អានតួអត្ថបទ
រុស្ស៊ី​

រុស្ស៊ី​ប្រកាស​ដក​ហត្ថលេខា​ខ្លួន​ពី​សន្ធិសញ្ញា​ក្រុងរ៉ូម​ ដែលបាន​បង្កើត​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​​

ស្របនឹង​ក្រិត្យ​ចេញ​ថ្ងៃពុធ​១៦​វិច្ឆិកា ដោយ​លោក​ប្រធានាធិបតី​ពូទីន រុស្ស៊ី​ដក​ហត្ថលេខាខ្លួន​ចេញពី​លក្ខន្តិកៈ​ក្រុងរ៉ូម ដែល​ជា​សន្ធិសញ្ញា​ស្ថាបនិក​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នៅក្រុង​La Haye ក្រោយពី​ពួក​ចៅក្រម​តុលាការ​នេះ​ហៅ​ការភ្ជាប់​ទឹកដី​គ្រីមេ​មកនឹង​រុស្ស៊ី​ថា​ជា​លទ្ធផល​នៃ​អន្តរាគមន៍​កងទ័ព​រុស្ស៊ី។ 

ប្រធានាធិបតី​រុស្ស៊ី ពូទីន
ប្រធានាធិបតី​រុស្ស៊ី ពូទីន REUTERS/Vasily Maximov
ផ្សាយពាណិជ្ជកម្ម

ក្រិត្យ​លោកពូទីន​លើកឡើង​ថា ម៉ូស្គូ​អនុម័ត​សេចក្តី​សម្រេច​នេះ គឺ​យោងតាម​សំណើ​ក្រសួង​យុត្តិធម៌​ដោយ​សម្រប​យោបល់​ជាមួយ​ក្រសួង​មន្ទីរ​ឯទៀត​និង​ជាមួយ​តុលាការ​កំពូល​រុស្ស៊ី។

ជា​ការ​រំលឹក រុស្ស៊ី​បាន​ចុះ​ហត្ថលេខា​លើ​លក្ខន្តិកៈ​ក្រុងរ៉ូម​នោះ កាលពី​ថ្ងៃ​១៣កញ្ញា​ឆ្នាំ២០០០ ប៉ុន្តែ​នៅ​មិនទាន់​ផ្តល់​សច្ចាប័ន​នៅឡើយ។ បែប​ដូច្នេះ រុស្ស៊ីមិនមែន​ជា​សមាជិក​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ហៅ​កាត់ថា​CPI ប៉ុន្តែ រុស្ស៊ី​សហការ​ជាមួយ​តុលាការ​នេះ​ក្នុង​ឋានៈ​ជា​ប្រទេស​សង្កេតការណ៍។ CPI មាន​ភារៈ​កាត់ទោស​ជនណា​ដែល​ជាប់ចោទ​ក្នុង​ការ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​និង​ឧក្រិដ្ឋកម្ម​សង្គ្រាម។

អ្នក​នាំពាក្យ​វិមាន​ក្រេមឡាំង លោក Dmitri Peskov ពន្យល់​បំភ្លឺ​ថា ការ​ដក​ហត្ថលេខា​នោះ​គឺ​តម្រូវ​ទៅតាម​ផលប្រយោជន៍​ជាតិ​សហព័ន្ធ​រុស្ស៊ី។

អំពី​ខ្លឹមសារ​ក្រិត្យ​លោក​ប្រធានាធិបតី​ពូទីន ក្រសួង​ការបរទេស​រុស្ស៊ី​ចង្អុល​ឲ្យ​ឃើញថា ៖
-តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ CPI មិនបាន​ឆ្លើយឲ្យ​បាន​យ៉ាង​ស័ក្តិសម​ឡើយ តបនឹង​ក្តី​រំពឹង​ទៅ​លើ​តុលាការ​នេះ ហើយ​មិនដែល​ក្លាយ​សោះឡើយ​ជា​ស្ថាប័ន​ឯករាជ្យ​មែនពិត ដោយ​ដើរតួ​ជា​អ្នកអារកាត់​រក​យុត្តិធម៌​អន្តរជាតិ។ ជាក់ស្តែង ក្នុង​សកម្មភាព​ខ្លួន​១៤ឆ្នាំ​កន្លងទៅ តុលាការ CPI បាន​ចេញ​សាលក្រម​វិនិច្ឆ័យតែ​៤ច្បាប់​ប៉ុណ្ណោះ ទាំង​ចំណាយ​ដល់ទៅ​ជាង​១.០០០លានដុល្លារ។

ដោយ​ឆ្អែត​ដល់​ក​ទ្រាំ​លែងបាន ក្រសួង​ការទូត​រុស្ស៊ី​ក៏​ស្តីបន្ទោស​តុលាការ CPI ថា ភ្ជង់​ស្មារតី​តែ​មកលើ​អ្វីៗ​ដែល​តុលាការ​នេះ​ចាត់ទុក​ជា​ឧក្រិដ្ឋកម្ម​ប្រព្រឹត្ត​ដោយ​កងសេនាជន Ossetie និង​ពួក​ទាហាន​រុស្ស៊ី ក្នុង​សង្គ្រាម​នៅ Georgie ខែសីហា​ឆ្នាំ២០០៨ ប៉ុន្តែ​បិទ​មាត់​ធ្វើគ​ចំពោះ​ឧក្រិដ្ឋកម្ម​កងទ័ពGeorgie ផ្ទាល់ ក៏ដូចជា​ចោទ​រុស្ស៊ី​ថា​គាំទ្រ​ដល់​ពួក​បះបោរ​រុស្ស៊ីនិយម​នៅ​តំបន់​ខាងកើត​អ៊ុយក្រែន ប៉ុន្តែ​ធ្វើ​គ​ចំពោះ​ឧ្រិដ្ឋកម្ម​ពួក​ជាតិនិយម​អ៊ុយក្រែន ទល់នឹង​អ្នកស្រុក​នៅ​តំបន់​បះបោរ​នោះ។

ក្រសួង​ការបរទេស​រុស្ស៊ី​ទាញយក​សេចក្តី​សន្និដ្ឋាន​ថា នៅពី​មុខ​កាលៈទេសៈ​បែបនេះ ម៉ូស្គូ​លែងអាច​ទុកចិត្ត​លើ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ក្រុង​ឡាអេ​ ហើយ​ក្រោយពី​ដក​ហត្ថលេខា​ខ្លួន​ចេញពី​សន្ធិសញ្ញា​ដែល​បង្កើត​តុលាការ​នេះ រុស្ស៊ី​លែងមាន​កាតព្វកិច្ច​អ្វីណា​ទៀតឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ