បេក្ខជនបក្សស្តាំនិយម Reuven Rivlin ជាប់ឆ្នោតជាប្រធានាធិបតីថ្មីអ៊ីស្រាអែល បិទទំព័រដឹកនាំរបស់លោកPeres
នៅថ្ងៃអង្គារនេះ អ៊ីស្រាអែលបានបិទទំព័រគ្រប់គ្រងរបស់លោកស្ហ៊ីមន ពេរេស Shimon Peres ដោយបានបោះឆ្នោត អោយបេក្ខជនគណបក្សស្តាំនិយមលីគូដ គឺលោក រ៉ឺវេន រីវលីន ជាប់ធ្វើជាប្រធានាធិបតីថ្មី។ លោករីវលីន បានទទួលបានការគាំទ្រខ្ពស់ពីនាយករដ្ឋមន្ត្រីបេនយ៉ាមីន នេតាយ៉ាហ៊ូ។ យោងតាមអ្នកវិភាគកាសែតឆ្វេងនិយមមួយរូប លោករីវលីន នឹងប្រើតំណែងប្រធានាធិបតីអ៊ីស្រាអែល ដើម្បីជំរុញការសាងសង់តំបន់អាណានិគមជនជាតិហ្ស៊ីហ្វ នៅស៊ីសហ្សកដានី អោយកាន់តែដំណើរការទៅមុខថែមទៀត។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៤៤
នៅថ្ងៃអង្គារនេះ សភាអ៊ីស្រាអែល បានបោះឆ្នោតអោយលោក រ៉ឺវេន រីវលីន ជាប់ឆ្នោតធ្វើជាប្រធានាធិបតី ទី១០របស់អ៊ីស្រាអែល បិទបញ្ចប់ទំព័រគ្រប់គ្រងរបស់លោក ស្ហ៊ីមន ពេរេស។ លោករីវលីន អាយុ ៧៥ឆ្នាំ ជាបេក្ខជនស្តាំនិយម មកពីគណបក្សលីគូដ បានទទួលសម្លេងឆ្នោតគាំទ្រ ៦៣សម្លេង ឈ្នះលើលោក ម៉ីអៀ ស្ហ៊ីទ្រីត ជាគូប្រជែងមកពីគណបក្សកណ្តាលនិយម ដែលទទួលបានសម្លេងត្រឹមតែ ៥៣សម្លេង។
លោករីវលីនត្រូវបានគេទទួលស្គាល់ថា ជាអ្នកអភិរក្សនិយមនិន្នាការស្តាំបំផុត ក្នុងបក្សលីគូដ របស់នាយករដ្ឋមន្ត្រីបិនយ៉ាមីន នេតាយ៉ាហ៊ូ។ លោករីវលីន ជំទាស់នឹងការបង្កើតរដ្ឋប៉ាឡេស្ទីន។ គេរំពឹងថា ប្រធានាធិបតីអ៊ីស្រាអែលថ្មីរូបនេះ នឹងជំរុញការសាងសង់តំបន់អាណានិគមជនជាតិហ្ស៊ីហ្វ ក្នុងតំបន់ស៊ិសហ្សកដានី អោយកាន់តែលឿនទៅមុខទៀត។
នៅអ៊ីស្រាអែល តំណែងប្រធានាធិបតីគ្រាន់តែជាតំណែង កិត្តិយសមួយប៉ុណ្ណោះ ព្រោះថា អំណាចប្រតិបត្តិស្ថិតក្នុងកណ្តាប់ដៃរបស់នាយករដ្ឋមន្ត្រីទាំងស្រុង។ ទោះយ៉ាងនេះក្តី ប្រធានាធិបតីជាអ្នកតែងតាំងនាយករដ្ឋមន្ត្រី។
ការបោះឆ្នោតប្រធានាធិបតីអ៊ីស្រាអែល នៅថ្ងៃអង្គារនេះ បានបង្ហាញពីការបិទបញ្ចប់ទំព័រដឹកនាំរបស់លោកស្ហ៊ីមន ពេរេស ដែលជាម្ចាស់ពានរង្វាន់សន្តិភាព ឆ្នាំ១៩៩៤។ លោកពេរេស នឹងបញ្ចប់ភារកិច្ចប្រធានាធិបតីរបស់លោក នៅចុងខែកក្កដា ខាងមុខ មុនថ្ងៃលោកប្រារព្ធខួបកំណើតអាយុ៩១ឆ្នាំ។ តាំងពីបានចូលកាន់តំណែងក្នុងឆ្នាំ២០០៧មក លោកពេរេស បានបង្ហាញការគាំទ្រដល់ដំណើរការសន្តិភាព អោយកត់សម្គាល់ ក្នុងឆាកអន្តរជាតិ ពិសេសក្នុងសំណុំរឿងស្វែងរកសន្តិភាពជាមួយប៉ាឡេស្ទីន សំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់ និងទំនាក់ទំនងយុទ្ធសាស្ត្រ ជាមួយអាមេរិកដែលជាប្រទេសដៃគូរបស់អ៊ីស្រាអែល។
នៅខែឧសភាមុននេះ លោកពេរេស ធ្លាប់បានចោទនាយករដ្ឋមន្ត្រី នេតាយ៉ាហ៊ូ ថាបានធ្វើអោយខូចខាតដល់ការសន្និដ្ឋានកិច្ចព្រមព្រៀងជាមួយប៉ាឡេស្ទីន កាលពីឆ្នាំ២០១១។ ការចរចាជាមួយប៉ាឡេស្ទីននេះ ជាការចរចាសំងាត់រវាងលោកពេរេស និងប្រធានរដ្ឋអំណាចប៉ាឡេស្ទីន ម៉ាមូត អាបាស៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ