អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

សាល​ដីកា​តុលាការ​ឡាអេ​ថ្ងៃ​១១​វិច្ឆិកា ជា​ការ​សាកល្បង​សមត្ថភាព​ដោះស្រាយ​បញ្ហា​ព្រះវិហារ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ទី​១១​វិច្ឆិកា​ខាង​មុខ​នេះ តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ​នឹង​ប្រកាស​សាល​ដីកា​ស្តី​ពី​ការ​បកស្រាយ​ឡើង​វិញ​សាលក្រម​ឆ្នាំ ១៩៦២ ទាក់ទង​នឹង​ជម្លោះ​ប្រាសាទ​ព្រះវិហារ​រវាង​កម្ពុជា និង​ថៃ។ នៅ​មុន​ការ​ប្រកាស​សាល​ដីកា​នេះ ភ្នំពេញ​និង​បាងកក​បាន​ត្រៀម​លក្ខណៈ​ជា​ស្រេច​ដោយ​ភាគី​នីមួយៗ​អះអាង​ថា​នឹង​ថែរក្សា​ចំណង​ទាក់ទង​ល្អ​ជាមួយគ្នា​ជាពិសេស​គឺ​រក្សា​សន្តិភាព​តាម​ព្រំដែន​បើទោះបីជា​លទ្ធផល​នៃ​សាល​ដីកា​នេះ​យ៉ាងណាក៏ដោយ។ នេះ​ជា​សញ្ញា​ល្អ​មួយ ប៉ុន្តែ ការ​ជំរុញ​ឲ្យ​ភាគី​ថៃ​អនុវត្ត​សាលដីកា​តុលាការ​គឺ​ជា​កិច្ចការ​ដែល​កម្ពុជា​មិន​អាច​មើល​រំលង​បាន​ឡើយ​ពី​ព្រោះ​នេះ​ជា​គន្លឹះ​ឈាន​ទៅ​បញ្ចប់​បញ្ហា​ព្រះវិហារ។

ទាហានខ្មែរ​ការពារនៅតំបន់ព្រំដែនជិត​ប្រាសាទ​ព្រះវិហារ ។
ទាហានខ្មែរ​ការពារនៅតំបន់ព្រំដែនជិត​ប្រាសាទ​ព្រះវិហារ ។ រូបថត ៖ សុវណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

ពីរ​សប្តាហ៍​មុន​ការប្រកាស​សាលដីកា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុងឡាអេ រដ្ឋមន្ត្រីការបរទេស​កម្ពុជា​ថៃ បាន​ជួប​ពិភាក្សាគ្នា​កាលពី​ថ្ងៃ​ចន្ទ​ដើម្បី​ត្រៀមលក្ខណៈ​ទប់ទល់​ជាមួយនឹង​ស្ថានភាព​អាក្រក់​ជាយថាហេតុ។ មុននេះ​បន្តិច នាយករដ្ឋមន្ត្រី​ប្រទេស​ទាំងពីរ​ក៏បាន​សន្យា​ដែរ​ថា​នឹងមិន​ឲ្យ​ផ្ទុះ​សង្គ្រាម​ជាមួយគ្នា​ជាថ្មី​ទៀតឡើយ​បើទោះបីជា​សាលដីកា​នោះ​មាន​អត្ថន័យ​យ៉ាងណាក៏ដោយ។

ទាំងនេះ​ត្រូវគេ​មើលឃើញថា ជា​សញ្ញា​ល្អ​មួយ​ក្នុងការ​ត្រៀមលក្ខណៈ​ទុកជាមុន​ដើម្បី​ទប់ទល់​សភាពការណ៍​ពីព្រោះ​សំណុំរឿង​ព្រះវិហារ​គឺជា​ប្រធានបទ​ដ៏​រសើប​ខ្លាំងណាស់​ក្នុង​ទំនាក់ទំនង​កម្ពុជា​និង​ថៃ។

ជាការ​ពិតណាស់ ភាព​ពុះកញ្ជ្រោល​ច្បាស់​ជា​នឹង​កើតមាន​ពេញបន្ទុក​នៅក្នុង​ប្រទេស​ថៃ​បន្ទាប់ពី​ការប្រកាស​សាលដីកា​នេះ​ពីព្រោះ​សេចក្តីសម្រេច​របស់​តុលាការ​ក្រុងឡាអេ​ត្រូវគេ​រំពឹងថា​នឹង​ផ្តល់​ប្រយោជន៍​ដល់​កម្ពុជា។ តាមពិតទៅ​សាលក្រម​ឆ្នាំ ១៩៦២ ដែលជា​ស្នា​ព្រះហស្ត​របស់​សម្តេចព្រះ នរោត្តម សីហនុ ក្នុងការ​តទល់​ជាមួយ​ថៃ​មាន​លក្ខណៈ​ច្បាស់លាស់​រួចទៅហើយ គ្រាន់តែ​ថា​ភាគី​ថៃ​យកទៅ​បកស្រាយ​ដើម្បី​ទាញយក​ប្រយោជន៍​តែប៉ុណ្ណោះ។

ដូច្នេះ ការបកស្រាយ​សាលក្រម​នេះ​ឡើងវិញ​វា​នឹង​គ្មានអ្វី​ប្លែក​ពី​ន័យ​ដើម​ទេ ពោលគឺ​វា​គ្រាន់តែ​ជាការ​បញ្ជាក់​ឡើងវិញ​ឲ្យ​ភាគី​ទំនាស់​បាន​យល់​អត្ថន័យ​ពិតប្រាកដ​របស់​វា​តែប៉ុណ្ណោះ។ ប្រសិនបើ​ដូច្នោះ​មែន ក្រុម​ជ្រុលនិយម​ថៃ​ច្បាស់​ជា​នឹងមិន​សប្បាយចិត្ត​ឡើយ ហើយ​ពួកគេ​នឹង ដាក់​សម្ពាធ​ទៅលើ​រដ្ឋាភិបាល​ក្រុង​បាងកក​ឲ្យ​ប្រឆាំង​សាលដីកា​នោះ​ជាមិនខាន។ ភាព​តានតឹង​ជាយថាហេតុ​នៅតាម​ព្រំដែន​ក៏​អាច​នឹង​កើតមាន​ដែរ។ ក្នុងន័យនេះ ការត្រៀម​លក្ខណៈ​ជាមុន​របស់​រដ្ឋាភិបាល​ទាំងពីរ​គឺជា​រឿង​មិនអាច​ចៀសវាង​បាន។

យ៉ាងណា​ក៏ដោយចុះ ការទប់ស្កាត់​មិន​ឲ្យ​មាន​សង្គ្រាម​តាម​ជាយដែន​គឺជា​ការល្អ​មួយ​ហើយពី​ព្រោះ​គ្មាន​អ្នកណា​ទទួលបាន​ផលចំណេញ​ពី​សង្គ្រាម​នេះ​ទេ។ ប៉ុន្តែ អ្វីដែល​កម្ពុជា​គួរ​ប្រុងប្រយ័ត្ន​នោះ​គឺ​ធ្វើយ៉ាងណា​កុំ​ឲ្យ​ការទប់ស្កាត់​មិន​ឲ្យ​មាន​សង្គ្រាម​ក្លាយជា​លេស​ដើម្បី​គេចវេស​មិន​ព្រម​អនុវត្តតាម​សេចក្តីសម្រេច​របស់​តុលាការ​ពី​សំណាក់​ភាគី​ថៃ។

ពិត​ហើយ​ថា ការកសាង​ព្រំដែន​សន្តិភាព មិត្តភាព និង​សហប្រតិបត្តិការ គឺជា​បំណងប្រាថ្នា​របស់​គ្រប់​ប្រទេស​លើ​លោក ជាពិសេស​ជា​ក្តី​ប្រាថ្នា​ដ៏​ពិសិដ្ឋ​របស់​កម្ពុជា​ក្នុងនាម​ជា​ប្រទេស​ដែល​ឆ្អែតឆ្អន់​នឹង​ភ្លើងសង្គ្រាម។ ដូច្នេះ ជំហរ​ទន់ភ្លន់​របស់​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ជាមួយ​ប្រទេសជិតខាង​គឺជា​នយោបាយ​ការទូត​ដ៏​ឆ្លាត​វៃ​មួយ​ក្នុង​បរិបទ​ដែល​កម្ពុជា​ត្រូវការ​អភិវឌ្ឍន៍​ប្រទេស​ជាង​សង្គ្រាម និង​ក្នុងនាម​ជា​ប្រទេស​ទន់ខ្សោយ​ជាង​ប្រទេសជិតខាង។

ក៏ប៉ុន្តែ ជំហរ​ទន់ភ្លន់​គួរ​បង្កប់​ដោយ​ភាពម៉ឺងម៉ាត់​ដើម្បី​កុំ​ឲ្យ​ភាពទន់ភ្លន់​ក្លាយជា​ទន់ជ្រាយ​ទៅវិញ។ សូម​កុំភ្លេចថា ភាព​ទន់ជ្រាយ​វា​នឹងធ្វើ​ឲ្យ​ប្រទេសជិតខាង​កេងចំណេញ​ពី​កម្ពុជា​រៀងរហូត។ ការបាត់បង់​ទឹកដី​ជា​បន្ត​បន្ទាប់ពី​មហានគរ​មក​នៅត្រឹម​កូន​ប្រទេស​តូច​មួយ​ដូច​បច្ចុប្បន្ន គឺជា​លទ្ធផល​នៃ​ភាព​ទន់ជ្រាយ​របស់​អ្នកនយោបាយ​ខ្មែរ​ដែលជា​ទូទៅ​ពូកែ​តែ​តតាំង​ជាមួយ​គ្នាឯង​ជាង​ជាមួយ​សត្រូវ​ពី​ខាងក្រៅ។

ងាក​មក​មើល​បញ្ហា​ព្រះវិហារ​វិញ ការដាក់​ពាក្យ​ប្តឹងទៅ​តុលាការ​ក្រុងឡាអេ​ឲ្យ​បកស្រាយ​សាលក្រម​ឆ្នាំ ១៩៦២ ឡើងវិញ​មិនមែនជា​រឿង​ចៃដន្យ​ទេ។ គោលដៅ​ធំ​បំផុត​របស់​កម្ពុជា​គឺ​ចង់​ឲ្យ​តុលាការអន្តរជាតិ​ប្រាប់​ភាគី​ថៃ​ឲ្យ​ច្បាស់​អំពី​ផ្ទៃដី​ទំហំ ៤,៦ គីឡូ​ម៉ែត​ក្រឡា​ថា​ជា​កម្មសិទ្ធិ​របស់​អ្នកណា? ដូច្នេះ ការបញ្ចៀស​សង្គ្រាម​មិនមែនជា​គោលដៅ​តែមួយគត់​របស់​កម្ពុជា​ទេ តែ​ការថែរក្សា​ស្នា​ព្រះហស្ត​របស់​ព្រះមហាវីរក្សត្រ​ដោយ​ធ្វើយ៉ាងណា​ឲ្យ​ភាគី​ម្ខាង​ទៀត​គោរព​សេចក្តីសម្រេច​របស់​តុលាការ​គឺជា​បេសកកម្ម​ដ៏​សំខាន់​មួយទៀត។

ដើម្បី​សម្រេច​គោលដៅ​នេះ វា​ទាមទារ​ឲ្យ​កម្ពុជា​ត្រៀមលក្ខណៈ​ឲ្យ​បានល្អ​ផងដែរ​ក្នុង​ការធ្វើ​នយោបាយ​ការទូត​ជាមួយ​សហគមន៍​អន្តរជាតិ​ទាំងមូល។ នៅក្នុង​យុគសម័យ​ថ្មី​នេះ សមរភូមិ​ការទូត​ក៏​ជា​កត្តា​ស្លាប់​រស់​មួយ​ដែរ​ក្នុងការ​ឈានទៅ​ទទួលជោគជ័យ​ដោយ​មិនបាច់​ប្រើ​សមរភូមិ​យោធា។

ដូច្នេះ សាលដីកា​តុលាការ​ក្រុងឡាអេ​ដែល​នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃទី ១១ វិច្ឆិកា​នេះ ពិតជា​វិញ្ញាសា​សាកល្បង​ម្តងទៀត​អំពី​សមត្ថភាព​របស់​ក​ម្ពុ​ជា​ក្នុងការ​ដោះស្រាយ​បញ្ហា​ព្រះវិហារ​ជាមួយ​ប្រទេស​ថៃ។ ភាពឈ្លាសវៃ​ខាង​នយោបាយ​ការទូត​គឺជា​ស្ពាន​ឈានទៅរក​ជោគជ័យ​របស់​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ