អានតួអត្ថបទ
ចិននិង​កូរ៉េខាងត្បូង

ប៉េកាំង និង​សេអ៊ូល​ បង្ហាញ​ជំហរថា នឹង​មាន​​ទំនាក់ទំនង់​ល្អប្រសើររវាង​គ្នា​​ឡើងវិញ​

កូរ៉េខាង​ត្បូង និង​ចិន បាន​បញ្ជាក់ជំហរ​ថា​នឹង​វិលទៅរក​ទំនាក់ទំនង​ជា​ធម្មតា​ឡើង​វិញ ទៅ​លើ​ផ្នែ​ក​​ការ​ទូត សន្តិសុខ និង​ពាណិជ្ជកម្ម។ នេះ​គឺជា​លទ្ធផល​នៃការជជែក​ពិភាក្សា​គ្នា រវាង​ប្រមុខ​ការទូត​កូរ៉េ​ខាង​ត្បួង និង​អនុរដ្ឋមន្ត្រី​ការបរទេស​ចិន ដែល​បាន​ជួប​គ្នា​នៅ​ក្រុង​ប៉េកាំង នៅថ្ងៃ​ច័ន្ទ​ និង​ថ្ងៃអង្គារ៍​នេះ។ ការ​ប្រកាស​ជំហរ​ដូច្នេះ គឺ​ធ្វើ​ឡើង​នៅក្នុង​ជំនួប​៦​ភាគី ដើម្បី​ពិភាក្សា​គ្នា​ពី​វិបត្តិ​នុយក្លែអ៊ែរកូរ៉េខាង​ជើង ដែលមាន​ប្រទេស​ចិន កូរ៉េទាំងពីរ អាមេរិក រុស្ស៊ី និង​ជប៉ុន។ សូម​ជម្រាប​ថា ទំនាក់ទំនង​កូរ៉េ​ខាង​ត្បួង និង​ចិន បាន​តាន​តឹងខ្លាំង នារយៈ​ពេល​ចុង​ក្រោយ​នេះ ទាក់ទិន​នឹង​វិបត្តិ​នុយក្លែអ៊ែរកូរ៉េខាង​ជើង​​។​ ​

ប្រមុខរដ្ឋនៃប្រទេសទាំងពីរ គឺលោក ស៊ី ជីងពីង និងលោក មូន ចៃអ៊ីន នឹងត្រូវជួបពិភាក្សាគ្នា ក្នុងអំលុងជំនួបកំពូល APEC សប្តាហ៍ក្រោយ
ប្រមុខរដ្ឋនៃប្រទេសទាំងពីរ គឺលោក ស៊ី ជីងពីង និងលោក មូន ចៃអ៊ីន នឹងត្រូវជួបពិភាក្សាគ្នា ក្នុងអំលុងជំនួបកំពូល APEC សប្តាហ៍ក្រោយ @south-china-post
ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាង​ត្បូង បាន​ថ្លែង​ថា ភាគី​ចិន​និង​កូរ៉េខាង​ត្បូង ​​បាន​យល់​ស្រប​គ្នា​ ចំពោះ​ការ​រឹត​ចំណង​ទាក់ទង​​រវាង​គ្នាឲ្យ​បាន​ល្អ ដើម្បី​នាំមកនូវ​ផល​ប្រយោជន៍​រួម​ ហើយ​និង​ធ្វើ​ឲ្យ​កិច្ច​សហការប្រតិបត្តិ​​គ្នា​​ មាន​ភាព​ប្រក្រតី​ឡើងវិញ។ ភាគីការទូត​​ចិន​វិញ ថ្លែងថា ការ​ពង្រឹង​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពី​រ​ គឺ​មាន​សារៈ​សំខាន់​ណាស់។

សូម​បញ្ជាក់ថា តាំងតែពី​កូរ៉េ​ខាង​ជើងរបស់ គីម ជុងអ៊ុន ​បង្កើន​ការ​សាក​ល្បង​បាញ់​មីស៊ីល និង​ពន្លឿន​គម្រោង​ផលិត​នុយក្លែអ៊ែរមក, ទំនាក់​ទំនាក់​រវាង​ចិន​និង​កូរ៉េខាង​ត្បួង​ ក៏​បាន​ធ្លាក់​ចុះដុន​ដាប​ខ្លាំងណាស់​​​ដែរ​។ ដើម្បីសុវត្ថិភាព​ កូរ៉េ​ខាងត្បូង​ បាន​បំពាក់​ខែល​ការពារ​ប្រឆាំង​មីស៊ីល ដែល​ជួយបំពាក់​​ដោយ​អាមេរិក​ ​ជា​សម្ព័ន្ធ​មិត្ត​។​ ចំណែក​ចិនវិញ គឺ​មិន​សុខ​ចិត្ត​ទេ ព្រោះ​ចិន​គិត​ថា អាមេរិក ​ប្រើ​​គ្រឿង​ឧបករណ៍នោះ​​សម្រាប់​ស៊ើបការ​ណ៍​ពី​ប្រទេស​ចិន​ ហើយ​ម្យ៉ាង​ទៀត ខែល​ការពារ​ប្រឆាំង​មីស៊ីល​នេះ គឺ​ប៉ះពាល់​ដល់​យុទ្ធ​សាស្ត្រ​យោធា​របស់​ចិន​។ ភ្លាមៗនោះ​ ទីក្រុង​ប៉េកាំង បាន​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​​កូរ៉េខាងត្បួង គឺតាមរយៈ ការ​​​​រឹតបណ្តឹងចំពោះ​ក្រុម​ហ៊ុន​​កូរ៉េខាង​ត្បួងដែលរកស៊ីលើទឹកដី​ចិន​ ហើយ​ថែម​ទាំង​ បាន​ហាម​ឃាត់​ក្រុមហ៊ុន​ទេសចរណ៍​កូរ៉េខាង​ត្បួង មិន​ឲ្យ​នាំភ្ញៀវ​ទៅ​ប្រទេស​ចិន​ថែមទៀត​។ ការ​បណ្តឹង​ច្រកផ្លូវ​​សេដ្ឋកិច្ច​នេះ គឺ​ប៉ះពាល់​ខ្លាំងណាស់ចំពោះ​​កូរ៉េខាង​ត្បូ​ង​ ព្រោះថា ចិន​គឺជា​អ្នក​វិនិយោគទុនធំជាង​គេ​នៅ​កូរ៉េ​ខាង​ត្បូង។

នៅ​​ថ្ងៃច័ន្ទ​និង​ថ្ងៃអង្គារ៍ ដើម​សប្តាហ៍​នេះ ក្នុង​ជំនួប​​នៅទីក្រុង​ប៉េកាំង​ មន្ត្រី​ជាន់​ផ្នែក​ការ​ទូត​និង​ផ្នែក​សន្តិសុខ​របស់​ប្រទេស​ទាំងពីរ​ បាន​និយាយ​ត្រូវរ៉ូវ​​គ្នា និង​​រកច្រក​​ផ្លូវ​សហការល្អ​ជាមួយ​គ្នា​ឡើងវិញ។ តែ​យ៉ាងណា​ក៏ដោយ ចិន​ នៅតែ​​ស្នើ​ឲ្យ​កូរ៉េខាង​ត្បូង​បញ្ជាក់​ជំហរ​សម​ស្រប​មួយចំពោះ​រឿង​បំពាក់​ខែល​ប្រឆាំង​មីស៊ីល ហើយ​នឹងត្រូវ​ចេះ​​គ្រប់​គ្រងស្ថានការណ៍​ដោយ​មា​នភាព​បត់​បែន។​

​ចិន​និង​កូរ៉េខាង​ត្បួង អាច​នឹងប្រកាស​​បញ្ជាក់កាន់​តែ​ច្បាស់​ពី​ជំហរ​ទំនាក់ទំនង​របស់ខ្លួន នៅ​សប្តាហ៍ក្រោយនេះ​​។ តាម​ការ​ប្រកាស​របស់​វិមានប្រធានាធិបតី​កូរ៉េខាង​ត្បួង, ប្រមុខ​រដ្ឋនៃប្រទេស​ទាំង​ពីរ គឺ​លោក ស៊ី ជីង​ពីង និង​លោក មូន ចៃអ៊ីន នឹង​ត្រូវ​​ជួប​ពិភាក្សា​គ្នា ក្នុងអំលុង​​ជំនួប​កំពូល​នៃ​សហប្រតិបត្តិ​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វីក ហៅកាត់ថា APEC ដែលនឹង​​ធ្វើ​ឡើង នៅថ្ងៃទី​១០និង១១វិច្ឆិកា នៅ​ខេត្ត​ដាណាង ប្រទេស​វៀតណាម​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ