អានតួអត្ថបទ
រុស្ស៊ី

មេដឹកនាំ​ប្រឆាំង​រុស្ស៊ី​ត្រូវ​តុលាការ​កាត់​ឲ្យជាប់​ពន្ធនាគារ​៥ឆ្នាំ

អ្នកប្រឆាំង​នៅរុស្ស៊ី ដែលល្បី​ខាង​ប្រយុទ្ធ​ទល់នឹង​អំពើពុករលួយ លោក Alexei Navalny រសៀលម្សិលមិញ ត្រូវបាន​តុលាការ កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ ៥ឆ្នាំ ប៉ុន្តែ ក្នុង លក្ខណៈ​ព្យួរទោស ព្រមទាំង​តម្រូវឲ្យ​បង់ប្រាក់​ពិន័យ ៨.៤០០ ដុល្លារ តាមបទ​គៃបន្លំប្រាក់។ ក្រោយពីឮ​សាលក្រម​នោះ គាត់ថ្លែង​ថា ការកាត់ទោស​រូបគាត់ មានលក្ខណៈ​នយោបាយ សុទ្ធសាធ បំពេញតាម​កុម្ម៉ង់​របស់​វិមាន​ក្រេមឡាំង ដើម្បី​ដកសិទ្ធិគាត់ ជា​បេក្ខជន​គ្រោះថ្នាក់ អាច​ឈ្នោះឆ្នោត កុំឲ្យ​ចូលប្រឡូក ក្នុង ការបោះឆ្នោត​ប្រធានាធិបតី​នៅរុស្ស៊ី ក្នុងឆ្នាំ ២០១៨។

លោក Alexeï Navalny មេដឹកនាំ​ប្រឆាំង​នៅ​រុ​ស្ស៊ី ដែល​ត្រូវ​តុលាការ​កាត់ទោស​ដាក់​ពន្ធនាគារ ៥ឆ្នាំ
លោក Alexeï Navalny មេដឹកនាំ​ប្រឆាំង​នៅ​រុ​ស្ស៊ី ដែល​ត្រូវ​តុលាការ​កាត់ទោស​ដាក់​ពន្ធនាគារ ៥ឆ្នាំ REUTERS/Maxim Shemetov
ផ្សាយពាណិជ្ជកម្ម

គួរនិយាយថា អ្នកស្រុករុស្ស៊ីណា​ដែលគាំទ្រ លោក Alexei Navalny គឺ គេពេញចិត្ត នឹង ភាពប្តេជ្ញា​របស់គាត់ ប្រយុទ្ធ​ទល់នឹង​អំពើពុករលួយ​ដែល​បន្តស៊ីរូង​ប្រទេស។ គាត់ល្បី ដោយ ហ៊ាន កកូរកកាយ​ទ្រព្យសម្បត្តិ ពួកមន្ត្រីរដ្ឋការណា​ដែលស្តុកស្តម្ភ មកផ្សព្វផ្សាយ ឲ្យប្រជាជន ដឹងឮ។ ម៉្លោះហើយ បានជាគាត់​ក្លាយជា បុគ្គល​ដែលគ្រោះថ្នាក់​សម្រាប់​រដ្ឋអំណាច។

តាមពិត ការកាត់ទោស​ថ្ងៃ៨កុម្ភៈម្សិលមិញ គឺជាការ​សូត្រឡើងវិញ​នៃ សាលក្រម​បែបនេះ កាលពី​ឆ្នាំ២០១៣ ដែលបន្ទាប់មក ត្រូវបាន​គាត់ប្តឹងតវ៉ា ទៅតុលាការ​អឺរ៉ុប​ខាងសិទ្ធិមនុស្ស ដែល​បានកាត់ក្តី​ឲ្យគាត់​ឈ្នះ ដោយថែមទាំង​បានតម្រូវឲ្យ រដ្ឋរុស្ស៊ី បង់ប្រាក់​ជម្ងឺចិត្ត ៤៨.០០០អឺរ៉ូ​ ទៅគាត់​ទៅផង។ ស្របនឹង​ការសម្រេចចិត្តនេះ​របស់​តុលាការ​អឺរ៉ុប តុលាការ​កំពូល រុស្ស៊ី ក៏បាន​បញ្ជាឲ្យ តុលាការ​ទីរួមខេត្ត Kirov នៅចម្ងាយ ៩០០គ.ម. ខាងកើត​ពីរដ្ឋធានី​ម៉ូស្គូ ពិនិត្យមើល​សំណុំរឿងគាត់​សាឡើងវិញ។ គឺ ក្នុងខេត្តនេះឯង ដែលកាលពី​ឆ្នាំ២០០៩ គាត់ បានធ្វើជា​ទីប្រឹក្សា​អភិបាលខេត្ត​សេរីនិយមគ្នីគ្នាគាត់ ហើយស្រាប់តែ​ជាប់ចោទ ក្នុងការគៃបន្លំ ប្រាក់​របស់​ក្រុមហ៊ុនរដ្ឋ​ខាងកាប់ឈើ អស់ប្រមាណ កន្លះលានដុល្លារ។

គ្រាន់តែឮ​ការកាត់ទោស​គាត់សាជាថ្មី លោក Navalny បានប្រកាស មិនទទួលស្គាល់ សាលក្រម នេះទេ។ គាត់ថា ស្របនឹង​រដ្ឋធម្មនុញ្ញ​ប្រទេស គាត់មានសិទ្ធិ​ពេញទី ក្លាយជា​បេក្ខជន ក្នុង ការបោះឆ្នោត​ប្រធានាធិបតី​នៅរុស្ស៊ី ក្នុងឆ្នាំក្រោយ។ ហើយគាត់​ពិតជា​នឹង ចូលប្រឡូកមែន។ ប៉ុន្តែ បើការព្យួរទោស​នោះ នៅតែ​មាន​សុពលភាព នោះ ស្របនឹង​ច្បាប់រុស្ស៊ី គាត់អាច​ត្រូវ ដកសិទ្ធិ រហូតដល់​១០ឆ្នាំ មិនអាច​ជាប់ឆ្នោត​អ្វីណាឡើយ។

កាលពីខែតុលាឆ្នាំ២០១៣ គាត់បាន​ទទួលសម្លេង​គាំទ្រ ដល់ ២៧,២% ជាប់​ចំណាត់ថ្នាក់​ទី២ក្នុង ការ​បោះឆ្នោត​រើស​អភិបាល​ក្រុងម៉ូស្គូ ដោយចាញ់តែ​បេក្ខភាព​ដែលជំនិត​នឹង​វិមានក្រេមឡាំង។ លោក Navalny សព្វថ្ងៃអាយុ ៤០ឆ្នាំ បន្តស្ថិតនៅ​ជា គូប្រឆាំង​យ៉ាងយូរ ទល់នឹង​លោក ប្រធានាធិបតី​ពូទីន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ