អានតួអត្ថបទ
អង់គ្លេស

អង់គ្លេស៖ ​រុស្ស៊ីមិនគួរ​ចាប់​ខ្លួន​មនុស្ស​ សម្រាប់​ធ្វើ​ជា​ល្បែង​អុកការទូត​នោះទេ!

ថ្ងៃទី​៤មករា ប្រមុខ​ការទូតអង់គ្លេស ថ្លែង​ការ​សោកស្តាយ​ចំពោះ​​ពលរដ្ឋ​អាមេរិក​សញ្ជាតិ​អង់គ្លេស​ម្នាក់ ដែល​ត្រូវ​រុស្ស៊ី​ចាប់​ខ្លួន និង​សម្រេច​ចោទ​ប្រកាន់​ពី​បទ​ធ្វើ​ចារកិច្ច​។ ទោស​នេះ​ នៅ​រុស្ស៊ី​ ​អាចនឹង​ត្រូវ​ប្រឈម​មុខ ​ជាប់​ពន្ធនាគារ​​២០ឆ្នាំ។ រដ្ឋមន្ត្រី​ការ​បរទេស​អង់គ្លេស ​លើកឡើងថា ​រុស្ស៊ីមិនគួរ​ចាប់​ខ្លួន​មនុស្ស​ សម្រាប់​ធ្វើ​ជា​ល្បែង​អុកការទូត​នោះទេ ហើយ​រឿង​នេះ អង់គ្លេស​មិន​អាច​ទទួល​យក​បានជា​ដាច់​ខាត​។

លោក Paul Whelan ដែល​ត្រូវ​រុស្ស៊ីចាប់​ខ្លួន​ និង​ចោទពីបទ​ធ្វើ​ចារកម្ម​
លោក Paul Whelan ដែល​ត្រូវ​រុស្ស៊ីចាប់​ខ្លួន​ និង​ចោទពីបទ​ធ្វើ​ចារកម្ម​ Whelan Family/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

បុរសម្នាក់ឈ្មោះ Paul Whelan ត្រូវ​រុស្ស៊ី​ចាប់​ខ្លួន​ កាលពី​សប្តាហ៍​មុន និង​​ត្រូវ​តុលាការ​ក្រុង​ម៉ូស្កូ​ ​សម្រេច​​​ចោទ​ប្រកាន់​ជាផ្លូវការ​ហើយ​ពីថ្ងៃព្រហស្បតិ៍ ពីបទ​ធ្វើ​ចារកម្ម​ប្រឆាំង​រុស្ស៊ី។ បុរស​នេះ អាយុ​៤៨ឆ្នាំ កើត​នៅ​ប្រទេស​កាណាដា ហើយ​ មាន​សញ្ជាតិ​ដល់ទៅ​៣ គឺ​អាមេរិក អង់គ្លេស និង​អៀរឡង់។

លោក Paul Whelan មាន​មុខរបរ​ជា​ប្រធាន​ទទួល​បន្ទុក​ផ្នែក​សុវត្ថិភាព​ របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​ និង​លក់​គ្រឿង​បម្លាស់​ឡាន​។ លោក​ធ្វើ​ដំណើរ​ទៅ​រុស្ស៊ី កាលពី​ខែមុននេះ គឺដើម្បីទៅ​​ចូលរួម​មង្គល​ការ​របស់​មិត្ត​ភក្តិ។ នេះបើ​តាម​ប្រភព​ពី​ប្អូន​ប្រុស​ របស់​ជនជាប់ចោទ។ ក៏ប៉ុន្តែ បើ​តាម​សារព័ត៌មាន​ The Gardian របស់​អង់គ្លេស បុរស​រូប​នេះ ក៏​ធ្លាប់​ធ្វើជា​ប៉ូលី​សនិង​ជា​កងទ័ព​ជើង​ទឹក​របស់​អាមេរិក​ដែរ កាលពី​១០ឆ្នាំមុន​ តែ​រូប​គេ​ត្រូវ​បញ្ឈប់​ពីមុខងារ ដោយសារ​ប្រព្រឹត្តិ​ខុស​វិន័យ​។​

ទោះ​យ៉ាងណា​​ក៏ដោយ រដ្ឋមន្ត្រី​ការ​បរទេស​អង់គ្លេស​លោក Jeremy Hunt សង្កត់ធ្ងន់ថា គេ​មិនគួរ​យក​មនុស្ស​ធ្វើ​ជា​កូន​អុក នៅក្នុង​ល្បែង​ការទូត​បែប​នេះទេ។ លោក​ក៏បាន​ថ្លែង​ក្តីបារម្ភជា​ខ្លាំង​​ចំពោះជន​ជាប់​ឃុំ​និង​ក្រុម​គ្រួសារ​របស់​គេ ដោយសារតែ​បុរសរូប​នេះ មាន​សញ្ជាតិ​អង់គ្លេស ដូច្នេះ​អង់គ្លេស​ ត្រូវ​ខ្នះខ្នែង​ឈឺឆ្អាល​។ ទន្ទឹម​នេះ ឯកអគ្គរដ្ឋទូត​អាមេរិកប្រចាំ​រដ្ឋធានីម៉ូស្កូ ក៏​បាន​ចូល​ទៅ​សួរ​សុខទុក្ខ​បុរស​រូប​នេះ នៅ​ក្នុងពន្ធនាគារ​ ហើយ​មេធាវី​ការពារ​ក្តីឲ្យ​ជន​ជាប់​ចោទ កំពុងតែដាក់ពាក្យ​​ស្នើសុំ​​តុលាការ​ឲ្យ​កូន​ក្តី​នៅ​ក្រៅ​ឃុំឃាំង ជាថ្នូរ​នឹង​ប្រាក់​ធានា។

អ្នក​វិភាគ​ស្ថានភាព​នយោបាយ​អន្តរជាតិ​ បាន​សម្លឹង​ឃើញថា ការដែល​អាជ្ញាធរ​រុស្ស៊ី​ចាប់​ខ្លួន​បុរស​នេះ គឺ​ដើម្បី​ជាចំណាប់​​ថ្នូរ​ សម្រាប់​ដោះដូរ​មនុស្ស​ ឬ​ក៏​ជាការ​សងសឹក​ចំពោះ​អាមេរិកផង​ ដែល​បាន​ចាប់​ខ្លួន​​ចារនារីម្នាក់​របស់​រុស្ស៊ី​ កាលពី​ខែ​កក្កដា ឆ្នាំ២០១៨​​។

គួរ​បញ្ជាក់ថា ចំណង​ទូត​រវាង​រុស្ស៊ី​និង​បស្ចិម​លោក ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​អង់គ្លេស​ មិន​សូវ​ជា​ល្អ​ប៉ុន្មាន​ឡើយ តាំងតែ​ពី​មានការ​បំពុល​អតីត​ភ្នាក់​ចារបុរស​ ជាតិ​រុស្ស៊ីម្នាក់ ដែល​លប​ស៊ើប​ការណ៍​បម្រើប្រយោជន៍​ឲ្យ​អង់គ្លេស កាលពី​ខែ​មីនា ឆ្នាំ២០១៨ មក។ វិបត្តិការទូត​ បានពុះ​កញ្ជ្រោល​ រហូត​ដល់​មាន​ការ​បណ្តេញ​មន្ត្រី​ទូត​ទៅវិញទៅមក​ទៀត​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ