អានតួអត្ថបទ
កម្ពុជា

ពិធីបុណ្យ​ច្រត់​ព្រះនង្គ័ល៖ គោឧសភរាជ​បរិភោគ​តែ​ពោត

កម្ពុជា​បាន​ប្រារព្ធ​ព្រះរាជ​ពិធី​ច្រត់​ព្រះនង្គ័ល​នៅ​ក្នុង​ខេត្ត​កំពង់ចាមនៅ​ថ្ងៃ​នេះ។ ក្នុង​ចំណោម​អាហារ​ផ្សង​ប្រផ្នូល​ទាំង​៧​មុខ គោ​ឧសភរាជ​បាន​បរិភោគ​តែ​ពោត​មួយ​មុខ​ប៉ុណ្ណោះ។ ក្រសួង​ព្រះបរម​រាជវាំង​បាន​រើស​យក​ខេត្តកំពង់ចាម​ជា​ទីកន្លែង​រៀបចំ​ព្រះរាជពិធី​ច្រត់​ព្រះនង្គ័ល​នៅ​ឆ្នាំ​នេះ​ ដោយ​សារ​តែ​វាល​ព្រះមេរុ​ដែល​ជា​ទី​រៀបចំ​ព្រះរាជពិធី​នេះ​ ត្រូវបាន​រក្សាជា​អនុស្សាវរីយ៍​នៃ​ពិធី​បូជា​ព្រះបរមសព​ព្រះរតនកោដ។

គោឧសភរាជ នៅ​ក្នុង​ពិធី​ច្រត់ព្រះនង្គ័ល នៅ​ខេត្តកំពង់ចាម ថ្ងៃអង្គារ ២៨ ឧសភា ២០១៣
គោឧសភរាជ នៅ​ក្នុង​ពិធី​ច្រត់ព្រះនង្គ័ល នៅ​ខេត្តកំពង់ចាម ថ្ងៃអង្គារ ២៨ ឧសភា ២០១៣ RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

ព្រះមហាក្សត្រ ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ត្រូវ​បាន​អម​ព្រះរាជ​ដំណើរ​ដោយ ប្រធាន​រដ្ឋសភា​ លោក​ហេង សំរិន លោក​ឧបនាយករដ្ឋមន្ត្រី​ ទៀ បាញ់ រដ្ឋមន្ត្រីការ​ពារជាតិ និង​មន្ត្រី​ជាន់ខ្ពស់​នៅ​ក្នុង​រដ្ឋាភិបាល​ជាច្រើនទៀត ដើម្បី​ចូលរួម​ក្នុង​ព្រះរាជពិធី​ច្រត់​ព្រះនង្គ័ល​នៅ​ក្នុងក្រុង​កំពង់ចាម។

ព្រះរាជពិធី​នេះ​ត្រូវបាន​រៀបចំ​ធ្វើ​នៅលើ​ទីលាន​បាល់ទាត់របស់​ក្រុង​នេះ ដោយ​មាន​សិស្ស និង​ប្រជាជន​ជាច្រើន​ចួលរួម​ផងដែរ។

ដោយសារតែ​មិន​ទាន់អាច​រៀបចំ​ព្រះរាជពិធីនេះ​នៅ​លើ​ទីវាល​ព្រះមេរុ​នៅ​មុខ​សារមន្ទីរជាតិ​បាន ក្រសួង​ព្រះបរម​រាជវាំង​បាន​ជ្រើសរើស​យក​​ខេត្ត​កំពង់ចាម ដើម្បី​រៀបចំ​ព្រះរាជពិធី​ច្រត់ព្រះនង្គ័ល​នេះ ពីព្រោះ ខេត្ត​កំពង់ចាម​ត្រូវ​បាន​ស្គាល់​ថា ជា​ខេត្ត​កសិកម្មមួយ។

នៅ​ក្នុង​ព្រះរាជពិធី​ច្រត់​ព្រះន័ង្គល​នៅ​ព្រឹក​មិញនេះ គោ​ឧសភរាជបាន​បរិភោគ​តែ​ពោត​មួយ​មុខ​ប៉ុណ្ណោះ ក្នុង​ចំណោម​អាហារ​៧​មុខ ដែល​ជា​អាហារ​ផ្សង​ប្រផ្នូល​សម្រាប់ការទទួល​ទិន្នផល​របស់​កម្ពុជានៅពេល​ខាង​មុខ។ គោឧសភរាជ​មិន​បាន​បរិភោគ ស្រូវ សណ្តែក ល្ង ទឹក ស្រា និង​ស្មៅ​ឡើយ។

គោឧសភរាជ​បាន​បរិភោគ​តែ​ ពោត លោក​អាចារ្យ បាគូ​ក្នុង​ព្រះបរម​រាជវាំង​បាន​ប្រកាស​ថា ក្នុង​ឆ្នាំនេះ ដំណាំពោត នឹង​ទទួលបាន​ទិន្នផល​ល្អប្រសើរ​។ ប៉ុន្តែ លោកអាចារ្យក៏​បាន​បន្តបញ្ជាក់ដែរថា នេះ​គឺជា​ការ​ផ្សង​ប្រផ្នូល ទៅតាម​ទំនៀម​ទំលាប់​នៃ​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល ដែល​មាន​តាំងពី​បុរាណកាល​មក​ប៉ុណ្ណោះ និងជាការប្រកាស​ថា រដូវ​វប្បមង្គលចូលមក​ដល់​ហើយ​។ ដូច្នេះ​សូម​ប្រជាកសិករ រៀបចំ​ការងារ​បង្កបង្កើន​ផលឲ្យបាន​ទទួល​នូវ​ទិន្នផល​ខ្ពស់ ដើម្បី​លើកស្ទួយ​កម្រិតជីវភាពអោយ​បាន​ប្រសើរ​។

គួរ​បញ្ជាក់ផងដែរថា​ដោយ​សារតែ​ព្រះរាជពិធី​ច្រត់​ព្រះនង្គ័ល​ត្រូវ​រៀបចំ​ធ្វើនៅ​ក្នុង​ទឹកដី​ខេត្ត​កំពង់ចាម លោក​អភិបាល​ខេត្ត លន់ លីមថៃ ​ត្រូវបាន​ជ្រើសរើស​អោយ​ធ្វើ​ជា​ស្តេចមាឃ និង​ភរិយា​របស់​លោក​គឺ​លោកស្រី ស្រ៊ុន ណាង​ គឺ​ជា​មេហួរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ