អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​ពួក​គ្រិស្តសាសនិកជន​នៅ​អ៊ីរ៉ាក់​ជា​នរណា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ តំាង​ពី​ល្ងាច​ថ្ងៃ​សុក្រ ទី៨ សីហា​មក​ដល់​ថ្ងៃ​អង្គារ ទី១២ សីហា​នេះ យុទ្ធនាការ​យោធា​ផ្លូវអាកាស​របស់​កងទ័ព​អាមេរិក​ប្រឆំាង​នឹង​ក្រុម​ជីហាត​បាន និង​កំពុង​បន្ត​មាន​យ៉ាង​សកម្ម។ គោលដៅ​សំខាន់​នៃ​ប្រតិបត្តិការ​យោធា​ផ្លូវអាកាស​របស់​អាមេរិក​ពេល​នេះ គឺ​ដើម្បី​ជួយ​ស្រោចស្រង់​ពួក​អ្នកកាន់សាសនា​គ្រិស្ត​ដែល​បាន និង​កំពុង​ត្រូវ​បាន​ពួក​អ៊ីស្លាមនិយមជ្រុល​តាម​ធ្វើ​បាប​យ៉ាង​ខ្លំាងក្លា។ នៅ​ក្រោម​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​ពួក​ជីហាត មាន​គ្រិស្តសាសនិកជន​អ៊ីរ៉ាក់​រាប់សិប​ម៉ឺននាក់​បាន​រត់​ភៀសខ្លួន​ចាកចេញ​ពី​លំនៅដ្ឋាន​របស់​ខ្លួន។តើ​ពួក​គ្រិស្តសាសនិកជន​នៅ​អ៊ីរ៉ាក់​ជា​នរណា?

វិហារ​​គ្រិស្ត​សាសនា​ក្នុង​ទីក្រុង​បាកដាដ​នៅ​ប្រទេស​​អ៊ីរ៉ាក់
វិហារ​​គ្រិស្ត​សាសនា​ក្នុង​ទីក្រុង​បាកដាដ​នៅ​ប្រទេស​​អ៊ីរ៉ាក់ REUTERS/Ahmed Saad
ផ្សាយពាណិជ្ជកម្ម

ជាង ១០ឆ្នំា​ក្រោយ​មក អាមេរិក​បាន​បើក​យុទ្ធនាការ​យោធា​ជា​ថ្មី​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ដែល​លើក​នេះ សម្រេច​ដោយ​លោក​ប្រធានាធិបតី​អូបាម៉ា។ តែ​បើ​គេ​ធៀប​នឹង​អន្តរាគមន៍​យោធា​ក្នុង​ឆ្នំា ២០០៣ ដែល​សម្រេច​ដោយ​លោក​ប្រធានាធិបតី​ប៊ូស គឺ​មាន​ចំណុច​សំខាន់​ខុស​គ្នា​ចំនួន​ពីរ ទី១ អន្តរាគមន៍​យោធា​របស់​អាមេរិក​ក្នុង​ឆ្នំា ២០១៤ ត្រូវ​បាន​លោក​អូបាម៉ា​កម្រិត​ត្រឹមតែ​អន្តរាគមន៍​យោធា​តាម​ផ្លូវអាកាស​ប៉ុណ្ណោះ ពោល​គឺ​មិន​បាន​បញ្ជូន​ទ័ព​ថ្មើរជើង​ចូល​ទៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ទេ និង​ខុស​គ្នា​ទី២ គឺ​គោលដៅ។ កម្មវត្ថុ​របស់​លោក​ប៊ូស​កាល​ពី​ឆ្នំា ២០០៣ គឺ​ទម្លាក់​របប​ទីក្រុង​បាកដាដ​របស់​លោក​ប្រធានាធិបតី​សាដាម ហ៊ូសេន​ដែល​ទីក្រុង​វ៉ាស៊ីនតោន​សង្ស័យ​ថា កំពុង​លាក់​អាវុធ​ប្រល័យលោក។ តែ​គេ​ក៏​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា នេះ​គ្រាន់​តែ​ជា​លេស​មួយ​ប៉ុណ្ណោះ ព្រោះ​គោលដៅ​ពិត​របស់​អាមេរិក​កាលណោះ គឺ​តាម​កំចាត់​បណ្តាញ​ភេរវនិយម​អាល់កៃដា​ដែល​បាន​បង្ក​អំពើ​ភេរវកម្ម​ក្នុង​ទឹកដី​អាមេរិកំាង​កាល​ពី​ថ្ងៃទី១១ កញ្ញា ២០០១។

ជាង ១០ឆ្នំា​ក្រោយ​មក អាមេរិក​ក្នុង​ជំនាន់​លោក​ប្រធានាធិបតី​អូបាម៉ា​ដែល​បាន​សម្រេច​ដក​ទ័ព​អាមេរិក​ទំាង​អស់​ចេញ​ពី​អ៊ីរ៉ាក់​ហើយ​នោះ ក៏​បាន​ផ្តើម​ចូល​អន្តរាគមន៍​ជា​ថ្មី​ដែល​លើក​នេះ គឺ​ដើម្បី​ជួយ​ស្រោចស្រង់​ប្រជាជន​អ៊ីរ៉ាក់​អ្នក​កាន់សាសនា​គ្រិស្ត​ដែល​កំពុង​ត្រូវ​បាន​ពួក​ជីហាត​តាម​ឈ្លានីស​យ៉ាង​ព្រៃផ្សែ​ជា​ទីបំផុត។ ទន្ទឹម​នឹង​ការ​ការពារ​ផលប្រយោជន៍​របស់​ពួក​គ្រិស្តសាសនិកជន​អ៊ីរ៉ាក់ អន្តរាគមន៍​យោធា​ផ្លូវអាកាស​របស់​អាមេរិក​ពេល​នេះ​ក៏​ដើម្បី​ជួយ​ទប់ស្កាត់​ការ​ព្យាយាម​ដណ្តើម​អំណាច​របស់​ពួក​ជីហាត​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ដែរ។ គួរ​រម្លឹក​ជូន​ថា រដ្ឋាភិបាល​អ៊ីរ៉ាក់​សព្វថ្ងៃ ជា​រដ្ឋាភិបាល​មួយ​ដែល​បាន​ជួយ​រៀបចំ​ដោយ​អាមេរិក និង​មាន​ការ​បែងចែក​អំណាច​រវាង​សហគមន៍​អ្នកកាន់សាសនា​អ៊ីស្លាម​និកាយ​សំខាន់ៗ​ចំនួន ៣ គឺ​ស៊ុយនីត ឈីអ៊ីត និង​គៀដ។ តែ​បញ្ហា​នៅ​ត្រង់​ថា កម្លំាង​របស់​ពួក​អ្នកកាន់​សាសនា​អ៊ីស្លាមនិយមជ្រុល ឬ​ហៅ​ថា ពួក​ជីហាត​បាន និង​កំពុង​មាន​ឥទ្ធិពល​កាន់​តែ​ខ្លំាង​ឡើងៗ។ គឺ​ពួក​ជ្រុលនិយម​នេះ​ហើយ​ដែល​បាន និង​កំពុង​តាម​ធ្វើ​បាប​ពួក​អ្នក​កាន់​សាសនាគ្រិស្ត និង​អ្នក​កាន់​សាសនាយេហ្ស៊ីឌី។

តើ​ពួក​អ្នក​កាន់​សាសនាគ្រិស្ត និង​អ្នក​កាន់​សាសនាយេហ្ស៊ីឌី​នៅ​អ៊ីរ៉ាក់​ជា​នរណា និង​មាន​ប្រភព​មក​ពី​ណា?

គេ​ពិត​ជា​មិន​អាច​ពន្យល់​បកស្រាយ​ឲ្យ​បាន​ល្អិតល្អន់​ចំពោះ​សំណួរ​ខាង​លើ​តែ ១ ឬ ២នាទី​បាន​ទេ។ អ្វី​ដែល​គេ​អាច​និយាយ​សង្ខេប​ដោយ​យោង​តាម​ប្រវត្តិសាស្រ្ត​នោះ​គឺ​ថា ពួក​អ្នក​កាន់​សាសនាគ្រិស្ត និង​អ្នក​កាន់​សាសនា​យេហ្ស៊ីឌី​បាន​រស់នៅ​ក្នុង​ទឹកដី​អ៊ីរ៉ាក់​តំាង​តែ​ពី​អើយ​មក​ម្ល៉េះ និយាយ​ឲ្យ​ស្រួល​យល់ គឺ​តំាង​ពី​មុន​ថ្ងៃ​កកើត​ទឹកដី​អ៊ីរ៉ាក់​ជា​ផ្លូវការ​ទៅ​ទៀត។ តែ​បន្តិច​ម្តងៗ​ជាមួយ​នឹង​ការ​ហូល​ចូល​របស់​សាសនា​អ៊ីស្លាម​និកាយ​ខុសៗ​គ្នា ពួក​អ្នក​កាន់​សាសនាគ្រិស្ត និង​អ្នក​កាន់​សាសនា​យេហ្ស៊ីឌី​បែរ​ជា​បាន​ក្លាយ​ទៅ​ជា​ជនជាតិ​ភាគតិច​រស់​ក្នុង​ទឹកដី​កំណើត​របស់​ខ្លួន​ទៅ​វិញ។ គិត​ត្រឹម​ឆ្នំា ១៩៣២ គ្រិស្តសាសនិកជន​អ៊ីរ៉ាក់​មាន​ប្រមាណ​ជា ២០% នៃ​ប្រជាជន​អ៊ីរ៉ាក់​សរុប។ តែ​ជាមួយ​នឹង​ការ​ឡើង​កាន់​តំណែង​របស់​លោក​ប្រធានាធិបតី​អ៊ីរ៉ាក់​សាដាម ហ៊ូសេន​ក្នុង​ឆ្នំា ១៩៧៩ ពួក​អ្នក​កាន់​សាសនាគ្រិស្ត​ក៏​បាន​ផ្តើម​ចាកចេញ​ពី​ស្រុក​កំណើត​ទៅ​រស់​នៅ​បរទេស។

អ្នក​មាន​លុយ​បាន​រត់​ទៅ​តំាង​លំនៅដ្ឋាន​ជា​អចិន្ត្រៃយ៍​នៅ​ក្នុង​ប្រទេស​កាណាដា អូស្រ្តាលី អាមេរិក ឬ​មួយ​ក៏​អឺរ៉ុប។ បន្តិច​ម្តងៗ​ជាមួយ​នឹង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​អ្នកកាន់សាសនា​ដទៃ ពិសេស​សាសនា​អ៊ីស្លាម ការ​រត់​ចាកចេញ​របស់​ពួក​គ្រិស្តសាសនិកជន​ក៏​ផ្តើម​មាន​កាន់​តែ​ច្រើន​ឡើងៗ។ ក្រោយ​ពី​អន្តរាគមន៍​យោធា​របស់​អាមេរិក​ក្នុង​ឆ្នំា ២០០៣ មក ពួក​អ្នកកាន់សាសនាគ្រិស្ត​បាន​ក្លាយ​ជា​ផ្ទំាងស៊ីប​នៃ​ការ​វាយប្រហារ​ធ្វើ​បាប​ជា​ប្រចំា​ពី​សាសនា​អ៊ីស្លាម​នៅ​ទូទំាង​ប្រទេស។ គ្រាន់​តែ​ក្នុង​រយៈពេល ១០ឆ្នំា​កន្លង​ទៅ មាន​ស្លាប់​គ្រិស្តសាសនិកជន​ជាង ១ ០០០នាក់ និង​មាន​វិហារ​របស់​ពួក​គេ​ជាង ៦០ កន្លែង​បាន​ទទួល​រងការ​វាយប្រហារ។ បន្តិច​ម្តងៗ ចំនួន​ប្រជាជន​អ៊ីរ៉ាក់​អ្នក​កាន់សាសនា​គ្រិស្ត​កាន់​តែ​ថយ​ចុះ​ជា​លំដាប់ នៅ​សល់​ប្រមាណ​តែ ៥% ក្នុង​ឆ្នំា ២០០៥ ៣% ក្នុង​ឆ្នំា ២០០៧ ២% ក្នុង​ឆ្នំា ២០០៨ និង​កំពុង​បន្ត​រត់ចេញ​ជា​បន្ត​ទៀត​នា​ពេល​បច្ចុប្បន្ន។

តើ​ពួក​គ្រិស្តសាសនិកជន​នៅ​អ៊ីរ៉ាក់​មិនមែន​កំពុង​ទទួល​រង​ការ​ផុត​រលត់​ពី​ប្រទេស​កំណើត​ដែល​ខ្លួន​បាន​កសាង​ឡើង​តំាង​ពី​ជិត ២០សតវត្ស​មក​ហើយ​នោះ ឬ​យ៉ាង​ណា?

បើ​ពិត​ជា​ដូច្នោះ​មែន នេះ​ពិត​ជា​ការ​បាត់បង់​មួយ​ធំធេង​ណាស់។ ធំធេង មិនមែន​សម្រាប់​តែ​ប្រទេស និង​ប្រជាជន​អ៊ីរ៉ាក់​មួយ​ប៉ុណ្ណោះ​ទេ តែ​វា​ជា​ការ​បាត់បង់​មួយ​សម្រាប់​មជ្ឈិមបូព៌ា និង​មនុស្សជាតិ​ទំាងមូល​តែ​ម្តង។ គឺ​នៅ​ក្នុង​ន័យ​នេះ​ហើយ​បាន​ជា​នៅ​ពេល​នេះ សហគមន៍​អន្តរជាតិ​ដែល​មាន​អាមេរិក​ជា​មេខ្លោង​ក៏​បាន​សម្រេចចិត្ត​ចូលខ្លួន​ជួយ​ស្រោចស្រង់​សហគមន៍​មួយ​នេះ។ តែ​គេ​ក៏​មិន​ត្រូវ​ភ្លេច​ទេ​ថា ជម្លោះ​សាសនា​ជា​ជម្លោះ​មួយ​ដ៏​សែន​ពិបាក​ដោះស្រាយ មិន​ថា​រវាង​សាសនាគ្រិស្ត និង​សាសនាអ៊ីស្លាម ឬ​មួយ​ក៏​រវាង​សាសនា​អ៊ីស្លាម និង​សាសនាព្រះពុទ្ធ​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ