អានតួអត្ថបទ
បារាំង

សង្ឈកាតូលិក​​បារាំង​​​មួយអង្គ​ត្រូវមនុស្ស​មួយក្រុម​ចាប់ជា​​ចំណាប់ខ្មាំង​​ នៅ​កាមេរូន​

នៅប្រទេស​កាំមេរូន កាលពី​យប់ថ្ងៃ​ពុធ​ឈានចូល​ព្រឹកថ្ងៃព្រហស្បតិ៍​ មនុស្ស​មួយក្រុម​បាន​នាំគ្នា​ចាប់​សង្ឈ​កាតូលិក​បារាំង​​ធ្វើជាចំណាប់ខ្មាំង នៅ​ចុងភាគខាងជើង​ជាប់ព្រំប្រទល់​ជាមួយ​ប្រទេស​នីហ្សេរីយ៉ា។ រហូត​មកដល់ព្រឹក​ថ្ងៃ​សុក្រ​នេះ នៅមិនទាន់​មាន​ជនណា​ រឺក្រុមណា​មួយប្រកាស​​ថា​ខ្លួន​ជា​អ្នកចាប់ជំរិត​​សង្ឃបារាំង​នៅឡើយ​ទេ។ ប៉ុន្តែ រដ្ឋាភិបាល​​កាំមេរូន​ប្រាប់ថា ក្រុមចាប់ជំរិត​នោះ​គឺ​ជាក្រុមប្រដាប់អាវុធ បូកូ អារ៉ាំ។ អាមេរិក​បាន​ចាត់ទុក​ក្រុមនេះ​ថា​ជា​ក្រុមភេរវជន។

សង្ឃកាតូលិកបារាំង​ Georges Vandenbeusch (រូបកណ្តាល)​ នៅ​ប្រទេស​កាមេរូន កាលពីខែ​កក្កដា ឆ្នាំ២០១២។
សង្ឃកាតូលិកបារាំង​ Georges Vandenbeusch (រូបកណ្តាល)​ នៅ​ប្រទេស​កាមេរូន កាលពីខែ​កក្កដា ឆ្នាំ២០១២។ AFP PHOTO / DIOCESE DE NANTERRE
ផ្សាយពាណិជ្ជកម្ម

សង្ឃ​កាតូលិកបារាំង​ ដែល​ត្រូវ​បានគេចាប់ជំរិត​នៅ​ភាគខាងជើង​ប្រទេស​កាំមេរូន មានឈ្មោះ​ថា George Vandenbeusch ហ្ស៊ក​​ វ៉ាន់ដិនបឺស្ហ ជន្មាយុ​៤២ព្រះវស្សា។ លោក​​ជា​អ្នកទទួលខុសត្រូវ​​ជួយ​ប្រជាជន​នីហ្សេរីយ៉ា ប្រមាណ​មួយម៉ឺននាក់ ដែល​បាន​រត់ភៀសខ្លួន​មក​កាំមេរូន។

លោក​ត្រូវ​បាន​គេចាប់ជំរិត​នៅភាគខាងជើង​កាំមេរូន​ ជិត​ព្រំដែន​​នីហ្សេរីយ៉ា។ តំបន់​នេះជាតំបន់​​គ្រោះថ្នាក់​ខ្ពស់ ដោយសារ​សំបូរ​ក្រុមភេរវជន និង​ការចាប់ជំរិត។ បន្ទាប់​ពី​បាន​ចាប់​សង្ឃបារាំង​រួចមក ក្រុម​ឧទ្ទាមបាន​រត់គេចខ្លួន​ដោយ​បន្សល់ទុក​នូវ​គ្រាប់កាំភ្លើង​កាឡានីឆ្កុហ្វ ជាង​៣០០គ្រាប់ តាម​ផ្លូវ​ឆ្ពោះទៅកាន់​នីហ្សេរីយ៉ាក្បែរនោះ។ ម្សិលមិញ នេះ​រដ្ឋាភិបាល​កាំមេរូន​បារម្ភថា ក្រុម​ឧទ្ទាម​​​បាន​នាំ​សង្ឃកាតូលិក​បារាំង​ទៅដល់​ប្រទេស​នីហ្សេរីយ៉ា​រួច​ហើយ។ នៅព្រឹក​ថ្ងៃ​សុក្រ​នេះ អាជ្ញាធរ​​កាំមេរូន និង​នីហ្សេរីយ៉ា​ បាន​ដាក់ពង្រាយ​កងកម្លាំង​ខ្លួន​អោយ​​​តាម​ស្វែងរក​ក្រុមចាប់ជំរិត​នោះ។ 

យោងតាម​រដ្ឋាភិបាល​​កាំមេរូន​​ ក្រុម​មនុស្ស​ដែល​ចាប់ជំរិត​សង្ឃបារាំង​នោះ គឺ​ជាក្រុមបូកូ អារ៉ាំ ធ្លាប់​បាន​ចាប់ជំរិត​គ្រួសារ​បារាំង​​​​មួយ កាលពី​ខែ​កុម្ភៈ​​ដើមឆ្នាំ ក្នុងតំបន់​នេះ។ ភ្នាក់ងារ​ចារកិច្ច​កាំមេរូន​សង្ស័យថា​ ក្រុមបូកូ អារ៉ាំ​ នីហ្សេរីយ៉ា មាន​ផែនការ​ចាប់ជំរិត​ពលរដ្ឋ​អឺរ៉ុប។ អាមេរិក​​​ចាត់ទុក​​​ក្រុម​បូកូ​ អារ៉ាំ ថា​​ជា​ក្រុមភេរវជន។ តុលាការ​បារាំង​កំពុង​បើកការ​ស៊ើបអង្កេត​រឿងនេះ។

ប្រធានាធិបតីបារាំង​ ហ្វ្រង់ស៊័រ ហូឡង់ បាន​សុំអោយ​​ជនរួមជាតិ​បារាំង​​ដែល​រស់​នៅ​​ រឺ​ក៏ធ្វើដំណើរ​ក្នុង​តំបន់​​ដែល​​ប្រឈម​គ្រោះថា្នក់​ខ្ពស់នេះ កុំអោយ​ធ្វើសកម្មភាព​អ្វី​ដែល​អាច​នាំអោយ​មានការគំរាមកំហែង​​​​អាយុជីវិត​​​​ពួកគេ រឺ​ក៏អាច​​នាំអោយពួកគេ​ប្រឈម​នឹង​ការចាប់ធ្វើ​ជា​ចំណាប់​​ខ្មាំង។​​

លោកហូឡង់​ប្រាប់ថា រដ្ឋាភិបាល​បារាំង​​នឹង​ធ្វើគ្រប់បែបយ៉ាង​ ដូច​ជា​​ ធ្លាប់ធ្វើ​​​​ក្នុង​រឿង​ចំណាប់ខ្មាំង​កន្លងមក ដើម្បី​ទទួលបាន​ការដោះលែង​សង្ឃ​កាតូលិក​​ វ៉ាន់ដិនបឺស្ហ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ