អានតួអត្ថបទ
រុស្ស៊ី

លោក ពូទីន បរិហារកម្លាំងខ្លះនៅអាមេរិក​ ដែលត្រៀមធ្វើពលីកម្មទំនាក់ទំនង ជាមួយម៉ូស្គូ

ថ្ងៃព្រហស្បតិ៍ ទី​១៩ កក្កដា លោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន បានបរិហារ”កម្លាំងខ្លះ” នៅ ស.រ.អា. ដែល”ត្រៀមធ្វើពលីកម្មទំនាក់ទំនងរុស្ស៊ី-អាមេរិកាំង” ។ ការ​បរិហារនេះ គឺ​ក្រោយពីមានប្រព្រឹត្តទៅជំនួបកំពូល របស់គាត់ ជាមួយ សមភាគីអាមេរិកាំង លោក ដូណាល់ ត្រាំ។ លោកត្រាំ ដែលបានធ្លាក់ខ្លួនរងការទិតៀនគ្មានប្រណី ក្នុងប្រទេសគាត់ ដោយមកពីគោលជំហរគាត់ ចង់សម្រុះសម្រួលជាមួយរុស្ស៊ី។

បុរសខ្លាំងនៅរុស្ស៊ី Vladimir Poutine
បុរសខ្លាំងនៅរុស្ស៊ី Vladimir Poutine Yuri Kadobnov/POOL via Reuters
ផ្សាយពាណិជ្ជកម្ម

ថ្ងៃ ១៩ កក្កដា ក្នុងក្រសួងការបរទេសរុស្ស៊ីនៅក្រុងម៉ូស្គូ មានប្រព្រឹត្តទៅ សម័យប្រជុំ ចូលរួមដោយ ទូតរុស្ស៊ី ប្រមាណ ២០០ នាក់ ប្រចាំនៅតាមរដ្ឋបរទេស។ ក្នុងសុន្ទរកថា ថ្លែងពីលើវេទិកាសម័យប្រជុំនេះ ដែលពិភាក្សាអំពីការទូតរុស្ស៊ី លោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន ដោយមានប្រសាសន៍ប៉ះលើទំនាក់ទំនង ដែលនៅតានតឹងនៅឡើយ ជាមួយ ស.រ.អា.  បានលើកឡើងជាអាទិ៍ ថាយើងសង្កេតឃើញថា នៅស.រ.អា. មានកម្លាំងដែលត្រៀមយ៉ាងងាយ ធ្វើពលីកម្មទំនាក់ទំនងរុស្ស៊ី-អាមេរិកាំង ដើម្បី មហិច្ឆតាខ្លួន។

កម្លាំងទាំងនេះ “ ត្រៀមធ្វើពលីកម្ម ផលប្រយោជន៍ពួកសម្ព័ន្ធមិត្តខ្លួន និងថែមទាំង ការធានាដល់សន្តិសុខ ខ្លួនផ្ទាល់ទៅផង”-ចៅហ្វាយវិមានក្រេមឡាំងបន្តមកទៀត ទាំងរំលឹក ក្នុងបរិបទនេះ គឺ អំពី សន្ធិសញ្ញាកាត់ បន្ថយចំនួនអាវុធនុយក្លេអ៊ែរ  ចុះរវាង រុស្ស៊ី និង ស.រ.អា. ហៅកាត់ថា New START ដែលត្រូវអស់សុពលភាព ក្នុងឆ្នាំ ២០២១។     

លោកពូទីន គូសបញ្ជាក់ថា បើមិនចាប់ផ្តើមតាំងពីឥឡូវ ធ្វើការងារ ឆ្ពោះទៅពន្យារធរមានសន្ធិសញ្ញនេះទេ នោះក្នុង១ឆ្នាំកន្លះទៀត វានឹងលែងមានសុពលភាព។ លោកពូទីន សង្កត់ធ្ងន់ថា ចំពោះ​ពួកគេ ផលប្រយោជន៍ គណបក្សគេ បែរទៅជាសំខាន់ជាង ផលប្រយោជន៍ជាតិអាមេរិកាំង ទៅទៀត។

គាត់អះអាងថា ទោះយ៉ាងណាក្តី ក៏រុស្ស៊ីស្ថិតនៅបើកចំហ សម្រាប់ ការបង្កើនទំនាក់ទំនង ជាមួយ ស.រ.អា. ដោយឈរលើ មូលដ្ឋាន ស្មើភាព និង អត្ថប្រយោជន៍ ទៅវិញទៅមក។

បុរសខ្លាំងនៅរុស្ស៊ី បន្ថែមថា ម៉ូស្គូ ត្រូវការឲ្យមានរបៀបវារៈថ្មី ដែលវិជ្ជមាន តម្រង់ទៅបំពេញឲ្យបានរួច ការងាររួមគ្នា រកឲ្យឃើញចំណុចដែលត្រូវគ្នា។ ប្រាកដណាស់ ដែលយើងបាននិយាយអំពីរឿងនេះ ពេលជួបដោយផ្ទាល់ កាលពីដើមសប្តាហ៍នេះ ក្នុងរដ្ឋធានីហ្វាំងឡង់ ជាមួយលោកប្រធានាធិបតី ស.រ.អា. ដូណាល់ ត្រាំ។ មិនមែនតែប្រជាជនយើងទាំងពីរប៉ុណ្ណោះទេ តែពិភពលោកទាំងមួល ដែលប្រាថ្នាចង់បាន។ លោកពូទីន បានបញ្ចប់សេចក្តីថា ក្នុងឋានៈជាមហាអំណាចនុយក្លេអ៊ែរពីរធំជាងគេ រុស្ស៊ី និង ស.រ.អា.មាននាទីទទួលខុសត្រូវពិសេស ចំពោះស្ថិរភាពយុទ្ធសាស្ត្រ និង សន្តិសុខ នៅក្នុងលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ