ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/07 12h00 GMT
អាស៊ី

រុស្ស៊ី​ជាប់លេខ​៣០ ខាង​សេរីភាព​ប្រើ​អ៊ិនធ័រណែត

media  

ចំណាត់ថ្នាក់នេះ មានចែងក្នុង​របាយការណ៍ ក្រោមឈ្មោះ​ថា “Freedom on the Net 2012” ទើបចេញផ្សាយ​ដោយ​អង្គការ​ក្រៅរដ្ឋាភិបាល​អាមេរិកាំង Freedom House ពោលគឺ អំពីកម្រិតនៃសេរីភាព ខាងប្រើ​បណ្តាញ​អ៊ិនធ័រណែត។ អង្គការនេះ ដែលកើតមក តាំងពីឆ្នាំ ១៩៤១ ម៉្លេះ ល្បីខាង​ស្រាវជ្រាវអំពី​សេរីភាព​នយោបាយ និង សេរីភាពស៊ីវិល នៅក្នុងលោក។

របាយការណ៍នេះ លើកឡើងថា ជាប់លេខ១​នាំមុខគេ គឺ​ប្រទេស Estonie, ជាប់លេខ២ គឺ ស.រ.អា. ហើយលេខ៣ គឺ អាល្លឺម៉ង់។ ស្ថិតក្នុងចំណោម ១០ ប្រទេសនាំមុខគេ តាំងពីលេខ៤ ដល់លេខ១០ គឺ អូស្ត្រាលី ហុងគ្រី អ៊ីតាលី ហ្វីលីពីន អង់គ្លេស អាហ្សង់ទីន និង​សាធារណរដ្ឋ​អាហ្វ្រិកខាងត្បូង។

រីឯប្រទេស​ជាប់លេខ​ចុងប៉ូចគេ ក្នុងចំណោម ៤៧ប្រទេស ដែល​ត្រូវបាន​សិក្សា ដោយ​ក្រុម​អ្នកស្រាវជ្រាវ ៥០នាក់ របស់ Freedom House ក្នុងរយៈពេល ពីខែមករា​ឆ្នាំ២០១១ ដល់ ខែឧសភាឆ្នាំ២០១២ ខាង​រឹតត្បិត​សេរីភាព​ប្រើ​អ៊ិនធ័រណែត គឺ ចិន គុយបា និង អ៊ីរ៉ង់។

ករណីអ៊ីរ៉ង់ បណ្តាញអ៊ិនធ័រណែតទាំងមូល គឺ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ របស់​អាជ្ញាធរ ដែល​អាច​ច្រោះ ហើយ​ខ្ទប់បិទ Website​នេះ ឬនោះ ដល់ទៅ​រាប់ម៉ោង។

ករណី Estonie ដែលជាប់លេខ១នាំមុខគេ ត្រូវ Freedom House កត់សម្គាល់​ថា សេរីភាព​ខាង​ប្រើ​អ៊ិនធ័រណែត ឥតមាននរណា​ហ៊ាន​បំពានឡើយ ប៉ុន្តែ អាជ្ញាធរ​បាន​អនុម័តច្បាប់​យ៉ាងតឹងរ៉ឹង ការពារព័ត៌មាន​របស់​បុគ្គល។

ករណីរុស្ស៊ី ដែលជាប់លេខ៣០ ត្រូវបាន Freedom House កត់សម្គាល់ថា ក្នុងឆ្នាំ២០១១ មាន​បណ្តាជន​៤៩% ទៅហើយ ប្រើអ៊ិនធ័រណែត គឺ​ជិត៣ដង ច្រើនជាង​៦ឆ្នាំមុន ដែល​មានតែ​១៨%។ Freedom House សរសើរ​រដ្ឋាភិបាល​រុស្ស៊ី ដែល​គាំទ្រ​យ៉ាងសកម្ម​ដល់ការ​អភិវឌ្ឍន៍​បណ្តាញ​អ៊ិនធ័រណែត។ យ៉ាងណាមិញ គិតមកទល់​ឆ្នាំ២០០៨ សាលារៀន​ភាគច្រើន​នៅរុស្ស៊ី​បាន​តភ្ជាប់​ទៅហើយ ទៅនឹង​បណ្តាញនេះ។

ប៉ុន្តែ Freedom House ព្រួយបារម្ភ ចំពោះ​ការត្អូញត្អែរ​របស់​ពួក​អ្នក​ការពារ​សិទ្ធិមនុស្ស ដែល​ថា ប៉ូលីស​និង​ស្ថាប័ន​រដ្ឋអាជ្ញា​រុស្ស៊ី រមែង​ធ្វើគំនាប តាម​ទូរស័ព្ទ​ទៅពួក Bloggers ឲ្យ​លុបចេញ​ទៅ អត្ថបទណា ដែល​ទិតៀន​រដ្ឋអំណាច ក្រោមលេសថា វាអាច​ប៉ះពាល់ ដល់​សណ្តាប់ធ្នាប់​សង្គម និង​សន្តិសុខជាតិ។

អង្គការ Freedom House ក្នុងរបាយការណ៍ខ្លួន ចង្អុលឲ្យឃើញ ថា ថ្វីត្បិតតែ រដ្ឋធម្មនុញ្ញ រុស្ស៊ី ធានា នូវ សិទ្ធិ សម្រាប់ បញ្ចេញមតិ ដោយសេរី ក្តី ក៏មាត្រានេះ នៃ ច្បាប់គោល រុស្ស៊ី តែងត្រូវ អាជ្ញាធរ រំលោភបំពាន ហើយ នៅមិនទាន់ មានទេ ច្បាប់ពិសេស ដែល ការពារ សេរីភាព វោហា នៅតាម បណ្តាញ អ៊ិនធ័រណែត៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ