អានតួអត្ថបទ
ភូមិសាស្រ្តនយោបាយ

ហេតុអ្វី​បានជា​រដ្ឋការ​អាមេរិកាំង​របស់ Bush ធ្វើសង្គ្រាម​នៅ​អៀរ៉ាក់

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃនេះ Jean-François TAIN សូម​បន្ត​លើកឡើង​​ពី​ភូមិសាស្ត្រ​នយោបាយ​នៃ​ភូមិភាគ​ដើមបូព៌ា ដោយ​​សូម​បន្ត​សិក្សា​លម្អិត​ទៅលើ​នយោបាយ​អាមេរិកាំង​របស់​លោក Bush នៅក្នុង​តំបន់​នេះ តាំងពី​ព្រឹត្តិការណ៍ ថ្ងៃទី១១​កញ្ញា​ឆ្នាំ២០០១​មក។ នៅថ្ងៃនេះ Jean-François សូម​លើកឡើង​ពី​មូលហេតុ​ធំៗ ដែល​បាន​ជម្រុញ រដ្ឋការ​លោក Bush ឲ្យ​ធ្វើសង្គ្រាម​នៅIrak ក្នុង​ឆ្នាំ២០០៣ ដើម្បី​រំលំ​របបSaddam Hussein។

លោកប៊ូស អតីត​ប្រធានាធិបតី​អាមេរិក
លោកប៊ូស អតីត​ប្រធានាធិបតី​អាមេរិក ©Reuters
ផ្សាយពាណិជ្ជកម្ម

បើ​សិន​ជា​សង្គ្រាម​Afghanistan ជា​ការ​សងសឹក​របស់​អាមេរិក តបត​នឹង​មហា​ភេរវកម្ម​ថ្ងៃ​ទី១១​កញ្ញា​ឆ្នាំ២០០១​របស់​អង្គការ​ភេរវកម្ម​Al-Qaida សង្គ្រាម​នៅ​Irakវិញ គឺ​ជា​គន្លឹះ​សំខាន់​ជាង​គេ​បង្អស់​មួយ នៃ​ចង្កោម​យុទ្ធសាស្រ្ត​របស់​រដ្ឋការ​លោក​Bush នៅ​ភូមិភាគ​ដើម​បូព៌ា។ គោលដៅ​នៃ​យុទ្ធសាស្រ្ត​នោះ គឺ​ធ្វើ​ឲ្យ​ប្រទេស​Irakទន់​ខ្សោយ និង​ធ្វើ​ឲ្យ​ភូមិសាស្រ្ត​នយោបាយ​ក្នុង​តំបន់​ប្រែប្រួល។

ជា​យូរ​ឆ្នាំ​កន្លង​មក​ហើយ គឺ​តាំង​ពី​សង្គ្រាម​Iran-Irakបាន​ចប់​មក និង​ជា​ពិសេស​តាំង​ពី​សង្គ្រាម​នៅ​ឈូងសមុទ្រ​Perse ឆ្នាំ​១៩៩០-១៩៩១ បាន​ចប់​មក ប្រទេស​Irak របស់​Saddam Hussein ជា​ឧបសគ្គ​មួយ​ធំ​សម្រាប់​នយោបាយ​អាមេរិកាំង នៅ​ភូមិភាគ​ដើមបូព៌ា។ មូលហេតុ គឺ​មក​ពី Saddam Hussein បាន​ចេញ​មុខ​ជេរប្រមាថ​និង​ចេញ​មុខ​ប្រឆាំង​នឹង​សហរដ្ឋអាមេរិក។ ម៉្លោះ​ហើយ ចំពោះ​លោក​Bushកូន ការ​ដែល​លោក​Bushឱពុក មិន​បាន​រំលំ​របប​Saddam Hussein នៅ​ដើម​ទសវត្សរ៍​ទី​៩០ គឺ​ជា​កំហុស​មួយ​ធ្ងន់ធ្ងរ។ ចំពោះ​រដ្ឋការ​របស់​លោក​Bushកូន អាមេរិក​ចាំបាច់​ត្រូវ​តែ​រក​លេស​កំទេច​របប​Irak ឲ្យ​បាន​ទាន់​ពេល​វេលា ដើម្បី​ទុក​ជា​គំរូ​សម្រាប់​បណ្តា​ប្រទេស​ដទៃ​ផ្សេង​នៅ​ក្នុង​តំបន់ ដែល​មាន​គំនិត​ផ្សង​ព្រេង ចង់​យក​តម្រាប់​តាម​Saddam Hussein។

មិន​តែ​ប៉ុណ្ណោះ Irakរបស់​SaddamHussein ក៏​ជា​ដែន​អំណាច​ចុង​ក្រោយ​នៃ​ចរន្ត​ជាតិនិយម​អារ៉ាប់។ ចរន្ត​ជាតិនិយម​អារ៉ាប់​នេះ ដែល​បាន​លេច​ធ្លោ​ឡើង នៅ​ទសវត្សរ៍​ទី៥០ នៅ​ប្រទេស​Egypte នៅ​ប្រទេស​Irak និង​នៅ​ប្រទេស​Syrie តាម​រយៈ​គណបក្ស​Baas​ចង់​ធ្វើ​ឲ្យ​ឥទ្ធិពល​អាមេរិកាំង​នៅ​ភូមិភាគ​ដើមបូព៌ា​រលាយ​សាបសូន្យ។ ផ្ទុយ​ទៅ​វិញ ចរន្ត​ជាតិនិយម​អារ៉ាប់​នេះ មាន​សមាន​ចិត្ត​ចំពោះ​អឺរ៉ុប ជាពិសេស​ចំពោះ​ប្រទេស​បារាំង។ រីឯ​បណ្តា​ប្រទេស​អឺរ៉ុប​វិញ ក៏​ដូច​គ្នា​អ៊ីចឹង​ដែរ គាំទ្រ​ពួក​អ្នក​ជាតិនិយម​អារ៉ាប់​ដែល​ពួក​គេ​វាយ​តម្លៃ​ថា ជា​ពួក​ចំរើន​​និយម និង​ជា​អ្នក​លើក​ស្ទួយ​គ្រហស្តភាព ផ្ទុយ​ពី​ចលនា​អ៊ីស្លាម​ជ្រុល​និយម​ផ្សេងៗ ដែល​ងងឹត​ងងល់​នឹង​ប្រពៃណី​ចាស់​គំរឹល​ដុះស្លែ។

ក្រៅ​ពី​នេះ មាន​មូលហេតុ​បន្ទាប់បន្សំ​មួយ​ទៀត ដែល​បាន​ជម្រុញ​ឲ្យ​រដ្ឋការ​អាមេរិកាំង​របស់​Bush រក​លេស​កំទេច​របប​របស់​Saddam Hussein នៅ​Irak នោះ​គឺ​ប្រេង​កាត។ គួរ​រំឭក ថា​នៅ​ឆ្នាំ២០០៣ នា​ពេល​ដែល​សង្គ្រាម​Irak ទើប​តែ​បាន​ផ្ទុះ​ឡើង ក្រុម​អ្នក​តំណាង​បក្ស​ប្រឆាំង​Irak នៅ​បរទេស​ដែល​ស្និទ្ធ​នឹង​អាមេរិក បាន​នាំ​គ្នា​និយាយ​ដោយ​ឥត​លាក់លៀម​ថា ពេល​ណា​របប​Saddam Hussein រលំ​ហើយ ពេល​នោះ​ក្រុមហ៊ុន​ប្រេងកាត​របស់​បារាំង ឬ​របស់​អឺរ៉ុប​នឹង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​មក​រុករក​ប្រេងកាត​នៅ​Irakទេ និង​ថា​របប​ថ្មី​Irak នឹង​រក​ស៊ី​ជាពិសេស​ជាមួយ​ក្រុមហ៊ុន​ប្រេងកាត​របស់​អាមេរិក។

 
រដ្ឋការ​របស់​លោក​Bushកូន មាន​គោលដៅ​មួយ​ច្បាស់ នោះ​គឺ​ពង្រឹង​និង​ពង្រីក​ឥទ្ធិពល​អាមេរិកាំង នៅ​ក្នុង​ភូមិភាគ​ដើម​បូព៌ា។

នៅ​ក្នុង​ស្មារតី​របស់​លោក​Bush ការ​ផ្តួល​រំលំ​របប​Saddam Hussein និង​ការ​ដាក់​បន្តុប​របប​មួយ​ថ្មី ដែល​មាន​និន្នាការ​ផ្អៀង​មក​រក​ទីក្រុង​Washington នឹង​បើក​លទ្ធភាព​ឲ្យ​អាមេរិក​បង្កើន​វត្តមាន​របស់​ខ្លួន នៅ​ក្នុង​តំបន់​មួយ​នេះ តំបន់​ដែល​ក្រុម​ទី​ប្រឹក្សា​របស់​លោក​Bush ប្រសិទ្ធ​នាម​ឲ្យ​ថា​មហាមជ្ឈិមបូព៌ា។ ម្យ៉ាង ពីព្រោះ​រដ្ឋការ​របស់​លោក​Bush ស្រមៃ​ចង់​ឃើញ​រលក​ប្រជាធិបតេយ្យ ដែល​នឹង​លេច​ចេញ​ពី​Irak ក្រោយ​សករាជ​Saddam Hussein គ្រប​ដណ្តប់​ទៅ​លើ​តំបន់​ដើមបូព៌ា​ទាំង​មូល។ ចំពោះ​លោក​Bush គឺ​នៅ​ពេល​នោះ​ហើយ ដែល​គេ​នឹង​អាច​បង្កើត​សន្តិភាព​មួយ​បាន​រវាង​Israël និង​Palestine។

ម្យ៉ាង​ទៀត ពីព្រោះ​ការ​កំទេច​របប​Saddam Hussein ដែល​មាន​កម្លាំង​យោធា​ខ្លាំង​ជាង​គេ នៅ​ក្នុង​តំបន់​នឹង​ធ្វើ​ឲ្យ​ពិភព​អារ៉ាប់​ទាំង​មូល​ទន់​ខ្សោយ ហើយ​នឹង​ធ្វើ​ឲ្យ​ប្រទេស​ជា​មិត្ត​របស់​អាមេរិក ដូច​ជា​Israël និង​Turquie ខ្លាំង។

មក​ទល់​សព្វ​ថ្ងៃ នៅ​ក្នុង​ភូមិភាគ​ដើមបូព៌ា Israël និង​Turquie ជា​ប្រទេស​មិត្ត​តែ​ពីរ​គត់​ដែល​សហរដ្ឋអាមេរិក​ទុក​ចិត្ត ពីព្រោះ​ប្រទេស​ទាំងពីរ​នេះ គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​ពី​ពឹងពាក់​អាមេរិក។

ដូច​ដែល​យើង​បាន​លើក​ឡើង​រួច​ហើយ​ថា Israëlជាប្រទេសឯកានៅក្នុងតំបន់ភូមិសាស្រ្ត
នយោបាយមួយប្រកបទៅដោយអរិភាព។ម្ល៉ោះហើយIsraël មិន​អាច​ដោះ​ដៃ​ចេញ​ពី​សហរដ្ឋអាមេរិក​បាន​ទេ Israël នឹង​បន្ត​ត្រូវ​ការ​ថវិកា អាវុធ និង​ការ​គាំទ្រ​ពី​អាមេរិក​យូរ​ឆ្នាំ​ត​ទៅ​មុខ​ទៀត។

រីឯ​ប្រទេស​Turquieវិញ​ដែល​ឋិត​នៅ​ចន្លោះ​ទ្វីប​អឺរ៉ុប​និង​ភូមិភាគ​ដើម​បូព៌ា ក៏​ជា​ប្រទេស​ឯកា​ដែរ។ ម្យ៉ាង ពីព្រោះ​សហភាព​អឺរ៉ុប មិន​ព្រម​ទទួល​ប្រទេស​នេះ​ឲ្យ​ចូល​ជា​សមាជិក។ ម្យ៉ាង​ទៀត ពីព្រោះ​បណ្តា​ប្រទេស​អារ៉ាប់​នៅ​ភូមិភាគ​ដើមបូព៌ា​យល់​ឃើញ​ថា ប្រទេស​មួយ​នេះ ត្រូវ​បាន​ប៉ះពាល់​ជ្រួត​ជ្រាប ដោយ​វប្បធម៌​បស្ចិមលោក​ខ្លាំង​ពេក។ ម៉្លោះ​ហើយ Turquieនឹង​បន្ត​ត្រូវ​ការ​អាមេរិក យូរ​ឆ្នាំ​តទៅ​ទៀត។ គួរ​និយាយ​ថា ដើម្បី​ធ្វើ​សង្គ្រាម​នៅ​Irak ទ័ព​អាមេរិកាំង​បាន​ប្រើប្រាស់​មូលដ្ឋាន​យោធា​របស់​ប្រទេស​Turquie ហើយ​ចូរ​កុំ​ភ្លេច​ថា ទាហាន​Turquie ដែល​ចូលរួម​ក្នុង​អង្គការ​សន្ធិសញ្ញា​អាត្លង់ទិក​ខាងជើង​OTAN មាន​ចំនួន​រហូត​ដល់​ទៅ​ ៧សែន ៩ម៉ឺន៧ពាន់នាក់ ពោល​គឺ​មាន​ចំនួន​ច្រើន​ជាង​គេ​បង្អស់ បន្ទាប់​ពី​សហរដ្ឋអាមេរិក។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ