អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

សាធារណរដ្ឋ​ចិន​ក្រោយ​បដិវត្តន៍​ឆ្នាំ​១៩១១

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​លើកឡើង អំពី​សាធារណរដ្ឋ​ចិន នៅ​ក្រោយ​បដិវត្តន៍​ទម្លាក់​របបរាជានិយម នៃ​រាជវង្ស​ឆេង នៅ​ឆ្នាំ​១៩១១។

រូប​របស់​យ័ន ស៊ីខាយ (ឆ្វេង) និង​ស៊ុន យ៉ាតសេន រួមជាមួយ​នឹង​ទង់ជាតិ​ដើម​ដំបូង​នៃ​សាធារណរដ្ឋ​ចិន
រូប​របស់​យ័ន ស៊ីខាយ (ឆ្វេង) និង​ស៊ុន យ៉ាតសេន រួមជាមួយ​នឹង​ទង់ជាតិ​ដើម​ដំបូង​នៃ​សាធារណរដ្ឋ​ចិន
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​ទី១ ខែ​មករា ឆ្នាំ​១៩១២ ក្រុមបដិវត្តន៍​ដឹកនាំ​ដោយ​ស៊ុន យ៉ាតសេន បាន​ប្រកាស​​ជាផ្លូវការ​ បង្កើត​របបសាធារណរដ្ឋ​​មួយឡើង ដោយ​មាន​ស៊ុន យ៉ាតសេន ជា​ប្រធានាធិបតី​បណ្តោះអាសន្ន។ ក៏ប៉ុន្តែ នៅពេលនោះ បដិវត្តន៍​របស់​ស៊ុន យ៉ាតសេន នៅ​មិនទាន់​បាន​ទទួល​ជោគជ័យ​ ក្នុងការ​ផ្តួលរំលំ​​រាជវង្សឆេង​នៅឡើយទេ។

រហូត​ទាល់តែ​ដល់​ខែ​កុម្ភៈ ទើប​របបរាជានិយម​ចិន​ត្រូវ​ដួលរលំ​ជា​ស្ថាពរ ក្រោយ​ពី​ស្តេច​ឆេង​​សុខចិត្ត​ដាក់រាជ្យ ក្រោម​ការ​បង្ខិតបង្ខំ​របស់​ យ័ន ស៊ីខាយ ដែល​ជា​អតីត​មេទ័ព និង​ជា​នាយករដ្ឋមន្រ្តី​​តែងតាំង​ដោយ​ស្តេច​ឆេង​ខ្លួនឯងផ្ទាល់។

សួនអាន៖ បដិវត្តន៍​ផ្តួលរំលំ​របបរាជានិយម​ចិន នៅ​ឆ្នាំ​១៩១១

ដោយសារ​តែ​​យ័ន ស៊ីខាយ បាន​ជួយ​ជ្រោមជ្រែង​ក្រុម​បដិវត្តន៍​ក្នុងការ​ផ្តួលរំលំ​រាជវង្សឆេង ហើយ​ម្យ៉ាងទៀត យ័ន ស៊ីខាយ នៅ​មាន​អំណាច​ទ័ព​ខ្លាំង ស៊ុន យ៉ាតសេន ដែល​​ទើប​នឹង​បាន​កាន់តំណែង​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​​បាន​តែ​ជាង ២ខែ ក៏​បាន​សុខចិត្ត​ទុក​តំណែង​ជា​ប្រធានាធិបតី​នេះ​ទៅ​ឲ្យ​ យ័ន ស៊ីខាយ ជា​អ្នក​កាន់កាប់វិញ។ យ័ន ស៊ីខាយ ស្បថចូល​កាន់តំណែង​ជា​ប្រធានាធិបតី នៅ​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​១៩១២ ហើយ​បាន​ឡើង​កាន់តំណែង​ជា​ប្រធានាធិបតី​ពេញសិទ្ធិ នៅ​ថ្ងៃ​ទី១០ ខែ​តុលា ឆ្នាំ​១៩១៣។

នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ​តៃវ៉ាន់ ដែល​មាន​ឈ្មោះ​ផ្លូវការ​ថា “សាធារណរដ្ឋ​ចិន” ហើយ​ដែល​តាំងខ្លួន​ជា​រដ្ឋ​បន្តវេន​នៃ​របបសាធារណរដ្ឋ​ក្រោយ​បដិវត្តន៍​ឆ្នាំ​១៩១១ នៅតែ​ចាត់ទុក​ ស៊ុន យ៉ាតសេន ​ជា​ប្រធានាធិបតិ​ទីមួយ​នៃ​សាធារណរដ្ឋ​ចិន បើទោះបី​ជា​លោក​បាន​កាន់តំណែង​ត្រឹម​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​តែ​រយៈពេល​ជាង ២ខែ​ក៏ដោយ។ គណបក្ស​គួមីនតាង ដែល​បង្កើតឡើង ដោយ​ស៊ុន យ៉ាតសេន នៅតែ​ជា​គណបក្ស​កាន់អំណាច​នៅ​តៃវ៉ាន់ រហូត​មក​ទល់​នឹង​ពេល​សព្វថ្ងៃ។

គួមីនតាង ដែល​មាន​ន័យ​ថា “គណបក្ស​ជាតិនិយមចិន” ត្រូវ​បាន​បង្កើត​ឡើង​ជាផ្លូវការ នៅថ្ងៃ​ទី២៤ ខែ​សីហា ឆ្នាំ​១៩១២ ដោយ​មាន​ស៊ុន យ៉ាតសេន ជា​ស្ថាបនិក និង​ជា​ប្រធានបក្ស។ ស៊ុន យ៉ាតសេន មាន​ចក្ខុវិស័យ​ចង់​ឲ្យ​គណបក្ស​គួមីនតាង​នេះ ជា​កម្លាំង​ប្រឆាំង​ដ៏ធំមួយ​ ដើម្បី​ជា​តុល្យភាព​ទប់ទល់​នឹង​អំណាច​របស់​ យ័ន ស៊ីខាយ ដែល​ជា​ប្រធានាធិបតី ហើយ​ដែល​ធ្លាប់​ជា​មន្រ្តី​ជាន់ខ្ពស់​នៃ​រាជវង្សឆេង។

នៅ​ខែ​ធ្នូ ឆ្នាំ​១៩១២ ការ​បោះឆ្នោត​សភា​ត្រូវ​បាន​រៀបចំ​ធ្វើឡើង ដែល​ជា​ការ​បោះឆ្នោត​លើក​ដំបូង​បង្អស់ នៅ​ក្នុង​ប្រវត្តិសាស្រ្ត​ជាង ២ពាន់ឆ្នាំ​របស់​ចិន។ បើទោះបីជា​មិនមាន​បទពិសោធន៍​​ខាង​ប្រជាធិបតេយ្យ ការបោះឆ្នោត​សភា នៅ​ឆ្នាំ​១៩១២​នោះ បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ហើយ​គណបក្ស​គួមីនតាង របស់​ស៊ុន យ៉ាតសេន បាន​ទទួល​ជោគជ័យ​យ៉ាងច្រើន​លើសលុប លើ​គណបក្ស​ណាៗ​ទាំងអស់ ដែល​ជា​គូប្រជែង ដោយ​រាប់ទាំង​គណបក្ស​របស់​យ័ន ស៊ីខាយ​ផង។

ក៏ប៉ុន្តែ នៅ​ក្រោយ​ទទួលជោគជ័យ​ក្នុងការ​បោះឆ្នោត​នេះ សុង ជៀវចេន (Song Jiaoren) មេដឹកនាំ​មួយរូប​នៃ​គណបក្ស​គួមីនតាង ហើយ​ដែល​តាម​ធម្មតា​ត្រូវ​ឡើង​ធ្វើ​ជា​នាយករដ្ឋមន្រ្តី​ ស្រាប់​តែ​ត្រូវ​បាន​គេ​ធ្វើឃាតក​បាញ់​សម្លាប់ នៅ​ក្នុងពេល​កំពុង​ចាំឡើងជិះរថភ្លើង ពីទីក្រុង​សៀងហៃ សំដៅ​មក​វិមាន​រដ្ឋសភា នៅ​​រដ្ឋធានី​ប៉េកាំង។

នៅ​ក្រោយ​ពី សុង ជៀវចេន ត្រូវ​គេ​បាញ់​សម្លាប់ ឃាតក​មិនត្រូវ​បាន​គេ​រកមុខឃើញ​នោះទេ ក៏ប៉ុន្តែ គេ​រកឃើញ​តម្រ៉ុយ​ជាច្រើន​បង្ហាញ​ថា ឃាតក​មាន​ជាប់ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​របស់​យ័ន ស៊ីខាយ។ ​ក្រុម​របស់​ស៊ុន យ៉ាតសេន បាន​នាំគ្នា​សង្ស័យថា ការ​ធ្វើ​ឃាត​នេះ គឺ​ចេញ​ពី​បញ្ជា​របស់​ យ័ន ស៊ីខាយ ផ្ទាល់​។

ជម្លោះ រវាង​ក្រុម​ស៊ុន យ៉ាតសេន និង​ក្រុម​យ័ន ស៊ីខាយ ក៏​បាន​ផ្ទុះឡើង​ទៅជា​ជម្លោះ​ប្រដាប់​អាវុធ ហើយ​ក្រុម​របស់​ស៊ុន យ៉ាតសេន បាន​ប្រកាស​ធ្វើ​បដិវត្តន៍​ជាលើកទី២ ដើម្បី​ផ្តួលរំលំ​របបដឹកនាំ​របស់​យ័ន ស៊ីខាយ។

ក៏ប៉ុន្តែ ដោយ​មាន​កម្លាំង​ប្រដាប់អាវុធ​ទន់ខ្សោយ ចលនា​បដិវត្តន៍​​​នេះ​ត្រូវ​កងទ័ព​របស់​យ័ន ស៊ីខាយ វាយបំបាក់ ហើយ​ស៊ុន យ៉ាតសេន ក៏​​ត្រូវ​បង្ខំចិត្ត​​រត់ភៀសខ្លួន​ទៅ​ជ្រក​កោន​ ក្នុង​ប្រទេស​ជប៉ុន​សាជាថ្មីម្តងទៀត។
 

យ័ន ស៊ីខាយ អតីត​មេទ័ព​ក្នុង​រាជវង្សឆេង ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ចិន និង​ក្រោយ​មក​ប្រកាស​តាំង​ខ្លួន​ជា​អធិរាជ​ចិន
យ័ន ស៊ីខាយ អតីត​មេទ័ព​ក្នុង​រាជវង្សឆេង ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ចិន និង​ក្រោយ​មក​ប្រកាស​តាំង​ខ្លួន​ជា​អធិរាជ​ចិន

យ័ន ស៊ីខាយ​វិញ ក្រោយ​ពី​បាន​យកជ័យជម្នះ​លើ​ក្រុមបដិវត្តន៍​របស់​ស៊ុន យ៉ាតសេន ក៏​បាន​ប្រមូល​យក​អំណាច​រដ្ឋ​ទាំងអស់​យក​មក​ក្តោបក្តាប់​តែ​ម្នាក់ឯង ហើយ​​ដោយសារ​តែ​មាន​គំនិត​ចាក់ឫស​តែ​នៅ​ក្នុង​របៀប​ដឹកនាំ​តាមបែបរាជានិយម ដែល​ជា​បទពិសោធន៍​ទទួល​បាន​ពី​ពេល​ធ្វើ​ជា​មន្រ្តី​ក្នុង​រាជវង្សឆេង យ័ន ស៊ីខាយ ក៏​បាន​បែក​គំនិត​ចង់​បង្កើត​ទៅជា​របបរាជានិយម​ឡើងវិញ។

នៅ​ក្នុង​គំនិត​របស់​យ័ន ស៊ីខាយ របបសាធារណរដ្ឋ​គ្រាន់តែ​ជា​សម័យ​អន្តរកាល​មួយ​ ដើម្បី​កម្ចាត់​​ពួក​ម៉ាន់ជូ​ពី​អំណាចតែ​ប៉ុណ្ណោះ។ ឥឡូវនេះ រាជវង្សឆេង​របស់​ពួកម៉ាន់ជូ​ត្រូវ​ដួលរលំ​ទៅហើយ បដិវត្តន៍ និង​សម័យ​អន្តរកាល​គួរ​តែ​ត្រូវ​បិទបញ្ចប់ ដើម្បី​បង្កើត​ឲ្យ​មាន​ស្ថិរភាព​នយោបាយ​ឡើងវិញ ហើយ​យ័ន ស៊ីខាយ យល់ថា មានតែ​របបរាជានិយម​ទេ ដែល​អាច​រក្សា​ស្ថិរភាព​នយោបាយ​នេះ​បាន ដោយសារ​តែ​តាំង​ពី​រាប់ពាន់​ឆ្នាំ​កន្លងទៅនេះ ​ប្រជាជន​ចិនមាន​ទម្លាប់​រស់នៅ​តែ​ក្រោម​របបរាជានិយម​បែបនេះ។

សូមអាន៖ អរិយធម៌​ដ៏ចំណាស់​បំផុត​របស់​មនុស្សជាតិ ​(អេហ្ស៊ីប ​មេសូប៉ូតាមី ​ឥណ្ឌា ​និង​​ចិន)

នៅ​ខែ​ធ្នូ ឆ្នាំ​១៩១៥ យ័ន ស៊ីខាយ ក៏​បាន​ប្រកាស​តាំង​ខ្លួន​ជា​អធិរាជ​ ហើយ ៤ឆ្នាំ ក្រោយ​បដិវត្តន៍​ផ្តួលរំលំ​រាជវង្សឆេង ​ចិន​ក៏​បាន​វិលត្រឡប់​ទៅរករបបរាជានិយម​ផ្តាច់ការ​ដូចពីមុនវិញ។ ក៏ប៉ុន្តែ ផ្ទុយពីការ​គិត​របស់ យ័ន ស៊ីខាយ មិនមាន​អ្នកណា​ម្នាក់​គាំទ្រ​​ការ​បង្កើត​របបរាជានិយម​នេះ​ឡើងវិញ​នោះទេ ក្រៅតែ​ពីមន្រ្តី​ជំនិតៗ​​របស់​យ័ន ស៊ីខាយ​ផ្ទាល់។

ចលនា​ប្រឆាំង​នឹង​របបរាជានិយម​របស់​យ័ន ស៊ីខាយ ក៏​បាន​ផ្ទុះឡើង ហើយ​រីកដុះដាល​កាន់តែ​ខ្លាំង។ មន្រ្តី​​ដែល​ធ្លាប់​តែ​គាំទ្រ​ យ័ន ស៊ីខាយ ពី​មុន ក៏​ក្លាយ​ជា​ក្រុម​ប្រឆាំង។ រហូត​ដល់​ថ្ងៃ​ទី២២ ខែ​មីនា ឆ្នាំ​១៩១៦ យ័ន ស៊ីខាយ ក៏​បាន​ប្រកាស​រំលាយ​របបរាជានិយម បោះបង់​ងារ​ជា​អធិរាជ ត្រឡប់​ទៅ​កាន់តំណែង​ជា​ប្រធានាធិបតី​ដូចពីមុនវិញ។ ក៏ប៉ុន្តែ ទាំងអស់​នេះ​មិនបាន​ធ្វើ​ឲ្យ​ក្រុមប្រឆាំង​ស្ងប់ចិត្ត​នោះទេ ដោយ​ពួកគេ​ទាមទារ​ឲ្យ យ័ន ស៊ីខាយ ឈប់ដឹកនាំ​ប្រទេស ហើយ​ចុះចេញ​ពីតំណែងជា​ប្រធានាធិបតី​តែម្តង។

ក៏ប៉ុន្តែ យ័ន ស៊ីខាយ ត្រូវ​ទទួលមរណភាព​ដោយ​ជំងឺ នៅថ្ងៃ​ទី៦ ខែ​មិថុនា ឆ្នាំ​១៩១៦ ពោលគឺ តែជាង ២ខែប៉ុណ្ណោះ ក្រោយ​ពី​បាន​ប្រកាស​រំលាយ​របបរាជានិយម និង​បោះបង់​ងារ​ជា​អធិរាជ។

ក្រោយ​មរណភាព​របស់ យ័ន ស៊ីខាយ អតីត​មេទ័ព​របស់ យ័ន ស៊ីខាយ បាន​បែកខ្ញែកគ្នា ហើយ​យក​កងទ័ព​ដែល​ស្ថិត​ក្រោម​បញ្ជា​របស់​ពួកគេ​យក​ទៅ​ធ្វើការ​បម្រើ​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​តែ​រៀងៗ​ខ្លួន។ ចិន​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ភាព​ចលាចល ដោយ​គ្មាន​មេដឹកនាំ​ណា​ ដែល​មាន​អំណាច​គ្រប់គ្រង​ប្រទេស​ទាំងមូលបាន។ មេកន្ទ្រាញ​ធំតូច នាំគ្នា​ត្រួតត្រា​ទឹកដី​របស់​ខ្លួន​ដូចស្តេច ចំណែក​ឯ​រដ្ឋាភិបាល​កណ្តាលវិញ​ គ្រប់គ្រង​បាន​ត្រឹមតែ​នៅ​រដ្ឋធានី​ប៉េកាំង​មួយ​ប៉ុណ្ណោះ។

សម័យកាល​វឹកវរ​នេះ ដែល​គេ​ឲ្យ​ឈ្មោះ​ថា “សករាជមេកន្រ្ទាញ” បាន​អូសបន្លាយ​ពេល​ជាង ១០ឆ្នាំ ពោលគឺ ចាប់តាំង​ពី​មរណភាព​របស់​យ័ន ស៊ីខាយ នៅ​ឆ្នាំ​១៩១៦ រហូត​ដល់​ពេល​ដែល​ក្រុម​ជាតិនិយម​គួមីនតាងវិលត្រឡប់​មក​កាន់​អំណាច​វិញ នៅ​ឆ្នាំ​១៩២៨។ នៅពេលនោះ ក្រុមជាតិនិយម​គួមីនតាង ស្ថិត​ក្រោម​ការ​ដឹកនាំរបស់​ ចាង កាយចៀក (Chiang Kai Shek) ដែល​បាន​បន្តវេន​ពី ស៊ុន យ៉ាតសេន ដែល​ទទួលមរណភាព កាល​ពី​ឆ្នាំ​១៩២៥ ដោយ​ជំងឺ​មហារីក​ថ្លើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ