អានតួអត្ថបទ
កម្ពុជា

ការ​កំណត់​តំលៃ​ទូរស័ព្ទ ត្រូវ​បាន​បក​ស្រាយ​ថា ដោយសារ​មាន​ការ​ប្រកួត​ប្រជែង មិន​ស្មោះត្រង់​

នៅ​រសៀល​ ថ្ងៃ​ច័ន្ទ ទី ៩​ធ្នូ​នេះ រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៏ បាន​រៀបចំ​សន្និសីទ​កាសែត​មួយ ទាក់ទង​ទៅ​នឹង​បញ្ញត្តិកម្ម​លើ​សេវាទូរស័ព្ទ។ ជា​សន្និសីទ ដែល​ផ្តោត​សំខាន់ ទៅ​លើ​ការ​បក​ស្រាយ ពី​ការ​កំណត់​ថ្លៃ​អប្បបរមា​នៃ​ការ​ហៅ​ទូរស័ព្ទ​ នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក ប្រាក់​ សុ​ខុន រដ្ឋមន្ត្រី ក្រសួង ប្រៃសណីយ៍ និង​ទូរគមនាគមន៏ បាន​ថ្លែង ​នៅ​ក្នុង​សិន្និសីទ​នោះ​ថា ដោយ​សារតែ​មាន​ភាព​មិន​ស្មោះ​ត្រង់​ ក្នុង​ការ​ប្រកួត​ប្រជែង រវាង​ក្រុមហ៊ុនទូរស័ព្ទ​ នៅ​ក្នុង​ប្រទេស ដូច្នេះ​ទើប​មាន​ការ​កំណត់​តំលៃ​អប្បបរមា​នេះ។

សន្និសីទកាសែត នៅ​ក្រសួង​ប្រៃសណីយ៏ និង​ទូរគមនាគមន៏ អំពី​បញ្ញតិ្តកម្ម​សេវាទូរស័ព្ទ នៅថ្ងៃទី៩ធ្នូ ឆ្នាំ២០១៣។
សន្និសីទកាសែត នៅ​ក្រសួង​ប្រៃសណីយ៏ និង​ទូរគមនាគមន៏ អំពី​បញ្ញតិ្តកម្ម​សេវាទូរស័ព្ទ នៅថ្ងៃទី៩ធ្នូ ឆ្នាំ២០១៣។ RFI/សួង សុខភារី
ផ្សាយពាណិជ្ជកម្ម

នៅ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៏ នា​រសៀល​ថ្ងៃ​ច័ន្ទ ទី​៩​ធ្នូ​នេះ មាន​រៀបចំ​សន្និសីទ​កាសែត​មួយ​ ទាក់ទង​នឹង​ការ​កំណត់​តំលៃ​អប្បបរមា នៃ​សេវា​ទូរស័ព្ទ នៅ​ក្នុង​ប្រទេសកម្ពុជា។

នៅ​ក្នុង​សន្និសីទ​នោះ លោក​ប្រាក់​ សុ​ខុន រដ្ឋមន្ត្រី ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៏ បាន​ថ្លែង​ថា មាន​មូលហេតុ​ចម្បង​ ៤​យ៉ាង ដែល​បាន​រុញច្រាន​ ឲ្យ​មាន​ការ​កំណត់​តំលៃ​អប្បបរមា​នេះ ដែល​រួម​មាន ទី​មួយ គឺ​ដើម្បី​ទប់ស្កាត់​ការ​ប្រកួតប្រជែង​មិន​ស្មោះត្រង់។ ទី​ពីរ ធានា​គុណភាព​សេវាកម្ម​ឲ្យ​មានការ​កើនឡើង។ ទី​បី ធ្វើ​ឲ្យ​តម្លៃ​មូលដ្ឋាន​មាន​លក្ខណៈ​សមរម្យ។ និង​ទី​បួន ធានា​ចំណូល​រដ្ឋ​ឲ្យ​មាន​ស្ថិរភាព ពីព្រោះ​រយៈពេល​៥​ឆ្នាំ​កន្លងមក ចំណូល​រដ្ឋ​ដែល​បាន​មកពី​វិស័យ​ទូរគមនាគមន៍​មាន​ការ​ធ្លាក់ចុះ។

យ៉ាងណាក៏​ដោយ ​រដ្ឋមន្ត្រី ក្រសួង​ប្រៃសណីយ៍ បាន​អះអាង​ថា ​នេះ​គ្រាន់​តែ​ជា​វិធានការ​បណ្តោះអាសន្ន​ប៉ុណ្ណោះ ពីព្រោះ​ស្ថាប័ន​របស់​លោក​ត្រូវ​ជួបប្រជុំ​ជាមួយ​អ្នកជំនាញ​ជាតិ អន្តរជាតិ នាពេលខាងមុខ​ទៀត ​ដើម្បី​កំណត់​គោលការណ៍​មួយ​ច្បាស់លាស់។

គួរ​រម្លឹក​ថា កាលពី​ថ្ងៃ​ទី​២១ ខែវិច្ឆិកា​កន្លង​ទៅ​នេះ ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​សម្រេច​ដាក់​ឲ្យ​ដំណើរការ​នូវ ​សេចក្ដីប្រកាស​អន្តរក្រសួង ​រវាង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដោយបាន​កំណត់​ឲ្យ​ក្រុមហ៊ុន​បំរើសេវា​ទូរស័ព្ទ​ចល័ត​ទាំងអស់ នៅក្នុង​ប្រទេស​កម្ពុជា កំណត់​ការ​ហៅ​ចេញ​ក្នុង​ប្រព័ន្ធ យ៉ាងតិច​អប្បបរមា ៤.៥សេន ក្នុង​មួយ​នាទី និង​ក្រៅ​ប្រព័ន្ធ ៥.៩៥សេន ក្នុង​មួយនាទី។

តាម​ការ​ឆ្លើយ​បំភ្លឺ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អត្រា​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ មាន​ការ​កើន​ឡើង ពី​មួយ​ឆ្នាំ ទៅ​មួយ​ឆ្នាំ។ ដោយ​ក្នុង​ឆ្នាំ ២០០៨ មាន​អ្នក​ប្រើលេខ ទូរស័ព្ទ ប្រមាណ​ជា ៣​លាន​៨​សែន​នាក់ ហើយ​នៅឆ្នាំ ២០១២ អត្រា​ជាវ​លេខទូរស័ព្ទ បាន​ហក់​ឡើង រហូត​ដល់ ១៩លាន​លេខ។ ប៉ុន្តែ​បើ​គិត​ត្រឹម ១១ខែ ក្នុង​ឆ្នាំ ២០១៣ ពន្ធ​រដ្ឋ​គ្រប់​ប្រភេទ ដែល​បាន​មក​ពី​សេវា​ទូរស័ព្ទ​នេះ គឺ​មាន​តែ​ ៨០លាន​ដុល្លា​ តែប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ