អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

បារំាង-រវ៉ាន់ដា៖ទំនាក់ទំនង​ដែល​កំពុង​បន្ត​បំពុល​ដោយ​សំណុំរឿង​ប្រល័យពូជសាសន៍​កាលពី ២០ឆ្នំា​មុន

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​ពី​ថ្ងៃទី៧ មេសា ឆ្នំា ២០១៤ ដើម​សប្តាហ៍​នេះ ប្រទេស​រវ៉ាន់ដា​បាន​រៀបចំ​ពិធី​ប្រារព្ធ​ខួប​គម្រប់ ២០ឆ្នំា​នៃ​ព្រឹត្តិការណ៍​ប្រល័យពូជសាសន៍​កាល​ពី​ថ្ងៃទី៧ មេសា ឆ្នំា ១៩៩៤។ ក្នុង​រយៈ​ពេល​ប្រមាណ​ជា ៣ខែ​ប៉ុណ្ណោះ អំពើ​ប្រល័យពូជសាសន៍​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជិត ១លាននាក់។ តែ​២០ឆ្នំា​ក្រោយ​ព្រឹត្តិការណ៍​នោះ​មក ទំនាក់ទំនង​រវាង​បារំាង និង​រវ៉ាន់ដា​បាន និង​កំពុង​បន្ត​បំពុល​ដោយ​រឿងរ៉ាវ​អតីតកាល​មួយ​នេះ។ តើ​នេះ មក​ពី​មូលហេតុ​អ្វី​ទៅ និង​ថា តើ​បារំាង​មាន​ជំពាក់វាក់វិន​អ្វី​ខ្លះ​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ?

លោក​ប្រធានាធិបតី​រវ៉ាន់ដា ប៉ូល កាហ្គាមេ និង​លោក​ប្រធានាធិបតី​បារំាង ហ្រ្វង់ស័រ ហូឡង់
លោក​ប្រធានាធិបតី​រវ៉ាន់ដា ប៉ូល កាហ្គាមេ និង​លោក​ប្រធានាធិបតី​បារំាង ហ្រ្វង់ស័រ ហូឡង់
ផ្សាយពាណិជ្ជកម្ម

 

រឿងរ៉ាវ​បាន​កន្លង​ផុត​ទៅ ២០ឆ្នំា​ហើយ តែ​សង្រ្គាម​ពាក្យ​សម្តី​បាន និង​កំពុង​បន្ត​មាន​យ៉ាង​ផុសផុល​រវាង​ប្រទេស​បារំាង និង​ប្រទេស​រវ៉ាន់ដា។ អ្វីៗ​បាន​ចាប់​ផ្តើម​ពី​ការ​ប្រកាស​របស់​លោក​ប្រធានាធិបតី​រវ៉ាន់ដា​ប៉ូល កាហ្គាមេ​កាល​ពី​ថ្ងៃទី៥ មេសា​កន្លង​ទៅ ពោល ២ថ្ងៃ មុន​ការ​រៀបចំ​ពិធី​ប្រារព្ធ​ខួប​គម្រប់ ២០ឆ្នំា​នៃ​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​រវ៉ាន់ដា​កាល​ពី​ថ្ងែទី៧ មេសា ឆ្នំា ១៩៩៤។ អំពើ​ប្រល័យ​ពូជសាសន៍​ដែល​កាល​ណោះ បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ប្រមាណ​ជា ៨០០ ០០០នាក់​ដែល​ភាគច្រើន​ជា​ជាតិពិន្ធុ​ទូតស៊ី និង​ជាតិពិន្ធុ​ហ៊ូទូ​មិន​ជ្រុលនិយម។ នៅ​ក្នុង​សេចក្តី​ប្រកាស​នោះ មនុស្ស​ខ្លំាង​ទីក្រុង​គីហ្គាលី​បាន​ចង្អុល​ចំ​មុខ​ប្រទេស​បែលហ្ស៊ិក​ដែល​ជា​អតីត​អាណាព្យាបាល​របស់​ខ្លួន និង​បារំាង​ថា ជា​អ្នក​ដែល​បាន​ដើរ​តួនាទី​ស្នូល​នៅ​ក្នុង​អំពើ​ប្រល័យពូជសាសន៍​កាល​ពី ២០ឆ្នំា​នោះ។

 

ធ្ងន់ធ្ងរ​ជាង​នេះ លោក​ប្រមុខ​រដ្ឋ​រវ៉ាន់ដា​ប៉ូល ហ្គាកាមេ​ថែម​ទំាង​បាន​ចោទ​ទីក្រុង​ប៉ារីស​ដោយ​ត្រង់ៗ​ថា ជា​អ្នក​ដែល​មាន​ដៃប្រឡាក់​ឈាម​ដោយ​ផ្ទាល់​នៅ​ក្នុង​ព្រឹត្តិការណ៍​សម្លាប់​រង្គាល​នោះ។ គឺ​ជា​ការ​ចោទ​ប្រកាន់​មួយ​ដែល​បាន​ធ្វើ​ឲ្យ​ទីក្រុង​ប៉ារីស​ក្តៅស្លឹកត្រចៀក​ងំ រួច​ក៏​បាន​បញ្ឈប់​បញ្ជូន​ជា​បន្ទាន់​នូវ​តំណាង​របស់​ខ្លួន​ឲ្យ​ទៅ​ចូលរួម​នៅ​ក្នុង​ពិធី​ប្រារព្ធខួបគម្រប់ ២០ឆ្នំា​នៅ​ក្នុង​ទីក្រុង​គីហ្គាលី​កាល​ពី​ថ្ងៃទី៧ មេសា​កន្លង​មក។ សម្រាប់​បារំាង ការ​ចោទប្រកាន់​របស់​លោក​ប្រធានាធិបតី​រវ៉ាន់ដា គឺ​ជា​ទង្វើ​មួយ​ដែល​ខ្លួន​មិន​អាច​ទទួល​យក​បាន​ទេ ព្រោះ​វា​ជា​ការ​ចោទ​ប្រកាន់​មួយ​ដែល​គ្មាន​ភស្តុតាង​ច្បាស់លាស់។

 

តាម​ពិត​ទៅ ការ​ចោទប្រកាន់​របស់​ប្រទេស​រវាន់ដា​មក​លើ​បារំាង​ជុំវិញ​រឿងរ៉ាវ​ប្រល័យពូជសាសន៍​នេះ មិនមែន​ជា​រឿង​ថ្មី​ទេ ហើយ​វា​ក៏​មិនមែន​ជា​លើកទី១ ដែរ។ គេ​ពិត​ជា​នៅ​ចំា​បាន​មិន​ភ្លេច​កាល​ពី ១០ឆ្នំា​មុន ពោល​ចំ​ថ្ងៃ​ដែល​រវ៉ាន់ដា​ប្រារព្ធខួប​គម្រប់ ១០ឆ្នំា​នៃ​ព្រឹត្តិការណ៍​ដដែល​នេះ ទីក្រុង​គីហ្គាលី​ក៏​ធ្លាប់​បាន​ចង្អុល​មុខ​បារំាង​ម្តង​ហើយ និង​ដែល​កាលណោះ បាន​ជម្រុញ​ឲ្យ​គណៈប្រតិភូ​បារំាង​ដែល​កំពុង​ចូលរួម​នៅ​ក្នុង​ពីធី​នោះ​ងើប​ដើរ​ចេញ​តែ​ម្តង។ នៅ​ពេល​នោះ ទីក្រុង​ប៉ារីស​ក៏​ធ្លាប់​បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​របស់​ទីក្រុង​គីហ្គាលី​ដែរ។

 

សំណួរ​ដែល​កំពុង​បន្ត​ចោទ​នៅ​ពេល​នេះ​គឺ​ថា បើ​បារំាង​មិន​មាន​ជាប់​ជំពាក់វាក់វិន​នឹង​ព្រឹត្តិការណ៍​ប្រល័យពូជសាសន៍​នៅ​ក្នុង​ប្រទេស​រវ៉ាន់ដា​កាល​ពី ២០ឆ្នំា​មុន​ទេ ចុះ​ហេតុអ្វី​បាន​ជា​លោក​ប្រធានាធិបតី​រវ៉ាន់ដា​ប៉ូល កាហ្គាមេ​ចេះ​តែ​បន្ត​ចោទ​បារំាង​មិន​ឈប់ មិន​ឈរ​របៀប​នេះ?

 

មុន​នឹង​ឆ្លើយ​សំណួរ​នេះ គេ​គួរ​តែ​បក​ក្រោយ​មើល​ប្រវត្តិ​របស់​ប្រទេស​រវ៉ាន់ដា ពិសេស​ស្ថានការណ៍​នយោបាយ​នៅ​មុន​ផ្ទុះ​ព្រឹត្តិការណ៍​សម្លាប់​រង្គាល​ក្នុង​ខែ​មេសា ឆ្នំា ១៩៩៤។ មាន​សហគមន៍​ជាតិពិន្ធុ ៣ខុស​គ្នា​នៅ​រវ៉ាន់ដា គឺ​ហ៊ូទូ ទូតស៊ី និង​ត្វា។ នៅ​មុន​ផ្ទុះ​អំពើ​ប្រល័យ​ពូជសាសន៍ អំណាច​ស្ថិត​ក្នុង​ដៃ​ជាតិពិន្ធុ​ហ៊ូទូ​ដឹកនំា​ដោយ​លោក​ប្រធានាធិបតី យូវេណាល់ ហាយ៉ារីម៉ាណា។ តែ​រដ្ឋាភិបាល​របស់​លោក​ហាយ៉ារីម៉ាណា​បាន​ប្រឈម​មុខ​នឹង​ការ​បះបោរ​របស់​ក្រុមឧទ្ទាម​ជាតិពិន្ធុ​ទូតស៊ី​ដឹកនំា​ដោយ​លោក​ប៉ូល កាហ្គាមេ​ដែល​ជា​ប្រធានាធិបតី​សព្វ​ថ្ងៃ។ កាល​ណោះ រដ្ឋាភិបាល​បារំាង​របស់​លោក​ប្រធានាធិបតី​ហ្វ្រង់ស័រ មីតេរ៉ង់​ក៏​បាន​បញ្ជូន​កម្លំាង​ទ័ព​បារំាង​ឲ្យ​ទៅ​ជួយ​របប​របស់​លោក ហាយ៉ារីម៉ាណា​ប្រឆំាង​នឹង​ពួក​ឧទ្ទាម​ទូតស៊ី​របស់​លោក​ប៉ូល កាហ្គាមេ។ ក្នុង​ឆ្នំា ១៩៩៣ កិច្ចព្រមព្រៀង​មួយ​ក៏​បាន​រក​ឃើញ​រវាង​រដ្ឋាភិបាល​របស់​លោក​ហាយ៉ារីម៉ាណា និង​ក្រុម​ឧទ្ទាម​ទូតស៊ី​ដឹកនំា​ដោយ​លោក​ប៉ូល កាហ្គាមេ។ ជា​កិច្ចព្រមព្រៀង​ដែល​ធានា​នូវ​ការ​វិលត្រឡប់​វិញ​របស់​ជនភាសខ្លួន​ទូតស៊ី និង​ការ​បែងចែក​អំណាច​រវាង​ហ៊ូតូ និង​ទូតស៊ី។ នៅ​ពេល​នោះ បារំាង​ក៏​បាន​ដក​ទ័ព​ចេញ រួច​ប្រគល់​តួនាទី​តាមដាន​ការ​អនុវត្តន៍​កិច្ចព្រមព្រៀង​ឲ្យ​កងមួកខៀវ​របស់​អង្គការសហប្រជាជាតិ។

 

តែ​អ្វីៗ​បាន​ក្រឡាប់​ចាក់​តែ​មួយ​ប៉ប្រិកភ្នែក បន្ទាប់​ពី​លោក​ប្រធានាធិបតី​ហាយ៉ារីម៉ាណា​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​អំពើភេរវកម្ម​វាយប្រហារ​លើ​យន្តហោះ​របស់​លោក។ គឺ​ពេល​នោះ​ហើយ​ដែល​ពួក​ហ៊ូទូ​បាន​ផ្តើម​ធ្វើ​ការ​សងសឹក​សម្លាប់​ពួក​ទូតស៊ី​ដោយ​មិន​រើស​មុខ​ចាប់​ពី​ថ្ងៃទី៧ មេសា ដល់​ខែ​កក្កដា ឆ្នំា ១៩៩៤។ នៅ​ពេល​នោះ និង​ដើម្បី​បញ្ឈប់​សោកនាដកម្ម​នោះ បារំាង​ក៏​បាន​បញ្ជូន​កម្លំាង​ទ័ព​ជា​ថ្មី​ទៅ​កាន់​រវ៉ាន់ដា​ក្នុង​ខែ​មិថុនា ឆ្នំា ១៩៩៤ ដោយ​មាន​ការ​យល់ព្រម​ពី​អង្គការសហប្រជាជាតិ។ ចុះ​ហេតុអ្វី​បាន​ជា​ទង្វើ​សម្លាប់​រង្គាល​បែរ​ជា​បន្ត​រហូត​ដល់​ខែ​កក្កដា​ទើប​ចប់ និង​ថា តើ​ទាហាន​បារំាង​បាន​ធ្វើ​អ្វី​ខ្លះ​នៅ​ពេល​នោះ?

 

សម្រាប់​ទីក្រុង​គីហ្គាលី​គឺ​ច្បាស់​ណាស់ ទាហាន​បារំាង​ពិត​ជា​បាន​ជួយ​គំាទ្រ​របប​ហ៊ូទូ​ដើម្បី​ប្រឆំាង​នឹង​ពួក​ទូតស៊ី។ ទន្ទឹម​គ្នា​នេះ ទាហាន​បារំាង​ថែម​ទំាង​បាន​បង្កើត​តំបន់​មនុស្សធម៌​មួយ​នៅ​ក្បែរ​ព្រំដែន​ប្រទេស​កុងហ្គោ​ដើម្បី​ជួយ​យក​អាសារ​ពួក​ឃាតករ​ហ៊ូទូ និង​ងាយស្រួល​ក្នុង​ការ​រំដោះ​ពួក​នេះ​ទៅ​កាន់​ប្រទេស​ទី៣។ ទំាង​នេះ សុទ្ធសឹង​ជា​ការ​ចោទ​ប្រកាន់​ដែល​បារំាង​បាន​បដិសេធ​តំាង​ពី​ដើមទីមក។ សម្រាប់​ទីក្រុង​ប៉ារីស ជំនួយ​របស់​បារំាង​ហាក់​ដូច​ជា​បាន​យឺត​ពេល​បន្តិច​ហើយ ព្រោះ​នៅ​ពេល​ទាហាន​បារំាង​ទៅ​ដល់​ក្នុង​ខែ​មិថុនា ឆ្នំា ១៩៩៤ អំពើប្រល័យ​ពូជសាសន៍​បាន​កើត​មាន​ ៩០% ទៅ​ហើយ។ តែ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ បារំាង​ក៏​បាន​ទទួល​ស្គាល់​ពី​កំហុស​ឆ្គង​មួយ​ចំនួន​ដែល​ខ្លួន​គិត​ថា ជា​កំហុសឆ្គង​យុទ្ធសាស្រ្ត។ តើ​កំហុសឆ្គង​យុទ្ធសាស្រ្ត​នោះ​មាន​អ្វី​ខ្លះ?។ ប្រហែល​ជា​គ្មាន​ថ្ងៃ​ដែល​គេ​ដឹង​ការ​ពិត​បាន​ឡើយ។

 

យ៉ាង​ណា​ក៏​ដោយ តំាង​ពី​ក្រោយ​ព្រឹត្តិការណ៍​ប្រល័យពូជសាសន៍​នៅ​រវ៉ាន់ដា​មក ទំនាក់ទំនង​រវាង​គីហ្គាលី និង​ប៉ារីស​ស្គាល់​តែ​ភាព​រកំារកូស ម្ង៉ៃកាត់ ម្ង៉ៃកោរ។ គឺ​ទើប​តែ​ក្រោយ​ទស្សនកិច្ច​របស់​លោក​អតីតប្រធានាធិបតី​បារំាង​នីកូឡា សាកូហ្ស៊ី​នៅ​រវ៉ាន់ដា​ក្នុង​ខែ​កុម្ភៈ ឆ្នំា ២០១០ ទេ ដែល​បារំាង និង​រវ៉ាន់ដា​បាន​ស្គាល់​ភាព​ល្អូតល្អឺន​ខ្លះ។ តែ​ភាព​ល្អូកល្អឺន​នេះ​បែរ​ជា​ល្អក់កករ​ជាថ្មី​នៅ​ក្នុង​ជំនាន់​លោក​ប្រធានាធិបតី​បារំាង​ហ្រ្វង់ស័រ ហូឡង់​សព្វថ្ងៃ។ ដូច្នេះ មាន​តែ​ការ​លាតត្រដាន និង​ការ​ហ៊ាន​ទទួល​ស្គាល់​ការ​ពិត​ទេ ទើប​បារំាង និង​រវ៉ាន់ដា​អាច​មាន​ទំនាក់ទំនង​ប្រក្រតី​រវាង​គ្នា​ឡើង​វិញ ព្រោះ​ថា ការ​ពិត​មិន​មែន​សម្រាប់​បារំាង ឬ​មួយ​ក៏​រវ៉ាន់ដា​ទេ តែ​សម្រាប់​អ្នក​ដែល​បាន​បាត់បង់​ជីវិត​ទំាង​ជិត ១លាននាក់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ