អានតួអត្ថបទ
រុស្ស៊ី-ហ្វីលីពីន

រុស្ស៊ី​ស្នើ​លក់អាវុធ​ទៅឲ្យ​ហ្វីលីពីន​ដែលជា​សម្ព័ន្ធមិត្ត​អាមេរិក

រុស្ស៊ី​ត្រៀម​ខ្លួន​ជានិច្ច​​ក្នុងការ​ផ្គត់ផ្គង់​គ្រឿងសព្វាវុធ​ល្អៗ​ទៅ​ឲ្យ​ហ្វីលីពីន និង​ចង់​បង្កើន​ទំនាក់ទំនង​ជាមួយ​ហ្វីលីពីន​ឲ្យ​កាន់តែ​ជិតស្និទ្ធិ។ នេះ​បើ​តាម​ការ​អះអាង​របស់​ឯកអគ្គរដ្ឋ​ទូត​រុស្ស៊ី​ប្រចាំ​ទីក្រុង​ម៉ានីល នៅ​ក្នុង​ឱកាស​ដែល​នាវាចម្បាំង​របស់​រុស្ស៊ី កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន ដែល​ជា​សម្ព័ន្ធមិត្ត​ចាស់ឆ្នាំ​របស់​សហរដ្ឋ​អាមេរិក ប៉ុន្តែ កំពុង​មាន​ទំនាក់ទំនង​ប្រេះឆា​នឹង​គ្នា ចាប់តាំង​ពី​លោក​ឌុយទែរតេ​ចូល​កាន់​តំណែង។

នាវាចម្បាំង​រុស្ស៊ី ដែល​កំពុង​សំចត​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន
នាវាចម្បាំង​រុស្ស៊ី ដែល​កំពុង​សំចត​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន REUTERS/Romeo Ranoco
ផ្សាយពាណិជ្ជកម្ម

គេនៅចាំបាន​ថា លោក​ឌុយទែរតេ​ធ្លាប់​បាន​លើកឡើង​ពី​បំណង​ចង់​ផ្តាច់​សម្ព័ន្ធភាព​ជាមួយ​អាមេរិក ហើយ​ងាក​ទៅ​ចង​សម្ព័ន្ធភាព​ជាមួយ​ចិន និង​រុស្ស៊ី។ ជាការគូស​បញ្ជាក់​ពី​ការ​ពង្រឹង​ទំនាក់ទំនង​ហ្វីលីពីន-រុស្ស៊ី នៅសប្តាហ៍​នេះ នាវាចម្បាំង​រុស្ស៊ី​ចំនួន​២គ្រឿង​បាន​ចូល​សំចត នៅ​ក្នុង​ទីក្រុង​ម៉ានីល ដែល​ជា​រឿង​មិន​ធ្លាប់មាន សម្រាប់​ប្រទេស​ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏​ចាស់ឆ្នាំ​របស់​សហរដ្ឋ​អាមេរិក។

គឺនៅលើ​នាវាចម្បាំង​នេះ​ហើយ ដែល​ឯកអគ្គរដ្ឋ​ទូត​រុស្ស៊ី​ប្រចាំ​ទីក្រុង​ម៉ានីល បាន​ប្រកាស​ថា ការពង្រីក​ទំនាក់ទំនង​អន្តរជាតិ មិនមែន​មានន័យ​ថា ចាំបាច់​ត្រូវ​តែ​ជ្រើសរើស​ប្រទេសមួយ ហើយ​បោះចោល​ប្រទេស​មួយផ្សេងទៀត​នោះទេ តែ​គឺ​រក្សា​ដៃគូ​ចាស់ ហើយ​បង្កើត​ដៃគូ​ថ្មី​បន្ថែម ហើយថា រុស្ស៊ី​ត្រៀម​ខ្លួន​ជានិច្ច​ ដើម្បី​ធ្វើ​ជា​ដៃគូ និង​ជា​សម្ព័ន្ធមិត្ត​ថ្មី​មួយ​ទៀត​​របស់​ហ្វីលីពីន។

រុស្ស៊ី​ក៏​បាន​ស្នើ​ផងដែរ​ចង់​លក់​គ្រឿងសព្វាវុធ​ទៅ​ឲ្យ​ហ្វីលីពីន នៅ​ក្នុង​ពេល​ដែល​សហរដ្ឋ​អាមេរិក​កំពុង​ពិចារណា​ផ្អាក​ការ​លក់​អាវុធ​ទៅ​ឲ្យ​ហ្វីលីពីន ដោយសារ​តែ​ភាពចម្រូងចម្រាស​ជុំវិញ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​​របស់​លោក​ឌុយទែរតេ។

គេនៅចាំបានថា នៅ​ពេល​ដែល​អាមេរិក​លើកឡើង​ពី​ការ​ចង់​ហាមឃាត់​ការ​លក់​អាវុធ​ទៅ​ឲ្យ​ហ្វីលីពីន លោក​ឌុយទែរតេ​បាន​ឆ្លើយតប​វិញ​ដោយ​កំហឹង​ថា បើ​អាមេរិក​មិន​លក់​ លោក​នឹង​ទៅទិញ​ពី​អ្នក​ផ្សេង គឺ​ពី​ចិន និង​រុស្ស៊ី។ ស្របជាមួយ​នឹង​ការ​ថ្លែង​បែបនេះ ប្រធានាធិបតី​ហ្វីលីពីន​បាន​បញ្ជូន​រដ្ឋមន្រ្តី​ការបរទេស និង​ការពារជាតិ​របស់​ខ្លួន ឲ្យ​ទៅ​កាន់​ទីក្រុង​ម៉ូស្គូ កាល​ពី​ខែមុន ដើម្បី​ជជែក​ពី​ការ​បង្កើន​ទំនាក់ទំនង ហ្វីលីពីន-រុស្ស៊ី។

កាល​ពីថ្ងៃ​ពុធ ឯកអគ្គរដ្ឋ​ទូត​រុស្ស៊ី​ប្រចាំ​ទីក្រុង​ម៉ានីល​បាន​ប្រកាស​សន្យាថា រុស្ស៊ី​ត្រៀម​ខ្លួន​ក្នុង​ការ​ផ្គត់ផ្គង់​គ្រឿងសព្វាវុធ​គ្រប់​ប្រភេទ​ទៅ​ឲ្យ​ហ្វីលីពីន ទោះជា​អាវុធ​ធុនស្រាល រហូត​ដល់​ឧទ្ធម្ភាគចក្រ យន្តហោះ នាវាមុជទឹក និង​គ្រឿងសព្វាវុធ​ផ្សេងទៀត ដែល​សុទ្ធសឹង​ជា​អាវុធ​ធុន​ទំនើប និង​ជា​អាវុធ​ថ្មីៗ​មិនមែន​ជជុះ។

កងទ័ពជើងទឹក​របស់​រុស្ស៊ី​ក៏​បាន​ប្រកាស​ឲ្យដឹង​ផងដែរ កាល​ពីថ្ងៃ​អង្គារ​កន្លងទៅ​ថា ខ្លួន​កំពុង​រៀបចំ​ផែនការ ដើម្បី​ធ្វើ​សមយុទ្ធ​រួមគ្នា​ជាមួយ​នឹង​កងទ័ពជើងទឹក​ហ្វីលីពីន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ