អានតួអត្ថបទ
ស្រីលង្កា

ប្រធានាធិបតី​ស្រីលង្កា​ចេញមុខ​ការពារ​រឿង​ការចោទប្រកាន់​ឧក្រិដ្ឋកម្មសង្រ្គាម

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៤ វិច្ឆិកា​នេះ លោក​ប្រធានាធីបតី​ស្រីលង្កា​ម៉ាហ៊ីនដា រ៉ាយ៉ាប៉ាក់សេ​បាន​ប្រកាស​ឲ្យ​ដឹង​ថា លោក​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ការពារ​ប្រទេស​ទល់​នឹង​ការ​ចោទប្រកាន់​ឧក្រិដ្ឋកម្ម​សង្រ្គាម​នា​សម័យ​យុទ្ធនាការ​បោសសំអាត​ពួក​ឧទ្ទាម​តាមូល​ក្នុង​ឆ្នំា ២០០៩។ ការ​ប្រកាស​របស់​លោក​រ៉ាយ៉ាប៉ាក់សេ​ពេល​នេះ​បាន​ធ្វើ​ឡើង មួយ​ថ្ងៃ​មុន​ការ​ផ្តើម​ជំនួប​កំពូល Commonwealth ក្នុង​ទីក្រុង​កូឡុំបូ​ដែល​មាន​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​មួយ​ចំនួន​បាន​ធ្វើ​ពហិការ​មិន​ចូល​រួម។

ប្រធានាធិបតី​ស្រីលង្កា​ចេញមុខ​ការពារ​រឿង​ការចោទប្រកាន់​ឧក្រិដ្ឋកម្មសង្រ្គាម
ប្រធានាធិបតី​ស្រីលង្កា​ចេញមុខ​ការពារ​រឿង​ការចោទប្រកាន់​ឧក្រិដ្ឋកម្មសង្រ្គាម Reuters
ផ្សាយពាណិជ្ជកម្ម

មាន​ថ្នាក់ដឹកនំា​ចំនួន ៣ប្រទេស គឺ​កាណាដា ឥណ្ឌា និង​កោះ​ម៉ូរីស​បាន​សម្រេច​មិន​ចូល​រួម​នៅ​ក្នុង​ជំនួបកំពូល Commonwealth។ មូលហេតុ មក​ពី​ប្រទេស​ទំាង​នេះ​ចង់​សម្តែង​កំហឹង​ប្រឆំាង​នឹង​រដ្ឋាភិបាល​ស្រីលង្កា​ដែល​មិន​យល់​ព្រម​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ខ្នាត​អន្តរជាតិ​មួយ​ជុំវិញ​ឧក្រិដ្ឋកម្ម​​ក្នុង​សម័យ​យុទ្ធនាការ​បង្ក្រាប​ក្រុម​ឧទ្ទាម​តាមូល​ក្នុង​ឆ្នំា ២០០៩។ « យើង​បាន​បើក​ចំហ ដោយ​គ្មាន​ការ​លាក់លាម​អ្វី​ទំាង​អស់ នេះ​ជា​ការ​ថ្លែង​របស់​លោក​ប្រធានាធិបតី​ស្រីលង្កា​ម៉ាហ៊ីនដា រ៉ាយ៉ាប៉ាក់សេ​នៅ​ចំពោះ​មុខ​ក្រុម​អ្នកកាសែត »។

ជាមួយ​គ្នា​នេះ លោក​រ៉ាយ៉ាប៉ាក់សេ​ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ផង​ដែរ​ថា លោក​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ជួប​ជជែក​ជាមួយ​លោក​នាយករដ្ឋមន្រ្តី​អង់គ្លេស David Cameron ជុំវិញ​ការ​ចោទប្រកាន់​ដែល​ថា ទាហាន​ស្រីលង្កា​បាន​សម្លាប់​ជនស៊ីវិល​នៃ​ក្រុមជនជាតិ​ភាគតិច​តាមូល​រហូត​ដល់​ទៅ ៤០ ០០០នាក់​ក្នុង​ឱកាស​យុទ្ធនាការ​បង្ក្រាប​ក្រុម​ឧទ្ទាម​តាមូល​កាល​ពី​ឆ្នំា ២០០៩។ លោក David Cameron បាន​ប្រកាស​ឲ្យ​ដឹង​ថា លោក​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់ Jaffna ដែល​ជា​ទីកន្លែង​មាន​ផ្ទុះ​ឡើង​នូវ​ការ​វាយប្រហារ​គ្នា​យ៉ាង​បង្ហូរ​ឈាម​រវាង​កម្លំាង​រដ្ឋាភិបាល និង​ពួក​ឧទ្ទាម​តាមូល។

« មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​ស្រីលង្កា គឺ​ជា​ឱកាស​មួយ​ដើម្បី​ស្វែង​រក​ការ​ពិត​ជុំវិញ​បញ្ហា​មួយ​ចំនួន ពិសេស​ពី​រឿង​ការ​គោរព​សិទ្ធិមនុស្ស » នេះ​ជា​ការ​បញ្ជាក់​របស់​លោក David Cameron។ ជា​ការ​ឆ្លើយ​តប​វិញ លោក​រ៉ាយ៉ាប៉ាក់សេ​ដែល​បាន​ជាប់​ឆ្នោត​ប្រធានាធិបតី​ស្រីលង្កា​ក្នុង​ឆ្នំា ២០០៥ បាន​រម្លឹក​ជា​ថ្មី​ថា ស្រីលង្កា​មាន​ប្រព័ន្ធ​តុលាការ មាន​គណៈកម្មការ​សិទ្ធិមនុស្ស ហើយ​អង្គការ Commonwealth ក៏​បាន​ត្រៀម​ខ្លួន​ដើម្បី​ជួយ​ពង្រឹង​បន្ថែម។ « បើ​អ្នក​ណា​ម្នាក់​ចង់​ប្តឹង​ស្រីលង្កា​ពី​បទ​រំលោភ​សិទ្ធិមនុស្ស ដូច​យ៉ាង​ការ​ធ្វើ​ទារុណកម្ម ឬ​ចាប់​រំលោភ យើង​មាន​ប្រព័ន្ធ​តុលាការ​ដើម្បី​ឆ្លើយ​តប » នេះ​ជា​ការ​បញ្ជាក់​របស់​ លោក​រ៉ាយ៉ាប៉ាក់សេ។

គួរ​រម្លឹក​ជូន​ថា កាល​ពី​ខែ​មេសា ឆ្នំា ២០១១ អង្គការ​សហប្រជាជាតិ​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ដោយ​បាន​ចោទ​របប​ទីក្រុង​កូឡុំបូ​ពី​បទ​ឧក្រិដ្ឋកម្មសង្រ្គាម​ក្នុង​ឆ្នំា ២០០៩ ប្រឆំាង​ជនស៊ីវិល។ ចំណែក​ក្រុម​ឧទ្ទាម​តាមូល​វិញ​ក៏​បាន​ជាប់​ចោទ​ពី​បាន​យក​ក្រុមជនស៊ីវិល​ធ្វើ​ជា​ខែល​នៅ​ក្នុង​ប្រយុទ្ធ​ទល់​នឹង​កម្លំាង​រដ្ឋាភិបាល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ