អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

នីហ្សេរីយ៉ា៖តើ​ក្រុម​ភេរវជន​របស់​ចលនា​បូកូ អារ៉ាម​ជា​នរណា និង​មាន​ប្រភព​មក​ពី​ណា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

តំាង​តែ​ពី​ថ្ងៃទី១៤ មេសា​មក​ម្ល៉េះ ដែល​ក្រុម​របស់​ចលនា​បូកូ អារ៉ាម​បាន​ចាប់​សិស្សសាលា​ស្រីៗ​ជាង ២០០នាក់​ធ្វើ​ជា​ចំណាប់​ខ្មំាង​នៅ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា។ រហូត​មក​ដល់​ពេល​នេះ ចលនា​ភេរវនិយម​មួយ​នេះ​មិន​បាន​ទាមទារ​ប្រាក់ ឬ​មួយ​ក៏​អ្វី​ផ្សេង​ជា​ថ្នូរ​នឹង​ការ​ដោះលែង​ចំណាប់ខ្មំាង​ទំាង​អស់​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​បាន​គំរាម​យក​សិស្សសាលា​ស្រីៗ​វ័យក្មេង​ទំាង​នោះ​ទៅ​លក់​នៅ​លើ​ទីផ្សារ​ក្នុង​តម្លៃថោក និង​ចាប់​បង្ខំ​ឲ្យ​រៀបការ។ ខណៈ​នេះ សហគមន៍​អន្តរជាតិ​ក៏​បាន និង​កំពុង​ខ្នះខ្នែង​ជួយ​រដ្ឋាភិបាល​ប្រទេស​នីហ្សេរីយ៉ា​ដើម្បី​ដោះលែង​សិស្សសាលា​ស្រីៗ​ទំាង​នោះ​ពី​កណ្តាប់​ដៃ​ក្រុមភេរវជន​របស់​ចលនា​បូកូ អារ៉ាម។ តើ​ក្រុម​ភេរវជន​របស់​ចលនា​នេះ​ជា​នរណា និង​មាន​ប្រភព​មក​ពី​ណា?

នីហ្សេរីយ៉ា៖តើ​ក្រុម​ភេរវជន​របស់​ចលនា​បូកូ អារ៉ាម​ជា​នរណា និង​មាន​ប្រភព​មក​ពី​ណា?
នីហ្សេរីយ៉ា៖តើ​ក្រុម​ភេរវជន​របស់​ចលនា​បូកូ អារ៉ាម​ជា​នរណា និង​មាន​ប្រភព​មក​ពី​ណា? AFP PHOTO/YOUTUBE
ផ្សាយពាណិជ្ជកម្ម

បូកូ អារ៉ាម (Boko Haram) គឺ​ជា​ចលនា​ជីហាត​មួយ​ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នំា ២០០២ នៅ​តំបន់​ប៉ែក​ខាង​ជើង​ដែល​សម្បូរ​ដោយ​អ្នក​កាន់​សាសនា​អ៊ីស្លាម​រស់នៅ។ គឺ​ទើប​តែ​នៅ​ក្នុង​ឆ្នំា ២០០៩ ទេ ដែល​គេ​បាន​ចាប់​ផ្តើម​ស្គាល់ និង​និយាយ​ច្រើន​ចំពោះ​ចលនា​អ៊ីស្លាម​និយមជ្រុល​មួយ​នេះ។ ប្រភព​កំណើត​ដំបូង​របស់​ចលនា​បូកូ អារ៉ាម គឺ​កើត​ចេញ​ពី​ការ​ផ្តាច់​ខ្លួន​របស់​យុវជន​អ៊ីស្លាម​ជ្រុលនិយម​មួយ​ក្រុម​ពី​វិហារ​អ៊ីស្លាម​ឌីមី​ស្ថិត​ក្នុង​ស្រុក​ម៉ៃឌូហ្គូរី។ ពួក​គេ​បាន​ចាក​ចេញ​ពី​ស្រុក​ម៉ៃឌូហ្គូរី​ដែល​ពួក​គេ​ចាត់​ទុក​ជា​ស្រុក​ពុករលួយ ដោយ​ទៅ​បោះ​ទីតំាង​នៅ​ក្នុង​ស្រុក​កាណាម៉ា​ស្ថិត​ក្នុង​រដ្ឋ​យ៉ូប​ក្បែរ​ព្រំដែន​នឹង​ប្រទេស​នីហ្សេ។ គឺ​នៅ​ទីនោះ​ហើយ​ដែល​ពួក​គេ​បាន​បង្កើត​សហគមន៍​អ៊ីស្លាម​និយម​ជ្រុល ឬ​ហៅ​ថា ជា​ពួក​តាលីបង់ នីហ្សេរីយ៉ា។ កម្មវត្ថុ​របស់​ពួក​នេះ គឺ​ការ​បង្កើត​រដ្ឋ​អ៊ីស្លាម​មួយ​នៅ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា​ដោយ​យក​ច្បាប់​អ៊ីស្លាម « ឆារីយ៉ា (charia) » មក​ធ្វើ​ជា​ច្បាប់​គោល។

ចលនា​មួយ​បាន​ប្រឈម​មុខ​ដំបូង​ជាមួយ​កម្លំាង​ប៉ូលិស​ក្នុង​ឆ្នំា ២០០៣ ដោយ​ពួក​គេ​ដណ្តើម​បាន​អាវុធ​ជា​ច្រើន​ពី​ប៉ូលិស និង​ក៏​បាន​រក្សា​អាវុធ​ទំាង​នោះ​ទុក​ជា​មួយ​ខ្លួន។ ក្រោយ​មក កម្លំាង​ទាហាន​រដ្ឋាភិបាល​ក៏​បាន​អន្តរាគមន៍​បំបែក​វិហារ​របស់​ពួក​គេ​ក្នុង​ស្រុក​ម៉ៃឌូហ្គូរី​ដោយ​បាន​ធ្វើ​ឲ្យ​សមាជិក​ជា​ច្រើន​របស់​ចលនា​នេះ​បាត់បង់​ជីវិត។ នៅ​ពេល​នោះ ចលនា​មួយ​នេះ​ក៏​បាន​ផ្តើម​បែកបាក់ គ្មាន​រចនាសម្ព័ន្ធ​ត្រឹមត្រូវ ដោយ​បាន​ចល័ត​ទៅ ចល័ត​មក​រវាង​ប្រទេស​នីហ្សេរីយ៉ា នីហ្សេ និង​ប្រទេស​កាមេរូន។ ក្រោយ​មក​ទៀត និង​ជា​មួយ​នឹង​អ្នក​រស់រាន​មាន​ជីវិត ពួក​គេ​ក៏​បាន​ចាប់​ផ្តើម​ប្រមូល​ផ្តុំ​គ្នា​ជា​ថ្មី​ឡើង​វិញ​ជាមួយ​នឹង​ការ​សាងសង់​វិហារ​ជា​ថ្មី​នៅ​ក្នុង​ស្រុក​ម៉ៃឌូហ្គូរី។ បន្តិច​ម្តងៗ ចលនា​មួយ​នេះ​ក៏​បាន​ផ្តើម​ពង្រឹង​កម្លំាង ព្រម​ទំាង​ទទួល​បាន​ការ​គំាទ្រ​ទំាង​ផ្នែក​ហិរញ្ញវត្ថុ ស្មារតី និង​សម្ភារៈ។

ក្នុង​ឆ្នំា ២០០៩ ការ​ប៉ះទង្គិច​គ្នា​យ៉ាង​ហិង្សា និង​បង្ហូរ​ឈាម​ក៏​បាន​ផ្ទុះ​ឡើង​ជា​ថ្មី​រវាង​ចលនា​បូកូ អារ៉ាម និង​កម្លំាង​ប៉ូលិស​ដែល​កាល​ណោះ បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង ១ ០០០នាក់ ក្នុង​នោះ ក៏​មាន​មេកើយ​បូកូ អារ៉ាម Mohamed Yusuf ផង​ដែរ។ អ្វី​ជា​ការ​កត់សម្គាល់​នៅ​ក្នុង​ថ្ងៃ​ប្រទូស្រ្តាយ​គ្នា​នោះ គឺ​ការ​ដែល​កម្លំាង​ប៉ូលិស​បាន​ប្រទះ​ឃើញ​ស្រ្តី និង​កូនក្មេង​សរុប​មាន​គ្នា​ជាង ២០០នាក់​ដែល​ពួក​ភេរវជន​បាន​លាក់​ទុក​នៅ​ក្នុង​អាគារ​នានា​ក្នុង​ស្រុក​ម៉ៃឌូហ្គូរី។ ក្នុង​រយៈពេល ៤ឆ្នំា សង្រ្គាម​រវាង​រដ្ឋាភិបាល និង​ចលនា​បូកូ អារ៉ាម​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ប្រមាណ​ជា ៤ ០០០នាក់ និង​អ្នក​ផ្លាស់ប្តូរ​ទីលំនៅ​ប្រមាណ​ជា​កន្លះលាននាក់។ ជា​ទូទៅ ពួក​ភេរវជន​បូកូ អារ៉ាម​ច្រើន​វាយប្រហារ​សំដៅ​លើ​ក្រុមប៉ូលិស អាគារ​សាធារណៈ សាលារៀន និង​បន្ទាប់​មក គឺ​ពួក​អ្នក​កាន់​គ្រិស្តសាសនា។

ហេតុអ្វី​បាន​ជា​ពួក​ភេរវជន​បូកូ អារ៉ាម​ចូលចិត្ត​វាយប្រហារ​លើ​សាលារៀន?

ការ​អប់រំ ពិសេស​ការ​អប់រំ​លើ​សិស្ស​នារី​បាន​ធ្វើ​ឲ្យ​ពួក​បូកូ អារ៉ាម​ទើសទាល់​ចិត្ត​យ៉ាង​ខ្លំាង។ បូកូ អារ៉ាម (Boko Haram) មក​ពី​ពាក្យ​បូកូ និង​អារ៉ាម។ បូកូ​មាន​ន័យ​ថា ហាមឃាត់ រីឯ​អារ៉ាម មាន​ន័យ​ថា សាលារៀន​តាម​បែប​បស្ចិមលោក។ ដូច្នេះ​អត្ថន័យ​ពេញ​របស់​បូកូ អារ៉ាម​មាន​ន័យ​ថា ការ​អប់រំ​តាម​បែប​បស្ចិមលោក​ត្រូវ​ហាម​ឃាត់ ព្រោះ​វា​ជា​បាបកម្ម​មួយ។ តាម​ពិត​ទៅ ពួក​ភេរវជន​បាន​ដឹង​យ៉ាង​ច្បាស់​ថា ការ​អប់រំ​សិស្ស​នារី គឺ​ជា​អាវុធ​ប្រកប​ដោយ​ប្រសិទ្ធិភាព​ខ្ពស់​សម្រាប់​ប្រឆំាង​នឹង​សាសនាជ្រុលនិយម​របស់​ពួក​គេ។ អីចឹង​ហើយ​បាន​ក្រុម​នេះ​មិន​ញញើត​នឹង​វាយប្រហារ​លើ​សាលារៀន ព្រម​ទំាង​ចាប់​សិស្សនារី​ធ្វើ​ជា​ចំណាប់ខ្មំាង​ទេ។ ជាក់ស្តែង​ក្នុង​ខែ​មីនា ឆ្នំា ២០១២ ពួក​បូកូ អារ៉ាម​បាន​ដុតបំផ្លាញ​សាលារៀន​ជាង ១០ នៅ​ក្នុងស្រុក​ម៉ៃឌូហ្គូរី ដោយ​បាន​ធ្វើ​ឲ្យ​សិស្ស​ជិត ១ម៉ឺននាក់​គ្មាន​សាលារៀន។ ពេញ​មួយ​ឆ្នំា ២០១៣ មាន​សាលារៀន​ប្រមាណ ៥០ ត្រូវ​បាន​ដុត​កម្ទេច និង​បាន​ធ្វើ​ឲ្យ​ស្លាប់​កូនសិស្ស​រាប់រយ​នាក់។

សព្វថ្ងៃ គឺ​អាប៊ូបាការ ឈីកូ ជា​អ្នក​ស្នងតំណែង​ពី Mohamed Yusuf ដែល​ត្រូវ​បាន​រដ្ឋអំណាច​នីហ្សេរីយ៉ា​សម្លាប់​ក្នុង​ឆ្នំា ២០០៩ ហើយ​រូប​អាប៊ូបាការ ឈីកូ​ទៀត​សោត​ក៏​ត្រូវ​បាន​រដ្ឋអំណាច​នីហ្សេរីយ៉ា​ស្មាន​ថា​ស្លាប់​ជាមួយ Mohamed Yusuf បាត់​ទៅ​ហើយ។ ពី​ដំបូង​ឡើយ ពោល​ក្នុង​ឆ្នំា ២០០៤ ពិភពលោក ពិសេស​អាមេរិក​មិន​ដែល​ខ្វល់ខ្វាយ និង​ចាត់​ទុក​ចលនា​បូកូ អារ៉ាម​ថា ជា​ចលនា​ភេរវនិយម​ទេ។ ទីក្រុង​វ៉ាស៊ីតោន​បាន​បែង​ចែក​ដាច់​ស្រឡះ​រវាង​ចលនា​បូកូ អារ៉ាម និង​អង្គការ​ភេរវនិយម​អាល់កៃដា។ គឺ​ទើប​តែ​នៅ​ក្នុង​ឆ្នំា ២០១២ ទេ ដែល​ក្រសួង​ការបរទេស​អាមេរិក​ដាក់​ចលនា​បូកូ អារ៉ាម​ទៅ​ក្នុង​បញ្ជី​ភេរវនិយម​អន្តរជាតិ ហើយ​ដែល​ក្បាល​របស់​អាប៊ូបាការ ឈីកូ​ត្រូវ​បាន​អាមេរិក​ដាក់​តម្លៃ ៧លានដុល្លារ​បើ​នរណា​អាច​នំា​យក​ឲ្យ​អាមេរិក​បាន។ ជា​មួយ​នឹង​តម្លៃ​នេះ អាប៊ូបាការ ឈីកូ​បាន​ក្លាយ​ជា​មេភេរវជន​ដែល​ពិភពលោក​កំពុង​ស្វែង​រក​ចាប់​ខ្លួន​ខ្លំាង​ជាង​គេ​នៅ​ក្នុង​ទ្វីប​អាហ្រ្វិក។

ការ​រាប់​បញ្ចូល​បូកូ អារ៉ាម​ទៅ​ក្នុង​ចលនា​ភេរវនិយម​ក៏​ដោយសារ​ថា មេតូត​វាយប្រហារ​ដែល​បូកូ អារ៉ាម​បាន​អនុវត្តន៍ ដូច​យ៉ាង​ការ​វាយប្រហារ​អត្តឃាត ឬ​មួយ​ក៏​បំផ្ទុះ​រថយន្ត គឺ​ដូច​គ្នា​បិះបិទ​នឹង​មេតូត​របស់​អង្គការ​អាល់កៃដា​ដែរ។ តែ​អ្វី​ដែល​ខុស​គ្នា​បន្តិច​ពី​យុទ្ធសាស្រ្ត​របស់​អាល់កៃដា​នោះ គឺ​ចលនា​បូកូអារ៉ាម​កម្រ​នឹង​ធ្វើ​ការ​វាយប្រហារ​ផលប្រយោជន៍​របស់​ប្រទេស​បស្ចិមលោក ឬមួយ​ក៏​សហគមន៍​អន្តរជាតិ​ទូទៅ។ តែ​យ៉ាង​ណា​ក៏​ដោយ ក្រោម​ភ្នែក ច្រមុះ​របស់​សហគមន៍​អន្តរជាតិ បូកូ អារ៉ាម​ជា​អង្គការ​ភេរវកម្ម​មួយ​ដែល​ត្រូវ​តែ​កម្ទេច​ឲ្យ​ដល់​ឫសគល់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ