ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/07 12h00 GMT
អាមេរិក

ប្រមុខ​ចារកិច្ច​អាមេរិក​ចូលខ្លួន​បំភ្លឺ​ព្រឹទ្ធសភា​ជុំវិញ​ការ​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត​ពី​រុស្ស៊ី

media  
ទីស្នាក់ការ​នៃ​ទីភ្នាក់ងារ​ចារកិច្ច​សេអ៊ីអា (រូបថតឯកសារ) REUTERS/Larry Downing

នៅ​ក្នុង​ពេល​កំពុងមាន​បញ្ហា​ចម្រូងចម្រាស​ខ្លាំង​ជាមួយ​នឹង​ប្រធានាធិបតី​ទើប​នឹង​ជាប់ឆ្នោត គឺ​លោក​ដូណាល់​ត្រាំ ប្រមុខទីភ្នាក់ងារ​ចារកិច្ច​អាមេរិក​ត្រូវ​ចូលខ្លួន នៅថ្ងៃ​ព្រហស្បតិ៍​នេះ ​ទៅឆ្លើយបំភ្លឺ នៅ​ចំពោះ​មុខ​គណៈកម្មការ​ការពារជាតិ​នៃ​ព្រឹទ្ធសភា ជុំវិញ​ករណី​​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត​មក​លើ​គណបក្ស​ប្រជាធិបតេយ្យ​ក្នុង​អំឡុង​ពេល​បោះឆ្នោត។ ការវាយប្រហារ​តាមប្រព័ន្ធ​អ៊ីនធ័រនែត ដែល​គ្រប់​ទីភ្នាក់ងារ​ចារកិច្ច​អាមេរិក​ទាំងអស់​សន្និដ្ឋាន​ថា​ជា​ស្នាដៃ​របស់​រុស្ស៊ី ក៏ប៉ុន្តែ លោក​ដូណាល់ត្រាំ​ច្រានចោល​ការសន្និដ្ឋាន​នេះ។

តើ​រុស្ស៊ី​ពិតជា​បាន​ប្រើ​ការវាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត ដើម្បី​លូកដៃ​ចូលជ្រៀតជ្រែក​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​មែន​ឬ​ក៏​យ៉ាងណា? នេះ​គឺ​ជា​សំណួរ​ដែល​កំពុងតែ​ចោទឡើង និង​ដែល​កំពុងតែ​បង្កើត​ឲ្យ​មាន​ភាពចម្រូងចម្រាស​ដ៏​ខ្លាំង​មិនធ្លាប់​មាន រវាង​ទីភ្នាក់ងារ​ចារកិច្ច​អាមេរិក និង​ប្រធានាធិបតី ដែល​នឹង​ត្រូវ​ឡើង​មក​កាន់តំណែង នៅ​ក្នុង​រយៈពេល​២សប្តាហ៍​ខាងមុខ។

ទីភ្នាក់ងារ​ចារកិច្ច​ទាំងអស់​របស់​អាមេរិក​សុទ្ធតែ​បាន​សន្និដ្ឋាន​ថា រុស្ស៊ី​គឺ​ជា​អ្នក​ចូល​លួច​អ៊ីមែល​របស់​គណបក្ស​ប្រជាធិបតេយ្យ​ រួចហើយ​ធ្វើ​ឲ្យ​លេចធ្លាយ​អ៊ីមែល​អស់ទាំងនេះ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​​បេក្ខភាព​របស់​លោកស្រី​​ហ៊ីឡារី​គ្លីនតុន តែ​​ជួយដល់​លោក​ដូណាល់ត្រាំ។

លោក​ដូណាល់ត្រាំ​បាន​វាយបក​មកវិញ​ថា ទីភ្នាក់ងារ​ចារកិច្ច​ដែល​ធ្វើ​សេចក្តីសន្និដ្ឋាន​នេះ គឺ​ជា​ស្ថាប័ន​តែមួយ ដែល​ធ្លាប់​សន្និដ្ឋាន​ថា សាដាមហ៊ូសេន​មាន​អាវុធ​ប្រល័យ​លោក តែ​ជា​ការសន្និដ្ឋាន​ខុសស្រឡះ។ លើសពីនេះ​ទៅទៀត លោក​ដូណាល់ត្រាំ​ថែម​ទាំងបាន​ដកស្រង់​សម្តី​របស់​ប្រមុខដឹកនាំ WikiLeaks គឺ​លោក ជូលៀន អាសាញ់ ដែល​អះអាង​ថា រុស្ស៊ី​មិនមែន​ជា​អ្នក​ចូលលួច​អ៊ីមែល​របស់​​គណបក្ស​ប្រជាធិបតេយ្យ ហើយ​ថា WikiLeaks ទទួល​បាន​អ៊ីមែល​ទាំងនេះ​ពី​អ្នក​ផ្សេង។

ការវាយប្រហារ​ទៅលើ​ទីភ្នាក់ងារ​ចារកិច្ច​របស់​ខ្លួនឯង ហើយ​ងាក​ទៅ​គាំទ្រ​មេដឹកនាំ WikiLeaks ដែល​អាជ្ញាធរ​អាមេរិក​កំពុង​ស្វែងរក​ចាប់ខ្លួន​បែបនេះ ធ្វើ​ឲ្យ​លោក​ដូណាល់ត្រាំ កំពុង​ទទួលរង​នូវការ​រិះគន់​ពី​ស្ទើរគ្រប់ទិសទី ជាពិសេស ពី​មន្រ្តី និង​អតីតមន្រ្តី​ចារកិច្ច និង​ទាំងពីថ្នាក់ដឹកនាំ​គណបក្ស​សាធារណរដ្ឋ​ដូចគ្នា។

លោក​ចន ម៉ាក់ខេន អតីត​បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​សាធារណរដ្ឋ​បាន​ទាមទារ​ឲ្យ​បង្កើត​គណៈកម្មការ​ឯករាជ្យ​ចម្រុះបក្ស​មួយ ដើម្បី​ស៊ើបអង្កេត​លើ​ករណី​ជ្រៀតជ្រែក​របស់​រុស្ស៊ី​មក​លើ​ការបោះឆ្នោត​អាមេរិក ហើយ​កាល​ពីថ្ងៃ​ពុធ​ម្សិលមិញ​នេះ លោក​បាន​លើកឡើង​ថា ការវាយប្រហារ​តាមប្រព័ន្ធអ៊ីនធ័រនែត​ពី​សំណាក់​រុស្ស៊ី​មក​លើ​ស្ថាប័ន​នយោបាយ​អាមេរិក គឺ​ស្មើ​នឹង “ការ​ប្រកាស​សង្រ្គាម”។

នៅថ្ងៃ​ព្រហស្បតិ៍​នេះ គឺ​នៅ​ចំពោះ​មុខ​គណៈកម្មការ​ការពារជាតិ​នៃ​ព្រឹទ្ធសភា ដឹកនាំ​ដោយ​លោក ចន ម៉ាក់ខេន ដែល​ប្រមុខដឹកនាំ​ទីភ្នាក់ងារ​ចារកិច្ច​អាមេរិក ត្រូវ​ចូល​ខ្លួន​ទៅ​ឆ្លើយបំភ្លឺ​ទាក់ទង​នឹង​ការវាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត​ពី​រុស្ស៊ី​ មុន​នឹង​ជួប​បំភ្លឺ​លោក​ដូណាល់ត្រាំ នៅថ្ងៃ​សុក្រ​ស្អែក៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ