អានតួអត្ថបទ
កូរ៉េខាងជើង-អាមេរិក

កូរ៉េខាងជើង​បញ្ជូន​អ្នកទោស​​អាមេរិក​ខេណេត បេ​ ទៅកាន់​​ជំរំ​លត់ដំ​​ការងារ​វិញ​

នៅ​កូរ៉េខាងជើង អ្នកទោស​ពលរដ្ឋអាមេរិក​ ឈ្មោះខេណេត បេ ដែល​បាន​​ទទួល​ការ​ព្យាបាល​​នៅមន្ទីរពេទ្យ​អស់​ពេល​យូរខែ​មកហើយ​នោះ ត្រូវបាន​រដ្ឋាភិបាលក្រុងព្យុងយ៉ាង​បញ្ជូន​ចូល​ទៅ​ជំរំលត់ដំការងារ​វិញ​ហើយ។ នេះ​បើយោង​តាម​​​ការប្រកាស​ប្រាប់​ពី​អ្នក​តំណាង​ការទូត​​​អាមេរិក​​មួយរូប កាលពី​ថ្ងៃសុក្រ​ម្សិលមិញ។

លោក Kenneth Bae ពលរដ្ឋ​អាមេរិក ដើមកំណើត​កូរ៉េ​ខាង​ត្បូង ដែល​ត្រូវ​កូរ៉េ​ខាងជើង​កាត់ទោស​ដាក់​ក្នុង​ជំរំលត់ដំ ១៥ឆ្នាំ
លោក Kenneth Bae ពលរដ្ឋ​អាមេរិក ដើមកំណើត​កូរ៉េ​ខាង​ត្បូង ដែល​ត្រូវ​កូរ៉េ​ខាងជើង​កាត់ទោស​ដាក់​ក្នុង​ជំរំលត់ដំ ១៥ឆ្នាំ REUTERS/Yonhap
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​សុក្រ​ម្សិលមិញ យោងតាម​​លោកស្រី ចេននីហ្វ៊ើរ ផ្សាគី ជាអ្នកនាំពាក្យ​តំណាង​ការទូត​អាមេរិក រដ្ឋាភិបាល​ក្រុងព្យុងយ៉ាង​បានបញ្ជូន​​​អ្នកទោស​អាមេរិក​លោក ខេណេត​ បេ​ ដែល​​សម្រាក​ព្យាបាល​ជំងឺ យូរខែ​មកហើយនោះ អោយ​ត្រលប់​ចូល​ទៅជំរំ​លត់ដំ​ការងារ​​វិញ។ គេមិនដឹងថា តើលោក​បេ ត្រូវអាជ្ញាធរ​ក្រុងព្យុងយ៉ាង​បញ្ជូន​ទៅ​ជំរំការងារ​​តាំងពី​ពេលណា​​នោះទេ តែ​​​លោកស្រី ចេននីហ្វ៊ើរ​ បានប្រាប់ថា សមាជិក​ស្ថានទូត​ប្រទេស​​ស៊ុយអែត​ជាច្រើន​រូប​​​​ ​ បានចូល​ទៅសួរសុខទុក្ខ​អ្នកទោស​អាមេរិក​រូបនេះ ​​​នៅ​​ថ្ងៃសុក្រ​ម្សិលមិញ។

គួររំលឹកឡើងវិញ​ថា ​កូរ៉េខាងជើង​បាន​ឃុំឃាំង​លោក​ខេណេត បេ​ ជាង២ឆ្នាំ​មកហើយ។ លោក បេ ជាពលរដ្ឋអាមេរិក​ អាយុ​៤៥ឆ្នាំ មានដើមកំណើត​នៅ​កូរ៉េខាងជើង មានឈ្មោះ​ដើមថា ប៉ា ជុនហូ។ ​អាជ្ញាធរ​ក្រុង​ព្យុងយ៉ាង​​បាន​ចាប់រូបលោក​ កាលពី​ខែ​វិច្ឆិកា ឆ្នាំ២០១២ និង​បាន​ចោទ​ថា​ លោកបេ​ត្រូវបាន​បញ្ជូន​ទៅចិន​ ចន្លោះឆ្នាំ​២០០៦​ដល់​ឆ្នាំ​២០១២​ ដើម្បី​​ជំរុញ​លើកទឹកចិត្ត​ជនជាតិ​កូរ៉េខាងជើង អោយ​ធ្វើសកម្មភាពវាយប្រហារ​​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង។ កូរ៉េខាងជើង​​​បាន​សម្រេច​ដាក់ទោស​លោកខេណេត បេ​ អោយ​ធ្វើការ​ក្នុង​ជំរំ​លត់ដំ​ ១៥ឆ្នាំ។

កាលពី​ពាក់​កណ្តាល​ខែសីហា អ្នកទោស​អាមេរិក​រូបនេះ ត្រូវបាន​​គេបញ្ជូន​ទៅ​មន្ទីរពេទ្យ​​ ដោយសារ​​​បញ្ហា​តម្រងនោម និង​រោគថ្លើម។ ក្រុងវ៉ាស៊ីនតោន​នៅតែ​បារម្ភ​​ពី​ស្ថានភាព​សុខភាព​របស់​ពលរដ្ឋខ្លួន​ ហើយ​បាន​អំពាវនាវ​ជាថ្មី​ម្តងទៀត អោយ​កូរ៉េខាងជើង​​លើកលែងទោស​​ពិសេស​អោយ​​លោកខេណេត បេ និង​ដោះលែង​លោក​​ក្នុង​បែបផែន​មនុស្សធម៌ ជាបន្ទាន់។ កាលពី​៣សប្តាហ៍​មុន អ្នកទោស​អាមេរិក​រូបនេះ បាន​​អំពាវនាវ​អោយ​រដ្ឋាភិបាល​​​អាមេរិក​ ជួយ​រូបលោកអោយ​បានជួបជុំ​គ្រួសារ​លោក​ អោយ​បាន​ឆាប់​រហ័ស។
 

ដោយឡែក កាលពីខែ​ធ្នូ ឆ្នាំ២០១៣ កន្លង​មក​ កូរ៉េខាងជើង​បានដោះលែង​អ្នកទោស​អាមេរិក​មួយរូប ឈ្មោះ​មេរីល ញូមេន អាយុ៨៥ឆ្នាំ។ មុន​ការដោះលែង​នេះ លោក​ញូមេន​ បាន​ជាប់​ឃុំ ៤២ថ្ងៃ ពីបទ​​ធ្វើ​សកម្មភាព​ប្រឆាំង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង៕ ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ