អានតួអត្ថបទ
នាទី​យល់ដឹង​អំពី​ច្បាប់ និង​ជំនួញ

អាណិកជន​ខ្មែរ​នៅ​បរទេស​មាន​សិទ្ធិ​អ្វី​ខ្លះ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុងនាទី​យល់ដឹង​អំពីច្បាប់​ថ្ងៃ​នេះ សេង ឌីណា សូមលើក​យក​​បញ្ហា​ជុំវិញ​ពលរដ្ឋ​ខ្មែរ​ដែល​មាន​សញ្ជាតិ​ពីរមក​ជម្រាប​ជូនលោក​អ្នកស្តាប់។ តើ​ជនជាតិខ្មែរ​ដែល​ទទួល​បាន​សញ្ជាតិ​បរទេស នៅមានសិទ្ធិអ្វីខ្លះ?

ពលរដ្ឋ​ខ្មែរ​មាន​សញ្ជាតិ​ពីរ កាន់ លិខិត​ឆ្លង​ដែន​ពីរ
ពលរដ្ឋ​ខ្មែរ​មាន​សញ្ជាតិ​ពីរ កាន់ លិខិត​ឆ្លង​ដែន​ពីរ ©សេង ឌីណា
ផ្សាយពាណិជ្ជកម្ម

រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាត្រា ៣៣ ចែងថា ប្រជាពលរដ្ឋ​ខ្មែរ​មិន​អាច​ត្រូវ​ដក​សញ្ជាតិ​ និរទេស ឬ​ចាប់ខ្លួន​បញ្ជូនខ្លួន​ទៅ​ឲ្យ​ប្រទេស​ក្រៅណាមួយ​ឡើយ លើក​លែង​តែមាន​កិច្ចព្រមព្រៀង​ជាមួយ​គ្នា​ទៅវិញ​ទៅមកមាន​ន័យថា ពលរដ្ឋ​ខ្មែរ​មិន​ត្រូវ​បាត់បង់​សញ្ជាតិ​ជា​ខ្មែរ​នោះទេ បើទោះជា​ទទួល​បាន​សញ្ជាតិ​បរទេស​ហើយ​ក៏ដោយ ពោល​គឺ ពលរដ្ឋខ្មែរ​អាច​មាន​សញ្ជាតិ​បរទេស​ផង និង​សញ្ជាតិ​ខ្មែរ​ផង ក្នុងពេល​ជាមួយ​គ្នា។

ដូច្នេះ ​អាណិកជន​ខ្មែរ នៅបរទេស នៅតែមានសិទ្ធិ​​ក្នុង​ឋានៈជា​ពលរដ្ឋខ្មែរ​ដដែល។ នេះ​បើ​និយាយ​ជា​គោលការណ៍ផ្លូវច្បាប់។ ក៏ប៉ុន្តែ នៅ​ក្នុងការអនុវត្ត​ជាក់ស្តែង​វិញ ពលរដ្ឋខ្មែរ ដែល​មាន​សញ្ជាតិ​បរទេស ហើយ​រស់នៅ​បរទេសមានការពិបាក​ក្នុង​ការទទួលបាន​នូវ​​ឯកសារ​ផ្លូវការនានា ដូចជា សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ​សញ្ជាតិខ្មែរ ឬ​លិខិតឆ្លងដែន​ខ្មែរ​ ជាដើម ពីព្រោះ​ថា ការសុំ​ឯកសារ​ទាំងនេះ ពលរដ្ឋខ្មែរ​ចាំបាច់​ត្រូវ​តែ​មាន​ទីលំនៅ​អចិន្រ្តៃយ៍ នៅ​ក្នុង​ប្រទេស​កម្ពុជា។

 
ទោះជាយ៉ាងណា ពលរដ្ឋខ្មែរ ដែល​មាន​សញ្ជាតិបរទេស ហើយ​កាន់​លិខិត​ឆ្លងដែន​បរទេស​អាច​ទទួលបាន​ទិដ្ឋាការ (ដែល​គេ​តែងតែ​ហៅថា Visa K)​ ដើម្បី​ធ្វើដំណើរ​ចេញ​ចូល​ប្រទេស​កម្ពុជា​បាន​ដោយងាយ។ ទិដ្ឋាការ​នេះ អាច​សុំ​បាន​នៅតាម​ស្ថានទូត​កម្ពុជា នៅ​បរទេស ដោយ​អ្នកសុំ​គ្រាន់តែ​បង្ហាញ​នូវ​ឯកសារ​ណាមួយ​ក្នុង​ចំណោម​ឯកសារ​ខាងក្រោម៖

  • សេចក្តីចម្លង​សំបុត្រកំណើត​កម្ពុជា (ប្រសិន​បើ​អ្នកសុំ​កើត​នៅ​ក្នុង​ប្រទេស​កម្ពុជា)
  • សេចក្តីចម្លង​សំបុត្រកំណើត​បរទេស ឬ​ប័ណ្ណគ្រួសារ​ដែល​មាន​ចែង​បញ្ជាក់ថា អ្នកសុំ​កើត​ពី​ឳពុក ឬ​ម្តាយ​ដែល​ជាពលរដ្ឋ​ខ្មែរ (ប្រសិនបើ​អ្នកសុំ​កើត​នៅ​ក្រៅ​ប្រទេស​កម្ពុជា)
  • លិខិតឆ្លងដែន​ខ្មែរ (ប្រសិនបើ​អ្នកសុំ​ធ្លាប់មាន​ពីមុន បើ​ទោះជា​​លិខិតឆ្លងដែននេះ​ផុត​សុពលភាព​ហើយ​ក៏ដោយ)
  • ប្រសិន​បើគ្មាន​ឯកសារ​ណាមួយ ក្នុង​ចំណោម​ឯកសារ​ខាងលើ​នេះ​ទេ អ្នកសុំ​អាច​ធ្វើ​លិខិត​បញ្ជាក់​មួយ ដោយមាន​សាក្សី​ជាជនជាតិខ្មែរម្នាក់​ផង បញ្ជាក់អំពី​ឈ្មោះ ថ្ងៃខែឆ្នាំ​កំណើត និង​ទីកន្លែងកំណើត​របស់​អ្នកសុំ ព្រមទាំង​ឈ្មោះ​ឳពុក-ម្តាយ ដែល​មាន​សញ្ជាតិខ្មែរ។

គួរ​បញ្ជាក់ថា Visa K អាចផ្តល់​ជូន​តែ​ចំពោះ​ពលរដ្ឋ​ខ្មែរ​ ដែល​មាន​សញ្ជាតិបរទេស​ប៉ុណ្ណោះ ហើយ​ផ្តល់​ជូន​ដោយ​ឥតគិតថ្លៃ។ នៅប្រទេស​បារាំង ទិដ្ឋាការ​ប្រភេទនេះអាច​ចេញជូន​ក្នុងរយៈពេល​យ៉ាងយូរ ៤៨​ម៉ោង (យោងតាម​វែបសៃត៍​ស្ថានទូត​កម្ពុជា​ប្រចាំ​ក្រុងប៉ារីស)។ អ្នក​ដែល​ទទួល​បាន​ទិដ្ឋាការ​នេះ​ហើយ អាច​ធ្វើ​ដំណើរ​ចេញចូល​ប្រទេស​កម្ពុជា​ប៉ុន្មានដង​ក៏បាន ស្នាក់​នៅ​កម្ពុជា​រយៈពេល​ប៉ុន្មាន​ក៏បាន ហើយ​ទិដ្ឋាការនេះ​មាន​សុពលភាព​ជា​អចិន្រ្តៃយ៍ (លើកលែង​តែ​នៅពេល​មាន​ការផ្លាស់ប្តូរ​លិខិតឆ្លងដែនថ្មី)។

ក៏ប៉ុន្តែVisa K គ្រាន់តែ​ជាឯកសារ​ ដែល​អនុញ្ញាត​ឲ្យធ្វើ​ដំណើរ​ចេញ​ចូល​ប្រទេស​កម្ពុជា​តែប៉ុណ្ណោះ មិនមែន​ជា​ឯកសារ​បញ្ជាក់​អំពី​សញ្ជាតិខ្មែរនោះទេ។

ដើម្បី​ទទួលបាន​សំបុត្រ​កំណើត អត្តសញ្ញាណប័ណ្ណ​សញ្ជាតិខ្មែរ ឬ​លិខិតឆ្លងដែន​ខ្មែរ គេ​ត្រូវ​ដាក់ពាក្យសុំ​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច នៅ​ប្រទេស​កម្ពុជា ដោយ​គោរព​ទៅតាម​នីតិវិធី​ធម្មតា ដូចប្រជាពលរដ្ឋ​ខ្មែរ ដែល​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែរមានន័យថា អ្នកសុំ​ត្រូវមាន​ទីលំនៅ​អចិន្រ្តៃយ៍ នៅ​ក្នុង​ប្រទេស​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ