អានតួអត្ថបទ
បារាំង

RFI ​ទាមទារ​ឲ្យ​តុលាការ​ស៊ើបអង្កេត​ពី​ទំនាក់ទំនង​រវាង​ការ​សម្លាប់​អ្នកកាសែត​និង​ចំណាប់ខ្មាំង​បារាំង

បីឆ្នាំក្រោយមក ករណី​អ្ន​កកាសែត​ RFI ពីរនាក់​ត្រូវគេ​សម្លាប់​នៅ​ប្រទេស​ម៉ាលី កំពុងតែ​រីកផុសផុល​ឡើងវិញ ក្រោយ​ពី​មាន​ព័ត៌មាន​ អំពី​ការជាប់ទាក់ទងគ្នា រវាង​ការសម្លាប់​អ្នក​កាសែត​ទាំងពីរ និង​ចំណាប់ខ្មាំង​បារាំង។ ព័ត៌មាន​ដែល​ត្រូវ​បាន​ចុះផ្សាយ​ ដោយ​ទូរទស្សន៍​បារាំង កាល​ពី​យប់ថ្ងៃ​ព្រហស្បតិ៍ ហើយ​ថ្នាក់​ដឹកនាំ​វិទ្យុបារាំង​អន្តរជាតិ​បាន​ទាមទារ​នៅថ្ងៃ​សុក្រ​នេះ ឲ្យ​អាជ្ញាធរ​បារាំង​បើក​ការ​ស៊ើបអង្កេត​លម្អិត​ជុំវិញ​រឿងនេះ។

អ្នក​យកការណ៍ RFI ទាំងពីរ​រូប គឺ​ Ghislaine Dupont (ស្តាំ) និង Claude Verlon ដែល​ត្រូវ​ក្រុម​ជីហាត​សម្លាប់​នៅ​ម៉ាលី កាលពីថ្ងៃ​ទី២ វិច្ឆិកា ឆ្នាំ២០១៣
អ្នក​យកការណ៍ RFI ទាំងពីរ​រូប គឺ​ Ghislaine Dupont (ស្តាំ) និង Claude Verlon ដែល​ត្រូវ​ក្រុម​ជីហាត​សម្លាប់​នៅ​ម៉ាលី កាលពីថ្ងៃ​ទី២ វិច្ឆិកា ឆ្នាំ២០១៣ RFI
ផ្សាយពាណិជ្ជកម្ម

អ្នកកាសែត​របស់​ RFI ទាំងពីររូប គឺ​ ហ្ស៊ីសឡែន ឌុយប៉ុង និង​ខ្លូត វែរឡុង ត្រូវ​បាន​ក្រុម​ជីហាត​ចាប់ជាចំណាប់ខ្មាំង រួចហើយ​សម្លាប់​ចោល កាល​ពីថ្ងៃ​ទី២ ខែ​វិច្ឆិកា ឆ្នាំ២០១៣ នៅ​ក្នុង​ពេល​ដែល​ពួកគេ​កំពុង​យកការណ៍​នៅ​តំបន់​ប៉ែក​ខាង​ជើង​ប្រទេស​ម៉ាលី។ ហេតុការណ៍​នេះ​បាន​កើតឡើង តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​ចំណាប់ខ្មាំង​បារាំង ៤នាក់​ផ្សេងទៀត​ ត្រូវ​បាន​ក្រុម​ជីហាត​ដោះលែង។

​ក្នុងរយៈពេល​ជាច្រើន​ខែ​កន្លងទៅនេះ ការ​សង្ស័យ​បាន​កើតមាន​ឡើងខ្លាំង ​​ជុំវិញ​ទំនាក់ទំនង រវាង​ការសម្លាប់​អ្ន​កកាសែត​ទាំងពីររូប និង​​ការ​ចរចា​ដោះលែង​ចំណាប់ខ្មាំង​ ហើយ​
​ព័ត៌មាន​កាន់តែ​ច្បាស់​បញ្ជាក់​អំពី​សម្មតិកម្ម​នេះ ត្រូវ​បាន​ចុះផ្សាយ​នៅ​ក្នុង​បទយកការណ៍​ស៊ើបអង្កេត​មួយ របស់​ទូរទស្សន៍​បារាំង France 2 កាល​ពីយប់ថ្ងៃ​ព្រហស្បតិ៍។

យោងតា​ម​ព័ត៌មាន​ដែល​បាន​ពី​សក្ខីកម្ម​របស់​សមាជិក​ក្រុម​ជីហាត​ដោយ​ផ្ទាល់ ក៏ដូចជា អតីត​មន្រ្តី​ចារកិច្ច និង​មន្រ្តី​ទូត​បារាំង ការ​ដោះលែង​ចំណាប់​ខ្មាំង​បារាំង​ទាំង ៤នាក់ គឺ​កើតចេញ​ពីការ​ចរចា​ដ៏​ស្មុគស្មាញ និង​ដ៏​សែន​ចម្រូងចម្រាស់ ទម្រាំ​ឈាន​ដល់​ការ​ព្រមព្រៀង​ដោះលែង​ជាថ្នូរ​នឹង​ការ​បង់លុយ​រាប់សិបលាន​អឺរ៉ូ។ ក៏ប៉ុន្តែ ក្រុម​ជីហាត​អះអាង​ថា ក្រោយ​ពី​ដោះលែង​ចំណាប់ខ្មាំង​រួចហើយ ពួកគេ​ឃើញ​ថា លុយ​ដែល​បារាំង​បង់ជាថ្នូ​នឹង​ចំណាប់ខ្មាំង​នេះ មិនគ្រប់​ទៅតាម​ចំនួន​ដែល​បាន​ព្រមព្រៀង។ ហេតុដូ​ច្នេះហើយ​បាន​ជា​​គេ​គិត​ថា ក្រុម​ជីហាត​បានចាប់ខ្លួន​ និង​សម្លាប់​អ្នក​កាសែត RFI ទាំងពីរ​រូប ដើម្បី​ជា​ការ​សងសឹក។

រហូតមកទល់​នឹង​ពេលនេះ រដ្ឋាភិបាល​បារាំង​បាន​បដិសេធ​មិន​ព្រម​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំងអស់​ជុំវិញ​ព័ត៌មាន​នេះ ហើយ​ការ​ទាមទារ​ដោយ​ទទូច​របស់ RFI ក៏ដូចជា​​ក្រុម​គ្រួសារ​អ្ន​កកាសែត​ទាំងពីររូប ឲ្យ​រដ្ឋាភិបាល​បញ្ចេញ​ជា​សាធារណៈ​នូវ​ឯកសារ​សម្ងាត់ ទាក់ទង​នឹង​សំណុំរឿងនេះ ក៏​តែងតែ​ទទួល​បាន​នូវ​ការឆ្លើយតប​អវិជ្ជមាន។

ហេតុដូច្នេះហើយ​បាន​ជា ថ្នាក់ដឹកនាំ​វិទ្យុបារាំង​អន្តរជាតិ​បាន​ដាក់​ក្តីសង្ឃឹម​លើ​ស្ថាប័ន​តុលាការ ដោយ​បាន​ទាមទារ នៅ​ក្នុង​​​សេចក្តីថ្លែងការណ៍ចេញផ្សាយ​នៅថ្ងៃ​សុក្រ​នេះ ទាមទារ​ឲ្យ​តុលាការ​បារាំង​ធ្វើការ​ស៊ើបអង្កេត​ទៅលើ​រាល់​ព័ត៌មាន ដែល​មាន ជុំវិញ​ការ​ជាប់ទាក់ទង រវាង​ការ​សម្លាប់​អ្នក​កាសែត និង​ការ​ចរចា​បង់លុយ​ដោះលែង​ចំណាប់ខ្មាំង។

គួរបញ្ជាក់ថា ការបង់លុយ​ជា​ថ្នូរ​នឹង​ការ​ដោះលែង​ចំណាប់ខ្មាំង គឺ​ជា​នយោបាយ​ដែល​តែងទទួល​រងនូវការ​រិះគន់ ដោយសារ​តែ​គេ​គិត​ថា ធ្វើ​បែបនេះ គឺ​លើកទឹកចិត្ត​ឲ្យ​ក្រុម​ភេរវជន​យក​ការ​ចាប់ចំណាប់ខ្មាំងធ្វើ​ជា​ជំនួញ។ ហេតុដូច្នេះហើយ​បាន​ជា​ តាំងពី​ដើមរៀងមក រដ្ឋាភិបាល​បារាំង​តែងតែ​លាក់​បាំង​ការណ៍​សម្ងាត់ ជុំវិញ​ដំណើរការ​ចរចា​ដោះលែង​ចំណាប់ខ្មាំងរបស់ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ