អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

វេទិកា​​​​​​”ខ្សែក្រវាត់​​​មួយ​​ផ្លូវមួយ”​នៅ​​ចិន​​​ ​រអាក់រអួល​​​ដោយសារ​​ការ​បាញ់​​​​​មីស៊ីល​​​ពី​កូរ៉េ​​ខាងជើង​​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

វេទិកា​​​​កំពូល​អន្តរជាតិ​​”ខ្សែក្រវាត់​​មួយ​​ ​ផ្លូវមួយ”​ ​​បើក​ធ្វើ​​​ ​នៅ​ក្រុង​ប៉េកាំង​ ​ព្រឹក​ថ្ងៃអាទិត្យ​នេះ ដោយ​មាន​វត្តមាន​ចូលរួម​របស់​​មេដឺកនាំ​២៩ប្រទេស។ ​​”ខ្សែក្រវាត់​​មួយ​​ ​ផ្លូវមួយ”​ ​​ជា​ផែនការ​​ហេដ្ឋារចនា​សម្ព័ន្ធ​​ ​ធំធេង​មាន​​ទិសដៅ​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ចិន ​អាស៊ី​កណ្តាល អឺរ៉ុប ​និង​អាហ្វ្រិក។ ប្រធានាធិបតី​ចិន​ ​​សន្យា​ផ្តល់​កញ្ចប់ថវិកា​១២៤ពាន់លាន​ដុល្លារ ​សម្រាប់​គម្រោង​អន្តរជាតិ​មួយនេះ។ ប៉ុន្មានម៉ោង​មុនវេទិកា​នេះ​​​ កូរ៉េខាងជើង​បាន​​បាញ់​មីស៊ីល​​បាលិស្ទិក​​ ធ្លាក់ទៅ​សមុទ្រជប៉ុន។ ​​ឆ្លៀតឱកាស​នេះ លោក​ដូណាល់ ត្រាំ ​​អំពាវនាវសហគមន៍​អន្តរជាតិ​អោយ​ដាក់ទណ្ឌកម្ម​អោយ​កាន់តែ​ធ្ងន់​ប្រឆាំង​ក្រុងព្យុងយ៉ាង។ 

លោក​ពូទីន​ចាប់ដៃ​ភរិយា​លោក​ស៊ី ជីនពីង ពេល​ចូលរួម​វេទិកា​​​”ខ្សែក្រវ៉ាត់​​​មួយ​​​ ​ផ្លូវមួយ”​​នៅ​ប៉េកាំង ថ្ងៃអាទិត្យ​១៤ឧសភា​២០១៧
លោក​ពូទីន​ចាប់ដៃ​ភរិយា​លោក​ស៊ី ជីនពីង ពេល​ចូលរួម​វេទិកា​​​”ខ្សែក្រវ៉ាត់​​​មួយ​​​ ​ផ្លូវមួយ”​​នៅ​ប៉េកាំង ថ្ងៃអាទិត្យ​១៤ឧសភា​២០១៧ Reuters
ផ្សាយពាណិជ្ជកម្ម

ខ្សែក្រវាត់​មួយ​​ ​ផ្លូវមួយ”​ ពង្រីក​ឥទ្ធិពល​ចិន​​ក្នុង​ពាណិជ្ជកម្ម​អន្តរជាតិ

គម្រោង​ហេដ្ឋារចនា​សម្ព័ន្ធ ​”ខ្សែក្រវាត់​​មួយ​​ ​ផ្លូវមួយ”​ ​មាន​ប្រទេស​ប្រមាណ​៦៥ចូលរួម គិតទៅ​ត្រូវនឹង​ប្រជាជន​៦០ភាគរយ ត្រូវនឹង​១ភាគ៣ ​នៃ​​​​ផលិតផល​ជាតិ​ក្នុងស្រុក​​សរុប​​ ​នៅទូទាំង​​​ពិភពលោក។ ” ជា​គម្រោង​​​របស់​លោក​ស៊ី ជីនពីងតាំង​ពី​ឆ្នាំ២០១៣​។ ​​គេ​មើលឃើញ​​ថា តាមរយៈ​គម្រោង​កិច្ចសហប្រតិបត្តិការ​​មួយនេះ ចិន​​កំពុង​​ដាក់ឥទ្ធិពល​លើ​ពាណិជ្ជកម្ម​អន្តរជាតិ ពិសេស​នៅអាស៊ី​កណ្តាល។គម្រោង​នេះអាច​ជា​ផែនការ​​ហេដ្ឋារចនា​សម្ព័ន្ធ​ប្រវត្តិសាស្ត្រ​ធំបំផុត​របស់​ចិន​។ ចិន​ជួយគំរោង​​នេះ​​ គ្មាន​ព្រំដែន​កំណត់​ទេ។ ​គ្រាន់តែ​ធនាគារ​អភិវឌ្ឈន៍​ចិន​ គ្រោង​ជួយ​​លុយ​​វិនិយោគ​ដល់ទៅ​ជាង​៨០០ពាន់លាន​អឺរ៉ូ សម្រាប់​៩០០គំរោង។

ខ្សែ​ក្រវាត់​និង​ផ្លូវ៖ ខ្សែក្រវាត់ គឺ​និយាយ​ពី​​ហេដ្ឋារចនា​សម្ព័ន្ធ​ដីគោក ភ្ជាប់​ពី​ទឹកដី​​ចិន ទៅ​ទ្វីបអឺរ៉ុប ​ដោយ​ឆ្លងកាត់​តាម​អាស៊ី​កណ្តាល និង​រុស្ស៊ី។ ហើយ​ក៏មាន​ផ្លូវ​ទឹក នាំទៅដល់​ទ្វីប​អាហ្វ្រិក​ និង​អឺរ៉ុប​ដែរ ដោយ​ត្រូវ​ឆ្លងកាត់​សមុទ្រ​ចិន និង​សមុទ្រ​ឥណ្ឌា។ និយាយត្រួសៗ ​មាន​ខ្សែ​​រថភ្លើង​ភ្ជាប់ពី​ចិន ទៅ​ដល់​ទីក្រុង​អឺរ៉ុប​ជាង​៣០​ ក្នុង​ពេលតិចជាង​​៣សប្តាហ៍៏​។ នេះ​ជា​ផ្លូវ​ដឹកជញ្ជូន​​លឿនបំផុត ហើយ​​ក៏​ថ្លៃ​ជាង​ការ​ដឹកទំនិញ​តាម​​ផ្លូវទឹក​ដែរ។ ​

នៅ​អាស៊ី​វិញ គឺ​មាន​ខ្សែ​រថភ្លើង​មួយខ្សែ ភ្ជាប់ពី​ចិន​ទៅ​ឆ្នេរ​ថៃ។ សម្រាប់​ទ្វីបអាហ្វ្រិក ចិន​ចេញ​ថ្លៃ​ខ្សែ​រថភ្លើង នៅ​កេនយ៉ា រវាង​ទីក្រុង​ណៃរ៉ូប៊ី និង​កំពង់ផែ ម៉ុមបាសា។ ​​​”ខ្សែក្រវ៉ាត់​​មួយ​​ ​ផ្លូវមួយ”​​គ្រោង​សង់​​កំពង់ផែ​​​នៅ​ប៉ាគីស្ថាន ខ្សែ​រថភ្លើង​នៅ​រុស្ស៊ី ​និង​​ស្ពាន​នៅ​បង់ក្លាដែស​ផងដែរ។ ចិន​​ចូលរួម​សង់​ទាំងមជ្ឈមណ្ឌល​នុយក្លេអ៊ែរ​នៅអង់គ្លេស ទាំង​តំបន់​ឧស្សាហកម្ម​ធំមួយ​នៅ​បេឡារុស​​​ផងដែរ។ ​ចិន​ចង់​​អោយ​បណ្តាញ​ពាណិជ្ជកកម្ម​រវាង​អឺរ៉ុប​និង​ចិន កាន់តែ​ទំនើប។ ​និយាយ​រួមទៅ​ គេ​អាច​វិនិយោគ​​​តាម​ទីកន្លែង​ក្នុង​​​​តំបន់​​អាស៊ី តំបន់​បូព៌ា និង​អាហ្វ្រិក ដែល​ស្ថិត​ក្នុងគម្រោង​នេះបាន។  ​​​

តាម​រយៈ​គំរោង​មហិមា​មួយនេះ ​​ចិន​​ចង់​លើក​តម្កើង​ការផ្តោះប្តូរ​សេរី និង​​កំពុង​ប្រជែង​ជាមួយ​នយោបាយ​​ពាណិជ្ជកម្ម​អាមេរិក​ ​របស់​លោក​ដូណាល់ ត្រាំ ​ដែល​ផ្តោត​​​លើតែ​​ផល​​ប្រយោជន៍សេដ្ឋកិច្ច​​ជាតិ​ជាចំបង។ ប្រធានាធិបតី​រុស្ស៊ី ពូទីន ដែល​ចូលរួម​វេទិកា​កំពូល​នេះ បាន​​​គាំទ្រ​ចិន​​ក្នុង​ការ​​លើកតម្កើង​ការផ្តោះប្តូរ​​ពាណិជ្ជកម្ម​សេរី​។​ ថ្ងៃអាទិត្យ​នេះ លោក​ស៊ី ជីនពីង​លើកឡើង​ថា  ​”ខ្សែក្រវាត់​​មួយ​​ ​ផ្លូវមួយ”​ ក្លាយជា​បេតិកភណ្ឌ​ធំធេង​​នៃ​​​អារ្យធម៌​មនុស្សជាតិ។ ​​នៅ​ប៉េកាំងថ្ងៃនេះ ​មាន​មេដឺកនាំ​រដ្ឋាភិបាល​មកពី​ប្រទេស​អឺរ៉ុប​ដូចជា ​អេស្ប៉ាញ​ ​បារាំង ​​ហុងគ្រី ក្រិក អ៊ីតាលី រឺ​ក៏​តួកគី​ ចូលរួម​យ៉ាងកុះករ។ ប្រទេស​ជាង​១០០​បាន​បញ្ជូន​គណៈប្រតិភូ​មក​ចូលរួម​វេទិកា​នេះ។ ​   ​

កូរ៉េខាងជើង​​បាញ់​មីស៊ីល​ស្វាគមន៍​វេទិកា​នៅចិន
​ប៉ុន្មា​នម៉ោង​មុនបើក​វេទិកា​​”ខ្សែក្រវាត់​​មួយ​​ ​ផ្លូវមួយ”​ ​​​ពោល​គឺ​ម៉ោង​ប្រមាណ​៥និង​៣០នាទី​ព្រឹក​ថ្ងៃអាទិត្យ​នេះ​ ​កូរ៉េខាងជើង​បាន​បាញ់​មីស៊ីល​បាលិស្ទីក ចេញ​ពី​មូលដ្ឋានយោធា​ គូស៊ុង។ មីស៊ីលបាន​ហោះចំងាយ​៧០០គីឡូម៉ែត្រ មុន​ធ្លាក់​ទៅសមុទ្រ​ជប៉ុន។ ​ដោយសារ​វេទិកា​កំពូល​នៅ​ក្រុងប៉េកាំង​ ​ថ្ងៃអាទិត្យ​នេះ ​មា​នថ្នាក់ដឺកនាំ​​ប្រទេស​គ្រប់ទិស​ចូលរួម ដូច្នេះ កូរ៉េខាងជើង​ប្រហែល​ចង់​ទាក់ទាញ​ចំណាប់​អារម្មណ៍​អន្តរជាតិ ទើបបាន​ជាបាញ់​មីស៊ីល​មួយ​ដើម​នេះ ​តែ​ម្តងទៅ។ ​​

​យោង​តាម​អាមេរិក មីស៊ីល​របស់​កូរ៉េខាងជើង​បាញ់​នៅថ្ងៃ​អាទិត្យ​នេះ​ ​ប្រហែល​មិនមែន​ជា​មីស៊ីល​អន្តរទ្វីបទេ។ ប៉ុន្តែ ការដែល​មីស៊ីល​នេះ អាច​ហោះ​បាន​ចំងាយ​​៧០០គីឡូម៉ែត្រ ធ្វើអោយ​ជប៉ុននិង​កូរ៉េខាងត្បូង​​បារម្ភ​ខ្លាំង។ ជប៉ុន​កំពុងគិតថា មីស៊ីល​កូរ៉េខាងជើង​មួយនេះ​​ អាច​ជា​អាវុធ​ប្រភេទ​ថ្មី​របស់​កូរ៉េខាងជើង។ ក្រុមអ្នកជំនាញ​មួយចំនួន​ ​ហ៊ាន​វាយតម្លៃ​រហូតថា​ថា មីស៊ីល​កូរ៉េខាងជើង​មួយដើម​​នេះ ក៏​​អាចហោះ​​ឆ្ងាយ​ជាង​នេះ ​ពី​៤ពាន់​ទៅ​៦ពាន់​គីឡូម៉ែត្រដែរ ហើយ​គេអាច​បាញ់វា​ដល់​ហាវ៉ៃ​សហរដ្ឋ​អាមេរិក​ផង​​ក៏ថា​បាន។ ​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក​មូន ចែអ៊ីន ដែល​ទើប​ចូលកាន់តំណែង​​បាន​ប៉ុន្មានថ្ងៃ បា​ន​ប្រតិកម្ម​ព្រមាន​កូរ៉េខាងជើង​ថា ​កូរ៉េខាងត្បូង​បើកចំហរ​ការចរចា​ជាមួយ​កូរ៉េខាងជើងមែន​ តែ​លុះត្រា​តែ​កូរ៉េខាងជើង​​ចេះ​ផ្លាស់ប្តូរ​ឥរិយាបថ​ដែរ។

កូរ៉េខាងជើង​បាញ់​មីស៊ីល​ថ្ងៃអាទិត្យ​នេះ ក៏ប្រហែល​ដើម្បី​បង្ហាញឥទ្ធិពល​​ខ្លួន ទៅ​​ដល់​ប្រធានាធិបតី​​កូរ៉េខាងត្បូងថ្មី​ដែរ ព្រោះ​លោក​មូន ចែអ៊ីន ​មាន​នយោបាយចរចា​ជាមួយ​ក្រុងព្យុងយ៉ាង ដើម្បី​បន្ថយ​ភាពតានតឹង​នៅ​ឧបទ្វីប​កូរ៉េ។ ពេល​ឡើង​កាន់អំណាច​ លោក​បាន​ត្រៀមខ្លួន​​ធ្វើដំណើរទៅ​កូរ៉េខាងជើង​​ទៀតផង។ ​  ​ ​

មុន​ការ​បាញ់​មីស៊ីល​របស់​ក្រុងព្យុងយ៉ាង​ថ្ងៃអាទិត្យ​នេះ ​ស្ថានភាព​ឧបទ្វីប​កូរ៉េដូចជា​ធ្លាក់​កំដៅ​មកវិញ​បន្តិច​ហើយ ពិសេស​ពេល​លោក​ដូណាល់ ត្រាំ និង​លោក​គឺម ជុងអ៊ុន សុទ្ធតែ​បាន​បង្ហាញ​ជំហរ​ព្រមចរចា​គ្នា ករណី​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់។​ ​​ខាង​កូរ៉េខាងត្បូង​វិញ មេដឺកនាំ​ថ្មី មូន ចែអ៊ីន ​ក៏ត្រៀម​ខ្លួន​ចរចា​ទៀត។ តែ​ឥឡូវ លោក​គឺម ជុងអ៊ុន​លេង​​មីស៊ីល​បាលិស្ទីក​មកជាថ្មី​ឡើងវិញ ​អុជ​កំដៅ​ឡើងមកវិញ​ទៀត។ ​

ក្រោយ​ការបាញ់​មីស៊ីល​នេះ លោក​ដូណាល់ ​ត្រាំ ដែល​មិន​សូវជា​ចេះ​អត់ធ្មត់​នឹង​កូរ៉េខាងជើង​ បាន​ឆ្លៀត​​សុំអោយ​គ្រប់ប្រទេស​នាំគ្នា​ដាក់ទណ្ឌកម្ម​អោយ​ធ្ងន់ទៀត លើ​ក្រុងព្យុងយ៉ាង។ សេតវិមា​នប្រហែល​កំពុង​រកលេស​បញ្ចុះ​បញ្ចូល​រុស្ស៊ី អោយ​ដាក់ទណ្ឌកម្ម​កូរ៉េខាងជើង​ដែរ តាមមើល។ សេតវិមាន​ប្រាប់​​ថា ​មីស៊ីល​កូរ៉េខាងជើង​ថ្ងៃនេះ ធ្លាក់ក្បែរ​ដែនដី​រុស្ស៊ី​ជាងក្បែរ​​ជប៉ុន ដូច្នេះ ​​ប្រធានាធិបតីត្រាំ​មិនអាច​​គិតថា រុស្ស៊ី​សប្បាយចិត្តនោះ​​ទេ។ សូមបញ្ជាក់ថា ​មុន​​ក្រុងព្យុងយ៉ាង​បាញ់​មីស៊ីល​ថ្ងៃអាទិត្យ​នេះ កន្លងមក ក្រសួង​ហិរញ្ញវត្ថុ​​អាមេរិក​​​បាន​​គិតគូរ​ក្រែង​រកបាន​មធ្យោបាយ​​កាត់ផ្តាច់​ប្រភព​ហិរញ្ញវត្ថុ​​ក្រុងព្យុងយ៉ាង។

ចិន​និង​រុស្ស៊ី​បាន​សំដែង​ការ​គិតគូរ ចំពោះ​​បញ្ហា​កូរ៉េខាងជើង ក្រោយ​ការ​បាញ់មីស៊ីល​របស់​ក្រុងព្យុងយ៉ាង​ថ្ងៃអាទិត្យ​នេះ។ ​ប្រធានាធិបតី​ចិន ស៊ី ជីនពីង ​នៅ​តែ​ប្រកាន់​ដំណោះស្រាយ​សន្តិវិធី។ ​លោក​ស៊ី ​បាន​សុំអោយ​គ្រប់ភាគីចេះ​​អត់ធ្មត់ ចេះ​ទប់​កំហឹង ដើម្បី​កុំអោយ​ស្ថានការណ៍​តំបន់​កាន់តែ​តានតឹង​ជាងនេះ៕   ​  ​​​  ​ ​ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ