អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រតិកម្ម​ជុំវិញ​ការ​ចាប់ខ្លួន​និង​សម្លាប់​អ្នក​កាសែត RFI នៅម៉ាលី

ចុះផ្សាយ​នៅ​ថ្ងៃ៖

ព័ត៌មាន​ស្តីពី​ការ​សម្លាប់​អ្នក​កាសែត RFI ទាំងពីរ​រូប បាន​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​​ពី​គ្រប់ទិសទៅ រាប់ចាប់តាំង​ពី​​ថ្នាក់ដឹកនាំ​របស់​វិទ្យុ RFI ផ្ទាល់ ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​បារាំង និង​សហភាព​អឺរ៉ុប រហូតដល់​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប។

Claude Verlon (ឆ្វេង) និង Ghislaine Dupont នៅ​ Kidal ប្រទេស​ម៉ាលី កាល​ពី​ខែ​កក្កដា ២០១៣
Claude Verlon (ឆ្វេង) និង Ghislaine Dupont នៅ​ Kidal ប្រទេស​ម៉ាលី កាល​ពី​ខែ​កក្កដា ២០១៣ RFI
ផ្សាយពាណិជ្ជកម្ម

កាលពី​យប់​ថ្ងៃ​សៅរ៍​ម្សិលមិញ ក្រោយ​ពី​ទទួលបាន​ដំណឹង​ស្តីពី​ការ​​ចាប់ជំរិត និង​សម្លាប់​ទាំងពីរ​រូប​របស់ RFI លោកស្រី Marie-Christine Saragosse ប្រធាន​អគ្គនាយិកា​នៃ​វិទ្យុបារាំង​ RFI បាន​បញ្ចេញ​ប្រតិកម្ម​ភ្លាមៗ ដោយ​បាន​បង្ហាញ​នូវ​ការសោកសង្រេង​ផង និង​កំហឹង​ផង ហើយ​ក្នុងពេល​ជាមួយគ្នា​ លោកស្រី​បាន​បញ្ជាក់ថា ទង្វើ​អមនុស្សធម៌​នេះ​នឹង​មិន​អាច​បិទមាត់​អ្នកកាសែតរបស់​ RFI បាននោះទេ។ “ខ្ញុំ​មិនដឹង​ថា តើ​គួរ​សោកសង្រេង ឬ​ក៏​គួរ​ផ្ទុះ​កំហឹងទេ... ខ្ញុំ​ខឹង​ដោយសារ​តែ​ RFI តាំងពីដើម​មក​បាន​ធ្វើការ​យ៉ាងល្អ​ នៅ​អាហ្វ្រិក ធ្វើ​ឲ្យ​​អ្នកស្តាប់​នៅ​អាហ្វ្រិក​ចូលចិត្តច្រើន។ អ្នក​កាសែត​ទាំងពីរ​នាក់​របស់​យើង កំពុង​តែ​ធ្វើការ ដូច​ដែល​យើង​ធ្លាប់​ធ្វើ​ពីមុនៗ គឺ​យើង​ចង់​ផ្តល់​ឱកាស​ឲ្យ​ប្រជាជន​ម៉ាលី​ ពី​គ្រប់​និន្នាការ​នយោបាយ​ទាំងអស់​ អាច​បញ្ចេញ​មតិ​យោបល់​របស់​ពួកគេ នៅ​ក្នុង​ពេល​ដែល​ការ​បោះឆ្នោត​តំណាង​រាស្រ្ត​ជិត​ចូល​មកដល់ ហើយ​អ្នក​កាសែត​ទាំងពីរ​រូប គឺ​សុទ្ធសឹងជា​អ្នក​កាសែត​ជើងចាស់។
 
ពេលខ្លះ យើងចេះតែ​គិត​ថា សេរីភាព​សារព័ត៌មាន​កើតមាន​នៅ​គ្រប់ទីកន្លែង។ ក៏ប៉ុន្តែ តាមរយៈការ​ចុះទៅ​យកការណ៍​ដល់​កន្លែង យើង​ដឹង​ថា នៅ​មាន​កន្លែង​ច្រើន​ណាស់ ដែលសេរីភាព​សារព័ត៌មាន​នៅ​ជា​បញ្ហា​ចោទ​ខ្លាំង​នៅឡើយ។ ហើយរូប​ខ្ញុំផ្ទាល់ រួមជាមួយ​នឹង​​ការិយាល័យនិពន្ធ​របស់ RFI-France 24-MCD ខ្ញុំ​គិត​ថា អ្វី​ដែល​កើតឡើង កាល​ពី​ម្សិលមិញ​នេះ ធ្វើ​ឲ្យ​យើង​មាន​កំហឹង ហើយ​កំហឹង​នេះ​វា​នឹង​ធ្វើ​ឲ្យ​យើង​កាន់តែ​ចង់​បំពេញ​ការងារ​របស់​យើង​ ដោយ​មិន​បណ្តោយ​ឲ្យ​ពួក​តិរិច្ឆាន​មក​បំបិទ​មាត់​របស់​ពួក​យើង”។
 
លោក​ហ្វ្រង់ស័រ ហូឡង់ ប្រធានាធិបតី​បារាំង​ ក្រៅពី​បាន​ថ្កោលទោស​ទង្វើ​អមនុស្សធម៌​នេះ បាន​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ​របស់​អ្នក​កាសែត​ទាំងពីរ​រូប ក៏ដូចជា​ដល់​សហការី​ទាំងអស់​របស់​ RFI។ ប្រធានាធិបតី​ម៉ាលី បាន​ទូរស័ព្ទ​មក​លោក​ហ្វ្រង់ស័រ ហូឡង់ កាល​ពី​យប់​ថ្ងៃ​សៅរ៍​ម្សិលមិញ ដើម្បី​សំដែង​នូវ​ការ​ចូលរួម​​រំលែកទុក្ខ​របស់​ប្រជាជន​ម៉ាលី ហើយ​ក្នុង​ពេល​ជាមួយគ្នា ប្រមុខរដ្ឋ​ទាំងពីរ​បាន​ប្តេជ្ញា​ថា​នឹង​បន្ត​ដោយ​មិន​បន្ធូរដៃ​នូវ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម​នៅ​ម៉ាលី។

ចំណែក​លោកស្រី Aurélie Filipettie ដែល​ជា​រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌ និង​ព័ត៌មាន​បារាំង​វិញ បាន​ថ្លែង​ប្រាប់​វិទ្យុ RFI ថា អ្នក​កាសែត​ទាំងពីរ​រូប​របស់ RFI បាន​បូជា​ជីវិត​​ក្នុង​បុព្វហេតុ​ដ៏​ខ្ពង់ខ្ពស់​មួយ គឺ​ដើម្បី​សិទ្ធិសេរីភាព​ក្នុងការ​ផ្តល់​ព័ត៌មាន។ “យើង​មានក្តី​សោកសង្រេង​ក្រៃលែង នៅថ្ងៃ​នេះ ចំពោះ​ការ​បាត់បង់ Ghislaine Dupont និង Claude Verlon ដែល​សុទ្ធសឹង​ជា​អ្នក​កាសែត​អាជីព​ជើងចាស់។ ពួកគេ​បាន​ស្លាប់​ក្នុង​លក្ខខណ្ឌ​គួរ​ឲ្យ​សង្វេគ ក៏ប៉ុន្តែ ស្លាប់​ដើម្បី​សិទ្ធិសេរីភាព​ក្នុងការ​ផ្តល់​ព័ត៌មាន។ ពួកគេ​ទាំងពីរ​នាក់បូជាជីវិត មិនមែន​ដើម្បី​ផ្សព្វផ្សាយ​​សំឡេង​របស់​ប្រទេស​បារាំង​ទៅ​បរទេស​ទេ ក៏ប៉ុន្តែ គឺ​ដើម្បី​ផ្សព្វផ្សាយ​ទស្សនវិស័យ​របស់​បារាំង អំពី​សិទ្ធិសេរីភាព​សារព័ត៌មាន ទៅដល់​គ្រប់ទីកន្លែង​នៅលើ​ពិភពលោក ដែល​នេះ​គឺ​ជា​ការ​បូជា​ជីវិត ដើម្បី​បុព្វហេតុ​ដ៏​ឧត្តុង្គឧត្តម​បំផុត”។
 
នៅ​ខាងក្រៅ​ប្រទេស​បារាំង​វិញ ប្រតិកម្ម​ជុំវិញ​ការ​សម្លាប់​អ្នក​កាសែត RFI ក៏​មាន​ច្រើន​ដែរ។ លោក José Manuel Barosso ប្រធាន​គណៈកម្មការ​អឺរ៉ុប​បាន​លើកឡើង​ថា ទង្វើ​អមនុស្សធម៌​ដែល​បាន​កើតឡើង​នៅម៉ាលី កាល​ពី​ម្សិលមិញ​នេះ គឺ​ជា​ដាស់តឿន​ថ្មីមួយទៀត​ អំពី​ករណីយកិច្ច​របស់​យើង ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ពួក​ភេរវជន​ នៅ​គ្រប់ទីកន្លែង​ទាំងអស់ ហើយ​ថា សហភាព​អឺរ៉ុប​នឹង​បន្ត​គាំទ្រ​បារាំង និង​រដ្ឋាភិបាល​ម៉ាលី ព្រមទាំង​សហគមន៍​អន្តរជាតិ ដើម្បី​ស្តារ​ឡើងវិញ​នូវ​សន្តិសុខ និង​សណ្តាប់ធ្នាប់ នៅ​ក្នុង​ប្រទេស​ម៉ាលី។

​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប ក៏​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយដែរ កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ ដោយ​បាន​ថ្កោលទោស​យ៉ាងខ្លាំងក្លា​បំផុត​ចំពោះ​ការចាប់ជំរិត និង​ធ្វើ​ឃាត​អ្នក​កាសែត​ទាំងពីរ​រូប​របស់​វិទ្យុបារាំង RFI ហើយ​បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​ម៉ាលី​បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ហ្មត់ចត់​ជុំវិញ​រឿងនេះ ដើម្បី​នាំ​យក​ជន​ដៃដល់​ទៅ​ផ្តន្ទាទោស​តាម​ច្បាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ