អានតួអត្ថបទ
នាទី​យល់ដឹង​អំពី​ច្បាប់ និង​ជំនួញ

សំណុំរឿង​ព្រះវិហារ​នៅ​តុលាការ​ក្រុង​ឡាអេ កាល​ពី​៥០​ឆ្នាំ​មុន

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​នាទី​យល់ដឹង​អំពី​ច្បាប់​នៅថ្ងៃ​នេះ សេង ឌីណា សូម​ធ្វើ​ការ​រំឭកឡើងវិញ​ អំពី​ដំណើររឿង​នៅ​តុលាការ​ក្រុងឡាអេ កាល​ពី​៥០​ឆ្នាំមុន ស្តីពី​ជម្លោះ​រវាង​កម្ពុជា និង​ថៃ ជុំវិញ​តំបន់​ប្រាសាទ​ព្រះវិហារ។ តុលាការ​បាន​សម្រេច​ឲ្យ​កម្ពុជា​ឈ្នះ​ក្តី ហើយ​ប្រាសាទ​ព្រះវិហារ​ស្ថិត​នៅ​ជា​សម្បត្តិ​របស់​ខ្មែរ​រហូត​មកទល់​សព្វថ្ងៃ ដែល​ប្រជារាស្រ្ត​ខ្មែរ​ទូទៅ​នៅតែ​ចងចាំ​ជាប់ជានិច្ច​ថា​ជា​សមិទ្ធផល​ដ៏ថ្លៃថ្លាមួយ​ ក្រោម​ការ​ដឹកនាំ​របស់​សម្តេចឪ នរោត្តម សីហនុ។

ទង់ជាតិ​កម្ពុជា​ដោយ​នៅលើ​ប្រាសាទ​ព្រះវិហារ
ទង់ជាតិ​កម្ពុជា​ដោយ​នៅលើ​ប្រាសាទ​ព្រះវិហារ ©Reuters
ផ្សាយពាណិជ្ជកម្ម

ជម្លោះ​ទាក់ទង​នឹង​ប្រាសាទ​​ព្រះវិហារ​បាន​ចាប់ផ្ទុះ​ឡើង​ខ្លាំង នៅឆ្នាំ​១៩៥៤ បន្ទាប់​ពី​​​កម្ពុជា​បាន​ទទួល​​ឯករាជ្យ​ពី​បារាំង ហើយ​​​ថៃ​បា​ន​បញ្ជូន​កងកម្លាំង​ប្រដាប់​អាវុធ ចូល​មក​កាន់​កាប់​ប្រាសាទ​ព្រះវិហារ ។

បណ្តឹង​របស់​កម្ពុជាទៅតុលាការ​ក្រុងឡាអេ

ក្រោយ​ពី​​​ដំណើរការ​តាមផ្លូវទូត​ត្រូវ​​ទទួល​បរាជ័យ មិន​អាច​រក​ដំណោះស្រាយ​បាន កម្ពុជា​ក៏​បាន​ងាក​ទៅ​រក​យន្តការ​តុលាការ​វិញ​ម្តង។ កម្ពុជា​​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ក្រុង​ឡាអេ នៅថ្ងៃ​ទី៦ ​តុលា ឆ្នាំ​១៩៥៩ ដើម្បី​​​ស្នើសុំ​ឲ្យ​តុលាការ​ប្រគល់​អធិបតេយ្យ​ដែនដី​លើ​ប្រាសាទ​ព្រះវិហារ​មក​ឲ្យ​កម្ពុជា និង​ទាមទារ​ឲ្យ​ថៃ​ដក​កងកម្លាំង​ប្រដាប់​អាវុធ​​ទាំងអស់​ចេញ​ពី​​ប្រាសាទ។

នៅ​ថ្ងៃ​ទី៨ ធ្នូ ឆ្នាំ​១៩៥៩ តុលាការ​បាន​ចេញ​ដីកា​បង្គាប់​ កំណត់​កាលបរិច្ឆេទ ដែល​​កម្ពុជា និង​ថៃ​​​​​ត្រូវ​បញ្ជូន​សារណា​ និង​សារណាតប​ទៅតុលាការ។ សារណា​របស់​កម្ពុជា​ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​ដៃ​តុលាការ តាម​ពេល​កំណត់។ ចំណែកថៃ​វិញ ដល់​ពេល​កំណត់​ត្រូវ​បញ្ជូន​សារណា​តប ថៃ​បែរ​ជា​បាន​បញ្ជូន​ពាក្យ​បណ្តឹង​មួយ បដិសេធ​មិន​ទទួល​ស្គាល់​សមត្ថកិច្ច​របស់​តុលាការ​អន្តរជាតិ ក្នុង​ការ​ជំនុំជម្រះ​បណ្តឹង​របស់​កម្ពុជា។

បណ្តឹង​របស់​ថៃ​ច្រានចោល​សមត្ថកិច្ច​របស់​តុលាការ

​សវនាការ​សាធារណៈ ដើម្បី​ជុំនំជម្រះ​លើ​បណ្តឹង​ទាស់​របស់​ថៃ ត្រូវ​បាន​បើក​ធ្វើ​ ចាប់ពី​ថ្ងៃ​ទី១០ រហូត​ដល់​ថ្ងៃ​ទី​១៥ មេសា ឆ្នាំ​១៩៦០។ គណៈប្រតិភូ​តំណាង​​​ភាគី​កម្ពុជា​ ដឹកនាំ​ដោយ​លោក​ទ្រឿង កាង សមាជិក​ឧត្តម​ក្រុមប្រឹក្សា​រាជបល្ល័ង្ក អម​ដោយ​អ្នក​ច្បាប់​ល្បីឈ្មោះ​ពីរ​នាក់៖ ម្នាក់​ជា​មេធាវី​ប្រចាំ​តុលាការ​កំពូល​អាមេរិក និង​ម្នាក់ទៀត​ជា​សាស្រ្តាចារ្យ​ច្បាប់​បារាំង​។ ចំណែក​ខាង​ភាគី​ថៃ ដឹកនាំ​ដោយ​ព្រះអង្គម្ចាស់ វង់សាម៉ាហ៊ីប ចាយ៉ាន់គូរ៉ា (Vongsamahip Jayankura) ឯកអគ្គរាជទូត​ថៃ​ប្រចាំ​ប្រទេស​ហូឡង់។

នៅថ្ងៃ​ទី​២៦ ឧសភា ឆ្នាំ​១៩៦១ តុលាការ​ក្រុងឡាអេ​បាន​ចេញ​សេចក្តី​សម្រេច​ច្រានចោល​បណ្តឹង​ជំទាស់​​របស់​ថៃ ហើយ​ប្រកាសថា តុលាការ​មាន​សមត្ថកិច្ច​ពេញលេញ​ក្នុង​ការ​ជំនុំជម្រះ​លើ​បណ្តឹង​របស់​កម្ពុជា។
 
ការជំនុំជម្រះ​លើ​អង្គសេចក្តី

នៅ​ក្នុង​សារណា​ជា​លាយលក្ខណ៍​អក្សរ ព្រមទាំង​នៅ​ក្នុង​អំឡុង​សវនាការ​​ផ្ទាល់មាត់​ជា​បន្តបន្ទាប់ កម្ពុជា​បាន​​លើក​យក​​​ “ផែនទីដងរែក” (ផែនទី​ឧបសម្ព័ន្ធ​ទី១) ដែល​ជា​ផែនទី​ភ្ជាប់​ជាមួយ​នឹង​សន្ធិសញ្ញា​បារាំង-សៀម ឆ្នាំ​១៩០៤ មក​ធ្វើ​ជា​មូលដ្ឋាន​ច្បាប់។ តាមរយៈ​បន្ទាត់​ព្រំដែន នៅ​ក្នុង​ផែនទី​ឧបសម្ព័ន្ធទី១​នេះ បង្ហាញ​ថា ប្រាសាទ​ព្រះវិហារ​ស្ថិត​នៅ​ក្នុង​ទឹកដី​របស់​កម្ពុជា។

ក៏ប៉ុន្តែ ភាគី​ថៃ​បាន​វិញ​បាន​លើក​ឡើង​ថា នៅ​ក្នុង​ពាក្យ​បណ្តឹង​​ដំបូង កម្ពុជាទាមទារ​​តែ​រឿង​ប្រាសាទ​ព្រះវិហារ​ប៉ុណ្ណោះ មិនបាន​និយាយ​អំពី​បញ្ហា​ព្រំដែន​នោះទេ។ ដូច្នេះ តុលាការ​មិនអាច​សម្រេច​សេចក្តី​ទាក់ទង​នឹង​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ​បានទេ។

នៅ​ក្នុង​សាលក្រម​ឆ្នាំ​១៩៦២ ចៅក្រម​តុលាការ​ក្រុង​ឡាអេ​បាន​លើកឡើង​​ថា​ ដើម្បី​ទាមទារ​អធិបតេយ្យ​លើ​ប្រាសាទ​ព្រះវិហារ ទាំង​ភាគី​កម្ពុជា និង​ទាំង​ភាគីថៃ សុទ្ធតែ​បាន​អះអាង​​រៀងៗខ្លួន​​ថា ប្រាសាទ​ព្រះវិហារ​ស្ថិត​នៅ​ក្នុង​ទឹកដី​របស់​ខ្លួន។ ដូច្នេះ ធាតុពិត​នៃ​ជម្លោះ​រវាង​កម្ពុជា និង​ថៃ ដែល​នាំ​មក​ដល់​តុលាការ​នេះ គឺ​ជា​ជម្លោះ​ស្តីពី​អធិបតេយ្យ​ដែនដី។ ដើម្បី​កាត់សេចក្តី​​ទៅលើ​​អធិបតេយ្យ​ដែនដី នៅ​ក្នុង​តំបន់​ព្រះវិហារ តុលាការ​ចាំបាច់​ត្រូវ​តែ​​កំណត់​អំពី​ព្រំដែន​រវាង​កម្ពុជា និង​ថៃ នៅ​ក្នុង​តំបន់​នេះ (សាលក្រម ១៩៦២ ទំព័រទី១៤)។

ដោយ​មិនអាច​រារាំង​តុលាការ​មិន​ឲ្យ​សម្រេច​សេចក្តី​លើ​ខ្សែបន្ទាត់​ព្រំដែន​បាន ភាគី​ថៃ​ក៏​បាន​លើក​ឡើង​នូវ​ទឡ្ហីករណ៍​មួយចំនួន ដើម្បី​​ច្រានចោល​ខ្សែបន្ទាត់​ព្រំដែន ​​​ក្នុង​ផែនទី​ឧបសម្ព័ន្ធទី១ ដែល​លើក​ឡើង​ដោយ​កម្ពុជា។ ​ថៃ​បាន​លើកហេតុផល​ថា ខ្សែបន្ទាត់​ព្រំដែន​ នៅ​ក្នុង​ផែនទី​នេះ ខុសពី​អ្វី​ដែល​បាន​ចែង​នៅ​ក្នុង​សន្ធិសញ្ញា​បារាំង-សៀម ឆ្នាំ​១៩០៤។ យោងតាម​មាត្រា ១ នៃ​សន្ធិសញ្ញា​នេះ សៀម និង​បារាំង (ដែល​ពេលនោះ​ជា​អាណាព្យាបាល​របស់​កម្ពុជា) បាន​ព្រមព្រៀង​គ្នា​ថា ខ្សែបន្ទាត់​ព្រំដែន នៅ​តំបន់​ដងរែក គឺ​ត្រូវ​យក​តាម “​ខ្សែបែងចែក​ផ្លូវទឹក” (មាត្រា ១ នៃ​សន្ធិសញ្ញា ១៩០៤)។ បើ​មើល​ទៅ​លើ​ដីជាក់ស្តែង ខ្សែបែងចែក​ផ្លូវទឹក គឺ​ស្ថិត​នៅ​ខាង​ត្បូង​ប្រាសាទ​ព្រះវិហារ។ ដូច្នេះ ប្រាសាទព្រះ​វិហារ​ត្រូវ​ស្ថិត​នៅ​ក្នុង​ទឹកដី​ថៃ។

ក្នុង​សាលក្រម​ឆ្នាំ​១៩៦២ តុលាការ​ក្រុងឡាអេ​បាន​លើក​ឡើង​ថា ថ្វីដ្បិត​តែ​​មាត្រា ១ នៃ​សន្ធិសញ្ញា​ ឆ្នាំ​១៩០៤ កំណត់​យក​​ខ្សែបែងចែក​ផ្លូវទឹក​ធ្វើ​​ជា​ព្រំដែន​មែន ក៏ប៉ុន្តែ នៅ​ក្នុង​មាត្រា ៣ នៃ​សន្ធិសញ្ញា​ដដែលនេះ​ ចែងថា ការកំណត់​ខ្សែបន្ទាត់​ព្រំដែន​​ពិតប្រាកដ​នឹង​ត្រូវ​ធ្វើ​ឡើង​ដោយ​គណៈកម្មការ​ចម្រុះ​បារាំង-សៀម។

ដូច្នេះ គេ​អាច​សន្និដ្ឋាន​បានថា មាត្រា​ ១ នៃ​សន្ធិសញ្ញា ឆ្នាំ​១៩០៤ កំណត់​ត្រឹមតែ​លក្ខណៈវិនិច្ឆ័យ​ជាគោលការណ៍​ប៉ុណ្ណោះ។ ចំណែក​ឯ​ខ្សែបន្ទាត់​ព្រំដែន​​ពិតប្រាកដ គឺ គណៈកម្មការ​ចម្រុះ ដែល​ជា​អ្នក​កំណត់។ ដូច្នេះ ខ្សែបន្ទាត់​ព្រំដែន​ដែល​គេ​អាច​យក​ជាផ្លូវការ​បាន គឺ​ព្រំដែន​ដែល​កើតចេញ​ពី​ការងារ​របស់​គណៈកម្មការ​ចម្រុះ។ នៅ​តំបន់​ដងរែក ខ្សែបន្ទាត់​ព្រំដែន​ ​ដែល​កើតចេញ​ពី​ការងារ​របស់​គណៈកម្មការ​ចម្រុះ​បារាំង-សៀម គឺ​មានតែ​មួយ​គត់ គឺ​ខ្សែបន្ទាត់​ព្រំដែន នៅ​ក្នុង​ផែនទី​​ឧបសម្ព័ន្ធទី១ ដែល​កម្ពុជា​បាន​លើក​យក​មក​ធ្វើ​ជា​សំអាង (ទំព័រ​ទី​២១ សាលក្រម ឆ្នាំ​១៩៦២)។

ភាគី​ថៃ​បាន​​បដិសេធ​ថា ផែនទីនេះ​មិនមែន​កើត​ចេញ​ពី​គណៈកម្មការ​ចម្រុះ​បារាំង-សៀម​ទេ ហើយ​ថៃ​ក៏​មិនដែល​​ទទួល​ស្គាល់​ផែនទី​នេះ​ដែរ។

ចៅក្រម​បាន​សម្រេច​ថា ផែនទី​ឧបសម្ព័ន្ធទី១ គឺ​ស្ថិត​ក្នុង​ចំណោម​ផែនទី​ទាំង​១១​ផ្ទាំង ដែល​ត្រូវ​​បានបោះពុម្ព​ និង​ផ្សព្វផ្សាយ​ជា​សាធារណៈ​យ៉ាងទូលំទូលាយ។ ផែនទី​នេះ​ត្រូវ​បាន​ចែក​ចាយ​ទៅ​ឲ្យ​រដ្ឋាភិបាល​បារាំងផង រដ្ឋាភិបាល​សៀមផង និង​ទៅ​ឲ្យ​ក្រុម​អ្នក​ជំនាញ​ខាង​ភូមិសាស្រ្ត​​ផង ទាំង​អ្នក​ភូមិសាស្រ្ត​​បារាំង អ្នកភូមិសាស្រ្ត​​សៀម និង​អ្នក​ភូមិសាស្រ្ត​ធំៗ នៅ​ក្នុង​តំបន់។​ លើសពីនេះ​ទៅទៀត ផែនទី​ឧបសម្ព័ន្ធ​ទី១ ត្រូវ​បាន​រដ្ឋាភិបាល​ថៃ​ចែកចាយ​ទៅ​តម្កល់​ទុក នៅ​ឯ​ស្ថានតំណាង​របស់​ថៃ ប្រចាំ​ប្រទេស​ធំៗ​មួយចំនួន រួមមាន​ ​អង់គ្លេស អាល្លឺម៉ង់ រុស្ស៊ី​ និង​សហរដ្ឋ​អាមេរិក។ ឆ្លងកាត់​ការ​ផ្សព្វផ្សាយ​យ៉ាងទូលំទូលាយ​បែបនេះ ថៃ​មិន​អាច​អះអាង​ថា ខ្លួន​មិន​បាន​ដឹង​ មិនបាន​ទទួលស្គាល់​ផែនទី​ឧបសម្ព័ន្ធ​ទី១​បាន​ទេ។

ភស្តុតាង​ដ៏​ជាក់ច្បាស់​មួយទៀត​ គឺ​ចាប់​ពី​ខែ​មីនា ឆ្នាំ​១៩០៩ គណៈកម្មការ​ចម្រុះ​បារាំង-សៀម បាន​ជួប​ប្រជុំ​គ្នា​ជាច្រើន​ខែ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ។ កិច្ចប្រជុំ​នេះ​មាន​គោលដៅរៀបចំ​​ចងក្រង​ផែនទី​​ទាំងអស់​​ធ្វើ​ជា​ឯកសារ​តែមួយ​ និង​​កំណត់​អំពី​ពាក្យ​ទាំងអស់​​ដែល​ត្រូវ​ប្រើ​នៅ​ក្នុង​ផែនទី​ទាំងនេះ ដើម្បី​ឲ្យ​​ស៊ីសង្វាក់​គ្នា​រវាង​ភាសា​បារាំង និង​ភាសា​ថៃ។ នៅ​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ផែនទី​​នេះ ថៃ​មិនដែល​​តវ៉ា​ជំទាស់​នឹង​ខ្សែបន្ទាត់​ព្រំដែន នៅ​ក្នុង​ផែនទី​ឧបសម្ព័ន្ធ​ទី​១​នេះទេ។

ម្យ៉ាងវិញទៀត ការ​ដែល​ថៃ​លើកឡើង​ថា ខ្លួន​មាន​ការ​ភាន់ច្រឡំ ហើយ​មើល​មិនឃើញ​ពី​ភាព​​មិនប្រក្រតី នៅ​លើ​ផែនទី​ដងរែក ក៏​ជា​រឿង​មិន​សមហេតុផល​ដែរ ពីព្រោះ​ថា គ្រាន់តែ​គេ​មើល​ផែនទី​ឧបសម្ព័ន្ធទី១ គេ​អាច​មើល​ឃើញ​យ៉ាងច្បាស់​អំពី​​តំបន់​​ប្រាសាទ​ព្រះវិហារ មិនអាច​ចន្លោះ​បានទេ។ នៅលើ​ផែនទីនេះ ទីតាំង​ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​​កំណត់ ដោយ​​​សញ្ញាសម្គាល់​យ៉ាងច្បាស់ ដែល​មាន​រាង​ជា​ប្លង់​តួប្រាសាទ និង​ជណ្តើរ​ប្រាសាទ។​ ចំណែក​ខ្សែបន្ទាត់​​ព្រំដែន​​ត្រូវ​បាន​គេ​គូស​បង្ហាញ​យ៉ាងច្បាស់ នៅ​​​ខាង​ជើង​ប្រាសាទ​ព្រះវិហារ​ ហើយ​មិន​ត្រូវ​នឹង​ខ្សែបែងចែក​ផ្លូវ​ទឹក​ទេ។ ដូច្នេះ វា​ជា​រឿង​ដែល​មិន​អាច​ទៅរួច​ទេ ដែល​ថា អ្នក​ដែល​​បាន​មើល​ផែនទី​នេះ​ហើយ តែ​មើល​មិន​ឃើញ​​អំពី​​ចំណុច​នេះ។

លើសពីនេះ​ទៅទៀត ខាង​ភាគី​ថៃ អ្នក​ដែល​បាន​ឃើញ​ផែនទី​ឧបសម្ព័ន្ធទី១​នេះ (ដូចជា រដ្ឋមន្រ្តី​ក្រសួង​ការបរទេស, រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ, សមាជិក​គណៈកម្មការ​ចម្រុះ​បារាំង-សៀម, ព្រមទាំង​អភិបាល​ខេត្ត នៅជាប់​នឹង​តំបន់​ប្រាសាទ​ព្រះវិហារ) សុទ្ធសឹង​ជា​អ្នក​ដែល​មាន​ជំនាញ​ខាង​ភូមិសាស្រ្ត និង​ស្គាល់​ភូមិសាស្រ្ត​​នៅ​តំបន់​ព្រះវិហារ​យ៉ាងច្បាស់លាស់។ ដូច្នេះ វាកាន់តែ​មិនអាច​ទៅរួច​ទៅទៀត​ដែល​ថា អ្នក​ទាំងនេះ​មិនអាច​មើល​ដឹង​ថា នៅ​ក្នុង​ផែនទី​ឧបសម្ព័ន្ធទី១ ប្រាសាទ​ព្រះវិហារ​​ស្ថិត​នៅ​ក្នុង​ទឹកដី​កម្ពុជា។

សេចក្តី​សម្រេច​របស់​តុលាការថ្ងៃទី១៥ មិថុនា ១៩៦២

តាមរយៈ​ហេតុផល​ទាំងនេះ តុលាការ​បាន​កំណត់​​​ថា នៅ​តំបន់​ប្រាសាទព្រះវិហារ ព្រំដែន​ស្របច្បាប់​រវាង​កម្ពុជា និង​ថៃ គឺ​ខ្សែបន្ទាត់​​ព្រំដែន​ ដែល​មាន​គូស​នៅ​លើ​ផែនទី​ឧបសម្ព័ន្ធ​ទី១ មិនមែន​ខ្សែ​បែងចែក​ផ្លូវទឹក ដូច​ការ​ទាមទារ​របស់​ថៃ​នោះទេ។

ដោយ​យោង​ទៅ​លើ​ខ្សែបន្ទាត់​ព្រំដែន​នេះ តុលាការ​យុត្តិធម៌​អន្តរជាតិ ក្រុង​ឡាអេ​បាន​សម្រេច​សេចក្តី​ថា៖

  • ប្រាសាទព្រះវិហារ​ស្ថិត​នៅ​ក្នុង​ទឹកដី ដែល​ស្ថិត​ក្រោម​អធិបតេយ្យ​របស់​កម្ពុជា (​អនុម័ត​ដោយ​ ៩​សំឡេង ទល់​នឹង៣)។
  • ថៃ​ត្រូវ​តែ​ដក​កងទ័ព ប៉ូលិស ឬ​ឆ្មាំ​ផ្សេងទៀត ដែល​ឈរជើង​នៅ​ក្នុង​ប្រាសាទ និង​នៅ​ជុំវិញ​ប្រាសាទ ក្នុង​ដែនដី​របស់​កម្ពុជា (៩​សំឡេង ទល់​នឹង​៣)។
  • ថៃ​ត្រូវ​ប្រគល់​ត្រឡប់​មក​ឲ្យ​កម្ពុជា​វិញ នូវ​រាល់​​​វត្ថុបុរាណ ដូចជា រូបចម្លាក់​ សិលាចារឹក គ្រឿង​ចាន​ឆ្នាំង​ធ្វើ​អំពី​ដី ។ល។ ដែល​ថៃ​បាន​យក​ចេញ​ពី​ប្រាសាទ​ព្រះវិហារ ឬ​ពី​​តំបន់​ប្រាសាទ​ ក្នុង​​អំឡុង​ពេល​ដែល​ថៃ​កាន់កាប់​ប្រាសាទ ចាប់តាំង​ពី​ឆ្នាំ​១៩៥៤​មក (៧សំឡេង ទល់នឹង ៥)៕

សូមចុចត្រង់នេះ ដើម្បី​អាន​ឯកសារ​​ផ្លូវការ​ក្នុង​វិបសៃត៍​របស់​តុលាការ​ក្រុង​ឡាអេ ស្តីពី​សំណុំរឿង​ព្រះវិហារ ពីឆ្នាំ​១៩៥៩ ដល់​ឆ្នាំ​១៩៦២។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ