស៊ី។ យោងតាម​លទ្ធផល​បោះឆ្នោត​ ប្រកាស​ជា​ផ្លូវការ​ កាលពីថ្ងៃ​អង្គារ​ ​លោក​ហ្សូកូ វីដូដូ អតីត​ចៅហ្វាយក្រុង​ហ្សាការតា ឈ្នះឆ្នោត​ធ្វើ​ជា​ប្រធានាធិបតីឥណ្ឌូណេស៊ី ដោយ​បាន​ទទួល​សំឡេង​ឆ្នោត ៥៣,១៥ភាគរយ ច្រើន​ជាង​លោក​ប្រាបូវូ ដែល​ជា​​គូ​ប្រជែង​។ 

លោក​ប្រាបូវូ​ប្រកាស​ដកខ្លួន​ចេញពី​បេក្ខជន​ប្រធានាធិបតី​នៅ​ថ្ងៃ​អង្គារ គឺ​នៅប៉ុន្មាន​ម៉ោង​មុន​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ប្រកាស​លទ្ធផល​គឺ​លោក​ហ្សូកូ វីដូដូ​ដែល​ឈ្នះឆ្នោត
លោក​ប្រាបូវូ​ប្រកាស​ដកខ្លួន​ចេញពី​បេក្ខជន​ប្រធានាធិបតី​នៅ​ថ្ងៃ​អង្គារ គឺ​នៅប៉ុន្មាន​ម៉ោង​មុន​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ប្រកាស​លទ្ធផល​គឺ​លោក​ហ្សូកូ វីដូដូ​ដែល​ឈ្នះឆ្នោត ©REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

ច្បាស់ ដោយ​គ្មាន​​ស្រពិចស្រពិល ​លោក​ហ្សូកូ វីដូដូ​បាន​ទទួល​ជ័យ​ជំនះ​យ៉ាងធំធេង​ទៅលើ​​គូ​ប្រកួតប្រជែង លោក​ប្រាបូវូ ស៊ូបៀនតូជាមួយ​នឹង​សំឡេង​ឆ្នោត ជាង​៥៣​ភាគរយ។ ប៉ុន្តែ លោក​ប្រាបូវ ស៊ូបៀនតូ ដែល​បាន​ទទួល​សំឡេង​តែ ៤៦,៨៥ភាគរយ​ បាន​ទាត់​ចោល​​លទ្ធផល​​បោះឆ្នោត​ និង​បាន​ចោទបក្សពួក​របស់​​លោក​ហ្សូកូ វីដូដូ​ថា​បាន​លួច​​​បន្លំ​សន្លឹកឆ្នោត​​​យ៉ាង​សន្ធឹកសន្ធាប់ នៅក្នុង​អំឡុងពេល​បោះឆ្នោត។

 
​តាម​អ្នកនាំពាក្យគណបក្ស​​របស់ប្រាបូវូ គេ​នឹង​​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​រដ្ឋធម្មនុញ្ញ នៅថ្ងៃ​ពុធនេះ ដើម្បី​ជំទាស់​លទ្ធផល​បោះឆ្នោត។ ការប្តឹង​ជំទាស់​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​របស់​បក្ស​ចាញ់ឆ្នោត នឹង​អាច​ធ្វើ​ឲ្យ​ឥណ្ឌូណេស៊ី​ ប្រទេស​មាន​សេដ្ឋកិច្ច​នាំមុខ​គេ​នៅ​អាស៊ីអាគ្នេយ៍ ជួប​អស្ថិរភាព​នយោបាយ ដែល​នឹង​ជះ​ឥទ្ធិពល​អាក្រក់​ទៅលើ​ទីផ្សារ​ភាគហ៊ុន​នៅ​អាស៊ី។

អ្នកស្រាវជ្រាវ​ម្នាក់​នៅ​សកលវិទ្យាល័យ​យោធា​​ឥណ្ឌូណេស៊ី​អះអាងថា នៅចំពោះមុខ​ចៅក្រម​របស់​តុលាការ​ធម្មនុញ្ញ លោក​ប្រាបូវូ​នឹង​មិន​ទាមទារ​ថា ខ្លួនជា​អ្នកឈ្នះឆ្នោតទេ ដោយសារ​តែ​សំឡេង​ឆ្នោត​របស់​លោកប្រាបូវូ មាន​តិចជាង​លោក​ហ្សូកូ​ វីដូដូដល់​ទៅ ៦ភាគរយ ​ដែល​តំណាង​ឲ្យ​សំឡេង​ឆ្នោត​ប្រជាជន​៨លាននាក់។ ដូច្នេះ គេ​វាយតម្លៃថា គណបក្ស​របស់​លោក​ប្រាបូវូ នឹង​ព្យាយាម​បង្ហាញ​ភស្តុតាង​ស្តីពី​ការលួចបន្លំ​សន្លឹកឆ្នោត​របស់​ក្រុម​លោក​ហ្សូកូ វីដូដូ ដើម្បី​ទាមទារ​ឲ្យគេ​រៀបចំ​ការបោះឆ្នោតប្រធានាធិបតី​​សាជាថ្មីឡើងវិញ។

បងប្រុស​របស់​លោក​ប្រាបូវូ ដែល​ជា​មហាសេដ្ឋី​ និង​ជាឧបត្ថម្ភ​ថវិកា​សម្រាប់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក​ប្រាបូវូ​បាន​អំពាវនាវ​ នៅថ្ងៃ​នេះ កុំ​ឲ្យ​ប្រទេស​មហាអំណាច​ទទួលស្គាល់​លោក​​លោក​ហ្សូកូវី។ ប៉ុន្តែ តាំងពី​ថ្ងៃ​អង្គារ នៅថ្ងៃ​ប្រកាស​លទ្ធផល​បោះឆ្នោត ប្រមុខការបរទេស​អាមេរិក នាយករដ្ឋមន្ត្រី​អូស្ត្រាលី និង​ប្រធានាគណៈកម្មការ​អឺរ៉ុប​បាន​ សា្វគម​អបអររួចហើយដល់​ លោក​ហ្សូកូ វីដូដូ​ អតីត​អ្នកជំនួញ លក់​គ្រឿង​សង្ហារឹម ដែល​បាន​ជាប់ឆ្នោត​ ក្លាយ​ជា​ប្រធានាធិបតី​ឥណ្ឌូណេស៊ី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ