អានតួអត្ថបទ
បារាំង-អ៊ីរ៉ង់

ក្រុមហ៊ុន​រថយន្ត​​​បារាំង​Renault​ ចុះ​កិច្ចព្រមព្រៀង​តម្លៃ​​៦៦០លាន​​អឺរ៉ូ​​ជាមួយ​​អ៊ីរ៉ង់​

ថ្ងៃចន្ទ៧សីហា​នេះ​ ក្រុមហ៊ុន​រថយន្ត​បារាំង Renault បានចុះកិច្ចព្រមព្រៀងវិនិយោគ​តម្លៃ​៦៦០លាន​អឺរ៉ូ ​ជាមួយ​អ៊ីរ៉ង់ ដើម្បី​បង្កើត​រោងចក្រ​ផលិត​រថយន្ត​នៅ​អ៊ីរ៉ង់។ យោងតាម​កិច្ចព្រមព្រៀង ​ក្រុមហ៊ុន​បារាំង​និង​អ៊ីរ៉ង់​រួមគ្នា មានទិសដៅ​​ផលិត​រថយន្ត​អោយ​បាន​៣សែនគ្រឿង ក្នុង​មួយឆ្នាំៗ។​

រថយន្ត​យីហោ Renault
រថយន្ត​យីហោ Renault REUTERS/Jacky Naegelen
ផ្សាយពាណិជ្ជកម្ម

កិច្ចព្រមព្រៀង​វិនិយោគ​តម្លៃ​៦៦០លាន​អឺរ៉ូ ដែល​ក្រុមហ៊ុន Renault ​ចុះហត្ថលេខា​ជាមួយ​អ៊ីរ៉ង់​ ​ថ្ងៃចន្ទ​នេះ ជា​លទ្ធផល​នៃ​​​​​កិច្ចព្រមព្រៀង​យុទ្ធសាស្ត្រ​​​រវាង​ក្រុមហ៊ុន Renault​និង​រដ្ឋមន្ត្រី​ឧស្សាហកម្ម​អ៊ីរ៉ង់ លោក​រ៉េហ្សា ណេម៉ាតហ្សាដិ កាលពី​ខែ​កញ្ញា​ឆ្នាំ២០១៦ តំរូវអោយ​បង្កើត​សហគ្រាស​រួមគ្នា​មួយ​រវាង​ក្រុមហ៊ុន Renaultនិង​អ៊ីរ៉ង់។ សហគ្រាស​ផលិត​រថយន្ត​ចែង​ក្នុង​កិច្ចព្រមព្រៀងនេះ នឹង​បោះទីតាំង​ឡើង នៅ​ទីក្រុងSaveh ចំងាយ​​១២០គីឡូម៉ែត្រ​ ភាគនិរតី​ទីក្រុង​តេហេរ៉ង់។

យោងតាម​​កិច្ចព្រមព្រៀងជាមួយ​អ៊ីរ៉ង់ ក្រុមហ៊ុន​ Renault កាន់កាប់​សហគ្រាស​រួមគ្នា​នេះ ៦០ភាគរយ ហើយ​២០ភាគរយ​ទៀត គឺ​ខាង​ផ្នែកសាធារណៈ​​អ៊ីរ៉ង់​ជាអ្នកកាន់កាប់។ រោងចក្រ​បារាំង-អ៊ីរ៉ង់ មាន​ទិសដៅ​​ផលិត​រថយន្តអោយបាន​៣សែនគ្រឿង​ក្នុង​មួយឆ្នាំៗ។ ដំណាក់កាល​ដំបូង​នៃ​ការផលិត​ពេលនេះ គឺ​ផលិត​អោយបាន​១សែន៥ម៉ឺនគ្រឿង ​ក្នុង​មួយឆ្នាំ រួចហើយចាប់ពី​ឆ្នាំ២០១៩ទៅ ការផលិត​នឹង​ធ្វើអោយបា​នដល់​ទិសដៅ​៣សែនគ្រឿង​ក្នុង​មួយឆ្នាំ។ សហគ្រាស​បារាំង-អ៊ីរ៉ង់​នឹង​ផលិត​រថយន្ត​ម៉ាក Renault Symbol និង​ ​Duster de Dacia។ ម៉ាក​Duster de Dacia ជា​របស់​រ៉ូម៉ានី តែ​ត្រូវ​បាន​ក្រុមហ៊ុន Renault ​ទិញយក។​ មួួយឆ្នាំ​កន្លះទៀត សហគ្រាស​បារាំង-អ៊ីរ៉ង់​អាច​លក់​យានយន្ត​ដំបូង​របស់​ខ្លួនហើយ។

ក្រុមហ៊ុន​ Renault បាន​លើកសរសើរ​​អ៊ីរ៉ង់​ថា គេស្គាល់​​​អ៊ីរ៉ង់ដោយសារ​អ៊ីរ៉ង់​​មាន​សមត្ថភាព​ផ្នែក​ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ​យានយន្ត ​និង​ធនធានមនុស្ស។ កិច្ចព្រមព្រៀង​រវាង​ Renault និង​អ៊ីរ៉ង់​​​​គូសបញ្ជាក់​ពី​កិច្ចសន្យា​​​ Renault ​ក្នុង​ប្រតិបត្តិការ​យូរអង្វែង​នៅ​អ៊ីរ៉ង់។ ក្រុមហ៊ុន​បារាំង​ Renault លើកឡើងដែរ​​ថា គេអាច​នឹង​ផលិត​យានយន្តបាន​រហូត​២លានគ្រឿង ​ក្នុង​មួយឆ្នាំៗ នៅ​អ៊ីរ៉ង់ គិត​ចាប់ពី​ឆ្នាំ​២០២០ទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ