ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT
អឺរ៉ុប

ដំណើរទស្សនកិច្ច​របស់​លោក​ពូទីន​ទៅកាន់​ប្រទេស​ស៊ែរប៊ី

media  
លោក​ប្រធានាធិបតី​ពូទីន (ឆ្វេង) ពេល​ជួប​ជជែក​ជាមួយ​ប្រធានាធិបតី​ស៊ែរប៊ី ថ្ងៃ​ព្រហស្បតិ៍ ១៦តុលា ២០១៤ REUTERS/Alexei Nikolskyi

ស្របនឹង​កម្មវិធី​ផ្លូវការ លោក​ប្រមុខរដ្ឋ​រុស្ស៊ី​ត្រូវ​ចូលរួម​ក្នុង​ពិធី​ដ៏ឧឡារឹក រំលឹក ខួប៧០ឆ្នាំ នៃ​ការ​រំដោះ​ទឹកដី​ស៊ែរប៊ី ចេញផុត​ពី​ក្រញ៉ាំ​កាន់កាប់​នៃ​កងទ័ព​អាល្លឺម៉ង់។ ក្នុង​បរិបទ​ទស្សនកិច្ច លោក​ពូទីន​ត្រូវ​ជជែក​ជាមួយ​ថ្នាក់ដឹកនាំ​ស៊ែរប៊ី​អំពី​គម្រោងរួម​មួយចំនួន បែបយ៉ាង វិស័យថាមពល និង​ផ្លូវ​អយស្ម័យយាន។ ទស្សនកិច្ចនេះ មានន័យ​ជា​និមិត្តរូប ដើម្បី ពង្រឹង​ឥទ្ធិពល​និង​វត្តមាន​រុស្ស៊ី នៅត្រង់​បេះដូង​ទ្វីបអឺរ៉ុប គឺ​ស៊ែរប៊ី បេក្ខជន​សម្រាប់​ចូល​ជា​សមាជិក​សហភាពអឺរ៉ុប និង​ដែល​ខំ​ព្យាយាម​មិនឲ្យ​ថ្នាក់ថ្នាំង​ដល់ រុស្ស៊ី​ជា​មហាសម្ព័ន្ធមិត្ត​ខ្លួន។

 

ប្រជាជន​ស៊ែរប៊ី ស្ថិត​នៅ​ក្នុង​អម្បូរ​ស្លាវ​ដូច​រុស្ស៊ី ដ្បិត ស៊ែរប៊ី ជា​ទឹកដី​គោល​នៃ​អតីត​យូហ្គោស្លាវី គឺ​ប្រទេស​ដែល​មានន័យ​ថា ទឹកដីស្លាវ​នៅ​ភាគ​ខាងត្បូង​ទ្វីបអឺរ៉ុប។ ទោះបី យូហ្គោស្លាវី បែកខ្ញែក ទៅជា ៦​សាធារណរដ្ឋ​ឯករាជ្យ​ក្តី ក៏រដ្ឋធានី ប៊ែលក្រាដ បន្តស្ថិតនៅ​ជា​រដ្ឋធានី ស៊ែរប៊ី​ដដែល។

មិនមែនចែដន្យទេ មួយថ្ងៃ​មុន​ដល់​ទស្សនកិច្ច​របស់​លោកពូទីន លោក​នាយករដ្ឋមន្ត្រី​ស៊ែរប៊ី អាឡេកសង់ វូឈិច ក្នុង សម្ភាសន៍ មក​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​រុស្ស៊ី Itar-Tass បាន​ថ្លែងថា ស៊ែរប៊ី​និង​រុស្ស៊ី មាន​ការងារ​ច្រើន​ដែល​ត្រូវ​បំពញ​រួមគ្នា​ទៅ​អនាគត និង​ថា ស៊ែរប៊ី​ជា រដ្ឋឯករាជ្យ មាន​សេរីភាព ដែល​បាន​ជ្រើសយក​ទៅហើយ មាគ៌ា​អឺរ៉ុប​របស់ខ្លួន ប៉ុន្តែ​គ្មាន​នរណា​អាច​បញ្ជា ស៊ែរប៊ី ឲ្យភ្ជាប់ខ្លួន​ទៅនឹង​ទណ្ឌកម្ម ប្រឆាំង​នឹង​រុស្ស៊ី​ឡើយ ពីព្រោះ​ស៊ែរប៊ី គ្មាន​ចេតនា​បំផ្លាញ សោះឡើយ ទំនាក់ទំនង​ខ្លួន​ជាមួយ​រុស្ស៊ី។

សម្រាប់ម៉ូស្គូ សំខានណាស់ដែល ការបង្ខិតខ្លួន​របស់​ស៊ែរប៊ី ទៅជិតនឹង​សហភាព​អឺរ៉ុប មិន​នាំឲ្យ​ខូច​ដល់​ភាពជាដៃគូ​របស់ខ្លួន​ជាមួយ​ក្រុងប៊ែលក្រាដ និង​ខូចដល់​ប្រយោជន៍​រុស្ស៊ី​ឡើយ។

រីឯការងាររួមនោះ គឺ ការសង់​កាត់លើ​ដែនដី​ស៊ែរប៊ី នូវកំណាត់មួយ​នៃ​ខ្សែ​បំពង់​បង្ហូរឧស្ម័ន​រុស្ស៊ី ឈ្មោះ South Stream សម្រាប់​ជំនួស​ខ្សែបំពង់​បែបនេះ កាត់តាម​ដែនដី​អ៊ុយក្រែន ដែល​ក្លាយជា ប្រទេស​ជាប់ក្នុង​ទំនាស់​ជាមួយ​រុស្ស៊ីទៅហើយ។ ប៉ុន្តែ ខ្សែបំពង់នេះ​ក្នុងតម្លៃ ១៦.០០០ លានអឺរ៉ូ ដែល​ត្រូវ​លូនកាត់ តាមដែនដី​អឺរ៉ុបខាងត្បូង​មួយចំនួន​សិន ទម្រាំ​វាអាច​បន្តសង់ឡើង នៅ​ស៊ែរបី ឥឡូវ ធ្លាក់ក្នុង​បញ្ហា ដោយ​ប៊ុលហ្ការី ជាទី​ដែល​ក្រោយពី​បក្សស្តាំ​ឡើង​កាន់អំណាច គឺ​ផ្អាកសិន ការ​សាងសង់ កំណាត់​ខ្សែបំពង់នេះ​នៅលើ​ដែនដីខ្លួន។

ទោះយ៉ាងណាក្តី ជាការដឹងគុណ​ក្រុងប៊ែលក្រាដ ម៉ូស្គូ​បានផ្តល់​ឥណទាន ៨០០លាន​ដុល្លារ ឲ្យស៊ែរប៊ី ប្រើប្រាស់​សម្រាប់​សង់​ផ្លូវអយស្ម័យយាន​ថ្មី និង កែឲ្យទំនើប​បណ្តាញ​ផ្លូវដែក​សព្វថ្ងៃ។ មិនតែប៉ុណ្ណោះ ម៉ូស្គូ ក៏បាន​ផ្តល់ប្រាក់កម្ចី​៥០០លានដុល្លារ ទុកសម្រាប់​ស៊ែរប៊ី​​ជំនះលើ ឧនភាព ធ្ងន់ធ្ងរ​នៃ​ថវិកាជាតិ ។

សម្រាប់លោកប្រធានាធិបតីរុស្ស៊ីពូទីន ដោយចូលរួម​ក្នុងពិធី​រំលឹក ខួប៧០ឆ្នាំ នៃ​ការរំដោះ ទឹកដីស៊ែរប៊ី ចេញផុតពី​ការកាន់កាប់​នៃ​កងទ័ព​អាល្លឺម៉ង់ គាត់​មុខជា​ឆ្លៀតឱកាស ថ្លែងសារ ទៅកាន់​ពួកអ្នកដឹកនាំ​បស្ចិមលោក ដែល​មាន​វត្តមានដែរ​ក្នុងពិធីនេះ៕

 

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ