អានតួអត្ថបទ
រុស្ស៊ី

អាជ្ញាធរ​រុស្ស៊ី​ទើប​បញ្ចៀស​បាន​ផុត​ពី​ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក​ក្នុង​រដ្ឋធានី​ម៉ូស្គូ

ក្នុង​ប្រតិបត្តិការ​ទប់ស្កាត់​នោះ ជន២នាក់​ដែល​ជាប់​សង្ស័យ​ថា គ្រោង​ប្រព្រឹត្ត​ភេរវកម្ម​នោះ ត្រូវ​បាន​បាញ់​សម្លាប់ និង​គ្នាគេ​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន។ ខាង​កុម្ម៉ង់ដូ​រុស្ស៊ី គឺ​របួស​ម្នាក់។ ដំណឹង​នេះ​ផ្សព្វផ្សាយ គឺ​រំលង​តែ​ប៉ុន្មាន​ម៉ោង​សោះ ក្រោយ​ពី​ក្នុង​ទីរួមខេត្ត Daguestan នៃ​តំបន់​ភ្នំកូកាស​រុស្ស៊ី មាន​ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក​ផ្ទួនគ្នា​២លើក បណ្តាល​ឲ្យ​ស្លាប់​អស់​៤នាក់ និង​របួស​ដល់ ៣៥នាក់។

អាជ្ញាធរ​រុស្ស៊ី​ទើប​បញ្ចៀស​បាន​ផុត​ពី​ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក​ក្នុង​រដ្ឋធានី​ម៉ូស្គូ
អាជ្ញាធរ​រុស្ស៊ី​ទើប​បញ្ចៀស​បាន​ផុត​ពី​ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក​ក្នុង​រដ្ឋធានី​ម៉ូស្គូ
ផ្សាយពាណិជ្ជកម្ម

ប្រតិបត្តិការ​ទប់ស្កាត់​ជា​មុន កុំ​ឲ្យ​មាន​ភេរវកម្ម​ផ្ទុះ​ឡើង​ក្នុង​រដ្ឋធានី​ម៉ូស្គូ​បាន​ប្រព្រឹត្ត​ទៅ​ល្ងាច​ម្សិលមិញ នៅ​ឯ​ក្រុង Orekhovo-Zuyevo ចម្ងាយ​១០០គ.ម. ខាង​កើត​ពី​ម៉ូស្គូ។ តាម​ដែល​គណៈកម្មាធិការជាតិ​ប្រឆាំង​ភេរវកម្ម​ហៅ​កាត់​ថា NAK ប្រកាស​ឲ្យ​ដឹង ទោះបី​ប្រតិបត្តិការ​ប្រព្រឹត្ត​ទៅ ក្នុង​សង្កាត់​លំនៅ​ក្តី ក៏​ក្នុង​ចំណោម​បណ្តាជនស៊ីវិល គ្មាន​អ្នករងគ្រោះ​ទេ។ តប​នឹង​បទបញ្ជា​ពី​ខាង​ក្រុម​កុម្ម៉ង់ដូ​រុស្ស៊ី​ឲ្យ​ដាក់អាវុធ​សុំ​ចុះ​ចាញ់ ស្រាប់​តែ​មាន​ការបាញ់​តដៃ​ទេ​តើ ហើយ​ពេល​ដែល​ពួក​ជនជាប់សង្ស័យ​លោត​ចេញ​ពី​បង្អួច​នៃ​អគារ​មាន២ជាន់ ពីរនាក់​ក៏​ត្រូវ​គ្រាប់ស្លាប់​ទៅ ចំណែក​ម្នាក់ទៀត​សំណាងល្អ​នៅរស់ ហើយ​ត្រូវ​បាន​ចាប់​ចង​ភ្លាម ខាង​កុម្ម៉ង់ដូ​រុស្ស៊ី​វិញ របួស​ម្នាក់​ដែរ។

ជា​ការ​រំលឹក គណៈកម្មាធិការជាតិ​ប្រឆាំង​ភេរវកម្ម ហៅកាត់​ថា NAK ត្រូវ​បាន​បង្កើត​ឡើង​កាល​ក្នុង​ឆ្នាំ២០០៦ សម្រាប់​សម្របសម្រួល​សកម្មភាព​បង្ក្រាប​ភេរវកម្ម ដោយ​មាន​រូប​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​រុស្ស៊ី ហៅកាត់​ថា FSB ដែល​បន្ត​វេន​ពី KGB សូវៀត​ជា​ប្រធាន។ លក្ខន្តិកៈ​នៃ​គណៈកម្មាធិការជាតិ​នោះ​ចែង​ថា ក្នុង​ករណី​មាន​ការ​បាញ់តដៃ​ពី​ខាង​ពួកភេរវជន គឺ​ត្រូវ​តែ​កំទេច​ពួក​នោះ​តែ​ម្តង។ អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​គឺ​ថា សមត្ថកិច្ច​រុស្ស៊ី​ឥត​បង្ហើប​ឲ្យ​ដឹង​ឡើយ តើ​ជនទាំងនោះ​ជា​នរណា តើ​អ្វី​ដែល​ត្រូវ​ក្លាយ​ជា​ទីដៅ​នៃ​ភេរវកម្ម​របស់​គេ តើ​ភេរវកម្ម​នោះ​ត្រូវ​មាន​លក្ខណៈ​យ៉ាង​ណា។

ប៉ុន្តែ គណៈកម្មាធិការជាតិ​ប្រឆាំង​ភេរវកម្ម​បាន​ទម្លាយ​ឲ្យ​ដឹង​ថា មុន​ផ្តើម​ប្រតិបត្តិការ​នេះ គឺ​មាន​ការ​តាម​ដាន​អំពី​សកម្មភាព​ពួក​នោះ​មួយ​ខែ​ជាប់​មក​ហើយ និង​ថា​ទីកន្លែង​ដែល​ពួក​នោះ​គ្រោង​ប្រព្រឹត្ត​អំពើភេរវកម្ម គឺ​នៅ​ចំ​កណ្តាល​ក្រុង​ម៉ូស្គូ​តែ​ម្តង។ រីឯ​ពួក​ដែល​ជាប់​សង្ស័យ​ជា​អ្នក​ត្រូវ​បំពេញ​ភេរវកម្ម​នោះ​ដោយ​ផ្ទាល់ដៃ គឺ​ជា​ពលរដ្ឋ​សហព័ន្ធ​រុស្ស៊ី​តែ​ម្តង ដែល​កាន់​សាសនា​អ៊ីស្លាម និង​បាន​ទទួល​ការ​បណ្តុះបណ្តាល គឺ​នៅ​ឯជំរំ​មួយ​នៃ​ពួក​កុលសម្ពន្ធ​ក្នុង​ប្រទេស​ប៉ាគីស្ថាន នៅ​ជាប់​នឹង​ព្រំដែន​អាហ្វហ្កានីស្ថាន។

ចំណែក​ប៉ុស្ត​ទូរទស្សន៍​រុស្ស៊ី​ខ្លះ​បន្ថែម​ថា គេ​ទាំង​នោះ​ដែល​បាន​មក​រស់នៅ​ក្នុង​ក្រុង​រុស្ស៊ី Orekhovo-Zuyevo គឺ​មាន​ដើមកំណើត​ចេញ​មក​ពី​ដែនដី​ប៉ែកខាងត្បូង​សហព័ន្ធ​រុស្ស៊ី ត្រង់​តំបន់​ភ្នំកូកាស តំបន់​ដែល​អ្នកស្រុក​ជាទូទៅ កាន់​សាសនា​អ៊ីស្លាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ