អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហេតុអ្វី​បាន​ជា​ចិន​ចេះតែ​ក្តៅក្រហាយ នៅ​ពេល​ឃើញ​សម្តេចសង្ឃ​ដាឡៃ ឡាម៉ា​ជួប​ថ្នាក់ដឹកនំា​បរទេស?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​សុក្រ ទី២១ កុម្ភៈ​នេះ លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់ អូបាម៉ា ទទួល​ជួប​សម្តេចសង្ឃទីបេ​ដាឡៃ ឡាម៉ា​ក្នុង​ទីក្រុង​វ៉ាស៊ីតោន។ សម្តេចសង្ឃ​ដាឡៃ ឡាម៉ា​ដែល​ត្រូវ​បាន​ចិន​ចាត់​ទុក​ជា​អ្នកទាមទារ​ផ្តាច់ទឹកដី​និយម​មួយ​អង្គ។ អ៊ីចឹង​ហើយ​បាន​ជា​ទីក្រុង​ប៉េកំាង​បាន​ទាមទារ​ដោយ​ទទូច​ឲ្យ​លោក​អូបាម៉ា​លុប​ចោល​ជំនួប​​ជាមួយ​សម្តេចសង្ឃ​ដាឡៃ ឡាម៉ា​ជា​បន្ទាន់ ដោយ​ព្រមាន​ថា ជំនួប​រវាង​លោក​អូបាម៉ា និង​សម្តេចសង្ឃ​ដាឡៃ ឡាម៉ា​នឹង​ផ្តល់​ផលវិបាក​ធ្ងន់ធ្ងរ​ដល់​ទំនាក់ទំនង​រវាង​ប៉េកំាង និង​វ៉ាស៊ីនតោន។ សូម​ជម្រាប​ជូន​ថា លោក​អូបាម៉ា​ធ្លាប់​បាន​ទទួល​ជួប​សម្តេចសង្ឃ​ដាឡៃ ឡាម៉ា​ម្តង​កាល​ពី​ឆ្នំា ២០១១ និង​ដែល​ចិន​ធ្លាប់​បាន​បញ្ចេញ​កំហឹង​ដូច​គ្នា​នេះ។

សម្តេចសង្ឃទីបេ​ដាឡៃ ឡាម៉ា កាល​ពី​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក​​ថ្ងៃទី៩ កក្កដា ឆ្នំា ២០១១
សម្តេចសង្ឃទីបេ​ដាឡៃ ឡាម៉ា កាល​ពី​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក​​ថ្ងៃទី៩ កក្កដា ឆ្នំា ២០១១ Reuters/Yuri Gripas
ផ្សាយពាណិជ្ជកម្ម

ជានិច្ចកាល ចិន​តែងតែ​ប្រតិកម្ម​ប្រឆំាង​នឹង​ជំនួប​រវាង​សម្តេចសង្ឃទីបេ​ដាឡៃ ឡាម៉ា និង​ថ្នាក់ដឹកនំា​បរទេស​ទូទៅ មិន​ថា​ជាមួយ​លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា ឬមួយ​ក៏​ជាមួយ​ថ្នាក់ដឹកនំា​ប្រទេស​លោកខាងលិច​ណា​ផ្សេង​ទេ។ និយាយ​ជា​រួម ទីក្រុង​ប៉េកំាង​មិន​ចង់​ឃើញ​ថ្នាក់ដឹកនំា​បរទេស​ណា​ម្នាក់​ល្អូកល្អឺន​ជាមួយ​ព្រះអង្គ​ទាល់​តែ​សោះ ទោះ​បី​ជា​ជំនួប​នោះ​មាន​គោលដៅ​អ្វី​ក៏​ដោយ។ ក្រោម​ភ្នែក​ច្រមុះ​របស់​ប្រទេស​ចិន សម្តេចសង្ឃ​ដាឡៃ ឡាម៉ា គឺ​ជា​សង្ឃ​មួយ​អង្គ​ប្រកប​ដោយ​គ្រោះថ្នាក់ ព្រោះ​ព្រះអង្គ​ជា​មេក្លោង​បន្ត​ចេញ​មុខ​ទាមទារ​ផ្តាច់ទឹកដី​នៅ​តំបន់​ទីបេ។

សូម​ជម្រាប​ជូន​ថា សម្តេចសង្ឃ​ដាឡៃ ឡាម៉ា​បាន​ភៀសខ្លួន​ចាកចេញ​ពី​តំបន់​ទីបេ​ទៅ​ជ្រកកោន​ក្នុង​ប្រទេស​ឥណ្ឌា​កាល​ពី​ឆ្នំា ១៩៥៩ ក្រោយ​ពី​មាន​ផ្ទុះ​ការ​ងើប​បះបោរ​របស់​ប្រជាជន​ទីបេ​ប្រឆំាង​នឹង​រដ្ឋាភិបាល​ចិន​ដែល​បាន​វាយលុកលុយ​ចូល​តំបន់​ទីបេ​ក្នុង​ឆ្នំា ១៩៥១។ នៅ​ក្នុង​ប្រទេស​ឥណ្ឌា ព្រះអង្គ​បាន​បង្កើត​រដ្ឋាភិបាល​ទីបេ​និរទេស​មួយ​នៅ​ក្នុង​ទីក្រុង​ដារ៉ាមសាឡា (Dharamsala) មក​ដល់​សព្វថ្ងៃ និង​បន្ត​ការ​តស៊ូ​ដើម្បី​បុព្វហេតុ​ទីបេ​នៅ​ទី​នោះ។

កាល​ពី​ថ្ងៃទី១០ មីនា ឆ្នំា ២០១១ ពោល​ចំ​ថ្ងៃ​ប្រារព្ធ​ខួបគម្រប់ ៥២ឆ្នំា នៃ​ការនិរទេស​ខ្លួន​ចេញ​ពី​ទីបេ​របស់​ព្រះអង្គ ព្រះអង្គ​ក៏​បាន​សម្រេច​បោះបង់​តួនាទី​នយោបាយ ដោយ​រក្សា​ត្រឹមតែ​ជា​ប្រមុខសង្ឃសាសនាព្រះពុទ្ធ​មួយ​គត់។ តែ​ព្រះអង្គ​បាន​មាន​សង្ឃដីកា​រួច​ហើយ​ថា ទោះ​បី​ជា​លែង​មាន​​តួនាទី​នយោបាយ​ក៏​ដោយ ក៏​ព្រះអង្គ​នៅ​តែ​បន្ត​តស៊ូ ដើម្បី​បុព្វហេតុ​ទីបេ​ជានិច្ច។

រឿង​ទាមទារ​ឯករាជ្យ​ឲ្យ​តំបន់​ទីបេ លែង​ជា​បច្ចុប្បន្នភាព

សព្វ​ថ្ងៃ​នេះ រឿង​ការ​ទាមទារ​ឯករាជ្យ​ឲ្យ​តំបន់​ទីបេ​ផ្តាច់​ចេញ​ពី​ប្រទេស​ចិន​ហាក់​ដូច​ជា​មិន​ត្រូវ​បាន​គេ​លើក​យក​ទៅ​និយាយ​ទៀត​ឡើយ។ សូម្បី​តែ​សម្តេចសង្ឃទីបេ​ដាឡៃ ឡាម៉ា​ខ្លួនព្រះអង្គ​ក៏​លែង​មាន​សង្ឃដីកា​ពី​រឿង​នេះ​ទៀត​ដែរ នោះ​បើ​ទោះបី​ជា​ចិន​បន្ត​ចាត់ទុក​ព្រះអង្គ​ជា​អ្នកទាមទារ​ផ្តាច់ទឹកដីនិយម​ក៏​ដោយ។ ព្រះអង្គ​មិន​ជំទាស់​នឹង​ការ​ដាក់​តំបន់​ទីបេ​ឲ្យ​បន្ត​ស្ថិត​ជា​តំបន់​ស្វ័យយ័ត ក្រោម​រដ្ឋបាល​របស់​ទីក្រុងប៉េកំាង​ដូច​សព្វ​ថ្ងៃ​នេះ​ទេ ក៏​ប៉ុន្តែ និង​អ្វី​ដែល​ព្រះអង្គ​បាន និង​កំពុង​បន្ត​ទាមទារ​បន្ថែម​ពី​រដ្ឋាភិបាល​ចិន​មក​ដល់​សព្វថ្ងៃ គឺ​ស្វ័យភាព​ពិតប្រាកដ​របស់​ទីបេ ពិសេស​ការ​គោរព​សិទ្ធិសេរីភាព​សាសនា និង​ការ​ថែរក្សា​វប្បធម៌​របស់​ប្រជាជន​ទីបេ។

សូម​ជម្រាប​ជូន​ថា មក​ដល់​សព្វ​ថ្ងៃ​នេះ ការ​ងើបបះបោរ​របស់​ព្រះសង្ឃ និង​ប្រជាជន​ទីបេ​រស់នៅ​បរទេស ក៏​ដូច​ជា​នៅ​ក្នុង​តំបន់​ទីបេ​ប្រឆំាង​រដ្ឋាភិបាល​ចិន​នៅ​បន្ត​មាន​ជានិច្ច។ រូបភាព​នៃ​ការ​ប្រឆំាង​របស់​ពួក​គេ គឺ​ការ​ដុតសម្លាប់ខ្លួន​ជា​ហូរហែរ។ សម្រាប់​ប្រជាជន​ទីបេ ការ​ដុត​សម្លាប់ខ្លួន គឺ​ជា​មធ្យោបាយ​តែមួយ​គត់​ដើម្បី​ប្រឆាំង​នឹង​ការ​គាបសង្កត់​របស់​អាជ្ញាធរ​ចិន។ ប្រជាជន​ទីបេ​មាន​អារម្មណ៍​ថា ខ្លួន​បាន និង​កំពុង​ក្លាយ​ជា​ជនជាតិ​ភាគ​តិច​រស់​ក្នុង​ទឹកដីកំណើត​របស់​ខ្លួន ដោយ​ត្រូវ​បាន​ជនជាតិ​ហាន ដែល​មាន​ចំនួន​ច្រើន​នៅ​ក្នុង​ប្រទេស​ចិន​សព្វថ្ងៃ​ចូល​វាតទី។ ទន្ទឹម​គ្នា​នេះ រដ្ឋាភិបាល​ចិន​ក៏​បាន​ផ្តើម​ធ្វើ​ការ​អភិវឌ្ឍន៍​តំបន់​ទីបេ ដោយ​បាន​ហុច​ប្រយោជន៍​ច្រើន​ឲ្យ​ពួក​ហាន ជាង​ពួក​ទីបេ។

អាមេរិក​ទទួល​ស្គាល់​ដែនដី​ទីបេ​ជា​អធិបតេយ្យ​របស់​ចិន តែ​ស្នើ​ឲ្យ​ចិន​គោរព​សិទ្ធិសេរីភាព​សាសនា និង​រក្សា​វប្បធម៌​របស់​ប្រជាជន​ទីបេ

ទោះ​បី​ជា​ចិន​បាន និង​កំពុង​ទាមទារ​ដោយ​ទទូច​ឲ្យ​លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​លុបចោល​ជំនួប​ជា​មួយ​សម្តេចសង្ឃ​ដាឡៃ ឡាម៉ា​ក៏​ដោយ ក៏​អាមេរិក​មិន​លប់​ចោល​ដែរ ព្រោះ​សូម​ជម្រាប​ជូន​ថា នេះ​មិនមែន​ជា​ជំនួប​លើក​ទីមួយ​រវាង​លោក​អូបាម៉ា និង​សម្តេចសង្ឃ​ដាឡៃ ឡាម៉ា​ទេ។ កាល​ពី​ឆ្នំា ២០១១ ឥស្សរជន​ទំាង​ពីរ​ក៏​ធ្លាប់​បាន​ជួប​សន្ទនា​រវាង​គ្នា​ម្តង​ហើយ​នៅ​សេតវិមាន។ នៅ​ក្នុង​ជំនួប​ទីមួយ​កាលណោះ​ទៀត​សោត ក៏​ចិន​ធ្លាប់​បាន​សម្តែង​កំហឹង​ប្រឆំាង​អាមេរិក​ដូច​គ្នា​នេះ​ដែរ។

តាម​ពិត​ទៅ វា​សឹង​ក្លាយ​ជា​ទម្លាប់​មួយ​ដែល​ចិន​ត្រូវ​តែ​បញ្ចេញ​ប្រតិកម្ម​ដោយ​ខាន​មិន​បាន ព្រោះ​ថា បើ​មិន​ដូច្នោះ​ទេ វា​ហាក់​ដូច​ជា​ទុក​ឲ្យ​អាមេរិក​ចេះ​តែ​បន្ត​អាងយ៉ាង លូកដៃ​ចូល​កកូរកកាយ​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន។ នៅ​ខាង​អាមេរិក​វិញ អាមេរិក​ក៏​មិន​ភ្ញាក់ផ្អើល​នឹង​កាយវិការ​ក្តៅក្រហាយ​របស់​ចិន​ពេល​នេះ​ដែរ តែ​វា​ជា​កិច្ចការ​មួយ​ដែល​ខ្លួន​ត្រូវ​តែ​ធ្វើ​ឲ្យ​ខាន​តែ​បាន​ដូច​គ្នា។ អាមេរិក​ដឹង​ច្បាស់​ថា ទោះ​បី​ជា​ខ្លួន​មិន​អាច​ជួយ​អ្វី​បាន​ធំដុំ​ដល់​ប្រជាជន​ទីបេ​ក៏​ដោយ ក៏​ការ​ទទួល​ជួប​សម្តេចសង្ឃទីបេ​ដាឡៃ ឡាម៉ា គឺ​ជា​កាយវិការ​មួយ​ដែល​វ៉ាស៊ីនតោន​ចង់​គំាទ្រ​បុព្វហេតុ​របស់​ប្រជាជនទីបេ​ផង និង​ឆ្លៀត​ព្រមាន​ចិន​ដោយ​ប្រយោល​ចំពោះ​នយោបាយ​របស់​ចិន​នៅ​តំបន់​ទីបេ​ផង។

អ្នកនំាពាក្យ​របស់​ក្រុមប្រឹក្សា​សន្តិសុខជាតិ​នៅ​សេតវិមាន​បាន​បញ្ជាក់​ច្បាស់ៗ​ថា អាមេរិក​ទទួល​ស្គាល់​តំបន់ទីបេ​ថា ជា​ដែនដី​ស្ថិត​ក្រោម​រដ្ឋបាល​របស់​ចិន តែ​អាមេរិក​ប្រឆំាង​ដាច់​ខាត​ចំពោះ​ការ​រំលោភបំពាន​លើ​សេរីភាព​សាសនា និង​វប្បធម៌​របស់​ប្រជាជន​ទីបេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ