អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

​រុស្ស៊ី ​បំបែក​ឯតទគ្គកម្មសេដ្ឋកិច្ច ចំនួន៩ នៅឆ្នាំ​២០១៨

ចុះផ្សាយ​នៅ​ថ្ងៃ៖

ឆ្នាំ​២០១៨ សេដ្ឋកិច្ច​រុស្ស៊ី បាន​កើនឡើង បំបែក​ឯតទគ្គកម្ម ចំនួន ៩ករណី​។ នេះបើតាម​​ ទីភ្នាក់​ងារព័ត៌មានរដ្ឋរុស្ស៊ី RIA Novosti។ បើ​តាម​របាយការណ៍​របស់​ស្ថាប័នដដែល សេដ្ឋកិច្ច​​របស់​រុស្ស៊ី​ ស្គាល់​កំណើនគួរ​ជា​ទី​មោទនៈ​ បើ​ទោះបី​ជា​មាន​ការ​រាំង​ខ្ទប់​យ៉ាង​ខ្លាំង​ពី​​បស្ចិម​លោក ដឹកមុខ​ដោយ​អាមេរិក​ តាំងពី​ឆ្នាំ​២០១៤មកក្តី។​ ដូច្នេះ តើ​​ការបំបែក​ឯតទគ្គ​កម្ម​សេដ្ឋកិច្ច​ ទាំង​៩នោះ មាន​អ្វីខ្លះ​?​

ផ្សារមូលបត្ររុស្ស៊ី នៅ​ក្រុងម៉ូស្កូ
ផ្សារមូលបត្ររុស្ស៊ី នៅ​ក្រុងម៉ូស្កូ REUTERS
ផ្សាយពាណិជ្ជកម្ម

ទី១-ឯតទគ្គកម្មខាង Stock មាស

ក្នុងឆ្នាំ ២០១៨ ធនាគារកណ្តាលរុស្ស៊ី បានទិញមាស ក្នុងបរិមាណជា ឯតទគ្គកម្ម គឺ ៩២,២ តោន ហើយ ជាប់លេខ ១ ក្នុងលោក ខាងទំហំទិញ លោហធាតុពណ៌លឿងនេះ។ អត្រាមាស នៅក្នុង Stock មាស និង រូបិយវត្ថុ របស់រដ្ឋរុស្ស៊ី ដោយក្នុង Stock នេះ មាន​កម្រិត ១៨ % ជាសរុប គឺ មានមាសទម្ងន់ដល់ជាង   ២.០០០ តោន។ ខាង​ទ្រនិច​លេខ​នេះ តាំងពីក្នុងឆ្នាំ ២០១៧ ម៉្លេះ រុស្ស៊ី ឈ្នះលើ ប្រទេសចិន ដែលមាន មាស ១.៨០០ តោន​។

 

ទី២-វិនិយោគ ក្នុងទំហំ ឯតទគ្គកម្មទាបបំផុត ទៅក្នុង សេដ្ឋកិច្ច អាមេរិក

ដោយទិញមាស ធនាគារកណ្តាលរុស្ស៊ី បង្ខើច វិនិយោគខ្លួន ទៅក្នុងការទិញ មូលប័ត្ររដ្ឋ របស់ អាមេរិក​។ ឥឡូវ មូលប័ត្របែបនេះ ត្រូវរុស្ស៊ី លក់សឹងអស់ទៅហើយ។ តាំង​ពីខែមិថុនាម៉្លេះ អត្រាមូលប័ត្រអាមេរិក នៅក្នុង Stock មាស និង រូបិយវត្ថុ របស់រដ្ឋរុស្ស៊ី មិន​លើសពី ១០% ឡើយ ហើយឥឡូវ រំកិលចុះជិត ដល់សូន្យ តែម្តង។

កាលក្នុងឆ្នាំ ២០១០ រុស្ស៊ី បានមានក្នុងដៃខ្លួន មូលប័ត្ររដ្ឋអាមេរិក ដល់ទៅ ១៧៦.០០០ លាន ដុល្លារ ដោយចាត់ទុកវា ជាឧបករណ៍ហិរញ្ញវត្ថុដ៏កក់ក្តៅបំផុតនៅក្នុងលោក ប៉ុន្តែ​ឥឡូវ បង្ខំចិត្ត កាត់បន្ថយវា ទាល់តែជិតអស់ពីខ្លួន ទៅហើយ គឺបណ្តាលមកពី គំនាប​ទណ្ឌកម្ម​កាន់តែខ្លាំងឡើងៗ ពីខាង អាមេរិក ទាំងបារម្ភខ្លាចក្រែងថ្ងៃណាមួយ អាជ្ញាធរអាមេរិក សង្គ្រប់យកធនធានរុស្ស៊ីនេះ។

 

ទី៣-ខ្ទង់ចំណូល លើស ពី ខ្ទង់ចំណាយ ក្នុងថវិកាជាតិ

ជាតុល្យការ ឆ្នាំ២០១៨ ថវិកាជាតិរុស្ស៊ី ពើបប្រទះនឹងសមតុល្យវិជ្ជមាន ដែលជាលើកដំបូង បើគិត ក្នុង ៧ ឆ្នាំ ចុងក្រោយ។ តាមព្យាករណ៍ ក្រសួងហិរញ្ញវត្ថុ សមតុល្យនេះ នឹងមានកម្រិត ២,៥ % នៃ ផលិតផលក្នុងស្រុកសរុប (ផសស)។ ជាការប្រៀបធៀប ក្នុងឆ្នាំ ២០១៧ ឱនភាពថវិកា បណ្តាលមក​ពី ខ្ទង់ចំណាយ លើសពី ខ្ទង់ចំណូល បានមាន កម្រិតជាង ១,៤ % នៃ ផសស។

 

ទី៤-បំណុលរដ្ឋរុស្ស៊ី មានកម្រិតទាបជា ឯតទគ្គកម្ម

បំណុលក្រៅប្រទេសសរុបរបស់រុស្ស៊ី ស្ថិតក្នុងចំណោមបំណុលមានកម្រិតទាបបំផុត នៅក្នុងលោក គឺ តែ ៤៧២.០០០ លានដុល្លារ ។ ជាការប្រៀបធៀប សម្រាប់អង់គ្លេស  បំណុលនេះ គឺ ក្នុងទំហំ ដល់ ទៅ ៧.៥០០ .០០០ លាន ដុល្លារ , សម្រាប់ បារាំង  គឺ ៥.០០០.០០០ លាន ដុល្លារ , សម្រាប់ អាល្លឺម៉ង់  គឺ ក្នុងទំហំ ៤.៨០០.០០០ លាន ដុល្លារ ។ បើគិតទូទាំង សហភាពអឺរ៉ុប  បំណុលនេះ ឡើងដល់ ១៤.០០០.០០០ លាន ដុល្លារ ។ ចំណែក អាមេរិក  បំណុលក្រៅប្រទេស គឺដល់ទៅជាង ២១.០០០.០០០ លាន ដុល្លារ។  

បំណុលក្រៅប្រទេសរបស់រុស្ស៊ី គឺ តែក្នុងកម្រិត ២០,៥% នៃ ផសស ខុស​ពី​ប្រទេស​បស្ចិម​លោកជាច្រើន ដែល បំណុលនេះ ឡើងដល់ ១០០% នៃ ផសស  ឬ ក៏លើស​ពីនោះទៅទៀត។ តាមមតិពួកអ្នកវិភាគ នៃ ធនាគារ Suisse UBS  ប្រទេសរុស្ស៊ី នាំមុខគេខាងល្បឿនសងបំណុល។

 

ទី៥- ការប្រាក់ទាបបំផុត នៃឥណទាន ដែលធនាគារផ្តល់ឲ្យពលរដ្ឋខ្ចី យកទៅទិញលំនៅ

ប្រជាពលរដ្ឋរុស្ស៊ី ក្នុងឆ្នាំ ២០១៨ បានខ្ចីប្រាក់ពីធនាគារ ចំនួនច្រើនបំផុត សម្រាប់យក​ទៅ​ទិញលំនៅ។ ក្នុង ១០ ខែ ដំបូង ធនាគារ បានផ្តល់ប្រាក់កម្ចីបែបនេះ ដល់ពលរដ្ឋ ១.១៧០.០០០ នាក់ ក្នុងទឹកប្រាក់ ២.៣៧០.០០០ លាន រូប្ល ឬ ៣៤.៨០០ លាន ដុល្លារ បានន័យថា ម្នាក់ៗខ្ចីបានជាមធ្យម ប្រមាណ ៣០.០០០ ដុល្លារ ។ ចំណែកការប្រាក់គឺ ពី ៩,៤១% ដល់ ៩,៥៥% ក្នុង ១ ឆ្នាំ  ដែលជាកម្រិតទាបជា ​ឯតទគ្គកម្ម ក្នុងប្រវត្តិថ្មីនៃ ប្រទេសរុស្ស៊ី។

 

ទី៦- ឯតទគ្គកម្ម ខាងជីកបូមបាន ប្រេងឆៅ

ក្នុងឆ្នាំ ២០១៨ រុស្ស៊ីចេះ បំបែកឯតទគ្គកម្មដាច់ខាត ខាងជីកបូមបានប្រេងឆៅ ដោយ ក្នុង ខែតុលា ជីក បូមបាន ប្រេងឆៅក្នុង ១ ថ្ងៃៗ ដល់ទៅ ១១,៦ លាន បារីល ជាកម្រិត ឯត​ទគ្គកម្ម។។

 

ទី៧-ខាងលក់ឧស្ម័នធម្មជាតិរុស្ស៊ី ទៅ អឺរ៉ុប

ជាតុល្យការឆ្នាំ ២០១៨ រុស្ស៊ី បានលក់ឧស្ម័នដែលបង្ហូរតាមបណ្តាញបំពង់ ទៅបណ្តាប្រទេសអឺរ៉ុប គឺ ក្នុង បរិមាណ ដល់ទៅ ២០៤.០០០ លាន ម៉ែត្រគីប។

បានបង្កើន ការនាំឧស្ម័នរុស្ស៊ី ចូលប្រទេសខ្លួន ក្នុងឆ្នាំ ២០១៨ គឺ អាល្លឺម៉ង់ អូទ្រីស្ត ហូឡង់ ព្រមទាំង បារាំង ឆែក ហ្វាំងឡង់ រូម៉ានី ។ ចំណែក ហុងគ្រី ក្រិក គ្រាន់តែ ក្នុង រយៈពេល ១០ ខែ ( មករា-តុលា ) ឆ្នាំ ២០១៨ បានទិញ ឧស្ម័នរុស្ស៊ី ក្នុងទំហំ លើសពី ពេញមួយឆ្នាំមុន។

 

ទី៨-ឯតទគ្គកម្ម ខាងនាំ ស្រូវសាលី ចេញទៅក្រៅ

ក្រៅពី ប្រេងឆៅ និង ឧស្ម័ន រុស្ស៊ី ក្នុងឆ្នាំ ២០១៨ ក៏ បាននាំស្រូវសាលីចេញទៅក្រៅ ក្នុងបរិមាណ ច្រើន ជាឯតទគ្គកម្ម។ អតិថិជនដែលទិញស្រូវសាលីរុស្ស៊ី គឺ ប្រទេសចំនួន ជាង ១០០ ក្នុងនោះមាន អេហ្ស៊ីប តួកគី បង់ក្លាដែស អារ៉ាប៊ី-សាអ៊ូឌីត ឥណ្ឌូណេស៊ី អាស៊ែរបៃហ្សង់ នីហ្សេរីយ៉ា។

តាមទិន្នន័យ Bloomberg រុស្ស៊ី ជាតុល្យការឆ្នាំកសិកម្ម ២០១៧-២០១៨ បានលក់ទៅបរទេសស្រូវ​សាលី ក្នុងបរិមាណ ៣៦,៦ លានតោន ឬ ៣០% ច្រើនជាង ក្នុងឆ្នាំកសិកម្មមុន។ ខាងទ្រនិចលេខបនេះ រុស្ស៊ី ឡើងទៅស្ថិតនៅក្នុងចំណោមប្រទេសនាំមុខគេ ខាងនាំស្រូវសាលី ចេញទៅក្រៅ។

 

ទី៩ -រុស្ស៊ី ជាប់លេខ ២ ក្នុង Rating របស់ Bloomberg

ក្នុង Rating នៃសេដ្ឋកិច្ចកំពុងអភិវឌ្ឍ ទីភ្នាក់ងារព៌ត៌មាន​ Bloomberg ដំឡើង​ចំណាត់​ថ្នាក់​ប្រទេសរុស្ស៊ី​  ពីលេខ ៧ ឡើងដល់លេខ ២។ រីឯ កំណើន​សេដ្ឋកិច្ចរុស្ស៊ី ត្រូវ​កត់​សម្គាល់​ទាំង ដោយពួកអ្នកជំនាញនៃ ធនាគារពិភពលោក គឺថា ៖ ក្នុង Rating Doing Business ប្រទេសរុស្ស៊ី ចេះឡើងបាន ៤ ថ្នាក់ គឺ ពី លេខ ៣៥ ដល់លេខ ៣១ ថ្វីត្បិតតែ ក្នុងឆ្នាំ ២០១២ ប្រទេសរុស្ស៊ី បានស្ថិតក្នុង​ចំណាត់​ថ្នាក់ទាបមែនទែន ដល់ទៅលេខ ១២៤ ឯណោះ​ ៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ