អានតួអត្ថបទ
សិង្ហបុរី

អង្គការ​សិទ្ធិមនុស្ស​ព្រមាន​ពី​ការ​កើនឡើង​នៃ​ការ​ស្អប់​ជនបរទេស​នៅ​សិង្ហបុរី

អង្គការ​ការពារសិទ្ធិមនុស្ស​ធំៗ នៅ​ក្នុង​ប្រទេស​សិង្ហបុរី បាន​ចេញ​សេចក្តីថ្លែងការណ៍​រួមគ្នា​មួយ នៅថ្ងៃ​ពុធ​នេះ ដោយ​បាន​ទាញ​សញ្ញា​អាសន្ន អំពី​ការ​កើនឡើង នៃ​ការ​វាយប្រហារ​ដោយ​ពាក្យសម្តី ក្នុង​លក្ខណៈ​រើសអើង​ប្រកាន់​ពូជសាសន៍ ទៅលើ​ជនបរទេស ដែល​កំពុង​រស់នៅក្នុង​ប្រទេស​សិង្ហបុរី។ ការវាយប្រហារ​ដោយ​ពាក្យសម្តី​ ដែល​​ច្រើន​កើតមាន​ឡើង តាម​បណ្តាញ​សង្គម។

ប៉ូលិស​​និង​ពលករ​បរទេស​ប៉ះទង្គិច​គ្នា​យ៉ាង​ហិង្សា​នៅសិង្ហបុរី កាលពី​យប់​ថ្ងៃទី ៨ ធ្នូ ២០១៣ (រូបថតឯកសារ)
ប៉ូលិស​​និង​ពលករ​បរទេស​ប៉ះទង្គិច​គ្នា​យ៉ាង​ហិង្សា​នៅសិង្ហបុរី កាលពី​យប់​ថ្ងៃទី ៨ ធ្នូ ២០១៣ (រូបថតឯកសារ) © Reuters
ផ្សាយពាណិជ្ជកម្ម

ភស្តុតាងជាច្រើន​បង្ហាញ​ឲ្យឃើញថា ការ​ប្រើពាក្យសម្តី​ ក្នុងលក្ខណៈ​រើសអើង​ប្រកាន់​ពូជសាសន៍ បាន​កើត​មាន​ឡើង​យ៉ាងទូលំទូលាយ ដើម្បី​វាយប្រហារ​ទៅលើ​ជនបរទេស ដែល​កំពុងរស់នៅ និង​ធ្វើការ នៅ​ក្នុង​ប្រទេស​សិង្ហបុរី។ នេះ​គឺ​ជា​អ្វី​ដែល​បាន​លើកឡើង នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម ចេញផ្សាយ នៅថ្ងៃ​ពុធ​នេះ ដោយ​អង្គការ​សិទ្ធិមនុស្ស​ឯករាជ្យ ចំនួន ១២ នៅ​ក្នុង​ប្រទេស​សិង្ហបុរី ដោយ​បាន​គូសបញ្ជាក់​បន្ថែម​ផងដែរ​ថា អ្វី​ដែល​ធ្វើ​ឲ្យ​គេ​ត្រូវ​ទាញសញ្ញា​អាសន្ននោះ គឺ​និន្នាការ​នៃ​ការ​រើសអើង​ប្រកាន់​ពូជសាសន៍ និង​ការ​ស្អប់បរទេស​នេះ កំពុងតែ​កើនឡើង​យ៉ាង​ខ្លាំង​គួរ​ឲ្យ​ព្រួយបារម្ភ។

ការវាយប្រហារ​ដោយ​ពាក្យសម្តី​អស់ទាំងនេះ ច្រើន​ត្រូវ​បាន​គេ​ចុះផ្សាយ​ក្នុងលក្ខណៈ​អនាមិក នៅលើ​បណ្តាញ​សង្គម ដូចជា Facebook ជាដើម ដោយ​ធ្វើការ​​ស្តីបន្ទោស​ដល់​ជនបរទេស​ថា​ជា​អ្នកបង្ក​ឲ្យ​មាន​បញ្ហា​សង្គម​ នៅ​ក្នុង​ប្រទេស​សិង្ហបុរី។

សេចក្តីថ្លែងការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស​នេះ​ត្រូវ​បាន​ចេញផ្សាយ​តែមួយថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​​គម្រោង​ពិធី​អបអរ​បុណ្យ​ខួប​ឯករាជ្យ​ហ្វីលីពីន នៅ​កណ្តាល​ក្រុង​សិង្ហបុរី ដែល​ ពលករ​ចំណាកស្រុក​មក​ពី​ហ្វីលីពីន​​គ្រោង​ធ្វើ​នៅថ្ងៃ​ទី៨​មិថុនា​ខាងមុខ ត្រូវបាន​គេ​លុបចោល​ទៅវិញ ដោយសារ​តែ​មាន​ការ​បរិហារ​រិះគន់​ខ្លាំងៗ នៅ​លើ​បណ្តាញ​សង្គម។

ពលករ​ចំណាកស្រុក​មក​ពី​អាស៊ី​ខាងត្បូង​ក៏​ត្រូវទទួល​រងនូវការ​វាយប្រហារ និង​ប្រមាថ​មើល​ងាយ​យ៉ាង​ខ្លាំង​ដែរ ក្រោយ​ពី​មាន​អំពើ​កុប្បកម្ម នៅ​សង្កាត់​ឥណ្ឌា កាល​ពី​ខែ​ធ្នូ​កន្លងទៅ។

គួរបញ្ជាក់ថា នៅ​ក្នុង​ចំណោម​ប្រជាជន​សរុប​របស់​សិង្ហបុរី ទាំង ៥លាន ៤សែន​នាក់ មាន​ប្រមាណ​ជា ១លាន ៥សែន​នាក់ ពោលគឺ ជិត ៣០% គឺ​ជា​ជន​បរទេស ក្នុងនោះ ភាគច្រើន​ជា​ពលករ​ចំណាកស្រុក​មក​ពី​​ប្រទេស​​ក្នុង​តំបន់​អាស៊ី ដែល​ធ្វើការ​តាម​ការដ្ឋាន​សំណង់ ឬ​ជា​អ្នក​បម្រើ​ក្នុង​ផ្ទះ។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍ នៅ​ថ្ងៃ​ពុធ​នេះ អង្គការ​សិទ្ធិមនុស្ស​ឯករាជ្យ​ទាំង​១២​របស់​សិង្ហបុរី​ ក៏​បាន​លើកឡើងផងដែរ​ថា រដ្ឋាភិបាល​សិង្ហបុរី​ត្រូវ​មាន​ចំណែក​ទទួលខុសត្រូវ ចំពោះ​ការ​កើនឡើង​នៃ​ចលនា​រើសអើង​ប្រកាន់​ពូជសាសន៍ និង​ការ​ស្អប់​ជនបរទេស​នេះ ហើយ​ថា ទៅថ្ងៃ​ខាងមុខ​ ចលនា​រើសអើង​ប្រកាន់​ពូជសាសន៍​នេះ​មិនមែន​កើតមាន​តែ​ទៅលើ​ជនបរទេស​ប៉ុណ្ណោះទេ ក៏ប៉ុន្តែ ជនជាតិ​ភាគតិច ដែល​មាន​សញ្ជាតិ​សិង្ហបុរី​រួចទៅហើយ​ក៏​អាច​នឹង​ក្លាយ​ទៅជា​ជនរងគ្រោះ​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ