អានតួអត្ថបទ
នាទី​យល់ដឹង​អំពី​ច្បាប់ និង​ជំនួញ

សិទ្ធិ​និង​ករណីយកិច្ច​នៃ​ម្ចាស់ដី​ដែល​មាន​ព្រំប្រទល់​ជាប់គ្នា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពាក្យ​ចាស់​លោក​ថា “អ្នកជិតខាង​ ភូមិផង របង​ជាមួយ” ត្រូវ​ចេះ​រាប់អាន អត់អាស្រ័យ​គ្នា និង​ជួយ​យក​អាសារគ្នា។ ក៏ប៉ុន្តែ ពេលខ្លះ រឿង​ “របងជាមួយ​” នេះ ក៏​អាច​បង្ក​ជា​ជម្លោះ​​ដែរ។ ច្បាប់ភូមិបាល​ខ្មែរ និង​ក្រម​រដ្ឋប្បវេណី​ថ្មី ដែល​ទើប​នឹង​ចូល​ជា​ធរមាន​ នាពេល​ថ្មីៗ​នេះ មាន​ចែង​អំពី​វិធាន ដែល​ត្រូវ​អនុវត្ត ដើម្បី​បង្ការ និង​ដោះស្រាយ​វិវាទ។

ម្ចាស់ដី​លើ​ដែល​នៅ​ជាប់​ផ្លូវទឹក​មាន​ករណីយកិច្ច​ទុក​ទឹក​ឲ្យ​ហូរ​តាម​ធម្មជាតិ​ ដើម្បី​ឲ្យ​ម្ចាស់ដី​ក្រោម​អាច​យក​ទៅ​ប្រើប្រាស់​តាម​តម្រូវការ​កសិកម្ម
ម្ចាស់ដី​លើ​ដែល​នៅ​ជាប់​ផ្លូវទឹក​មាន​ករណីយកិច្ច​ទុក​ទឹក​ឲ្យ​ហូរ​តាម​ធម្មជាតិ​ ដើម្បី​ឲ្យ​ម្ចាស់ដី​ក្រោម​អាច​យក​ទៅ​ប្រើប្រាស់​តាម​តម្រូវការ​កសិកម្ម
ផ្សាយពាណិជ្ជកម្ម

តាមច្បាប់ របងដែល​ធ្វើ​ពីលើ​ព្រំ​ប្រទល់​ដី៖ តើ​ត្រូវ​​ជា​កម្មសិទ្ធិ​របស់​អ្នកណា? អ្នកណា​ជា​អ្នក​ទទួលបន្ទុក​សាងសង់ ថែ​ទាំ និង​ជួសជុល​របង​ហ្នឹង?

ជាគោលការណ៍ កំពែង (​រួមមាន​ទាំង​របងផង) ​ដែល​នៅ​ត្រង់​ព្រំប្រទល់ដី គឺជា​កម្មសិទ្ធិរួម​របស់​ម្ចាស់ដី​ទាំង​សងខាង (តាមភាសាច្បាប់​គេហៅថា របង​អឌ្ឍសិទ្ធិ)។ ក្នុងករណីនេះ ម្ចាស់ដី​ទាំង​សងខាង​ត្រូវ​ទទួលបន្ទុក​ចំណាយ​ក្នុង​ការ​សង់ ជួសជុល ថែទាំ ចាត់ចែង និង​ប្រើប្រាស់​​របង​នេះ​​​​រួមគ្នា។

មាត្រា ២២៣ នៃក្រម​រដ្ឋប្បវេណី៖ “កំពែង​ទាំងអស់​ដែល​នៅ​ត្រង់ព្រំខ័ណ្ឌ​អចលនវត្ថុ ត្រូវ​សន្មត់ថា ជា​វត្ថុអឌ្ឍសិទ្ធិ​របស់​កម្មសិទ្ធិករ​នៃ​អចលនវត្ថុ​នីមួយ”។

​ម្ចាស់ដី​ម្ខាង​អាច​ដកខ្លួន​ពី​ការ​ទទួល​បន្ទុក​​ចំណាយ​ខាងលើ​នេះ​បាន ក៏ប៉ុន្តែ ត្រូវ​បោះបង់​អឌ្ឍសិទ្ធិ​របស់​ខ្លួន (មាត្រា ២២៤)។ ក្នុងករណីនេះ ម្ចាស់ដី​ម្ខាង​ទៀត ដែល​ជា​អ្នក​ទទួលបន្ទុក​ចំណាយ​តែ​ម្នាក់ឯង​ ​លើ​ការ​សាងសង់ ជួសជុល និង​ថែទាំ​របង​​ គឺ​ជា​ម្ចាស់កម្មសិទ្ធិ​ដោយ​ផ្តាច់​មុខ​លើ​របង​នេះ។ គាត់​អាច​ប្រើប្រាស់​ ​​កែប្រែ ឬ​រុះរើ​របង​នេះ​បាន ដោយ​មិនចាំបាច់​មាន​​ការ​ឯកភាព​ពី​ម្ចាស់ដី​ម្ខាងទៀត​ទេ។

 នៅ​ក្នុង​ករណីនេះ តើ​ម្ចាស់ដីម្ខាង អាច​ជំទាស់​មិន​ឲ្យ​ម្ចាស់ដី​ម្ខាងទៀត សង់​របង​នៅលើ​ព្រំដី​បាន​ដែរ​ឬទេ?

បើ​សិន​ជា​របងនេះ ​សង់​ត្រឹមតែ​ក្នុង​ដី​គេ ឬ​ត្រឹម​តែ​ពីលើ​ព្រំប្រទល់ដី ដោយ​មិន​មាន​លយចូល​មក​ក្នុង​ដី​របស់​គាត់ទេ ម្ចាស់ដី​ជិតខាង​នេះ​​មិន​អាច​ជំទាស់​នឹង​ការ​សាងសង់​នេះ​បានទេ។

លើសពីនេះ​ទៅទៀត​ ​នៅ​ក្នុង​ការ​សាងសង់ ថែទាំ ឬ​ជួសជុល​របង​នេះ ម្ចាស់របង​មាន​សិទ្ធិ​​​ទាមទារ​ប្រើ​ដី​អ្នកជិតខាង​​បាន​ ក្នុង​ទំហំ​មួយ​ដែល​ចាំបាច់ ដោយ​គ្រាន់តែ​​ត្រូវ​សង​សំណង​ខូចខាត​ទៅ​ម្ចាស់ដី​ជិត​ខាង បើសិន​ជា​​​មាន​ការ​ខូចខាត​អ្វីមួយ​ (ដូចជា បាក់ដី ខូងដី បាក់ដើមឈើ ឬ​ខូចខាត​ដំណាំ ជាដើម)។

មាត្រា ១៤៣៖ “កម្មសិទ្ធិករ​នៃ​ដីអាច​ទាមទារ​ប្រើ​ដី​ដែល​ជាប់គ្នា​បាន ក្នុង​ទំហំ​ចាំបាច់ ដើម្បី​ធ្វើ​របង ឬ​សង់សំណង់ ឬ​ជួសជុល​របស់​ទាំងពីរនេះ នៅ​ព្រំប្រទល់ដី ឬ​នៅក្បែរ​ព្រំប្រទល់​នោះ។ ប្រសិនបើ​អ្នកជិតខាង​ទទួលការ​ខូច​ខាត ដោយសារ​ការ​សងសង់ ឬ​ជួសជុលនេះ កម្មសិទ្ធិករ​នៃដី​ត្រូវ​បង់​ប្រាក់​សំណង”។

ក្នុងករណី ដែល​របង​សង់​រួចរាល់​ហើយ តើ​ម្ចាស់ដី​ជិតខាង ដែល​មិន​បាន​សហការ​សង់​ អាច​ទាមទារ​ឲ្យ​ដាក់​របងនេះ​ជាកម្មសិទ្ធិរួម​វិញ​បានដែរ​ឬទេ?
 
មាត្រា ២២៥៖ “កម្មសិទ្ធិករ​ដែល​មាន​អចលនវត្ថុ​ជាប់​នឹង​កំពែង​ ក្រៅពី​ជញ្ជាំង​ ដែល​មិនមែន​ជា​វត្ថុ​អឌ្ឍសិទ្ធិ មិនអាច​ទាមទារ​ឲ្យ​កម្មសិទ្ធិករ​នៃ​កំពែងនោះ​ធ្វើជា​វត្ថុ​អឌ្ឍសិទ្ធិ​បានឡើយ”។

ដូច្នេះ តាមន័យនេះ ម្ចាស់ដី​ជិតខាង ដែល​មិន​បាន​សហការ​សង់​របង មិន​អាច​ទាមទារ​ឲ្យ​ដាក់​របង​នេះ​ជា​​កម្មសិទ្ធិ​រួម (វត្ថុ​អឌ្ឍសិទ្ធិ) ​បានទេ។

វាខុស​ពី​ករណី​ជញ្ជាំង ឧទាហរណ៍ ដូចជា​ក្នុង​ករណី​​ជញ្ជាំង​ផ្ទះ​ល្វែង​ ជាដើម។ ក្នុង​ករណីនេះ ប្រសិន​បើ​ម្ចាស់​ដី​ម្ខាង​បាន​សង់​ផ្ទះរបស់​គាត់​រួចហើយ ដោយ​​ជញ្ជាំង​ផ្ទះ​នេះ​ស្ថិត​នៅជាប់​នឹង​​​ព្រំ​ប្រទល់ដី។ ​ក្រោយ​មក ​ម្ចាស់ដី​ម្ខាងទៀត​ចង់​សង់​ផ្ទះ​ល្វែងមួយ​ដែរ​ គាត់​អាច​​ទាមទារ​​​យក​ជញ្ជាំង​ផ្ទះ​អ្នកជិតខាង​របស់​គាត់​មក​ធ្វើ​ជា​ជញ្ជាំង​រួម​បាន (មានន័យថា​ជា​ជញ្ជាំង​អឌ្ឍសិទ្ធិ)។ ប៉ុន្តែ គាត់​ត្រូវ​បង់ទៅ​ឲ្យ​ម្ចាស់ជញ្ជាំង​នូវ​ចំណែក​ពាក់កណ្តាល​នៃ​ថ្លៃ​ជញ្ជាំង បូកជាមួយ​នឹង​ពាក់​កណ្តាល​នៃ​ថ្លៃដី ដែល​​នៅ​ក្រោម​ជញ្ជាំង​នោះ។

មាត្រា ២២០៖ “កម្មសិទ្ធិករ​នៃ​ដី​ដែល​ជាប់នឹង​ជញ្ជាំង អាច​ធ្វើ​ជញ្ជាំងនោះ​ឲ្យ​ទៅ​ជា​ជញ្ជាំង​អឌ្ឍសិទ្ធិ​បាន ដោយ​ចេញ​ពាក់កណ្តាល​នៃ​ថ្លៃ​ជញ្ជាំង​នោះ និង​ពាក់កណ្តាល​នៃ​ថ្លៃដី​ដែល​សង់ជញ្ជាំង​ពីលើ​នោះ”។

និយាយ​ពី​ដើមឈើ​ដែល​ដាំ​នៅ​ក្បែរ​ព្រំដីវិញ។ ដើមឈើ ដែល​ដាំ​នៅ​ក្នុង​ដីម្ខាង ហើយ​មែក ឬ​ក៏​ឫសឈើ​នោះ​ឆ្លង​ទៅ​ដី​ម្ខាង​ទៀត តើម្ចាស់ដី​នោះ​មាន​សិទ្ធិ​​កាប់​មែក ឬ​ឫសឈើ​ដែល​ឆ្លង​ទៅនោះ​បាន​ដែរ​ឬទេ?

ក្នុងករណី​នេះ ម្ចាស់ដី​ជិតខាង​នោះ​អាច​​យក​ផល​ពីមែកឈើ ឬឫសឈើ​នោះ​ក៏បាន (ដូចជា​ អាច​បេះផ្លែ​ពី​មែក​ឈើ ដែល​ឆ្លង​ចូល​ទៅ​ដី​របស់​គាត់នោះ) ហើយ​​​អាច​​កាប់​មែកឈើ ឬ​ឫសឈើ​ដែល​លយ​​ចូល​នោះចោល​ក៏​​បាន។

មាត្រា ១៤២៖ “នៅពេល​ដែល​មែកឈើ ឬ​ឫសឈើនៃ​ដីជិតខាង​ បាន​លយចូល​មក​ដី​របស់​ខ្លួន កម្មសិទ្ធិករ​នៃ​ដី​អាច​យក​ផលពី​មែកឈើ ឬ​ឫសឈើ​នោះ ឬ​កាប់មែកឈើ ឬឫសឈើ​នោះ​បាន”។

ម្យ៉ាងទៀត បើសិន​ជា​ដើមឈើ​នោះ​ដាំ​ក្បែរ​ព្រំ​ប្រទល់​ដី​ពេក ដោយ​មិន​គោរព​តាម​ចម្ងាយ​ដែល​កំណត់​ដោយ​ច្បាប់ ម្ចាស់ដី​ជិតខាង​អាច​ទាមទារ​ឲ្យម្ចាស់ដើមឈើ កាប់​ដើមឈើ​នោះ​ចោលបាន។

ចម្ងាយ​ដើមឈើ​ពី​ព្រំប្រទល់​ដី ដែល​បាន​កំណត់​​ក្នុង​មាត្រា ១៥៤ នៃ​ក្រម​រដ្ឋប្បវេណី គឺ យ៉ាងតិច ២ម៉ែត្រ ពី​ព្រំប្រទល់ដី បើសិន​ជា​ដើមឈើនោះ​មាន​កម្ពស់​លើស​ពី ២ម៉ែត្រ។
 
មាត្រា ១៥៤៖ “​កម្មសិទ្ធិករ​នៃ​ដី​មិនអាច​ដាំដើមឈើ គុម្ពោត ឬ​ចុល្លព្រឹក្ស​ដែល​មាន​កម្ពស់​លើសពី ២ម៉ែត្រ ក្នុង​ចម្ងាយ ២ម៉ែត្រ ពី​ព្រំប្រទល់​ដី​អ្នក​ជិតខាង​បាន​ឡើយ។ ក្នុងករណី​ដែល​ធ្វើ​ផ្ទុយ​ពី​បញ្ញត្តិ​នេះ កម្មសិទ្ធិករ​នេះ​មាន​ករណីយកិច្ច​ដកចេញ តាមការ​ទាមទារ​របស់​កម្មសិទ្ធិករ​នៃ​ដីជិតខាង”។
 
គួរ​បញ្ជាក់​បន្ថែម​ថា ឲ្យ​តែ​ដើមឈើ​នោះ​កម្ពស់​លើស​ពី ២ម៉ែត្រ ហើយ​ដាំ​តិច​ជាង ២ម៉ែត្រ​ពីព្រំប្រទល់​ដី ទោះបី​មិនមាន​មែកឈើ ឬក៏​ឫសឈើ​លយចូល​ទៅ​ដី​អ្នក​ជិតខាង​ក៏ដោយ ក៏​ម្ចាស់ដី​ជិតខាង​អាច​ទាមទារ​ឲ្យ​កាប់​ដើមឈើ​នេះ​ចោល​បាន​ដែរ។
 
ចុះចំពោះ​ម្ចាស់ដី ដែល​ចង់​ដាំដើមឈើ​នៅពីលើ​ព្រំប្រទល់ដី ដើម្បី​ធ្វើ​ជា​របង​តែម្តង តើ​អាច​ធ្វើ​បាន​ដែរ​ឬទេ?
 
អាច​ធ្វើ​ទៅ​បាន ឲ្យ​តែ​ដើមឈើ​នោះ​មាន​កម្ពស់​មិន​លើស​ពី ២ម៉ែត្រ! ប្រសិន​បើ​ដើមឈើ​ នោះ​ ​មាន​កម្ពស់​លើសពី ២ម៉ែត្រ​ ក៏ប៉ុន្តែ ម្ចាស់ដី​ទាំង​សងខាង​​ព្រមព្រៀងគ្នា​​ឲ្យ​ដាំ​ធ្វើជា​របង គឺ​អាច​ដាំបាន។

គួរ​បញ្ជាក់​​ថា ​គោលដៅ​នៃ​ច្បាប់​រដ្ឋប្បវេណី មិនមែន​ចែង​ជា​បម្រាម​ដាច់ខាតទេ ប៉ុន្តែ​​ចែង ដើម្បី​បង្ការ និង​ដោះស្រាយ​វិវាទ។ បើសិន​ជា​​​ម្ចាស់ដី​ទាំង​សងខាង​​​រស់នៅ​សុខស្រួល​​នឹង​គ្នា ធ្វើ​អ្វី​​ដោយ​មាន​ការ​ព្រមព្រៀងគ្នា ក៏​គ្មាន​អ្នកណា​មក​ចាប់បង្ខំ​ឲ្យ​ត្រូវ​តែ​ធ្វើ​តាម​អ្វី​ដែល​មាន​ចែង​ក្នុង​រដ្ឋប្បវេណី​នោះ​ដែរ។ ក៏ប៉ុន្តែ តែកាលណា​មាន​វិវាទ​នឹង​គ្នា មិនអាច​ស្រុះស្រួល​គ្នា​ទេ គេ​ត្រូវ​យក​ច្បាប់​រដ្ឋប្បវេណី​នេះ​មក​ធ្វើ​ជាគោល​ក្នុងការ​ដោះស្រាយ។

ចំពោះ​ដី​បិទជិត​ ដែល​មិនមាន​ច្រកចេញចូល​ទៅ​ផ្លូវ​សាធារណៈតើ​ម្ចាស់​ដី​នោះ​មាន​សិទ្ធិ​ទាមទារ​​ឲ្យ​ម្ចាស់ដី​​ដែល​នៅ​ជុំវិញ បើកច្រក​ចេញចូល​ទៅ​ផ្លូវ​សាធារណៈ​ដែរ​ឬទេ?

ទោះបីជា​ដីភូមិ​សម្រាប់​រស់នៅ​ក៏ដោយ ដី​សម្រាប់​ប្រកប​របរ​កសិកម្ម ឬ​ឧស្សាហកម្ម​ក៏ដោយ បើសិន​ជា​ដីនោះ​​ត្រូវ​ព័ទ្ធ​ជុំជិត ​​មិនមាន​ច្រក​ចេញចូល​ទៅ​ផ្លូវ​សាធារណៈ​ទេ ឬ​​មាន​ដែរ ប៉ុន្តែ ច្រក​ចេញចូលនោះ​វា​តូច​ចង្អៀតពេក ឬ​ក៏​វា​មាន​ឧបសគ្គ មិន​អាច​ចេញចូល ដើម្បី​​​ប្រើប្រាស់​ដីនោះ សម្រាប់​រស់នៅ ឬ​សម្រាប់​​ធ្វើ​កសិកម្ម ឬ​ឧស្សាហកម្ម​ទេ ម្ចាស់ដី​​បិទជិត​នោះ​មាន​សិទ្ធិ​ទាមទារ​ឲ្យ​បើក​ច្រកចេញចូល ឆ្លងកាត់​ដី​ជិតខាង​បាន ប៉ុន្តែ ត្រូវ​បង់ប្រាក់​សំណង​ទៅតាម​ការ​ខូចខាត ដោយសារ​ការ​ឆ្លងកាត់នោះ។

ការ​បើកច្រកចេញចូលនេះ ត្រូវ​ធ្វើ​នៅ​កន្លែងណា ដែល​បង្ក​ការ​ខូចខាត​តិច​បំផុត​ដល់​ម្ចាស់ដី​ជិតខាង​​ ដែល​ត្រូវ​ឆ្លងកាត់ ហើយ​ត្រូវ​បើក​​ទៅតាម​ទិសណា ដែល​មាន​ចម្ងាយ​ជិត​បំផុត ពី​ដីបិទជិត ទៅ​ផ្លូវ​សាធារណៈ។ ​

មាត្រា ១៤៤៖
“១-ដីដែលព័ទ្ធ​ជុំវិញ​ដោយដី​របស់​អ្នក​ដទៃ ហើយ​គ្មាន​ច្រក​ចេញ​ទៅផ្លូវ​សាធារណៈ និង​ដី​ដែល​មាន​ច្រកចេញ​នោះ មិនគ្រប់គ្រាន់ ហើយ​មាន​ឧបសគ្គ​ដ៏​ខ្លាំង ដើម្បី​ប្រើប្រាស់​ដីនោះ សម្រាប់​ការ​ធ្វើកសិកម្ម ឬ​ឧស្សាហកម្ម ហៅថា ដីបិទជិត។
“២-កម្មសិទ្ធិករ​នៃ​ដី​បិទជិត មានសិទ្ធិ​ស្នើសុំ​ឆ្លងកាត់ដី​អ្នក​ជិតខាង​បាន ដោយ​បង់​ប្រាក់​សំណង តាម​ការ​ខូចខាត ដោយសារ​ការឆ្លងកាត់នោះ។
“៣-ជាគោលការណ៍ សិទ្ធិឆ្លងកាត់នេះ ត្រូវ​រៀបចំ​តាម​ទិស ឬ​ផ្លូវ​ដែល​មាន​ចម្ងាយ​ជិត​បំផុត ពីដី​បិទជិត ទៅ​ផ្លូវ​សាធារណៈ។ ទោះបីជា​មាន​បញ្ញត្តិ​នៃ​វាក្យខណ្ឌ​ទី១ នៃ​កថាខណ្ឌ​នៃ​ក៏ដោយ សិទ្ធិ​ឆ្លងកាត់​នេះ​ត្រូវតែ​រៀបចំ​នៅកន្លែងណា ដែលមាន​ការខូចខាត​តិចបំផុត សម្រាប់​កម្មសិទ្ធិករ​នៃ​ដី​ដែល​ទទួល​បន្ទុក​ឲ្យ​ឆ្លងកាត់នោះ”។

តើ​ម្ចាស់ដី​លើ មាន​សិទ្ធិ​ធ្វើ​ទំនប់​ទប់ទឹក​មិន​ឲ្យ​ហូរ​ទៅ​ដី​ក្រោម​ដែរ​ឬទេ?
 
ម្ចាស់ដី ដែល​នៅ​ជាប់នឹង​ផ្លូវ​ទឹកហូរ មិនអាច​ធ្វើ​ទំនប់​ទប់ទឹក​នេះ​ប្រើ​តែម្នាក់​ឯង​បានទេ។ គាត់​មាន​ករណីយកិច្ច​ទុក​ឲ្យ​ទឹក​ហូរ​ទៅ​ដី​អ្នក​ជិតខាងដែល​នៅ​ខាងក្រោម ទៅតាម​តម្រូវការ​សម្រាប់​ប្រកប​របរ​កសិកម្ម។ ហើយ​ម្ចាស់ដី​ក្រោម ដែល​នៅ​ជាប់នេះ ក៏​ត្រូវ​មាន​ករណីយកិច្ច​ដូចគ្នា​អ៊ីចឹង​ដែរ ចំពោះ​ម្ចាស់ដី ដែល​នៅ​បន្ទាប់ៗ​ទៅទៀត។

ករណី​មិនមាន​ផ្លូវ​នាំទឹក​ពី​ប្រភពទឹក​ធម្មជាតិ​​ទៅ​ដីក្រោម។ ឧទាហរណ៍​ថា នៅ​ខាងលើ​មាន​បឹង​ធម្មជាតិ​មួយ។ ម្ចាស់ដី​នៅ​ខាងក្រោម​ត្រូវការ​ទឹក ដើម្បី​ធ្វើ​ស្រែ ឬ​ធ្វើ​ចម្ការ ក៏ប៉ុន្តែ មិនមាន​ប្រឡាយ ឬ​ផ្លូវ​ទឹកណាមួយ​នាំ​ទឹក​ពី​បឹង​នោះ​ មក​ដី​គាត់ទេ។ ហើយ​នៅ​​ចន្លោះ​ពី​បឹង មក​​ដី​របស់​​គាត់ សុទ្ធតែ​ជា​​ដី​របស់​​ម្ចាស់ផ្សេង។ ក្នុងករណី​នេះ ម្ចាស់ដី​ក្រោម អាច​ទាមទារ​សុំ​ធ្វើ​ប្រឡាយ ឬ​ផ្លូវទឹក​ផ្សេងទៀត ឆ្លងកាត់​ដីលើ​នេះ​បាន ដើម្បី​យក​ទឹក​ពី​បឹង​មក​ប្រើប្រាស់ ប៉ុន្តែ ត្រូវ​បង់ប្រាក់​សំណង​ខូចខាត​ដល់​ម្ចាស់ដី​លើ ដែល​ត្រូវ​ឆ្លងកាត់​។

មាត្រា ១៤៧៖ “កម្មសិទ្ធិករ​នៃ​ដី​ដែល​ស្ថិត​នៅ​ជាប់​ផ្លូវ​ទឹកហូរ មាន​ករណីយកិច្ច​ទុក​ឲ្យ​ទឹក​ហូរ​ទៅ​លើ​ដី​អ្នក​ជិតខាង​ តាម​តម្រូវការ​នៃ​កសិកម្ម ហើយ​កម្មសិទ្ធិករ​នៃ​ដីជិត​ខាង​​ក៏​មាន​ករណីយកិច្ច​ដូចគ្នាដែរ ដោយ​យោគយល់​ចំពោះ​ដី​ដែល​នៅ​ឆ្ងាយ​ទៀត”។
 
មាត្រា ១៤៨៖ “​កម្មសិទ្ធិករ​ដែល​ចង់​ឲ្យ​ទឹក​ដែល​ខ្លួន​មាន​សិទ្ធិ​ប្រើប្រាស់​ ដើម្បី​ស្រោចស្រព​ដី​របស់​ខ្លួន អាច​ធ្វើ និង​រក្សា​ទុក​នូវ​ផ្លូវទឹក​ឆ្លងកាត់​ដី​ដែល​ស្ថិត​នៅ​ចន្លោះ​ប្រភព​ទឹក​និង​ដី​របស់​ខ្លួន​បាន ដោយ​បង់ប្រាក់​សំណង​នៃការ​ខូចខាត​ដល់​កម្មសិទ្ធិករ​នៃ​ដី​ដែល​ត្រូវ​ឆ្លងកាត់​នោះ”។

នៅ​ក្នុង​ករណី​មាន​ទឹក​​ពី​ធម្មជាតិ​ច្រើន​ហួស​ពី​តម្រូវការ (ដែល​អាច​បណ្តាល​ឲ្យ​ជនលិច​ដី) ម្ចាស់ដី​ក្រោម​​​មាន​ករណីយកិច្ច​ទទួលទឹកហូរ​តាម​ធម្មជាតិ​​ពី​ដីលើ​​ ដោយ​​មិន​អាច​ធ្វើ​ទំនប់ ឬ​ក៏​លើក​ភ្លឺ ទប់ទឹក​មិន​ឲ្យ​ហូរ​ បណ្តាល​​ឲ្យ​ទឹក​ចាល់​​ជន់​លិច​ដី​​​លើ​បាន​ទេ។ ​ម្ចាស់ដី​លើ​ក៏​មិន​អាច​​ជីក​ប្រឡាយ ឬ​ក៏​ធ្វើ​អ្វី​ផ្សេងទៀត​ឲ្យ​លើស​ពី​លក្ខណៈ​ធម្មជាតិ ដើម្បី​បណ្តោះទឹក​ពី​ដី​​របស់​ខ្លួន​​​ឲ្យ​ហូរ​​ទៅ​ជន់​លិច​ដី​ខាងក្រោម​បានដែរ គឺ​ត្រូវ​ទុក​ឲ្យ​ទឹក​ហូរ​ទៅតាម​ធម្មជាតិ។

មាត្រា ១៤៥៖ “​កម្មសិទ្ធិករ​នៃ​ដីក្រោម​មាន​ករណីយកិច្ច​ទទួល​ទឹក​ដែល​ហូរ​តាម​ធម្មជាតិ​ពី​ដីលើ។ កម្មសិទ្ធិករ​នៃ​ដីក្រោម​មិន​អាច​លើក​ទំនប់ ភ្លឺ របាំង ឬ​ការ្យ​ផ្សេងទៀត​ទប់​មិន​ឲ្យ​ទឹក​ហូរ​បានឡើយ។ កម្មសិទ្ធិករនៃ​ដីលើ​មិន​អាច​ធ្វើ​អំពើ​អ្វី​បន្ថែម​បន្ទុក​របស់​កម្មសិទ្ធិករ​នៃ​ដីក្រោបានឡើយ”។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ