ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 14/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 14/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 14/12 12h00 GMT
អឺរ៉ុប

រូម៉ានី៖ មនុស្ស​ជាង​៤៥០នាក់​ រងរបួស និង​​ជាង​៣០នាក់​ ត្រូវ​ចាប់​ខ្លួន ក្នុង​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​

media បាតុកម្ម​នៅរូម៉ានី AFP

មនុស្ស​ជាង​៤៥០នាក់ រងរបួស និង​បាតុករ​ជាង​៣០នាក់ ត្រូវ​ចាប់​ខ្លួន ក្នុង​បាតុកម្ម​ហិង្សា​ កណ្តាល​រដ្ឋធានី​រូម៉ានី។ ក្នុង​ចំណោម​អ្នក​រងគ្រោះ ក៏​មាន​ប៉ូលីស​ជាង​៣០នាក់​ដែរ ដែលបាន​​រង​ដុំថ្ម និង​ដប​សាំង​របស់​ក្រុម​បាតុករ។ បាតុកម្ម​នេះ បាន​ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃ​សុក្រទី​១០សីហា​ ហើយ​អូស​បន្លាយ​ដល់​ថ្ងៃ​សៅរ៍​នេះ​។ ​អ្នក​រៀបចំ​បាតុកម្ម ថា​​នឹង​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​តវ៉ា​ នៅ​យប់​ថ្ងៃសៅរ៍​​ ទី​១១សីហា​នេះបន្ថែមទៀត។  

ពលរដ្ឋ​​រូមានី ប្រមាណ​ជាង​៨ម៉ឺន​​នាក់ បាន​ធ្វើ​បាតុកម្មនៅ​កណ្តាលរដ្ឋធានីប៊ុលការ៉េស ដើម្បី​​ប្រឆាំង​រដ្ឋាភិបាល​រូម៉ានី ដែលក្រុម​បាតុករចោទ​​ថា ​​មាន​អំពើ​ពុករលួយ។​ ក្រុម​ប៉ូលីស​បាន​ប្រើ​ឧស្ម័នបង្ហូរ​ទឹក​ភ្នែក និង​បាញ់​ទឹក​បំបែក​ហ្វូង​បាតុករ។ ក្រុម​បាតុករ​វិញ ដោយ​ចង់​បំបែក​ក្បួន​របស់អាជ្ញាធរ​ ក៏​បាន​ប្រើ​ដបសាំង​ និង​ដុំថ្ម គប់ទៅលើក្រុម​ប៉ូលីស។ ហើយ​បំផុត ប៉ូលីស​បាន​ប្រតិកម្ម​តប​ដោយ​វាយ​បំបែក​ហ្វូង​បាតុករ​ហិង្សា​​ ដែល​ទង្វើរបស់​អាជ្ញាធរ​នេះ ត្រូវ​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​ក្រុម​អ្នក​នយោបាយ​ប្រឆាំង។

សូម​ជ្រាប​ថា ដើមហេតុ​នៃបាតុកម្ម​នេះ គឺដោយសារ​តែ​​ពលរដ្ឋ​មិន​ពេញ​ចិត្ត​ចំពោះថ្នាក់​​ដឹកនាំ​រដ្ឋា​ភិបាលនិង​ក្រុម​អ្ន​កនយោបាយ​នៃ​បក្ស​កាន់​អំណាច​ ដែល​ក្រុម​បាតុករ​យល់ថា បា​នប្រព្រឹត្ត​អំពើ​ពុករលួយ​នៅ​លើគោក ច្រើន​ពេក។ ជាក់​ស្តែង​រាប់តាំង​ពី​ការ​លួច​លុយ​ជំនួយ​របស់​សហភាព​អឺរ៉ុប និង​បន្លំ​សន្លឹក​ឆ្នោត​ដែលធ្វើ​ឲ្យ​បក្ស​កាន់អំណាច ឈ្នះ​ឆ្នោត​នៅឆ្នាំ​២០១៦​។ ទាំងនេះ គឺ​ធ្វើ​ឲ្យ​ពលរដ្ឋ​ខឹង​សម្បារ​ និង​បាន​ធ្វើ​បាតុកម្ម​ មាន​គ្នា​ជាង​មួយ​លាន​កន្លះ រួច​ម្តង​ហើយកាលពី​​ឆ្នាំ​២០១៧​កន្លងទៅ។

លោក Liviu Dragnea ជា​​ប្រធាន​សភារូម៉ានី​ បាន​ត្រូវ​តុលាការ​ចោទប្រកាន់ ពី​បទ​ល្មើស​ជាច្រើន​ និង​ត្រូវ​កាត់ទោសឲ្យ​ជាប់​គុកច្រើន​ឆ្នាំដែរ​ ប៉ុន្តែ​គ្មាន​ការ​ចាប់​ឃុំ​ខ្លួន​នោះទេ។  ផ្ទុយ​ទៅវិញ ថ្មីៗ​នេះ​ សភា​របស់​បក្ស​កាន់​អំណាច​និង​រដ្ឋាភិបាល​ បាន​ធ្វើ​វិសោធនកម្មក្រម​ព្រហ្មទណ្ឌ​ ដើម្បី​លុប​បំបាត់​ទោសកំហុស​របស់​ថ្នាក់​ដឹកនាំនៃបក្ស​កាន់​អំណាច​របស់ខ្លួន ហើយ​និងបាន​​កែប្រែមាត្រា​ច្បាប់​ខ្លះដកហូតសិទ្ធ​អំណាច​របស់​ចៅក្រមថែមទៀត​។ ទង្វើនេះ រឹង​រឹតតែ​បង្កការ​ផ្ទុះ​កំហឹង​ជាថ្មីចំពោះ​​ពលរដ្ឋ​រូម៉ានី ពិសេស​អ្នក​នៅ​បរទេស​ដែល​ទើប​តែ​ត្រឡប់​ចូល​ស្រុកវិញ៕​

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ