អានតួអត្ថបទ
ម៉ាឡេស៊ី-បារាំង

​​យន្តហោះ​​ចម្បាំង​​Rafale​ របស់​​បារាំង​​កំពុង​​ទាក់ទាញចំណាប់​អារម្មណ៍​​​ម៉ាឡេស៊ី​

កងទ័ព​​​ម៉ាឡេស៊ីកំពុង​​​ចាប់អារម្មណ៍​លើ​យន្តហោះ​ចម្បាំង Rafale របស់​​បារាំង។ នេះ​បើតាម​ការបង្ហើប​អោយ​ដឺង​ពីប្រភព​ជិតដិត​នឺង​ក្រសួង​ការពារជាតិ​ ម៉ាឡេស៊ី នៅថ្ងៃពុធ២២មីនា​​នេះ។ យន្តហោះ​ចម្បាំង​ Rafaleអាច​​ស្ថិត​ក្នុង​កិច្ចសន្យា​​​ទិញ​សម្ភារយោធា​​របស់​កងទ័ព​ដែន​អាកាស ​ម៉ាឡេស៊ី។ ​សប្តាហ៍​ក្រោយនេះ ប្រធានាធិបតី​បារាំង​នឺង​ធ្វើ​ទស្សនកិច្ច​នៅ​​​ម៉ាឡេស៊ី ហើយ​អាច​នឺង​​ផ្សព្វផ្សាយ​លក់​យន្តហោះ​Rafaleទៀតផង។ 

យន្តហោះ​ចម្បាំង​បារាំង Rafale
យន្តហោះ​ចម្បាំង​បារាំង Rafale Reuters/Benoit Tessier/Files
ផ្សាយពាណិជ្ជកម្ម

យោងតាម​ប្រភពជិតដិត​នឺង​ក្រសួង​ការពារជាតិ​ម៉ាឡេស៊ី ដែល​សុំ​មិនបញ្ចេញ​អត្តសញ្ញាណ​ កងទ័ព​ម៉ាឡេស៊ីពេលនេះ ​​កំពុង​ចាប់អារម្មណ៍​លើ​យន្តហោះ​ចម្បាំង​រ៉ាហ្វាល់ របស់​បារាំង។ យន្តហោះ​រ៉ាហ្វាល់​បារាំង​ ជា​ផលិតផល​​​របស់​​ក្រុមហ៊ុន​ Dassault Aviation។ រ៉ាហ្វាល់​​មួយគ្រឿង អាច​លក់​​​តម្លៃ​ជាង​២ពាន់លាន​ដុល្លារ។ ម៉ាឡេស៊ី​កំពុងចង់​ទិញ​យន្តហោះ​ចម្បាំង​១៨គ្រឿង មកប្រើ​​ ​ដើម្បី​​​ជំនួស​យន្តហោះ​ចម្បាំង​រុស្ស៊ី ចាស់ៗ ប្រភេទ​Mig-29។

ទន្ទឹម​នេះដែរ សារព័ត៌មាន​ជាច្រើន​បាន​ចុះផ្សាយ​ថា ​ម៉ាឡេស៊ី​កំពុង​​ផ្តោត​ជម្រើស រវាង​​យន្តហោះរ៉ាហ្វាល់​​បារាំង និង​យន្តហោះ​អឺរ៉ូហ្វៃថឺ ទីហ្វុន Eurofighter Typhoon ដែលជា​ផលិតផល​របស់​ក្រុមហ៊ុន​អង់គ្លេសBAE Systems។ ក្រុមហ៊ុនBAE Systems​ ​នេះ​ឃោសនា​​​​​យន្តហោះ​ខ្លួន​យ៉ាង​ផុសផុល​មក​​ ​​៦ឆ្នាំ​ហើយ ខុសពី​ក្រុមហ៊ុន​បារាំង​ដែលមិនចង់​លេច​មុខមាត់។ ​ដោយឡែក ​ម៉ាឡេស៊ី​ទំនង​ជា​លែងចាប់អារម្មណ៍​​យន្តហោះចម្បាំង​​​រុស្ស៊ី និង​ស៊ុយអែតទៀតហើយ។

ម៉ាឡេស៊ី​​​​ផ្តោត​ការ​​ចាប់អារម្មណ៍​លើ​យន្តហោះ​ចម្បាំង​បារាំង ធ្វើអោយ​បារាំង​ត្រេកអរ​មិនតិចទេ។ ​កន្លងមក ក្រុមហ៊ុន​​ Dassault បារាំង​​​ធ្លាប់​សម្រេច​បាន​កិច្ចសន្យាលក់​យន្តហោះ​រ៉ាហ្វាល់​ជាមួយ​ប្រទេស​អេហ្ស៊ីប កាតា និង​ឥណ្ឌា។ ចំពេល​ប្រធានាធិបតី​បារាំង ហ្វ្រង់ស៊័រ ហូឡង់ និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​បារាំង​ហ្សង់ អ៊ីវ ឡឺឌ្រីយ៉ង់ ត្រូវ​បំពេញ​ទស្សនកិច្ច​នៅ​ម៉ាឡេស៊ី ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​នេះ ប្រធានាធិបតី​និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​បារាំង​ច្បាស់ជា​ត្រូវ​ផ្សព្វផ្សាយ​គុណភាព​ផលិតផល​យន្តហោះ​ចម្បាំង​ជាតិ​ខ្លួន​ហើយ។ គួរបញ្ជាក់​ដែរថា សប្តាហ៍​ក្រោយនេះ ប្រធានាធិបតី​បារាំង​ក៏​បំពេញ​ទស្សនកិច្ច​នៅ​សិង្ហបុរី និង​ឥណ្ឌូណេស៊ី​ដែរ។

ដោយឡែក ម៉ាឡេស៊ី​ប្រហែល​ត្រូវការ​ពេលយ៉ាងហោច​​២ឆ្នាំ មុននឺង​សម្រេច​ថា តើ​ត្រូវទិញ​យក​យន្តហោះ​ចម្បាំង​រ៉ាហ្វាល់​របស់​បារាំង​ រឺ​យ៉ាងណា។ ​ពេលនេះ ​នាយករដ្ឋមន្ត្រី​ណាជីព រ៉ាហ្សាក់ កំពុង​​ជាប់រវល់​នឹង​ផ្តោត​សកម្មភាព​​លើ​បញ្ហា​​​ក្នុងស្រុក ព្រោះ​ម៉ាឡេស៊ី​ត្រូវ​រៀបចំ​ការបោះឆ្នោត​​នៅ​ឆ្នាំ២០១៨៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ