អាមេរិក ម៉ិចស៊ិកនិងកាណាដា ចូលតុចរចាកិច្ចព្រមព្រៀងផ្តោះប្តូរសេរី Alenaឡើងវិញ
ចុះផ្សាយនៅថ្ងៃ៖
ថ្ងៃពុធនេះ នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ម៉ិចស៊ិក និងកាណាដា ធ្វើការពិភាក្សាគ្នាឡើងវិញលើកិច្ចព្រមព្រៀងផ្តោះប្តូរសេរីអាមេរិកខាងជើង ហៅកាត់ថា Alena។ ការពិភាក្សានេះនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃអាទិត្យ។ ការចរចាកិច្ចព្រមព្រៀងAlenaឡើងវិញ ជាអាទិភាពនយោបាយរបស់លោកដូណាល់ ដែលចង់ស្តារការងារពលរដ្ឋអាមេរិក។
ដំណាក់កាលចរចាឡើងវិញនៅសហរដ្ឋអាមេរិក ជាដំណាក់កាលដំបូង។ ភាគីទាំង៣ប្រទេសនឹងបន្តការចរចា នៅម៉ិចស៊ិកថ្ងៃ៥ កញ្ញា ហើយដំណាក់កាលចុងក្រោយ នៅកាណាដា តែគេនៅមិនទាន់ដឺងថ្ងៃខែចរចានៅប្រទេសកាណាដាទេ។
ខ្លឹមសារកិច្ចព្រមព្រៀងផ្តោះប្តូរសេរីAlena
កិច្ចព្រមព្រៀងAlena ជាកិច្ចព្រមព្រៀងផ្តោះប្តូរសេរីអាមេរិកខាងជើង មានភាគី៣ប្រទេសចុះហត្ថលេខា គឺសហរដ្ឋអាមេរិក កាណាដា និងម៉ិចស៊ិក។ កិច្ចព្រមព្រៀងនេះ ចូលជាធរមានតាំងពីឆ្នាំ១៩៩៤។ Alena ចែងបើកចំហចរាចរណ៍ទំនិញចេញចូល ចរាចរណ៍ពលរដ្ឋ លុបចោលពន្ធទំនិញផ្សេងៗ។ ចូលជាធរមានឆ្នាំ១៩៩៤មែន តែទាល់តែឆ្នាំ២០០៨ ទើបមានការលុបពន្ធបានច្រើន លើកលែងតែពន្ធលើឈើសំណង់ និងផលិតផលទឹកដោះភាគច្រើន។ កិច្ចព្រមព្រៀងAlena ក៏ជួយលុបចោលរបាំងនៃការវិនិយោគ ជួយសម្រួលការបោះទីតាំងសហគ្រាសរកស៊ី ក្នុងប្រទេសហត្ថលេខីទាំង៣ដែរ។ ប្រជាជន៤៧៨លាននាក់ ស្ថិតក្នុងតំបន់នៃកិច្ចព្រមព្រៀងAlena។ គិត១៥ឆ្នាំដំបូងនៃកិច្ចព្រមព្រៀង គឺមានការបង្កើតការងារធ្វើជិត៤០លាន ក្នុងនោះមាន២៥លាននៅសហរដ្ឋអាមេរិក។ បើគិតពីការផ្តោះប្តូររវាងសហរដ្ឋអាមេរិក ម៉ិចស៊ិក និងកាណាដា គឺមានទំហំទឹកប្រាក់៦៣៦ពាន់លានអឺរ៉ូ។
កិច្ចព្រមព្រៀងAlena មិនសមភាពសម្រាប់សហរដ្ឋអាមេរិក
ការពិភាក្សាឡើងវិញនូវកិច្ចព្រមព្រៀងAlena ជាអាទិភាពនយោបាយរបស់លោកដូណាល់ ត្រាំ តាំងពីដំបូងទីម្ល៉េះ។ លោកដូណាល់ ត្រាំធ្លាប់ព្រមានដកសហរដ្ឋអាមេរិកពីកិច្ចព្រមព្រៀងនេះ ប៉ុន្តែលោកបានប្តូរចិត្តមកវិញ ដោយចង់អោយមានការចរចាសើរើខ្លឹមសារកិច្ចព្រមព្រៀងនេះឡើងវិញ ដើម្បីសម្រួលអោយត្រូវតាមស្ថានភាពបច្ចុប្បន្ន។
សម្រាប់លោកដូណាល់ ត្រាំ កិច្ចព្រមព្រៀងនេះគ្មានសមភាព មិនបានធ្វើអោយអាមេរិកចំណេញទេ បើប្រៀបនឹងម៉ិចស៊ិក។ កិច្ចព្រមព្រៀងAlena ធ្វើអោយពលរដ្ឋអាមេរិកបាត់បង់ការងារធ្វើ រុញអាមេរិកអោយជួប ឱនភាព ដល់ទៅ៦៤ពាន់លានដុល្លារ។ អាមេរិកមិនសប្បាយចិត្តទេ ដែលឃើញខាងម៉ិចស៊ិកឯណោះ សកម្មខាងផ្នែកនាំចេញជាងអាមេរិក គឺថា ម៉ិចស៊ិកនាំផលិតផល៨០ភាគរយ ចូលទឹកដីសហរដ្ឋអាមេរិក ពិសេសផលិតផលរថយន្ត និងផលិតផលកសិកម្មតែម្តង។ គិតពីឆ្នាំ១៩៩៣ដល់២០១៦ ការនាំចេញរបស់ម៉ិចស៊ិក ចូលស្រុកអាមេរិក គឺកើន១ជា៧។
អញ្ចឹងមានន័យថា គឺខាងម៉ិចស៊ិចឯណោះដែលចំណេញពីកិច្ចព្រមព្រៀងAlena ច្រើន មានន័យថា មានសហគ្រាសអាមេរិក និងកាណាដាជាច្រើនបាននាំគ្នាបោះទីតាំងនៅម៉ិចស៊ិក មានអ្នកធ្វើការច្រើននៅម៉ិចស៊ិក ធ្វើអោយខាងសហរដ្ឋអាមេរិក បាត់បង់ការងារទៅវិញ។ លោកត្រាំ មិនចង់បន្តឃើញស្ថានភាពបែបនេះទៀតទេ។ សមាជិកបក្សប្រជាធិបតេយ្យមួយចំនួនក៏បានគាំទ្រលោកដូណាល់ ត្រាំ រឿងនេះដែរ ពួកគេយល់ថា Alenaធ្វើអោយសហគ្រាសនាំគ្នាទៅបោះទីតាំងរកស៊ីក្រៅប្រទេស នាំអោយពលរដ្ឋអាមេរិកបាត់បង់ការងារធ្វើ។
ប៉ុន្តែ បើយោងតាមលោកចាមី ហ្សាប្ល៊ូដូវស្គី Jaime Zabludovski ដែលតំណាងម៉ិចស៊ិកក្នុងការចរចាកិច្ចព្រមព្រៀងនេះ ឱនភាពអាមេរិកគឺដោយសារតែអាមេរិកធ្វើការចាយវាយច្រើនជាងធ្វើការផលិត។ ហើយបើចង់ដោះស្រាយឱនភាពនេះ គឺត្រូវតែដោះស្រាយក្នុងទំនាក់ទំនងពាណិជ្ជកម្ម មិនអាចគ្មានទំនាក់ទំនងពាណិជ្ជកម្មរវាងគ្នាទេ។ លោកហ្សាប្ល៊ូដូវស្គី អាចនិយាយត្រូវដែរ ព្រោះថា ត្បិតថា ម៉ិចស៊ិកនាំចូលផលិតផលសន្ធឹកសន្ធាប់ ទៅអាមេរិកមែន ប៉ុន្តែ ម៉ិចស៊ិកនៅតែក្រជាងសហរដ្ឋអាមេរិក និងកាណាដា ដែលជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងAlenaនេះ។ និយាយទៅគឺការទទួលប្រយោជន៍ក្នុងស្រុកម៉ិចស៊ិកមិនបានកើនលឿន ដូចការនាំចេញទេ។ គិតឆ្នាំ២០១៥ ផលិតផលក្នុងស្រុកសរុបរបស់ម៉ិចស៊ិក សម្រាប់ប្រជាជនម្នាក់ៗ មាន៩០០០ដុល្លារ គឺតិចជាងអាមេរិកនិងកាណាដាឆ្ងាយណាស់។ ឆ្នាំ២០១៥ ផលិតផលសរុបក្នុងស្រុកអាមេរិក គឺមាន៥៦ ១១៥ដុល្លារ ហើយកាណាដាវិញមាន៤៣៣០០ដុល្លារ។
ទាក់ទងនឹងបញ្ហាជាមួយកាណាដាវិញ អាមេរិកមានជម្លោះជាមួយកាណាដា លើបញ្ហាឈើសំណង់។ ជម្លោះនេះ មានច្រើនទស្សវត្សមកហើយ គឺតាំងពីឆ្នាំ១៩៨៣ម្ល៉េះ។ អាមេរិកចោទថា កាណាដាលក់បង្ខូចតម្លៃឈើដែលកាណាដានាំចូលសហរដ្ឋអាមេរិក គឺលក់ក្នុងតម្លៃទាបជាងតម្លៃផលិត។ ការចរចាកិច្ចព្រមព្រៀងAlena ពេលនេះ គឺប្រហែលដើម្បីសើរើរឿងនេះឡើងវិញដែរ គឺថា សើរើជំពូក១៩ ដែលចែងអនុញ្ញាតអោយមានការដោះស្រាយអាជ្ញាកណ្តាល លើជម្លោះពាណិជ្ជកម្ម ទាក់ទងនឹងការលក់បង្ខូចតម្លៃ រឺក៏ការសងថ្លៃខូចខាតនេះឯង។ អាមេរិកគិតថា ជំពូក១៩ជួយកាណាដាច្រើន ក្នុងជម្លោះឈើសំណង់។ រដ្ឋបាលលោកដូណាល់ ត្រាំចង់លុបចោលជំពូកមួយនេះចោលវិញ។
ប៉ុន្តែ ជំពូក១៩ក្នុងកិច្ចព្រមព្រៀងផ្តោះប្តូរសេរីនេះ សំខាន់ណាស់ សម្រាប់កាណាដា និងម៉ិចស៊ិក ព្រោះជំពូកនេះធានាមិនអោយការអនុវត្តច្បាប់អាមេរិក លម្អៀងទៅរកប្រយោជន៍ជាតិអាមេរិកទេ។ ខាងភាគីចរចាកាណាដាលើកឡើងថា ការចរចាកិច្ចព្រមព្រៀងAlena ឡើងវិញ អាចនឹងជួបការលំបាក។ កាណាដាប្រាប់ថា នឹងប្រកាន់ជំហរម៉ឹងម៉ាត់ជាមួយអាមេរិក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ