អានតួអត្ថបទ
ស៊ីមបាវ៉េ

ការ​​បោះឆ្នោត​​ប្រធានាធិបតី​​ស៊ីមបាវ៉េ​​​ អាច​នឹង​​មាន​​ភាព​​មិន​​ប្រក្រតី​​

នៅ​ថ្ងៃ​ពុធ​នេះ នៅ​ភាគ​ខាងត្បូង​អាហ្វ្រិក ប្រជាជន​ប្រទេស​ស៊ីមបាវ៉េ ប្រមាណ​​៦លាន៤សែន​នាក់ បាន​នាំគ្នា​​ទៅ​បោះ​ឆ្នោត​​ដើម្បី​រើសប្រធានាធិបតី​អាណត្តិ​ថ្មី។ ការ​បោះ​ឆ្នោត​នេះត្រូវ​បាន​គេសង្ស័យថា មាន​ការ​ក្លែងបន្លំ ដើម្បី​អោយ​ប្រធានាធិបតី​ផុតអាណត្តិ គឺ​លោក រ៉ូប៊ែរ មូហ្កាបេ ដែល​កាន់កាប់​ប្រទេស​នេះ​៣៣​ឆ្នាំ​មក​ហើយនោះ អាច​បន្ត​អាណត្តិ​ថ្មី​របស់​ខ្លួន​បាន​ទៀត។ លោក មូហ្កាបេ បាន​ហាមឃាត់​មិន​អោយ​មាន​​អ្នក​សង្កេតការ​​​បោះ​ឆ្នោត​​មកពី​សហភាព​អឺរ៉ុបចូលរួម​នោះទេ។

ប្រធានាធិបតី​ស៊ីមបាវ៉េ ផុតអាណត្តិRobert Mugabe និង​ភរិយា កំពុង​បោះឆ្នោត នៅ​ថ្ងៃ​ពុធ​នេះ។
ប្រធានាធិបតី​ស៊ីមបាវ៉េ ផុតអាណត្តិRobert Mugabe និង​ភរិយា កំពុង​បោះឆ្នោត នៅ​ថ្ងៃ​ពុធ​នេះ។ REUTERS/Siphiwe Sibeko
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ គឺ​​មុន​ថ្ងៃ​បោះ​ឆ្នោត​មួយ​ថ្ងៃ ប្រធានាធិបតី​​​ផុត​អាណត្តិ​ រ៉ូប៊ែរ មូហ្កាបេ បាន​ធ្វើ​ខ្លួន​​ជា​អ្នកសេ្នហា​ប្រជា​ធិបតេយ្យ​ ដោយ​បាន​ប្រកាស​​​ផ្ទាល់​តាម​ទូរទស្សន៍​ថា ​លោក​​នឹង​គោរព​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី​។ ​ក្នុង​​ការបោះឆ្នោត​នៅ​ថ្ងៃ​ពុធ​នេះ ​ដៃគូ​ប្រជែង​សំខាន់​របស់​លោក មូហ្កាបេ គឺ លោក Morgan Tsvangirai មរហ្កាន ស្វាន់ជីរ៉ៃ ជា​​​នាយករដ្ឋមន្ត្រី​រដ្ឋាភិបាល​ចំរុះ ​មក​ពី​គណបក្ស​ប្រឆាំង​​ដែល​មាន​ឈ្មោះ​ថា ចលនា​ដើម្បី​ការផ្លាស់ប្តូរ​ប្រជាធិបតេយ្យ ហៅកាត់ថា MDC។

កាលពី​ម្សិលមិញ ​បញ្ជីបោះ​ឆ្នោតដែល​ចេញផ្សាយ​​​តិច​ជាង​ ២៤​ម៉ោង ​មុន​ថ្ងៃ​​បោះ​ឆ្នោត ត្រូវ​បាន​គណបក្សប្រឆាំង​​​​បរិហារ​ថា មាន​ការ​ក្លែងបន្លំ។ យោងតាម​គណបក្ស​ប្រឆាំង ក្នុង​បញ្ជី​នេះ​ មាន​​​ឈ្មោះខ្មោច​ និង​​មាន​ឈ្មោះ​អ្នកបោះ​ឆ្នោត​​ជាន់គ្នា ជា​ច្រើន​នាក់​​ទៀតផង។ ​​អ្នក​សង្កេតការណ៍​​​សហភាព​អឺរ៉ុប​ ត្រូវប្រធានាធិបតី​មូហ្កាបេ ហាម​មិន​អោយ​ចូល​មក​​ស៊ីមបាវ៉េ។ ការបោះ​ឆ្នោត​ថ្ងៃ​ពុធ​នេះ មានតែវត្តមាន​​អ្នកសង្កេតការណ៍​​មកពី​​សហគមន៍​​អភិវឌ្ឈអាហ្វ្រិក​ខាងត្បូង​ និង​មក​ពី​​​សហភាព​អាហ្វ្រិក​ប៉ុណ្ណោះ។ បក្ស​ប្រឆាំង​បាន​បញ្ជូនបញ្ជី​​ឈ្មោះ​​​ខ្មោច ទៅ​អោយ​អ្នកសង្កេតការ​ណ៍ទាំងអស់​នេះ​ហើយ។ លោក មូហ្កាបេ បាន​បដិសេធ​ថា មិនបាន​ក្លែងបន្លំអ្វីឡើយ។

គួរ​រំលឹកថា ការបោះឆ្នោត​ប្រធានាធិបតី​​​កាលពី​ឆ្នាំ​២០០៨ កន្លងទៅ នៅ​ជុំទីមួយ​ ​គណបក្ស​ប្រឆាំង​របស់​នាយករដ្ឋមន្ត្រី​ ស្វាន់ជីរ៉ៃ បាន​ទទួល​សម្លេង​៤៧ភាគរយ លើស​ពី​គណបក្ស​កាន់អំណាច​របស់​លោក មូហ្កាបេ ដែលទទួលបាន​៤៣ភាគរយ។ សកម្មជន​បក្ស​កាន់អំណាច​មាន​ការ​មិនសុខចិត្ត​បាន​បង្ក​ហិង្សា ធ្វើ​អោយ​មាន​មនុស្ស​ស្លាប់​ជិត​ ២០០នាក់។

ដើម្បី​ចៀស​វាង​សង្គ្រាម​ស៊ីវិល លោក ស្វាន់ជីរ៉ៃ បាន​ដក​ខ្លួន​ថយ​ពី​ការ​បោះ​ឆ្នោត​នៅ​ជុំទីពីរ ធ្វើអោយ​បក្ស​កាន់អំណាច​​ទទួល​ជោគជ័យ។ នៅ​ឆ្នាំ​ ២០០៩ ក្រោម​​សម្ពាធ​សហគមន៍​អន្តរជាតិ លោក​ស្វាន់ជីរ៉ៃ សុខចិត្ត​ធ្វើរដ្ឋាភិបាល​ចំរុះ​ជាមួយ​ប្រធានាធិបតី​មូហ្កាបេ ដើម្បី​អោយ​ប្រទេស​ហ្ស៊ីមបាវេ បញ្ចប់​ហិង្សានយោបាយ និង​ការ​បង្ហូរឈាមគ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ