អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក​​ ម៉ិចស៊ិក​​និង​​កាណាដា​ ចូលតុ​ចរចា​​កិច្ចព្រមព្រៀង​ផ្តោះប្តូរ​សេរី Alenaឡើងវិញ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃពុធនេះ នៅ​ទីក្រុង​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក ម៉ិចស៊ិក និង​កាណាដា ធ្វើការ​ពិភាក្សា​គ្នា​​​​ឡើងវិញ​លើ​កិច្ចព្រមព្រៀង​ផ្តោះប្តូរសេរី​អាមេរិក​ខាងជើង ហៅកាត់ថា Alena។ ការពិភាក្សា​នេះ​នឹង​​ប្រព្រឹត្ត​ទៅ​រហូត​ដល់​ថ្ងៃអាទិត្យ។ ការចរចា​កិច្ចព្រមព្រៀង​Alena​ឡើងវិញ​ ជាអាទិភាព​នយោបាយ​របស់​​លោក​ដូណាល់ ដែល​ចង់ស្តារការងារ​ពលរដ្ឋ​អាមេរិក​។

នាយករដ្ឋមន្ត្រី​កាណាដា លោក​ជូស្ទីន ទ្រូដូ និង​លោក​ដូណាល់ ត្រាំ ក្នុង​ជំនួប​ហ្សេ២០ នៅអាល្លឺម៉ង់។
នាយករដ្ឋមន្ត្រី​កាណាដា លោក​ជូស្ទីន ទ្រូដូ និង​លោក​ដូណាល់ ត្រាំ ក្នុង​ជំនួប​ហ្សេ២០ នៅអាល្លឺម៉ង់។ REUTERS/LUDOVIC MARIN
ផ្សាយពាណិជ្ជកម្ម

ដំណាក់កាល​​​ចរចា​ឡើងវិញ​នៅសហរដ្ឋ​​អាមេរិក ជាដំណាក់កាល​ដំបូង។ ​ភាគី​ទាំង៣​ប្រទេស​​នឹង​បន្តការ​​ចរចា​ នៅ​ម៉ិចស៊ិក​ថ្ងៃ​៥ កញ្ញា ហើយ​ដំណាក់កាល​ចុងក្រោយ​ ​​នៅកាណាដា តែគេ​នៅ​មិនទាន់​ដឺង​​​​ថ្ងៃខែ​ចរចានៅប្រទេស​កាណាដា​​ទេ។​

ខ្លឹមសារ​កិច្ចព្រមព្រៀង​ផ្តោះប្តូរសេរី​​Alena

កិច្ចព្រមព្រៀងAlena ជាកិច្ចព្រមព្រៀង​ផ្តោះប្តូរសេរី​អាមេរិកខាងជើង ​មានភាគី​៣ប្រទេស​​​ចុះហត្ថលេខា ​គឺ​សហរដ្ឋអាមេរិក កាណាដា និង​ម៉ិចស៊ិក។​ កិច្ចព្រមព្រៀង​នេះ ចូលជាធរមាន​តាំងពីឆ្នាំ១៩៩៤។ Alena ចែងបើកចំហ​ចរាចរណ៍​ទំនិញចេញចូល ចរាចរណ៍​ពលរដ្ឋ លុបចោលពន្ធទំនិញ​ផ្សេងៗ។ ចូលជាធរមាន​ឆ្នាំ​១៩៩៤មែន តែ​​ទាល់តែ​ឆ្នាំ២០០៨ ទើប​មានការ​លុបពន្ធ​បានច្រើន លើកលែង​តែ​ពន្ធលើ​ឈើសំណង់ និង​ផលិតផល​ទឹកដោះ​ភាគច្រើន។ កិច្ចព្រមព្រៀងAlena ក៏ជួយ​លុបចោល​របាំងនៃ​ការវិនិយោគ ជួយសម្រួល​ការបោះទីតាំង​សហគ្រាស​រកស៊ី ក្នុង​ប្រទេស​ហត្ថលេខី​ទាំង៣​ដែរ។ ប្រជាជន​​៤៧៨លាននាក់ ស្ថិត​​ក្នុង​តំបន់នៃ​​​កិច្ចព្រមព្រៀងAlena។ គិត​១៥ឆ្នាំ​ដំបូង​នៃកិច្ចព្រមព្រៀង គឺមានការ​បង្កើត​ការងារធ្វើ​ជិត​៤០លាន ក្នុង​នោះ​មាន​២៥លាន​នៅ​សហរដ្ឋអាមេរិក។ ​បើគិតពី​ការផ្តោះប្តូរ​រវាង​​សហរដ្ឋអាមេរិក ម៉ិចស៊ិក និង​កាណាដា គឺមាន​ទំហំទឹកប្រាក់​៦៣៦ពាន់លាន​អឺរ៉ូ។ ​

កិច្ចព្រមព្រៀងAlena មិនសមភាព​​​សម្រាប់​សហរដ្ឋ​អាមេរិក ​​​

ការពិភាក្សា​ឡើងវិញ​នូវកិច្ចព្រមព្រៀង​​Alena ជា​អាទិភាព​នយោបាយ​របស់​​លោកដូណាល់ ត្រាំ តាំង​ពី​ដំបូង​ទី​ម្ល៉េះ។ ​លោក​ដូណាល់ ត្រាំ​ធ្លាប់​ព្រមាន​ដក​សហរដ្ឋ​អាមេរិក​ពីកិច្ចព្រមព្រៀង​នេះ​ ប៉ុន្តែ​លោក​បាន​ប្តូរ​ចិត្ត​មកវិញ ដោយ​ចង់អោយ​មាន​ការចរចា​សើរើ​ខ្លឹមសារ​កិច្ចព្រមព្រៀង​​​នេះឡើងវិញ ដើម្បី​សម្រួល​អោយ​ត្រូវតាម​ស្ថានភាព​​បច្ចុប្បន្ន។ ​ ​​​

សម្រាប់​លោកដូណាល់ ត្រាំ​ កិច្ចព្រមព្រៀង​នេះ​គ្មានសមភាព មិនបានធ្វើអោយ​អាមេរិ​កចំណេញទេ បើ​ប្រៀប​នឹង​ម៉ិចស៊ិក។ ​កិច្ចព្រមព្រៀងAlena ធ្វើអោយ​ពលរដ្ឋ​អាមេរិក​បាត់បង់​ការងារធ្វើ ​រុញ​​អាមេរិកអោយ​​​ជួប ឱនភាព ដល់ទៅ​៦៤ពាន់លានដុល្លារ។ អាមេរិក​មិនសប្បាយចិត្ត​ទេ ដែលឃើញ​ខាងម៉ិចស៊ិក​ឯណោះ​ សកម្ម​ខាងផ្នែកនាំចេញ​ជាង​អាមេរិក គឺ​ថា ​ម៉ិចស៊ិក​នាំ​ផលិតផល​៨០ភាគរយ ចូល​ទឹកដី​សហរដ្ឋ​អាមេរិក ពិសេស​ផលិតផល​​​រថយន្ត និង​ផលិតផល​​កសិកម្មតែម្តង។ គិតពីឆ្នាំ១៩៩៣​ដល់​២០១៦​ ការនាំចេញ​របស់​ម៉ិចស៊ិក ​ចូលស្រុកអាមេរិក គឺ​កើន​១ជា៧។

អញ្ចឹងមានន័យ​ថា ​គឺខាង​ម៉ិចស៊ិច​ឯណោះដែលចំណេញពី​កិច្ចព្រមព្រៀង​Alena ច្រើន មានន័យថា មានសហគ្រាសអាមេរិក និង​កាណាដា​​ជា​​ច្រើនបាន​នាំគ្នា​​បោះទីតាំង​នៅម៉ិចស៊ិក ​មានអ្នកធ្វើការ​ច្រើន​នៅម៉ិចស៊ិក ធ្វើអោយ​ខាង​សហរដ្ឋ​​អាមេរិក​ ​​បាត់បង់​ការងារ​ទៅវិញ។ លោកត្រាំ មិនចង់​បន្ត​ឃើញ​ស្ថានភាព​បែបនេះទៀតទេ។ សមាជិក​បក្ស​ប្រជាធិបតេយ្យ​មួយចំនួន​ក៏បានគាំទ្រ​លោកដូណាល់ ត្រាំ រឿងនេះដែរ ពួកគេ​យល់ថា Alenaធ្វើអោយ​សហគ្រាស​នាំគ្នា​ទៅបោះទីតាំងរកស៊ីក្រៅ​ប្រទេស​ នាំអោយ​ពលរដ្ឋ​​អាមេរិក​​បាត់បង់​​ការងារធ្វើ។

ប៉ុន្តែ បើយោងតាម​លោក​ចាមី ហ្សាប្ល៊ូដូវស្គី Jaime Zabludovski ដែលតំណាងម៉ិចស៊ិក​ក្នុង​ការចរចា​កិច្ចព្រមព្រៀង​នេះ ឱនភាព​​អាមេរិក​គឺដោយសារ​តែ​អាមេរិក​ធ្វើការ​​ចាយវាយ​ច្រើនជាងធ្វើការ​​ផលិត។ ​​ហើយ​បើចង់​ដោះស្រាយឱនភាព​នេះ គឺ​ត្រូវ​តែ​ដោះស្រាយ​ក្នុង​ទំនាក់ទំនង​ពាណិជ្ជកម្ម មិនអាច​​គ្មាន​ទំនាក់ទំនង​​ពាណិជ្ជកម្ម​រវាងគ្នា​ទេ។ លោកហ្សាប្ល៊ូដូវស្គី អាច​និយាយ​ត្រូវ​ដែរ ព្រោះថា ត្បិតថា ម៉ិចស៊ិក​នាំចូល​ផលិតផល​​សន្ធឹកសន្ធាប់ ​ទៅ​អាមេរិក​មែន ប៉ុន្តែ ​ម៉ិចស៊ិក​នៅតែ​ក្រជាង​សហរដ្ឋអាមេរិក និង​កាណាដា ដែលជា​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀងAlena​នេះ។ ​និយាយទៅ​គឺ​ការ​ទទួល​ប្រយោជន៍​ក្នុង​ស្រុក​ម៉ិចស៊ិក​​មិនបានកើនលឿន ដូច​ការនាំចេញ​ទេ។ គិត​ឆ្នាំ​២០១៥ ​​ផលិតផល​ក្នុងស្រុក​សរុប​របស់​ម៉ិចស៊ិក ​ សម្រាប់​ប្រជាជន​ម្នាក់ៗ មាន​៩០០០ដុល្លារ គឺតិចជាង​អាមេរិក​និង​កាណាដា​ឆ្ងាយណាស់។ ឆ្នាំ២០១៥ ​ផលិតផល​សរុប​ក្នុងស្រុក​អាមេរិក គឺ​មាន​៥៦ ១១៥​ដុល្លារ ​ហើយ​កាណាដាវិញ​មាន​៤៣៣០០ដុល្លារ។ ​​

ទាក់ទង​នឹង​បញ្ហា​ជាមួយ​កាណាដា​វិញ ​អាមេរិក​មានជម្លោះ​​ជាមួយ​កាណាដា ​លើ​បញ្ហា​ឈើសំណង់។ ជម្លោះ​​នេះ ​​មានច្រើន​​​ទស្សវត្ស​មកហើយ គឺតាំងពី​ឆ្នាំ​១៩៨៣​​ម្ល៉េះ។ អាមេរិក​ចោទថា កាណាដា​លក់បង្ខូច​តម្លៃ​ឈើ​ដែល​កាណាដា​នាំចូល​សហរដ្ឋអាមេរិក គឺ​​លក់​ក្នុងតម្លៃ​ទាប​ជាង​តម្លៃ​ផលិត។ ​ការចរចា​កិច្ចព្រមព្រៀង​Alena ពេលនេះ គឺ​ប្រហែល​ដើម្បី​សើរើ​រឿងនេះ​ឡើងវិញដែរ​ គឺ​ថា សើរើ​ជំពូក​​​១៩ ដែល​ចែង​​​​អនុញ្ញាត​អោយ​មាន​ការ​​​​ដោះស្រាយអាជ្ញាកណ្តាល លើ​​ជម្លោះ​ពាណិជ្ជកម្ម​ ទាក់ទង​នឹង​ការលក់​បង្ខូចតម្លៃ រឺ​ក៏​ការ​សងថ្លៃ​ខូចខាត​នេះឯង។ អាមេរិក​​គិតថា ជំពូក​១៩​ជួយ​កាណាដាច្រើន ក្នុង​ជម្លោះ​ឈើ​សំណង់។ រដ្ឋបាល​លោក​ដូណាល់ ត្រាំ​ចង់លុបចោល​ជំពូក​មួយនេះចោលវិញ។ ​

ប៉ុន្តែ ​ជំពូក១៩​ក្នុង​កិច្ចព្រមព្រៀង​ផ្តោះប្តូរ​សេរី​នេះ ​សំខាន់ណាស់​ សម្រាប់​កាណាដា និង​ម៉ិចស៊ិក ព្រោះ​ជំពូកនេះ​ធានា​មិនអោយ​ការអនុវត្ត​​​ច្បាប់អាមេរិក ​​លម្អៀង​ទៅរក​ប្រយោជន៍​ជាតិ​អាមេរិកទេ។ ​ខាង​ភាគី​ចរចា​កាណាដា​​​លើកឡើង​ថា ការចរចា​កិច្ចព្រមព្រៀង​​Alena ឡើងវិញ ​អាច​នឹង​ជួបការ​លំបាក​។ កាណាដា​ប្រាប់ថា នឹង​ប្រកាន់​ជំហរ​ម៉ឹងម៉ាត់​ជាមួយ​អាមេរិក៕ ​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ