អានតួអត្ថបទ
កម្ពុជា

បញ្ហា​ព្រះវិហារ​ផ្តើម​ដុត​កម្តៅ​នយោបាយ​ថៃ ខណៈ​កម្ពុជា​ត្រៀម​អនុវត្ត​សាលដីកា​

ប៉ុន្មាន​ថ្ងៃ​ក្រោយពី​សេចក្តីសម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុងឡាអេ​ស្តីពី​បញ្ហា​ព្រះវិហារ រដ្ឋាភិបាល​ក្រុង​បាងកក​កំពុង​រង​គំនាប​កាន់តែខ្លាំង​ពី​បក្សប្រឆាំង។ មេដឹកនាំ​ថៃ​ដែល​ធ្លាប់បាន​សន្យាថា​នឹង​គោរព​និង​អនុវត្ត​សេចក្តីសម្រេច​របស់​តុលាការអន្តរជាតិ​នោះ ពេលនេះ បាន​អះអាង​នៅក្នុង​សភា​ថា ខ្លួន​មិនដែល​អះអាង​ពី​ការទទួលយក​សេចក្តីសម្រេច​របស់​តុលាការ​ទេ។ យ៉ាងណាក៏ដោយ ភាគី​កម្ពុជា​ត្រៀម​ជាស្រេច​ដើម្បី​អនុវត្ត​សេចក្តីសម្រេច​នេះ​ដោយ​សន្តិវិធី​ជាមួយ​ថៃ។

លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីនៃ​ប្រទេសថៃ។
លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីនៃ​ប្រទេសថៃ។ @rfi/siv channa
ផ្សាយពាណិជ្ជកម្ម

ថ្លែង​នៅ​ចំពោះមុខ​រដ្ឋសភា​កាលពី​ថ្ងៃ​ពុធ អ​តី​នាយករដ្ឋមន្ត្រី​ថៃ លោក អា​ភី​ស៊ីត វ៉ា​ចា​ជីវ៉ា និង​ជា​មេដឹកនាំ​បក្សប្រឆាំង​បានដាក់​គំនាប​យ៉ាងខ្លាំង​ទៅលើ​គណបក្សកាន់អំណាច​កុំ​ឲ្យ​ទទួលយក​សេចក្តីសម្រេច​របស់​តុលាការ​ក្រុងឡាអេ​ស្តីពី​បញ្ហា​ព្រះវិហារ។ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​របស់​កាសែត​បាងកក​ប៉ុស្តិ៍ ។

 
កាសែត​បាន​ឲ្យ​ដឹង​ទៀតថា ឆ្លើយ​ទៅនឹង​សម្ពាធ​របស់​បក្សប្រឆាំង នាយករដ្ឋមន្ត្រី​ថៃ លោកស្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា បាន​អះអាង​នៅក្នុង​សភា​ថា លោកស្រី​មិនដែល​បាន​និយាយ​ទាល់តែសោះ​ថា ថៃ​នឹង​ទទួលយក​សេចក្តីសម្រេច​របស់​តុលាការ​ក្រុងឡាអេ ប៉ុន្តែ អ្វីដែល​លោកស្រី​ចង់បាន​គឺ​ការរក្សា​សន្តិភាព​នៅតាម​ព្រំដែន​កម្ពុជា​ថៃ។

ឯកអគ្គរាជទូត​ថៃ​ប្រចាំ​ទីក្រុង​ឡាអេ លោក Virachai Plasai ដែលជា​អ្នកជំនាញ​ទទួលបន្ទុក​បញ្ហា​ព្រះវិហារ​ក៏បាន​ថ្លែងប្រាប់​អង្គសភា​ថា សេចក្តីសម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​កាលពី​ថ្ងៃទី ១១ វិច្ឆិកា មិនបាន​បញ្ជាក់​ច្បាស់​ពី​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​ទេ។ ដូច្នេះ មានតែ​ការចរចា​និង​ព្រមព្រៀងគ្នា​រវាង​ភាគី​កម្ពុជា​និង​ថៃ​តែប៉ុណ្ណោះ​ទើប​អាច​សម្រេច​អនុវត្ត​សាលដីកា​នេះ​បាន។

គួរ​បញ្ជាក់ថា តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុងឡាអេ​បានសម្រេច​កាលពី​ថ្ងៃទី ១១ វិច្ឆិកា​ថា ដែនដី​ជុំវិញ​ប្រាសាទព្រះវិហារ​ជា​របស់​កម្ពុជា។ តុលាការ​នេះ​ក៏បាន​ទាត់ចោល​ផែនទី​ឯកតោភាគី​របស់​ថៃ​ដែល​បង្កើត​ឲ្យ​មាន​ផ្ទៃដី ៤,៦ គីឡូម៉ែត្រ​ក្រឡា។ ភា្លមៗក្រោយពី​សេចក្តីសម្រេច​នេះ ទាំង​រដ្ឋមន្ត្រីការបរទេស​កម្ពុជា លោក ហោ ណាំហុង ទាំង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើ​សេចក្តីថ្លែងការណ៍​ដោយ​ចាត់ទុក​សេចក្តីសម្រេច​នេះ​ជា​ជំហាន​ថ្មី​ដ៏​សំខាន់​សម្រាប់​ដំណោះស្រាយ​បញ្ហា​ព្រះវិហារ។ ទីក្រុង​ភ្នំពេញ​អះអាងថា នឹង​ជជែក​ជាមួយ​បាងកក​ដើម្បី​អនុវត្តន៍​សាលដីកា​នេះ។

នៅមុន​សេចក្តីសម្រេច​របស់​តុលាការ​ក្រុងឡាអេ ទាំង​នាយករដ្ឋមន្ត្រី​កម្ពុជា​ថៃ និង​ទាំង​រដ្ឋមន្ត្រីការបរទេស​ប្រទេស​ទាំងពីរ​សុទ្ធតែ​បាន​ជួប​ពិភាក្សាគ្នា​និង​បាន​សន្យាថា​នឹង​អនុវត្តន៍​តាម​សេចក្តីសម្រេច​នេះ​ដោយ​សន្តិវិធី។ ប៉ុន្តែ បច្ចុប្បន្ន មេដឹកនាំ​ថៃ ក្រោម​គំនាប​បក្សប្រឆាំង​ហាក់​បាន​កែ​ប្រែសម្តី​របស់ខ្លួន។

យ៉ាងណាក៏ដោយ ក្រុមការងារ​ប្រទេស​ទាំងពីរ​គ្រោង​ជួបគ្នា​ក្នុងពេលឆាប់ៗនេះ​ដើម្បី​អនុវត្ត​សាលដីការ​របស់​តុលាការ។ សាលដីការ​ដែល​តម្រូវ​ឲ្យ​ថៃ​ដកទ័ព​ចេញពី​តំបន់​ជុំវិញ​ប្រាសាទព្រះវិហារ។ ប៉ុន្តែ រហូតមកដល់​ថ្ងៃនេះ កងទ័ព​ថៃ​នៅ​ឈរជើង​កន្លែង​ដដែល​នៅឡើយ ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ