អានតួអត្ថបទ
រុស្ស៊ី-អង់គ្លេស

ម៉ូស្គូ ច្រានចោលក្តីសង្ស័យថា រុស្ស៊ីបានបំពុលអតីតភ្នាក់ងារឈ្លបការណ៍ខ្លួនរស់នៅអង់គ្លេស

រដ្ឋាភិបាលអង់គ្លេស ថ្ងៃពុធទី​៧មីនា​  បានរួមប្រជុំជាបន្ទាន់ ក្រោយពីអតីតភ្នាក់ងាររុស្ស៊ីពាក់សក្តិជាវរសេនីយឯក អាយុ៦៦ឆ្នាំ ឈ្មោះ Serguei Skripal ត្រូវ​រង​សារធាតុ​ពុល។ ពេល​បំពេញ​ការងារ​នៅ​រុស្ស៊ី លោកតែងបានលួចយកការណ៍ពីរុស្ស៊ី​​​​ឲ្យក្រុងឡុង។ កាលពីថ្ងៃអាទិត្យ ទី​៤មីនា រូប​លោក​​ជាមួយកូនស្រី ឈ្មោះ Youlia  អាយុ ៣៣ឆ្នាំ ស្រាប់តែធ្លាក់ខ្លួនសន្លប់ ដោយ ធាតុពុលម្យ៉ាង។​ រឿងរ៉ាវនេះ ក្លាយជាលេស សម្រាប់ក្រុងឡុង ទម្លាក់នាទីទទួលខុសត្រូវទៅលើរុស្ស៊ី។​ ម៉្លោះហើយ បានជាម៉ូស្គូ បញ្ចេញប្រតិកម្មពុះខ្ជោល បកទៅវិញ។

លោក​ Serguï Skripal អតីតភ្នាក់ងារចារកិច្ច ដែលធ្លាប់លួចយកការណ៍ពីរុស្ស៊ីឲ្យអង់គ្លេស
លោក​ Serguï Skripal អតីតភ្នាក់ងារចារកិច្ច ដែលធ្លាប់លួចយកការណ៍ពីរុស្ស៊ីឲ្យអង់គ្លេស REUTERS
ផ្សាយពាណិជ្ជកម្ម

ថ្លែងក្នុងសន្និសីទកាសែតថ្ងៃពុធទី៧មីនា អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova កត់សម្គាល់ថា ៖ រឿងរ៉ាវនេះ តាំងពីដើមទីមក ត្រូវបានគេប្រើ ដើម្បីបញ្ឆេះរលកឃោសនា ប្រឆាំងរុស្ស៊ី។  អ្នកការទូតរុស្ស៊ីនេះ គូសបញ្ជាក់ថា ម៉ូស្គូ គ្មានទេពត៏មានស្តីអំពីមូលហេតុ នៃឧប្បត្តិហេតុ ដែលកើតឡើងជាមួយបុរសនោះ ក៏ដូចជាគ្មានឡើយព័ត៌មានស្តីអំពីសញ្ជាតិបច្ចុប្បន្ន របស់ជននេះ ហើយ ម៉ូស្គូ ក៏មិនបានទទួលសំណូមពរជាផ្លូវការពីក្រុងឡុង ពាក់ព័ន្ធនឹងការស៊ើបអង្កេតជុំវិញ បុរសនេះ។  

ដោយបរិហារ “ ការចោទប្រកាន់ដែលគ្មានអ្វីជាសំអាង “ លោកស្រី Zakharova ហ៊ានប្រមាណថា “រឿងរ៉ាវនេះ នឹងចប់ទៅដូចប្រក្រតីអញ្ចឹង គឺថា មុនដំបូង គេរុញច្រានចេញមកនូវការចោទប្រកាន់ននលគក បន្ទាប់មក ពួកគេនឹងលាក់ទុកការសម្ងាត់ទាំងអម្បាលម៉ានរបស់គេ ហើយទោះពួកអ្នកកាសែតក្តី ទោះ បណ្តាជនសាមញ្ញក្តី ទោះពួកអ្នកនយោបាយក្តី នឹងពុំយល់ដឹងឡើយ អំពីរាល់អ្វីៗដែលបានកើតឡើង មែនពិត។

ថ្ងៃ៧មីនា អ្នកនាំពាក្យវិមានក្រេមឡាំង លោក ឌ្មីទ្រី ពេស្កូវ បានថ្លែងចំពោះ​មុខ​អ្នក​កាសែត​ថា «តាមពិតខ្ញុំមិនចង់បញ្ចេញយោបល់អ្វីណា អំពីរឿងនេះទេ។ ប៉ុន្តែ ខ្ញុំទ្រាំលែងកើតនឹង ដំណឹងជុំវិញរឿងនេះ បញ្ឆេះដោយប្រព័ន្ធផ្សព្វផ្សាយបស្ចិមលោក​»។ តាមសម្តីគាត់ វិមានក្រេមឡាំង មិនងឿងឆ្ងល់ឡើយ នឹង ពាក្យប្រឌិតដែលថារុស្ស៊ី ជាប់ឈ្មោះប្រឡាក់ក្នុងរឿងបំពុល អតីត ចារបុរសឈ្មោះ Skripal  ដែលត្រូវបានកាត់ទោសឲ្យជាប់គុក១៣ ឆ្នាំចំពោះបទក្បត់ជាតិ។ ម៉ូស្គូផ្ទាល់ មិនដឹងឡើយ តើជននេះរស់នៅអង់គ្លេស ជាប់ដៃរវល់នឹងអ្វី ដែលអាចជាមូលហេតុនៃការធ្លាក់ខ្លួនពុល។

ក្នុងឋានៈជាវរសេនីយឯកនៃស្ថាប័នឈ្លបការណ៍ របស់កងទ័ពរុស្ស៊ី ឈ្មោះ Serguei Skripal តាំងពីឆ្នាំ ១៩៩៥ មកតែងបានលួចយកការណ៍ឲ្យក្រុងឡុង ហើយចំពោះបទក្បត់ជាតិនេះ ក្នុងឆ្នាំ២០០៦ ត្រូវបាន កាត់ទោសឲ្យជាប់គុក រហូតដល់ឆ្នាំ ២០១៩។ ប៉ុន្តែក្នុងឆ្នាំ ២០១០ រូបគាត់ក្លាយជាកម្មវត្ថុនៃការដោះដូរ អ្នកទោស រវាង ម្ខាងគឺម៉ូស្គូ និង ម្ខាងទៀត គឺក្រុងឡុង និង វាស៊ីនតោន ហើយតាំងពីពេលនោះមក គាត់ រស់នៅក្នុងប្រទេសអង់គ្លេស តែម្តង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ