ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/06 12h00 GMT

ឥណ្ឌា៖សករាជ​របស់​គណបក្សសមាជ​ឈាន​ដល់​ទីបញ្ចប់ ដោយ​ទុក​កន្លែង​ឲ្យ​គណបក្ស​ជាតិនិយមហិណ្ឌូ

ឥណ្ឌា៖សករាជ​របស់​គណបក្សសមាជ​ឈាន​ដល់​ទីបញ្ចប់ ដោយ​ទុក​កន្លែង​ឲ្យ​គណបក្ស​ជាតិនិយមហិណ្ឌូ
 
លោកណារ៉េនដ្រា ម៉ូឌី មក​ពី​គណបក្សជាតិនិយមហិណ្ឌូ​ក្នុង​ប្រទេស​ឥណ្ឌា Reuters

នៅ​ក្នុង​ប្រទេស​ឥណ្ឌា ការ​បោះឆ្នោត​សភា​ពី​ថ្ងៃទី៧ មេសា ដល់​ថ្ងៃទី១២ ឧសភា​បាន​បិទបញ្ចប់​ហើយ រីឯ​លទ្ធផល​ផ្លូវការ​​ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ ទី១៦ ឧសភា​នេះ។ គណបក្សប្រឆំាង​សំខាន់​ជាង​គេ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា គឺ​គណបក្ស​ជាតិនិយម​ហិណ្ឌូ​របស់​លោក​ណារ៉េនដ្រា ម៉ូឌី (Narendra Modi) ទទួល​បាន​ជោគជ័យ​យ៉ាង​ធំធេង។ ចំណែក​គណបក្ស​សមាជ​របស់​លោក​នាយករដ្ឋមន្រ្តី​ផុតអាណត្តិ​ម៉ាន់ម៉ូហាន់ ស៊ីញ​​ដែល​បាន​កាន់​អំណាច​រយៈពេល ១០ឆ្នំា​ចុង​ក្រោយ​នេះ​បាន​ទទួល​បរាជ័យ​យ៉ាង​ល្វីង​ជូរចត់។

ការ​បោះឆ្នោត​សភា​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ការ​រៀបចំ​បោះឆ្នោត​មួយ​យ៉ាង​ធំ និង​ប្រើ​ពេល​យូរ គឺ​រហូត​ដល់​ទៅ ៥សប្តាហ៍ និង​មាន​អ្នក​ចូលរួម​បោះឆ្នោត​ជាង ៨០០លាននាក់​នៅ​ក្នុង​ចំណោម​ប្រជាជន​ឥណ្ឌា​សរុប ១ ២០០លាននាក់។ មាន​គណបក្ស​នយោបាយ​ច្រើន​ដែល​បាន​ចូលរួម​នៅ​ក្នុង​ការ​បោះឆ្នោត​នោះ ប៉ុន្តែ​មាន​តែ​គណបក្ស​ធំ​ចំនួន​ពីរ​ប៉ុណ្ណោះ​ដែល​គេ​ស្គាល់​ច្រើន គឺ​គណបក្សសមាជ​របស់​លោក​នាយករដ្ឋមន្រ្តី​ផុតអាណត្តិ​ម៉ាន់ម៉ូហាន់ ស៊ីញ និង​គណបក្សប្រឆំាង​របស់​លោក​ណារ៉េនដ្រា ម៉ូឌី គឺ​គណបក្ស​ជាតិនិយម​ហិណ្ឌូ។ នៅ​ក្នុង​សម័យ​ឃោសនា​បោះឆ្នោត ពិសេស​តំាង​ពី​គណបក្ស​ជាតិនិយមហិណ្ឌូ​បាន​ដាក់​លោក​ណារ៉េនដ្រា ម៉ូឌី​ឲ្យ​ឈរ​ឈ្មោះ គ្រប់​ស្ថាប័ន​ស្ទង់មតិ​ទំាង​អស់​បាន​ផ្តល់​ជោគជ័យ​ឲ្យ​លោក​ម៉ូឌី​រួច​ជា​ស្រេច។ សូម្បី​តែ​តម្លៃ​ភាគហ៊ុន​នៅ​ទីផ្សារ​ភាគហ៊ុន​ក្នុង​ទីក្រុង​ប៉ុមបៃ​ក៏​បាន​ឡើង​ថ្លៃ​ជា​បន្ត​បន្ទាប់​ជាមួយ​នឹង​សម្លេង​គំាទ្រ​លោក​ម៉ូឌី។ ជាក់ស្តែង​នៅ​ក្នុង​ថ្ងៃ​ប្រកាស​លទ្ធផល​បោះឆ្នោត​ថ្ងៃ​នេះ តម្លៃ​ភាគហ៊ុន​បាន​ស្ទុះ​ឡើង​ចំនួន ៥%។

លទ្ធផល​ផ្លូវការ​បាន​បង្ហាញ​ថា គណបក្ស​ជាតិនិយមហិណ្ឌូ​បាន​ឈ្នះ​ឆ្នោត​ដាច់​ឆ្ងាយ​ពី​គណបក្ស​សមាជ ពោល​គឺ​ទទួល​បាន​សម្លេង​ភាគច្រើន​ដាច់​ខាត​នៅ​ក្នុង​សភា។ នៅ​ក្នុង​ចំណោម​អសនៈ​ទំាង ៥៤៣ នៅ​ក្នុង​រដ្ឋសភា គណបក្ស​ជាតិនិយមហិណ្ឌូ​ទទួល​បាន​រហូត​ដល់​ទៅ​ជាង ២៧២អសនៈ ទល់​នឹង ៧០សនៈ​ដែល​គណបក្ស​សមាជ​ទទួល​បាន។ នៅ​ឥណ្ឌា ការ​ដែល​មាន​គណបក្ស​នយោបាយ​មួយ​ទទួល​បាន​សម្លេង​ភាគច្រើន​ដាច់​ខាត​នៅ​ក្នុង​សភា​ពេល​នេះ គឺ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត​មួយ​ដែល​ឥណ្ឌា​មិន​ធ្លាប់​ប្រទះ​ទេ​តំាង​ពី ៣០ឆ្នំា​កន្លង​ទៅ។ ជោគជ័យ​របស់​គណបក្ស​ជាតិនិយមហិណ្ឌូ ពិសេស​កណើន​ប្រជាប្រិយភាព​របស់​លោក​ណារ៉េនដ្រា ម៉ូឌី​ពេល​នេះ មិន​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ ផ្ទុយ​ទៅ​វិញ វា​ជា​ការ​ទន្ទឹង​រង់ចំា​របស់​ប្រជាជន​ឥណ្ឌា​ភាគច្រើន​ទៀត​ផង។

លោក​ណារ៉េនដ្រា ម៉ូឌី​ល្បីឈ្មោះ​ដោយសារ​តែ​តំណែង​ជា​ចៅហ្វាយ​រដ្ឋ​ហ្គូយ៉ារ៉ាត

ជ័យជំនះ​របស់​គណបក្ស​ជាតិនិយមហិណ្ឌូ​ពេល​នេះ​បាន​មក​ភាគច្រើន ពី​ប្រជាប្រិយភាព​ផ្ទាល់ខ្លួន​របស់​លោក​ណារ៉េនដ្រា ម៉ូឌី។ មាន​អាយុ ៦៣ឆ្នំា កូនប្រុស​របស់​អ្នក​លក់​តែ​ម្នាក់​នេះ គឺ​ជា​អ្នកជាតិនិយម​ជ្រុល កាន់​សាសនា​ហិណ្ឌូ និង​ដែល​សូម្បី​តែ​ក្រុម​មនុស្សជំនិត អ្នក​គំាទ្រ​លោក​ក៏​មាន​ការ​ប្រយ័ត្នប្រយែង​ដែរ។ តំាង​ពី​នៅ​វ័យ​ក្មេង លោក​ម៉ូឌី​បាន​ចូល​បម្រើ​ការងារ​នៅ​ក្នុង​អង្គការ​មួយ​ដែល​មិន​ញញើត​នឹង​ចេញ​មុខ​ប្រឆំាង​ពួក​អ្នក​កាន់សាសនា​អ៊ីស្លាម​ដែល​មាន​ចំនួន​ភាគ​តិច​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។ ក្នុង​ឆ្នំា ២០០១ លោក​ម៉ូឌី​បាន​ទទួល​តំណែង​ជា​ចៅហ្វាយ​រដ្ឋ​ហ្គូយ៉ារ៉ាត​ដែល​លោក​បាន​ដឹក​នំា​មក​ដល់​សព្វថ្ងៃ។ នៅ​ក្នុង​ឆ្នំា ២០០២ អំពើហិង្សា​រវាង​សហគមន៍​អ្នកកាន់សាសនា​ហិណ្ឌូ និង​អ៊ីស្លាម​ក៏​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​រដ្ឋ​របស់​លោក​ដោយ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង ១ ០០០នាក់​ដែល​ភាគច្រើន​ជា​អ្នកកាន់សាសនា​អ៊ីស្លាម។

នៅ​ពេល​នោះ លោក​ម៉ូឌី​បាន​ទទួល​ការ​រិះគន់ ទិតៀន​ពី​បទ​មិន​បាន​ចាត់​វិធានការ​ទប់ស្កាត់​អ្វី​ទំាង​អស់ ហើយ​លោក​ក៏​បាន​បដិសេធ​មិន​ធ្វើ​ការ​សុំទោស​ដែរ។ ក៏​ប៉ុន្តែ និង​អ្វី​ដែល​ប្រជាជន​ឥណ្ឌា​ភាគច្រើន​នំា​គ្នា​បោះឆ្នោត​ឲ្យ​លោក​ម៉ូឌី​ពេល​នេះ មិនមែន​ដោយសារ​តែ​គំនិត​ជាតិនិយម​របស់​លោក​ទេ តែ​មក​ពី​ស្នាដៃ​គ្រប់គ្រង​ដ៏​ល្អ​របស់​លោក​ម៉ូឌី​នៅ​ក្នុង​រដ្ឋ​ហ្គូយ៉ារ៉ាត។ ជា​រៀងរាល់​ឆ្នំា​ចន្លោះ​ឆ្នំា ២០០៥ និង​២០០២ រដ្ឋ​ហ្គូយ៉ារ៉ាត​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ជា​មធ្យម ១០,១៣%។ អ៊ីចឹង​ហើយ​ជា​នៅ​ក្នុង​សម័យ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត លោក​ម៉ូឌី​បាន​ចៀសវាង​មិន​និយាយ​ពី​រឿង​ជាតិនិយមហិណ្ឌូ និង​បាន​លើក​យក​ទៅ​និយាយ​ច្រើន​នូវ​កម្មវិធី​នយោបាយ​សេដ្ឋកិច្ច និង​វិធានការ​មួយ​ចំនួន​ដើម្បី​ផ្តល់​សន្ទុះ​សេដ្ឋកិច្ចជាតិ​ឡើង​វិញ​ក្នុង​បំណង​ជួយ​លើក​ស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាជន។ លោក​ម៉ូឌី​បាន​លើក​យក​ឧទាហរណ៍​ជាក់ស្តែង​នៅ​ក្នុង​រដ្ឋ​ហ្គូយ៉ារ៉ាត​ដែល​លោក​បាន​ដឹកនំា​តំាង​ពី​ឆ្នំា ២០០១ និង​សន្យា​យក​ស្នាដៃ​នេះ​ទៅ​អនុវត្តន៍​នៅ​ទូទំាង​ប្រទេស​ឥណ្ឌា​ក្នុង​នាម​ជា​នាយករដ្ឋមន្រ្តី។

សករាជ​នយោបាយ​របស់​ក្រុមគ្រួសារ​ត្រកូល​ហ្កាន់ឌី​ត្រូវ​ចប់​ត្រឹម​នេះ?

សម្រាប់​គណបក្ស​សមាជ នេះ​ពិត​ជា​បរាជ័យ​ដ៏​ល្វីងជូរចត់​មួយ​នៅ​ក្នុង​ប្រវត្តិ​របស់​ខ្លួន។ ចូរ​កុំ​ភ្លេច​ថា គណបក្ស​សមាជ​ជា​គណបក្ស​នយោបាយ​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ប្រសូត្រ​ឡើង​ដោយ​ក្រុមគ្រួសារ​ត្រកូល​ហ្កាន់ឌី​ដែល​មាន​លោកស្រី​សូញ៉ា ហ្កាន់ឌី​ជា​ប្រធាន​សព្វថ្ងៃ។ នៅ​ឥណ្ឌា ក្រុមគ្រួសារ​ត្រកូល​ហ្កាន់ឌី​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ក្រុមគ្រួសារ​នយោបាយ​ល្បីល្បាញ​មិន​ចេះ​សាបសូន្យ។ តែ​នៅ​ក្នុង​ការ​បោះឆ្នោត​លើក​នេះ ឥទ្ធិពល​នយោបាយ​របស់​គ្រួសារ​ត្រកូល​ហ្កាន់ឌី​បែរ​ជា​ត្រូវ​បាន​បញ្ចប់​ដោយ​លោក​រ៉ាអ៊ូល ហ្កាន់ឌី​ដែល​ជា​កូនប្រុស​របស់​លោកស្រី​សូញ៉ា ហ្កាន់ឌី។

ខុស​ពី​ឱពុក ម្តាយ លោក​រ៉ាអ៊ូល ហ្កាន់ឌី​មិន​អាច​ជួយ​គណបក្ស​សមាជ​ឲ្យ​បន្ត​កាន់​អំណាច​សម្រាប់ ៥ឆ្នំា​ខាង​មុខ​ទេ ហើយ​បើ​យោង​តាម​ក្រុម​អ្នកវិភាគ​ខ្លះ​យល់​ថា ទំព័រ​សករាជ​នយោបាយ​របស់​គណបក្ស​សមាជ​ប្រហែល​ជា​ពិបាក​នឹង​ត្រឡប់​មក​កាន់​អំណាច​ជា​ថ្មី​ផង។ គេ​អាច​ស្តីបន្ទោស​លោក​រ៉ាអ៊ូល ហ្កាន់ឌី​ថា ជា​អ្នក​នយោបាយ​ទន់ជ្រាយ​ក៏​ថា​បាន តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា ក្នុង​ពេល​កាន់​អំណាច ១០ឆ្នំា​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​របស់​គណបក្ស​សមាជ​ដឹកនំា​ដោយ​លោក​នាយករដ្ឋមន្រ្តី​ម៉ាន់ម៉ូហាន់ ស៊ីញ​បាន​ធ្វើ​ឲ្យ​គណបក្ស​សមាជ​ធ្លាក់​ប្រជាប្រិយភាព​ខ្លំាង ដោយសារ​តែ​រឿង​អាស្រូវ​ពុករលួយ កំណើន​សេដ្ឋកិច្ច​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់ និង​កំណើន​អតិផរណា៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ឥណ្ឌា

    ប្រជាជន​ឥណ្ឌា​​បោះឆ្នោត​រើស​តំណាងរាស្ត្រ​ ក្នុង​ភាព​តានតឹង​​ផ្នែក​​​សាសនា​

    ស្វែងយល់បន្ថែម

  • ឥណ្ឌា

    ឥណ្ឌា៖ លោក​ម៉ាន់ ម៉ូហាន់ស៊ីង​ប្រកាស​ចូល​និវត្តន៍ និង​អំពាវនាវ​ឲ្យ​លោក​រ៉ាអ៊ូល ហ្គង់ឌីស្នង​តំណែង

    ស្វែងយល់បន្ថែម

  • ឥណ្ឌា

    ជា​ប្រវត្តិសាស្រ្ត ឥណ្ឌា​បោះឆ្នោត​ឲ្យ​មាន​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ

    ស្វែងយល់បន្ថែម

  • ឥណ្ឌា

    ឥណ្ឌា​ចង់​អូសទាញ​ក្រុម​អ្នកវិនិយោគបរទេស​បន្ថែមទៀត​ដើម្បី​ផ្តល់​សន្ទុះ​កំណើនសេដ្ឋកិច្ច

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ