អានតួអត្ថបទ
ចិន-WTO

សំណួរ-ចម្លើយ៖ វិវាទ​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ជុំវិញ​លោហៈកម្រ​ចិន

សហរដ្ឋ​អាមេរិក ជប៉ុន និង​សហភាព​អឺរ៉ុប ដែល​សុទ្ធសឹង​ជា​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​ បាន​រួមគ្នា​ដាក់​ពាក្យបណ្តឹង​ទៅកាន់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ដើម្បី​តវ៉ា​រឿង​ចិន​កម្រិត​កូតា​នាំចេញ​លោហៈកម្រ​។ ខាងក្រោមនេះ គឺ​ជា​សំណួរ-ចម្លើយ​ជុំវិញ​ដំណើរ​ដើមរឿង​នៃ​វិវាទ និង​នីតិវិធី​នៅ​ WTO។

សកម្មភាព​រំលាយ​លោហៈកម្រ​របស់​ក្រុមហ៊ុន​មួយ នៅ​ចិន
សកម្មភាព​រំលាយ​លោហៈកម្រ​របស់​ក្រុមហ៊ុន​មួយ នៅ​ចិន REUTERS/David Gray/Files
ផ្សាយពាណិជ្ជកម្ម

តើ​លោហៈកម្រ​គឺ​ជា​អ្វី?

លោហៈកម្រ​ គឺ​ជា​ក្រុម​សារធាតុ​ចំនួន ១៧ ដែល​គេ​ប្រើ ដើម្បី​ផលិត​គ្រឿង​អេឡិចត្រូនិច និង​ផលិតផល High-Tech ជាច្រើន​ផ្សេងទៀត​។ ផលិតផល Hight-Tech ដែល​យើង​ប្រើប្រាស់​សព្វថ្ងៃ រាប់ចាប់តាំង​ពី​ ទូរស័ព្ទ​ដៃ ទូរទស្សន៍ ឡាន រហូតដល់​ម៉ាស៊ីនថត​កាំរស្មីអ៊ិច (X-Ray) មីស៊ីល និង​យាន​អាវកាស សុទ្ធតែ​មាន​ប្រើ​លោហៈកម្រ ដើម្បី​ផលិត។

តាមការពិត លោហៈកម្រ មិនមែន​ជា​សារធាតុ​កម្រ​ប៉ុន្មាន​នោះទេ។ រ៉ែ​លោហៈកម្រ​​មាន​នៅ​ក្នុង​ប្រទេស​ជាច្រើន​ផ្សេងទៀត ក្រៅ​ពីចិន ក្នុងនោះ​ក៏​រួមមាន​សហរដ្ឋ​អាមេរិក​ផងដែរ។ ក៏ប៉ុន្តែ មានតែ​ចិន​មួយ​ប៉ុណ្ណោះ ដែល​ធ្វើ​អាជីវកម្ម​រ៉ែលោហៈកម្រ​ច្រើន​ជាងគេ ពោលគឺ រហូតដល់​ទៅ ៩៧% នៃ​តម្រូវការ​ទីផ្សារ​ពិភពលោក។

ហេតុអ្វី​បាន​ជា​មាន​វិវាទ​រហូតដល់​ប្តឹង​ទៅ​អង្គការ​ពាណិជ្ជកម្មពិភពលោក?

នៅ​ខែ​មិថុនា ឆ្នាំ​២០១០ ចិន​បាន​ចាប់ផ្តើម​រឹតបន្តឹង​ការ​នាំចេញ​លោហៈកម្រ​ទៅ​បរទេស ដោយ​បាន​បង្កើន​ពន្ធលើ​ការនាំចេញ និង​កាត់បន្ថយ​បរិមាណ​នាំចេញ។ កូតា​នាំចេញ​លោហៈកម្រ​ត្រូវបាន​កាត់បន្ថយ​​​​ក្នុងចន្លោះ​ពី​ជាង ៣០% (សម្រាប់​ក្រុមហ៊ុន​អាជីវកម្ម​រ៉ែ​ចិន) រហូតដល់​ជាង ៥០% (​ក្រុមហ៊ុន​វិនិយោគ​បរទេស)។

នៅខែ​ធ្នូ ឆ្នាំ​២០១០​ដដែល កូតា​នាំចេញ​​លោហៈកម្រ​ត្រូវបាន​រដ្ឋាភិបាល​កាត់បន្ថយ​កាន់តែ​ទាប​ថែមទៀត។ នៅពេល​មាន​ជម្លោះ​​ជាមួយ​ជប៉ុន ជុំវិញ​ប្រជុំកោះ Senkaku ចិន​បាន​ហាមឃាត់​ជា​បណ្តោះ​អាសន្ន​ការនាំលោហៈកម្រ​ទៅ​ជប៉ុន ដែល​ជាហេតុ​ធ្វើឲ្យ​តម្លៃ​លោហៈកម្រ នៅលើទីផ្សារ​អន្តរជាតិ​កើនឡើង​យ៉ាងខ្លាំង។

សហរដ្ឋ​អាមេរិក ជប៉ុន និង​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប ដែល​សុទ្ធសឹង​ជា​ប្រទេស​​ត្រូវការ​លោហៈកម្រ​ច្រើន​ជាងគេ នៅលើ​ពិភពលោក បាន​តវ៉ា​ទាមទារ​ឲ្យ​ចិន​បញ្ឈប់​នយោបាយ​ដាក់​កម្រិត​ការនាំចេញ​លោហៈកម្រ​នេះ ដោយលើកឡើង​ថា វា​ផ្ទុយ​នឹង​ច្បាប់​ពាណិជ្ជកម្ម​អន្តរជាតិ។ ក៏ប៉ុន្តែ ចិន​មិន​ស្តាប់តាម។ ចិន​ទើប​នឹង​បាន​សម្រេច​កំណត់កូតា​នាំចេញ​លោហៈកម្រ សម្រាប់​ឆ្នាំ​២០១២ ដែល​មាន​បរិមាណ​ប្រហាក់ប្រហែលគ្នា​នឹង​​កូតា កាល​ពី​ឆ្នាំ​២០១១​កន្លងទៅ។

មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​ទាំងបី ក៏បាន​សម្រេច​រួមដៃគ្នា​ ដាក់ពាក្យ​ប្តឹង​ទៅ​កាន់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ឲ្យ​ដោះស្រាយ​វិវាទ​ពាណិជ្ជកម្ម​នេះ។

តើចិន​លើកយក​ហេតុផល​អ្វី​មក​ការពារ​ខ្លួន ក្នុងការ​កម្រិត​ការនាំចេញ​លោហៈកម្រ?

រដ្ឋាភិបាល​ចិន​បានលើកឡើង​ថា ការ​​ដាក់​កម្រិត​ការនាំចេញ​លោហៈកម្រ គឺ​ធ្វើឡើង ដើម្បី​ការពារ​បរិស្ថាន។

គ្រប់គ្នា​សុទ្ធតែ​ទទួលស្គាល់​ថា ការធ្វើ​អាជីវកម្ម​ទាញយក​រ៉ែលោៈកម្រ គឺ​ជា​ប្រតិបត្តិការ ដែល​បំពុលបរិស្ថាន​បំផុត។ សហរដ្ឋ​អាមេរិក​ខ្លួនឯង​បាន​បញ្ឈប់​រាល់​ការ​ធ្វើ​អាជីវកម្ម​រ៉ែលោហៈកម្រ​ទាំងអស់ ចាប់តាំង​ពី​ឆ្នាំ​២០០២​មក ក្នុងហេតុផល​បរិស្ថាន។

អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​​អនុញ្ញាត​ឲ្យ​ប្រទេស​ជា​សមាជិក​ដាក់​កម្រិត​លើ​ការ​នាំចេញ ក្នុងហេតុផល​ការពារ​បរិស្ថាន ក៏ប៉ុន្តែ វិធានការ​នេះ​​អាច​ទទួលយក​បាន លុះត្រា​តែ​ការ​ផលិត និង​ការប្រើប្រាស់​ក្នុង​ស្រុក​ក៏​ត្រូវតែ​ដាក់​កម្រិត​​ដូចគ្នា​ដែរ។

ក្នុងករណី​លោហៈកម្រ​នៅចិននេះ ចិន​បាន​ដាក់​កម្រិត​តែ​ចំពោះ​ការនាំចេញ​ប៉ុណ្ណោះ។ ការផលិត​លោហៈកម្រ ដើម្បី​ប្រើប្រាស់​ក្នុង​ស្រុក​មិនត្រូវ​បាន​គេ​កាត់បន្ថយ​នោះទេ។ ហេតុដូច្នេះ​ហើយ​បាន​ជា​ប្រទេស​ជា​គូប្រជែង យល់ថា ការ​ដាក់​កម្រិត​លើ​ការ​នាំចេញ​លោហៈកម្រ​របស់​ចិន មិនមែន​ធ្វើឡើង ដើម្បី​ការពារ​បរិស្ថាន​នោះទេ ប៉ុន្តែ វា​ជា​យុទ្ធសាស្រ្ត​របស់​រដ្ឋាភិបាល​ចិន ក្នុងការ​បង្កើន​តម្លៃ​លោហៈកម្រ​នៅលើ​ទីផ្សារ​អន្តរជាតិ​ឲ្យ​ឡើង​ថ្លៃ​កប់ពពក ចំណែក​ឯ​តម្លៃ​លោហៈកម្រ​ ក្នុង​ស្រុក​ចិន មាន​តម្លៃ​ទាប។ ធ្វើ​ដូចនេះ ចិន​អាច​នឹង​ទាក់ទាញ​ក្រុមហ៊ុន​បរទេស ដែល​ត្រូវការ​លោហៈកម្រ​ជា​ចាំបាច់ ឲ្យ​ទៅ​បង្កើត​រោងចក្រ​នៅ​ក្នុង​ប្រទេស​ចិន។

អាមេរិក ជប៉ុន និង​សហភាព​អឺរ៉ុប​ចោទ​ថា នយោបាយ​លោហៈកម្រ​របស់​ចិន គឺ​ជា​យុទ្ធសាស្រ្ត​ប្រកួតប្រជែង​ដោយ​អយុត្តិធម៌ ផ្ទុយ​ពី​គោលការណ៍​ពាណិជ្ជកម្ម​សេរី របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។

តើ​បណ្តឹង​ប្រឆាំង​ចិន​ នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោកនឹង​ត្រូវ​មាន​ដំណើរការ​នីតិវិធី​ដូចម្តេច​ខ្លះ?

យោងតាមនីតិវិធី​ដោះស្រាយ​វិវាទ​​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ការ​ដោះស្រាយ​វិវាទ​ត្រូវ​ចាប់ផ្តើម​ពីការ​ចរចា​សម្រុះសម្រួល។ ក្រោយ​ពី​ទទួល​ពាក្យ​បណ្តឹង​របស់​អាមេរិក ជប៉ុន និង​សហភាព​អឺរ៉ុប ចិន​ត្រូវ​ឆ្លើយតប​ក្នុងរយៈពេល​យ៉ាងយូរ ១០ថ្ងៃ ដើម្បី​ចាប់ផ្តើម​ចរចា​សម្រុះសម្រួល។

ប្រសិនបើ​ក្នុងរយៈពេល ២ខែ ភាគី​ជម្លោះ​មិន​អាច​ស្រុះស្រួលគ្នា​ទេ ទើប​គេ​បង្កើត​គណៈកម្មការ ដើម្បី​ស៊ើបអង្កេត។ លទ្ធផល​ស៊ើបអង្កេត​នេះ​នឹង​ត្រូវ​បញ្ជូន​ឲ្យ​ស្ថាប័ន​ដោះស្រាយ​វិវាទ (Dispute Settlement Body) ដែល​ជា​អ្នក​ចេញ​សេចក្តីសម្រេច។

តើ​សេចក្តីសម្រេច​នេះ​មាន​អំណាច​ផ្លូវ​ច្បាប់​​​ ដែល​តម្រូវ​ឲ្យ​​ភាគីជម្លោះ​តែ​គោរព​តាម​​ដែរ​ឬទេ?

សេចក្តីសម្រេច​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​មាន​អំណាច​តាមច្បាប់​អន្តរជាតិ ដែល​តម្រូវ​ឲ្យ​ភាគី​ជម្លោះ​ត្រូវ​អនុវត្ត​តាម។ ថ្វីដ្បិត​តែ WTO មិនមាន​កម្លាំង​ប៉ូលិស ដើម្បី​ធានា​ការ​អនុវត្ត​សេចក្តីសម្រេច​របស់​ខ្លួន ក៏ប៉ុន្តែ ជាទូទៅ ភាគី​ជម្លោះ​​ច្រើន​តែ​អនុវត្ត​តាម​ ពីព្រោះ បើ​មិនដូច្នោះទេ WTO អាច​អនុញ្ញាត​ឲ្យ​ភាគី​​ឈ្នះ​ក្តី ចាត់វិធានការ​តបវិញ ដូចជា ដាក់​រនាំង​ពន្ធគយ កម្រិត​កូតា​នាំចេញ ឬ​នាំចូល ឬ​វិធានការ​ផ្សេងទៀត ដើម្បី​ប្រឆាំង​តប​នឹង​វិធានការ​របស់​ភាគី​ដែល​ចាញ់​ក្តី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ