អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

រុស្ស៊ី-ចិន៖ ចំណងទូត៧០ឆ្នាំ បានបើកយុគសម័យថ្មី

ចុះផ្សាយ​នៅ​ថ្ងៃ៖

តាមសេចក្តីអញ្ជើញនៃ លោកនាយករដ្ឋមន្ត្រីរុស្ស៊ី ឌ្មីទ្រី មេដវេដេវ, ប្រមុខរដ្ឋាភិបាលចិន លោក លី កឺជាំង បានបំពេញទស្សនកិច្ចផ្លូវការនៅរុស្ស៊ី ដែលក្នុងក្របខណ្ឌទស្សនកិច្ចនេះ ថ្ងៃ១៧កញ្ញា គាត់បានចូលរួម នៅក្រុងរុស្ស៊ី Saint-Petersbourg ក្នុង ជំនួបប្រមុខរដ្ឋាភិបាលរុស្ស៊ី-ចិន លើកទី ២៤។  គូភាគី បានពិភាក្សា បញ្ហាជាក់លាក់ នៃសហប្រតិបត្តិការ ក្នុងវិស័យ ថាមពល ដឹកជញ្ជូន កសិកម្ម ហើយជា តុល្យាការ មានចុះបាន ឯកសារចំនួនដល់ទៅជាង២០ច្បាប់។ នៅថ្ងៃបន្ទាប់មក លោកនាយករដ្ឋមន្ត្រីចិន ត្រូវទទួលជួបនៅវិមានក្រេមឡាំងក្រុងម៉ូស្គូ ដោយលោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន។ ទាក់ទង នឹងព្រឹត្តិការណ៍នេះ ភាគីរុស្ស៊ី រំលឹកថា គឺកាលពី៧០ឆ្នាំមុន ដែលសហភាពសូវៀត ជារដ្ឋដំបូងគេបង្អស់ ដែល បានទទួលស្គាល់ ការប្រសូត មកនៃ សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃ ទី១តុលា ឆ្នាំ១៩៤៩។ ឧទ្ទិស ដល់ការតាំងចំណងការទូតរវាង មហាប្រទេសទាំងពីរ ទូរទស្សន៍រដ្ឋរុស្ស៊ី ថែមទាំងបាន ដកចេញពី បណ្ណសារដ្ឋាន យកមកបញ្ចាំងជាលើកទី១ ខ្សែភាពយន្ដឯកសារ ថតនៅប្រទេសចិន ដោយក្រុមអ្នកថត សូវៀតកាលពី៧០ឆ្នាំមុន ទាំងសង្កេតឃើញថា ក្នុងអំឡុងពេលនេះ ចិនបានប្រែក្លាយ ពី ប្រទេស តោកយ៉ាកក្រីក្រ ទៅជា មហាអំណាចសម្បូណ៍អ្នកមាន និង ជា “ រោងចក្រពិភពលោក” តែម្តង។

លោក ពូទីន ប្រមុខរដ្ឋ​រុស្ស៊ី ជួប​ជាមួយលោកនាយករដ្ឋមន្ត្រីចិន Li Keqiang  នៅវិមាន​ក្រឹមឡាំង
លោក ពូទីន ប្រមុខរដ្ឋ​រុស្ស៊ី ជួប​ជាមួយលោកនាយករដ្ឋមន្ត្រីចិន Li Keqiang នៅវិមាន​ក្រឹមឡាំង Reuters
ផ្សាយពាណិជ្ជកម្ម

ថ្ងៃ១៨កញ្ញា ពេលទទួលជួបលោកនាយករដ្ឋមន្ត្រីចិន នៅវិមានក្រេមឡាំង ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន  បានកត់សម្គាល់ថាម៉ូស្គូ និង ប៉េកាំង តភ្ជាប់គ្នា ដោយ ចំណងយុទ្ធសាស្ត្រពិសេស។ ទំនាក់ទំនងការទូត រុស្ស៊ី-ចិន នៅថ្ងៃ ២ តុលាខាងមុខ នឹងគម្រប់បាន ៧០ ឆ្នាំ គត់។ ប្រទេសទាំងពីរ សហការគ្នាយ៉ាងសកម្ម លើវិស័យសេដ្ឋកិច្ច និង ជុំវិញបញ្ហាគន្លឹះៗលើឆាកអន្តរជាតិ។

លោក ពូទីន  ថ្លែងទៅកាន់លោក លី កឺជាំង 

-សហប្រតិបត្តិការយើង ពិតជា កត្តាសែនសំខាន់ ឥតប្រកែកបាន ក្នុងកិច្ចការពិភពលោក ហើយជះឥទ្ធិពល ដែលមានន័យកាន់តែធំធេងឡើង ទៅលើការអភិវឌ្ឍសេដ្ឋកិច្ចយើង ទៅលើដំណោះស្រាយភារកិច្ច ដែល ចោទនៅ ពីមុខរដ្ឋយើង ក្នុងគោលដៅ លើកកម្រិតជីវភាពប្រជាពលរដ្ឋយើង។

លោក លី កឺជាំង  ពីចំណែកគាត់មានប្រសាសន៍

-សហប្រតិបត្តិការយើង ជំរុញដល់ការអភិវឌ្ឍប្រទេសយើង តំបន់យើង និង ពិភពលោកទាំងមូល ជា ពិសេស ដោយគន់គិតដល់ ភាពមិនច្បាស់លាស់ក្នុងសេដ្ឋកិច្ចពិភពលោក។ ចិន និង រុស្ស៊ី ជាប្រទេស ជិតខាងគ្នា និង ធំជាងគេនៅក្នុងលោក។ សម្រាប់យើង សំខាន់សែនសំខាន់ ពង្រឹងចំណងមិត្តភាព និង សហប្រតិបត្តិការ ដើម្បីតាមរយៈការខំប្រឹងប្រែងរួមគ្នា ធានាឱ្យមានសណ្តសាប់ធ្នាប់នៅក្នុងលោក និង ធានាឱ្យ​មាន ប្រព័ន្ធពាណិជ្ជកម្មសេរី។

មួយថ្ងៃមុន ថ្ងៃ១៧កញ្ញា ក្នុង ជំនួបប្រមុខរដ្ឋាភិបាលរុស្ស៊ី-ចិន ដែលលើកនេះ ជាលើកទី ២៤ ប្រព្រឹត្តទៅ នៅក្រុង Saint-Petersbourg លោកនាយករដ្ឋមន្ត្រីរុស្ស៊ី ឌ្មីទ្រី មេដវេដេវ បានថ្លែងថា

-រុស្ស៊ី ជាប្រទេសដំបូងគេបង្អស់ ដែលបានតាំងទំនាក់ទំនងការទូត ជាមួយ សាធារណរដ្ឋប្រជាមានិតចិន ។ ការនេះ បានប្រព្រឹត្តទៅ ថ្ងៃទី២ តុលា ឆ្នាំ ១៩៤៩ ( គឺមួយថ្ងៃ ក្រោយពីមានប្រកាសបង្កើតឡើង ជាសាធារណរដ្ឋប្រជាមានិតចិន ថ្ងៃ ទី១ តុលា ឆ្នាំ១៩៤៩ ) ។ ដោយរំលឹកអំពីរឿងនេះ លោក មេដវេដេវ បានបន្ថែមថា កន្លងផុត៧០ឆ្នាំ ទំនាក់ទំនងរុស្ស៊ី-ចិន ឈានចូលក្នុង យុគសម័យថ្មី

គូភាគី បានពិភាក្សា អំពីសហប្រតិបត្តិការ ក្នុងវិស័យមនុស្សធម៌ សេដ្ឋកិច្ច ថាមពល ព្រមទាំងអំពី អនាគត តំបន់ចុងបូព៌ារុស្ស៊ី និង តំបន់ឦសាន សាធារណរដ្ឋប្រជាមានិតចិន ។ ជាតុល្យាការ មានចុះបាន ឯកសារសំខាន់ៗអន្តររដ្ឋាភិបាល រុស្ស៊ី-ចិន ចំនួន ជាង ២០ ច្បាប់។

តាមសម្តីនាយករដ្ឋមន្ត្រីរុស្ស៊ី ៖ ក្នុងឆ្នាំ ២០១៨ ទំហំផ្តោះប្តូរពាណិជ្ជកម្ម រវាង ក្រុងម៉ូស្គូ និង ប៉េកាំង បានឡើងដល់ទឹកប្រាក់ ១០៨.០០០ លាន ដុល្លារ ។ គូភាគីឯកភាពគ្នាថា ក្នុង ៥ ឆ្នាំចំពោះមុខ ពោលគឺ ទៅទល់ឆ្នាំ ២០២៤ បង្កើនទំហំនេះ ឱ្យបាន ពីរដង រហូតដល់ ជាង ២០០.០០០ លាន ដុល្លារ ឯណោះ។

លោក មេដវេដេវ 

-នៅដំណាច់ឆ្នាំ ២០១៩ នេះ យើងគ្រោងដាក់ឱ្យដំណើរការ គឺខ្សែបំពង់បង្ហូរឧស្ម័នក្រោមឈ្មោះថា” កម្លាំង ស៊ីបេរី “ ប្រវែង ២.១៥៨ គម ដែលវិជ្ឈមាត្រវា ដល់ជិត ១ ម៉ែត្រកន្លះ បែកចេញពី តំបន់ ស៊ីបេរី ប្រទេស រុស្ស៊ី ទៅដល់ប្រទេសចិន តែម្តង ( ស្រប នឹងកុងត្រាដែលមានចុះ  រុស្ស៊ី ក្នុង ៣០ ឆ្នាំ ទៅមុខ នឹងបង្ហូរ ឧស្ម័នខ្លួន តាមខ្សែបំពង់នេះ ក្នុង ១ ឆ្នាំៗ គឺ ៣.០០០ លាន ម៉ែត្រគីប ដូច្នេះ ក្នុង ៣០ឆ្នាំ ឧស្ម័ន ដែល នឹងបង្ហូរទៅចិន សរុបទៅ គឺក្នុងបរិមាណ ១.១៤០.០០០ លាន ម៉ែត្រគីប ក្នុងទឹកប្រាក់ ៤០០.០០០ លាន ដុល្លារ។ រុស្ស៊ី និង ចិន នឹងពង្រីក សហប្រតិបត្តិការ ក្នុងវិស័យជីកបូមឧស្ម័ន នៅតំបន់សមុទ្រ អារទិក ប៉ែកឧត្តរប្រទេសរុស្ស៊ី ។ បានឆ្លង ទៅហើយ ទៅក្នុងដំណើរបំពេញឱ្យចេញជាផ្លែផ្កា គឺ គម្រោងធំៗ ក្នុងវិស័យថាមពលបរមាណូ។ រុស្ស៊ី និង ចិន ក៏នឹងបំពេញបេសកកម្មរួមគ្នា នៅឋានព្រះចន្ទ្រ ក្នុងបំណង ស្រាវជ្រាវ ផ្ទៃដី ព្រះចន្ទ្រ។ រុស្ស៊ី នឹង ចិន នឹងជាប់ដៃរវល់រួមគ្នា ខាងលុកបើក ផ្កាយព្រះគ្រោះនៅឆ្ងាយៗ។

លោកនាយករដ្ឋមន្ត្រីចិន លី កឺជាំង ៖

-ឥឡូវ ជា យុគសម័យថ្មី ក្នុងទំនាក់ទំនង រវាង ក្រុងម៉ូស្គូ និង ប៉េកាំង គឺ សហប្រតិបត្តិការយុទ្ធសាស្ត្រ  ឈរលើ គោលការណ៍គោរពគ្នា និង ស្មើភាព ព្រមទាំង ជំនឿទុកចិត្តគ្នាទៅវិញទៅមក ខាងនយោបាយ។  ប៉ុន្មានសិបឆ្នាំចុងក្រោយ ទំនាក់ទំនងចិន-រុស្ស៊ី រីកលូតលាស់ជាស្កិរវន្ដ ក្នុងសុភនិច្ឆ័យ ហើយឡើងដល់ កម្ពស់ថ្មី ជាដរាប។

តាមសម្តី លោក លី កឺជាំង សហប្រតិបត្តិការវិស័យថាមពល រវាងប្រទេសទាំងពីរ សព្វថ្ងៃ មានទម្ងន់ដល់ ទៅជាង ២ភាគ៣ នៃ ទំហំផ្តោះប្តូរពាណិជ្ជកម្មសរុប។

តាំងពី កណ្តាលខែកញ្ញាមក ទូរទស្សន៍រដ្ឋរុស្ស៊ី Russia-24 បានលើកយកមកបញ្ចាំងជាលើកទី១ កម្រងខ្សែ ភាពយន្តឯកសារថតដោយ អ្នកកាសែតសូវៀត ១៥ នាក់ ដែលក្នុងឆ្នាំ ១៩៤៩ ត្រូវបានបញ្ជូនទៅយក ការណ៍ អំពីជីវភាពរស់នៅ ក្នុងប្រទេសចិន ក្រោយពី សហភាពសូវៀត បាន បើកស្ថានទូតខ្លួននៅក្រុង ប៉េកាំង។ ចំណុចមួយ គួរឱ្យកត់សម្គាល់ គឺ អ្នកស្រុកចិន បានហែរជំនូន ដូចនៅស្រុកខ្មែរហែរជំនូន ទៅផ្ទះ កូនក្រមុំ អ៊ីចឹងទៅស្វាគមអបអរ ក្រុមមន្ត្រីការទូតសូវៀត។ អ្វីដែលអ្នកការទូតសូវៀត ភ្ញាក់ព្រើត គឺ ពេល ឃើញ ឆៅកែ ជារទេះទឹមដោយមនុស្ស រត់នឹងជើងទទេ ដឹកអ្នកដំណើរ ដែលសម្រាប់គេ គឺ វេទនាជាង អ្នកធាក់ ស៊ីក្លូ ឫ អ្នករត់រ៉ឺម៉ក ទៅទៀត ស្រាប់តែមិនដាច់ចិត្តឡើងជិះរទេះបែបនេះឡើយ ដោយចាត់ទុកថា ជាការជិះជាន់មនុស្ស ដោយមនុស្ស។ ប៉ុន្តែ អ្នករត់ឆៅកែនោះ បានទទូច ឱ្យអ្នកការទូតសូវៀត ឡើងជិះទៅ ពុំនោះសោត គាត់ មុខជាត្រូវថៅកែបណ្តេញ ឈប់ឱ្យធ្វើការ។

រូបភាពក្នុងឆ្នាំ ១៩៤៩ នោះ ក៏បង្ហាញឱ្យឃើញ ពីការរស់នៅរបស់អ្នកស្រុកចិន នៅតាមទូកក្នុងទន្លេ សូម្បី​តែ សាលារៀន ភោជនីយដ្ឋាន ពិធីអាពាហ៍ពពាហ៍នៃពួកគេ ក៏ប្រព្រឹត្តទៅនៅលើផ្ទៃទឹកដែរ។ ប៉ុន្តែ ក្រោយមក ពួកគេត្រូវរដ្ឋអំណាចថ្មី សង់ជាបណ្តើរៗ ជាលំនៅ នៅលើដីផ្ទាល់ ឱ្យគេរើទៅរស់នៅទៅ។

បទអត្ថធិប្បាយ ដែលអមភាពយន្ដនោះ បានសរសើរ ក្រុងប៉េកាំង ដែលចេះ រំដោះអ្នកស្រុកចិនចំនួន ៧០០​លាននាក់ចេញពីភាពក្រីក្រ។ បើក្នុងទសវត្ស១៩៥០-៦០ ត្រូវចាត់ទុកជាសម្បត្តិអ្នកស្រុកចិន គឺ រទេះកង់ ឬម៉ាស៊ីនដេរ នោះ បច្ចុប្បន្ន ប្រទេសចិន សម្បូណ៌ ដោយមហាសេដ្ឋីមានលុយរាប់លាន និង រាប់ពាន់ លាន ដុល្លារ ទៅហើយ។ ចំណែកអ្នកទេសចរចិន ធ្វើដំណើរទស្សនាទាំងលានៗនាក់ នៅតាមប្រទេសក្រៅ ។ មិនតែប៉ុណ្ណោះ ប្រទេសចិន ត្រូវមតិនៅរុស្ស៊ី ប្រសិទ្ធិនាមថាជា” រោងចក្រពិភពលោក” ដ្បិតសព្វថ្ងៃ ចិន ផលិតសឹងគ្រប់តែរបស់ប្រើប្រាស់ តាមអាជ្ញាប័ណ្ណ ក្រុមហ៊ុនធំៗនៅក្នុងលោក ហើយនាំវាចេញទៅទីផ្សារ ពិភពលោក តែម្តង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ