អានតួអត្ថបទ
រុស្ស៊ី

ម៉ូស្គូ​សុំ​បស្ចិមលោក​កុំឲ្យ​លូកដៃ​ចូល​ក្នុង​ការងារ​តុលាការ​រុស្ស៊ី

សំណូមពរ​នេះ លើកឡើង​ដោយ​លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី Serguei Lavrov ក្នុង​សន្និសីទ​កាសែត​ធ្វើ​រសៀល​ម្សិលមិញ​នៅ​ក្រុង Helsinki រួម​ជាមួយ​សមភាគី​ហ្វាំងឡង់។ តបនឹង​ការ​រិះគន់ ដែលថា ការ​កាត់ទោស​នារី​រុស្ស៊ី​៣នាក់ នៃ​ក្រុម​ចម្រៀង Pussy Riot ឲ្យគេ​ម្នាក់ៗ ជាប់​ពន្ធនាគារ​ដល់ទៅ​២ឆ្នាំ គឺ​វា “ធ្ងន់ជ្រុល” លោក​ប្រមុខ​ការទូត​រុស្ស៊ី​អំពាវនាវ​កុំឲ្យ​ច្រាស់ច្រាល់ និង​ឆាប់​ទាញ​យក​សេចក្តី​សន្និដ្ឋាន​អី។

នារី​រុស្ស៊ី​ទាំង៣នាក់ នៃក្រុមចម្រៀង Pussy Riot ដែល​ត្រូវ​តុលាការ​រុស្ស៊ី​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារម្នាក់ៗ ២ឆ្នាំ​
នារី​រុស្ស៊ី​ទាំង៣នាក់ នៃក្រុមចម្រៀង Pussy Riot ដែល​ត្រូវ​តុលាការ​រុស្ស៊ី​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារម្នាក់ៗ ២ឆ្នាំ​ REUTERS/Maxim Shemetov
ផ្សាយពាណិជ្ជកម្ម

ជាបឋម គួររំលឹក​ថា នារី​រុស្ស៊ី​៣នាក់ នៃ​ក្រុម​ចម្រៀង Pussy Riot ដែល​កាលពី​ថ្ងៃ​សុក្រ ទី១៧​សីហា​កន្លងទៅ ត្រូវបាន​តុលាការ​ក្រុងម៉ូស្គូ​ប្រកាស​សាលក្រម​ឲ្យ​ជាប់​ពន្ធនាគារ ម្នាក់ៗ រយៈពេល​២ឆ្នាំ​នោះ គឺ​មកពីគេ​បាន​ថ្លោះការ​ចូលទៅ​ច្រៀង​ផង ឡក​ផង កាលពី ថ្ងៃ២១ កុម្ភៈ ឆ្នាំនេះ ក្នុង​វិហារ​ឈ្មោះ “ព្រះគ្រិស្ត​សង្គ្រោះ” នៅ​ក្រុង​ម៉ូស្គូ ដែល​ជា​វិហារ​គ្រិស្តសាសនា​អ័រថូដុក្ស ធំបំផុត​នៅរុស៊្សី។ ចម្រៀង​គេ​កាលណោះ បន្លឺឡើង ជា​ការ​បន់ស្រន់ “សុំឲ្យ​ព្រះ​ជាម្ចាស់​បណ្តេញ​លោក​ពូទីន​ចេញពី​អំណាច​ទៅ” និង​ទិតៀន​សម្តេចសង្ឃ Kirill ជា​ប្រមុខ​គ្រិស្តសាសនា​អ័រថូដុក្ស ទូទាំង​ប្រទេស​រុស្ស៊ី ចំពោះ​ការ​គាំទ្រ​លោក​ពូទីន ឲ្យនៅ​កាន់​អំណាច។ ទង្វើ​នារី​ទាំង៣នាក់​នោះ ត្រូវ​តុលាការ​រុស្ស៊ី​ចាត់ទុក​ជា “អំពើ​យូកូម​ប្រមាថ​លើ​សាសនា” ដែល​តាម​ក្រម​ព្រហ្មទណ្ឌ​រុស្ស៊ី គឺ​អាច​ត្រូវ​កាត់ទោស ឲ្យ​ជាប់​ពន្ធនាគារ រហូតដល់​៧ឆ្នាំ​ឯណោះ។

ដោយឆ្លើយ ក្នុង​សន្និសីទ​កាសែត​នោះ ផ្គើនទៅ​អ្នកកាសែត​ម្នាក់ ដែល​រិះគន់​ថា ទោស​ដែល​ដាក់​លើ​នារី​ទាំងនោះ គឺ​វា “ធ្ងន់ជ្រុល” លើសពី​ទង្វើ​ដែល​គេ​បាន​ប្រព្រឹត្ត លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី Serguei Lavrov ថែមទាំង​លើក​យក ករណី​បែបនេះ​នៅតាម​ប្រទេស​បស្ចិមលោក មក​បង្ហាញ​ជា​ឧទាហរណ៍​ទៅ​ផង គឺ​ថា ចំពោះ​អំពើ​យូកូម​ប្រព្រឹត្ត​ក្នុង​វិហារ ដែល​ប្រមាថ​លើ​សាសនា៖ នៅអាល្លឺម៉ង់ ប្រមើល​ឲ្យ​ជាប់​ពន្ធនាគារ​ដល់​៣ឆ្នាំ, នៅ​ប្រទេស​បារាំង គឺ​ឲ្យ​ជាប់​២ឆ្នាំ, នៅ​ហ្វាំងឡង់ គឺ​ឲ្យ​ជាប់ ២ឆ្នាំ​ដែរ, នៅ​អូទ្រីស គឺ​ឲ្យ​ជាប់​ពន្ធនាគារ ៦ខែ ឬ​តម្រូវឲ្យ​បង់​ប្រាក់ពិន័យ ក្នុង​ទំហំ​ស្មើនឹង​ប្រាក់​ការងារ ដែល​សាមីជន​រក​បាន ក្នុង​អំឡុងពេល​៣៦០ថ្ងៃ។

ព្រមជាមួយនេះ លោកប្រមុខការទូតរុស្ស៊ី គូសបញ្ជាក់​ថា ទោះ​ក្នុង​ករណីណា​ក៏ដោយ ក៏​ទណ្ឌិត​ទាំងនោះ​នៅមាន​លទ្ធភាព​ប្តឹង​ទៅ​សាលាឧទ្ធរណ៍​ទេតើ។ ដូច្នេះ សូម​កុំ​ប្រញាប់ប្រញាល់ ទាញយក​សេចក្តី​សន្និដ្ឋាន​អី ហើយ​ជាពិសេស កុំ​ច្រាស់ច្រាល់ លូកដៃ​ចូល​ក្នុង​កិច្ចការ​តុលាការ​រុស្ស៊ី​ឡើយ។

ទាក់ទងនឹងការកាត់ទោសនារី៣នាក់ នៃ​ក្រុម​ចម្រៀង Pussy Riot អង្គការ​សង្គមសាស្ត្រ​រុស្ស៊ី Levada-Center ទើប​ចេញ​លទ្ធផល​នៃ​ការ​ស្ទង់មតិ​ប្រជាពលរដ្ឋ​រុស្ស៊ី ដូច​តទៅ៖ ៤៤% យល់ថា ការកាត់ទោស​នោះ​គឺ​យុត្តិធម៌​ត្រឹមត្រូវ និង​សត្យានុម័ត។ ១៧% មិនជឿ​ថា មាន​យុត្តិធម៌​ឡើយ ក្នុង​ការ​កាត់ទោស​នេះ។ ១៨% ប្រាកដ​ក្នុងចិត្ត​ថា ការ​កាត់ទោស​នោះ​ធ្វើ​ទៅតាម “បញ្ជា​ពី​ថ្នាក់លើ”។ ២១% សល់ពីនេះ គ្មាន​យោបល់​អ្វី​ណាទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ