អានតួអត្ថបទ
កម្ពុជា

ព្រះវិហារ៖ កម្ពុជា​បញ្ចេញ​ប្រតិកម្ម​ទប់ទល់​នឹង​សង្គ្រាម​ចិត្តសាស្ត្រ​របស់​ថៃ

ក្រសួង​ការបរទេស​កម្ពុជា​បាន​បញ្ចេញ​ប្រតិកម្ម​ជា​ផ្លូវការ​មួយ​នៅ​ចុង​សប្តាហ៍​នេះ តប​ទៅ​ភាគី​ថៃ​ដោយ​ពន្យល់​យ៉ាង​ច្បាស់លាស់​អំពី​ជំហរ​របស់ខ្លួន​ចំពោះ​បញ្ហា​ព្រះវិហារ។ ប្រតិកម្ម​នេះ​បាន​ធ្វើ​ឡើង ដើម្បី​ឆ្លើយតប​ទៅនឹង​សង្គ្រាម​ចិត្តសាស្ត្រ​នៅ​ក្នុង​ប្រទេស​ថៃ​ដែល​កំពុង​បោកបក់​តាម​រយៈ​​​ព័ត៌មាន​ភូតកុហក និង​មួលបង្កាច់​កម្ពុជា​។ ក្រសួង​ការបរទេស​កម្ពុជា​យល់​ឃើញ​ថា គេ​គួរ​ទុក​ឲ្យ​តុលាការ​សម្រេច​ដោយ​ស្ងប់ស្ងាត់​ដើម្បី​រក្សា​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំងពីរ។

លោកហោ ណាំហុង រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា
លោកហោ ណាំហុង រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ពី​បាន​ផ្ញើ​ឯកសារ​បន្ថែម​ទៅ​ឲ្យ​តុលាការ​ក្រុងឡាអេ​រួចមក ក្រសួង​ការបរទេស​កម្ពុជា​ក៏​បាន​បញ្ចេញ​ប្រតិកម្ម​ធ្ងន់ៗ​ទៅ​កាន់​ភាគី​ថៃ។ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ដែល​ចេញផ្សាយ​នៅ​ចុង​សប្តាហ៍​នេះ ក្រសួង​ការបរទេស​កម្ពុជា​បាន​កត់សម្គាល់​ថា មាន​អ្នកនយោបាយ និង​សារព័ត៌មាន​ថៃ​ជា​ច្រើន​បាន​ធ្វើ​អត្ថាធិប្បាយ​ភូតកុហក និង​មួលបង្កាច់​កម្ពុជា​ជាច្រើន​ចំណុច​ទាក់ទង​ទៅ​នឹង​សវនាការ​បកស្រាយ​សាលក្រម​ឆ្នាំ ១៩៦២ របស់​តុលាការ​ក្រុងឡាអេ​ស្តីពី​បញ្ហា​ព្រះវិហារ។

ឆ្លើយតប​ទៅ​នឹង​សេចក្តី​អត្ថាធិប្បាយ​ទាំង​នោះ ក្រសួង​ការបរទេស​កម្ពុជា​បាន​ពន្យល់​មួយ​ចំណុច​ម្តងៗ​ដល់​សាធារណជន​ថៃ​វិញ។ ការ​បកស្រាយ​បាន​ផ្តើម​ឡើង ដោយ​និយាយ​ពី​ផែនទី​ឧបសម្ព័ន្ធ១​ដែល​ជា​ផែនទី​ធ្វើ​ឡើង​ដោយ​គណៈកម្មការ​ចម្រុះ​បារាំង សៀម គឺ​មិនមែនជា​ផែនទី​ឯកតោភាគី​របស់​បារាំង​ដូច​ដែល​អ្នកនយោបាយ​ថៃ​លើក​ឡើង​នោះ​ឡើយ។ ក្រសួង​ការបរទេស​កម្ពុជា​បាន​បញ្ជាក់​ទៀត​ថា តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុងឡាអេ​បាន​សម្រេច​ចេញ​សាលក្រម​ឆ្នាំ១៩៦២ ដោយ​ផ្អែក​លើ​ផែនទី​ឧបសម្ព័ន្ធ​១​នេះ គឺ​មិនមែន​ផែនទី​បែង​ចែង​ខ្សែទឹក​ដូច​ថៃ​ទាមទារ​នោះ​ទេ។ បន្ទាប់​មក​ទៀត នៅ​ក្នុង​ទសវត្សរ៍ ៦០ ក្រោយ​ពី​គណៈរដ្ឋមន្ត្រី​ថៃ​បាន​កំណត់​តំបន់​ព្រំដែន​ប្រាសាទព្រះវិហារ កម្ពុជា​បាន​តវ៉ា​ជា​បន្តបន្ទាប់។

រីឯ​ការដាក់​ពាក្យបណ្តឹង​សុំ​ឲ្យ​តុលាការ​បកស្រាយ​សាលក្រម​ឆ្នាំ ១៩៦២ ឡើង​វិញ​នៅ​ពេល​នេះ គឺ​មិនមែន​ជា​ការ​ទាមទារ​យក​ដី ៤.៦ គ.ម ក្រឡា ឬ​ជា​ការ​តវ៉ា​បញ្ហា​ព្រំដែន​ដូច​ភាគី​ថៃ​អះអាង​ឡើយ តែ​ជា​ការ​សុំ​ឲ្យ​តុលាការ​បកស្រាយ​អង្គច្បាប់​ដែល​ថា ប្រាសាទ​ព្រះវិហារ​ស្ថិត​នៅ​លើ​ទឹកដី ក្រោម​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ថៃ​ត្រូវតែ​ដក​កម្លាំងប្រដាប់អាវុធ នគរបាល ឬ​ឆ្មាំ​ចេញ​ពី​ប្រាសាទ និង​តំបន់​ជុំវិញ។

នៅ​ចុង​បញ្ចប់​នៃ​សេចក្តីថ្លែងការណ៍​របស់​ខ្លួន ក្រសួង​ការបរទេស​កម្ពុជា​យល់​ឃើញ​ថា វា​ជា​ការ​ល្អ​ដែល​គួរ​ទុក​ឲ្យ​តុលាការ​សម្រេច​ដោយ​ស្ងប់ស្ងាត់ ហើយ​ចៀសវាង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ភូតកុហក និង​មួលបង្កាច់​ដើម្បី​រក្សា​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំងពីរ។ នេះ​ជា​ប្រតិកម្ម​ជា​លាយលក្ខណ៍អក្សរ​លើក​ដំបូង​ហើយ​ដែល​កម្ពុជា​បាន​ធ្វើ ចាប់​តាំង​ពី​ក្រោយ​សវនាការ​ផ្ទាល់មាត់​នៅ​ឯ​តុលាការ​ក្រុងឡាអេ​កាលពី​ពាក់កណ្តាល​ខែ​មេសា​មក។

ក្នុង​អំឡុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ប្រទេស​ប្រ៊ុយណេ​កាល​ពី​ថ្ងៃទី២៤ និង​២៥មេសា នាយករដ្ឋមន្ត្រី​កម្ពុជា និង​ថៃ​ក៏​បាន​ឆ្លៀត​ជួប​ពិភាក្សា​គ្នា​ហើយ​ព្រមព្រៀង​ថា នឹង​រក្សា​ស្ថិរភាព​ដដែល​នៅ​តាម​ព្រំដែន។ យ៉ាង​ណា​ក៏​ដោយ ភាគី​ថៃ​នៅ​តែ​បំប៉ោង​សង្គ្រាម​ចិត្តសាស្ត្រ​យ៉ាង​ខ្លាំង​អំពី​បញ្ហា​ព្រះវិហារ​ដែល​ទាមទារ​ឲ្យ​កម្ពុជា​បញ្ចេញ​ប្រតិកម្ម​ទប់ទល់​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ