វេទិកា”ខ្សែក្រវាត់មួយផ្លូវមួយ”នៅចិន រអាក់រអួលដោយសារការបាញ់មីស៊ីលពីកូរ៉េខាងជើង
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:៥១
វេទិកាកំពូលអន្តរជាតិ”ខ្សែក្រវាត់មួយ ផ្លូវមួយ” បើកធ្វើ នៅក្រុងប៉េកាំង ព្រឹកថ្ងៃអាទិត្យនេះ ដោយមានវត្តមានចូលរួមរបស់មេដឺកនាំ២៩ប្រទេស។ ”ខ្សែក្រវាត់មួយ ផ្លូវមួយ” ជាផែនការហេដ្ឋារចនាសម្ព័ន្ធ ធំធេងមានទិសដៅពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងចិន អាស៊ីកណ្តាល អឺរ៉ុប និងអាហ្វ្រិក។ ប្រធានាធិបតីចិន សន្យាផ្តល់កញ្ចប់ថវិកា១២៤ពាន់លានដុល្លារ សម្រាប់គម្រោងអន្តរជាតិមួយនេះ។ ប៉ុន្មានម៉ោងមុនវេទិកានេះ កូរ៉េខាងជើងបានបាញ់មីស៊ីលបាលិស្ទិក ធ្លាក់ទៅសមុទ្រជប៉ុន។ ឆ្លៀតឱកាសនេះ លោកដូណាល់ ត្រាំ អំពាវនាវសហគមន៍អន្តរជាតិអោយដាក់ទណ្ឌកម្មអោយកាន់តែធ្ងន់ប្រឆាំងក្រុងព្យុងយ៉ាង។
”ខ្សែក្រវាត់មួយ ផ្លូវមួយ” ពង្រីកឥទ្ធិពលចិនក្នុងពាណិជ្ជកម្មអន្តរជាតិ
គម្រោងហេដ្ឋារចនាសម្ព័ន្ធ ”ខ្សែក្រវាត់មួយ ផ្លូវមួយ” មានប្រទេសប្រមាណ៦៥ចូលរួម គិតទៅត្រូវនឹងប្រជាជន៦០ភាគរយ ត្រូវនឹង១ភាគ៣ នៃផលិតផលជាតិក្នុងស្រុកសរុប នៅទូទាំងពិភពលោក។ ” ជាគម្រោងរបស់លោកស៊ី ជីនពីងតាំងពីឆ្នាំ២០១៣។ គេមើលឃើញថា តាមរយៈគម្រោងកិច្ចសហប្រតិបត្តិការមួយនេះ ចិនកំពុងដាក់ឥទ្ធិពលលើពាណិជ្ជកម្មអន្តរជាតិ ពិសេសនៅអាស៊ីកណ្តាល។គម្រោងនេះអាចជាផែនការហេដ្ឋារចនាសម្ព័ន្ធប្រវត្តិសាស្ត្រធំបំផុតរបស់ចិន។ ចិនជួយគំរោងនេះ គ្មានព្រំដែនកំណត់ទេ។ គ្រាន់តែធនាគារអភិវឌ្ឈន៍ចិន គ្រោងជួយលុយវិនិយោគដល់ទៅជាង៨០០ពាន់លានអឺរ៉ូ សម្រាប់៩០០គំរោង។
ខ្សែក្រវាត់និងផ្លូវ៖ ខ្សែក្រវាត់ គឺនិយាយពីហេដ្ឋារចនាសម្ព័ន្ធដីគោក ភ្ជាប់ពីទឹកដីចិន ទៅទ្វីបអឺរ៉ុប ដោយឆ្លងកាត់តាមអាស៊ីកណ្តាល និងរុស្ស៊ី។ ហើយក៏មានផ្លូវទឹក នាំទៅដល់ទ្វីបអាហ្វ្រិក និងអឺរ៉ុបដែរ ដោយត្រូវឆ្លងកាត់សមុទ្រចិន និងសមុទ្រឥណ្ឌា។ និយាយត្រួសៗ មានខ្សែរថភ្លើងភ្ជាប់ពីចិន ទៅដល់ទីក្រុងអឺរ៉ុបជាង៣០ ក្នុងពេលតិចជាង៣សប្តាហ៍៏។ នេះជាផ្លូវដឹកជញ្ជូនលឿនបំផុត ហើយក៏ថ្លៃជាងការដឹកទំនិញតាមផ្លូវទឹកដែរ។
នៅអាស៊ីវិញ គឺមានខ្សែរថភ្លើងមួយខ្សែ ភ្ជាប់ពីចិនទៅឆ្នេរថៃ។ សម្រាប់ទ្វីបអាហ្វ្រិក ចិនចេញថ្លៃខ្សែរថភ្លើង នៅកេនយ៉ា រវាងទីក្រុងណៃរ៉ូប៊ី និងកំពង់ផែ ម៉ុមបាសា។ ”ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ”គ្រោងសង់កំពង់ផែនៅប៉ាគីស្ថាន ខ្សែរថភ្លើងនៅរុស្ស៊ី និងស្ពាននៅបង់ក្លាដែសផងដែរ។ ចិនចូលរួមសង់ទាំងមជ្ឈមណ្ឌលនុយក្លេអ៊ែរនៅអង់គ្លេស ទាំងតំបន់ឧស្សាហកម្មធំមួយនៅបេឡារុសផងដែរ។ ចិនចង់អោយបណ្តាញពាណិជ្ជកកម្មរវាងអឺរ៉ុបនិងចិន កាន់តែទំនើប។ និយាយរួមទៅ គេអាចវិនិយោគតាមទីកន្លែងក្នុងតំបន់អាស៊ី តំបន់បូព៌ា និងអាហ្វ្រិក ដែលស្ថិតក្នុងគម្រោងនេះបាន។
តាមរយៈគំរោងមហិមាមួយនេះ ចិនចង់លើកតម្កើងការផ្តោះប្តូរសេរី និងកំពុងប្រជែងជាមួយនយោបាយពាណិជ្ជកម្មអាមេរិក របស់លោកដូណាល់ ត្រាំ ដែលផ្តោតលើតែផលប្រយោជន៍សេដ្ឋកិច្ចជាតិជាចំបង។ ប្រធានាធិបតីរុស្ស៊ី ពូទីន ដែលចូលរួមវេទិកាកំពូលនេះ បានគាំទ្រចិនក្នុងការលើកតម្កើងការផ្តោះប្តូរពាណិជ្ជកម្មសេរី។ ថ្ងៃអាទិត្យនេះ លោកស៊ី ជីនពីងលើកឡើងថា ”ខ្សែក្រវាត់មួយ ផ្លូវមួយ” ក្លាយជាបេតិកភណ្ឌធំធេងនៃអារ្យធម៌មនុស្សជាតិ។ នៅប៉េកាំងថ្ងៃនេះ មានមេដឺកនាំរដ្ឋាភិបាលមកពីប្រទេសអឺរ៉ុបដូចជា អេស្ប៉ាញ បារាំង ហុងគ្រី ក្រិក អ៊ីតាលី រឺក៏តួកគី ចូលរួមយ៉ាងកុះករ។ ប្រទេសជាង១០០បានបញ្ជូនគណៈប្រតិភូមកចូលរួមវេទិកានេះ។
កូរ៉េខាងជើងបាញ់មីស៊ីលស្វាគមន៍វេទិកានៅចិន
ប៉ុន្មានម៉ោងមុនបើកវេទិកា”ខ្សែក្រវាត់មួយ ផ្លូវមួយ” ពោលគឺម៉ោងប្រមាណ៥និង៣០នាទីព្រឹកថ្ងៃអាទិត្យនេះ កូរ៉េខាងជើងបានបាញ់មីស៊ីលបាលិស្ទីក ចេញពីមូលដ្ឋានយោធា គូស៊ុង។ មីស៊ីលបានហោះចំងាយ៧០០គីឡូម៉ែត្រ មុនធ្លាក់ទៅសមុទ្រជប៉ុន។ ដោយសារវេទិកាកំពូលនៅក្រុងប៉េកាំង ថ្ងៃអាទិត្យនេះ មានថ្នាក់ដឺកនាំប្រទេសគ្រប់ទិសចូលរួម ដូច្នេះ កូរ៉េខាងជើងប្រហែលចង់ទាក់ទាញចំណាប់អារម្មណ៍អន្តរជាតិ ទើបបានជាបាញ់មីស៊ីលមួយដើមនេះ តែម្តងទៅ។
យោងតាមអាមេរិក មីស៊ីលរបស់កូរ៉េខាងជើងបាញ់នៅថ្ងៃអាទិត្យនេះ ប្រហែលមិនមែនជាមីស៊ីលអន្តរទ្វីបទេ។ ប៉ុន្តែ ការដែលមីស៊ីលនេះ អាចហោះបានចំងាយ៧០០គីឡូម៉ែត្រ ធ្វើអោយជប៉ុននិងកូរ៉េខាងត្បូងបារម្ភខ្លាំង។ ជប៉ុនកំពុងគិតថា មីស៊ីលកូរ៉េខាងជើងមួយនេះ អាចជាអាវុធប្រភេទថ្មីរបស់កូរ៉េខាងជើង។ ក្រុមអ្នកជំនាញមួយចំនួន ហ៊ានវាយតម្លៃរហូតថាថា មីស៊ីលកូរ៉េខាងជើងមួយដើមនេះ ក៏អាចហោះឆ្ងាយជាងនេះ ពី៤ពាន់ទៅ៦ពាន់គីឡូម៉ែត្រដែរ ហើយគេអាចបាញ់វាដល់ហាវ៉ៃសហរដ្ឋអាមេរិកផងក៏ថាបាន។ ប្រធានាធិបតីកូរ៉េខាងត្បូង លោកមូន ចែអ៊ីន ដែលទើបចូលកាន់តំណែងបានប៉ុន្មានថ្ងៃ បានប្រតិកម្មព្រមានកូរ៉េខាងជើងថា កូរ៉េខាងត្បូងបើកចំហរការចរចាជាមួយកូរ៉េខាងជើងមែន តែលុះត្រាតែកូរ៉េខាងជើងចេះផ្លាស់ប្តូរឥរិយាបថដែរ។
កូរ៉េខាងជើងបាញ់មីស៊ីលថ្ងៃអាទិត្យនេះ ក៏ប្រហែលដើម្បីបង្ហាញឥទ្ធិពលខ្លួន ទៅដល់ប្រធានាធិបតីកូរ៉េខាងត្បូងថ្មីដែរ ព្រោះលោកមូន ចែអ៊ីន មាននយោបាយចរចាជាមួយក្រុងព្យុងយ៉ាង ដើម្បីបន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េ។ ពេលឡើងកាន់អំណាច លោកបានត្រៀមខ្លួនធ្វើដំណើរទៅកូរ៉េខាងជើងទៀតផង។
មុនការបាញ់មីស៊ីលរបស់ក្រុងព្យុងយ៉ាងថ្ងៃអាទិត្យនេះ ស្ថានភាពឧបទ្វីបកូរ៉េដូចជាធ្លាក់កំដៅមកវិញបន្តិចហើយ ពិសេសពេលលោកដូណាល់ ត្រាំ និងលោកគឺម ជុងអ៊ុន សុទ្ធតែបានបង្ហាញជំហរព្រមចរចាគ្នា ករណីមានលក្ខខណ្ឌគ្រប់គ្រាន់។ ខាងកូរ៉េខាងត្បូងវិញ មេដឺកនាំថ្មី មូន ចែអ៊ីន ក៏ត្រៀមខ្លួនចរចាទៀត។ តែឥឡូវ លោកគឺម ជុងអ៊ុនលេងមីស៊ីលបាលិស្ទីកមកជាថ្មីឡើងវិញ អុជកំដៅឡើងមកវិញទៀត។
ក្រោយការបាញ់មីស៊ីលនេះ លោកដូណាល់ ត្រាំ ដែលមិនសូវជាចេះអត់ធ្មត់នឹងកូរ៉េខាងជើង បានឆ្លៀតសុំអោយគ្រប់ប្រទេសនាំគ្នាដាក់ទណ្ឌកម្មអោយធ្ងន់ទៀត លើក្រុងព្យុងយ៉ាង។ សេតវិមានប្រហែលកំពុងរកលេសបញ្ចុះបញ្ចូលរុស្ស៊ី អោយដាក់ទណ្ឌកម្មកូរ៉េខាងជើងដែរ តាមមើល។ សេតវិមានប្រាប់ថា មីស៊ីលកូរ៉េខាងជើងថ្ងៃនេះ ធ្លាក់ក្បែរដែនដីរុស្ស៊ីជាងក្បែរជប៉ុន ដូច្នេះ ប្រធានាធិបតីត្រាំមិនអាចគិតថា រុស្ស៊ីសប្បាយចិត្តនោះទេ។ សូមបញ្ជាក់ថា មុនក្រុងព្យុងយ៉ាងបាញ់មីស៊ីលថ្ងៃអាទិត្យនេះ កន្លងមក ក្រសួងហិរញ្ញវត្ថុអាមេរិកបានគិតគូរក្រែងរកបានមធ្យោបាយកាត់ផ្តាច់ប្រភពហិរញ្ញវត្ថុក្រុងព្យុងយ៉ាង។
ចិននិងរុស្ស៊ីបានសំដែងការគិតគូរ ចំពោះបញ្ហាកូរ៉េខាងជើង ក្រោយការបាញ់មីស៊ីលរបស់ក្រុងព្យុងយ៉ាងថ្ងៃអាទិត្យនេះ។ ប្រធានាធិបតីចិន ស៊ី ជីនពីង នៅតែប្រកាន់ដំណោះស្រាយសន្តិវិធី។ លោកស៊ី បានសុំអោយគ្រប់ភាគីចេះអត់ធ្មត់ ចេះទប់កំហឹង ដើម្បីកុំអោយស្ថានការណ៍តំបន់កាន់តែតានតឹងជាងនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ