អានតួអត្ថបទ
រុស្ស៊ី-អាមេរិក

ម៉ូស្គូ​​ប្រាថ្នា​​មាន​ទំនាក់ទំនង​​ស្រួលបួល​ជាមួយ​ក្រុង​វ៉ាស៊ីនតោន​

ថ្ងៃ​៣០វិច្ឆិកា​កន្លងទៅ លោក​ប្រធានាធិបតី​ពូទីន បាន​សំដែង​សេចក្តី​សង្ឃឹមថា ក្រោម​រដ្ឋបាល​លោក​ដូណាល់ ត្រាំ រុស្ស៊ី​ មុខជា​នឹងអាច​រៀបរយ​ទំនាក់ទំនង​ជាមួយ ស.រ.អា.ឲ្យបាន​រលូន​ឡើងវិញ។ លោកត្រាំ​ពី​ចំណែក​គាត់ ក៏ធ្លាប់​បាន​បង្ហើប​ឲ្យដឹង​ពី​គោល​ជំហរ​បែបនេះ​ដែរ​ពី​ខាង​គាត់។ ប៉ុន្តែ​តាំងពី​ឥឡូវ​ទៅហើយ ពី​ខាង​មន្ត្រីខ្លះ​នៃ​រដ្ឋបាល​លោក​អូបាម៉ា ដែល​សូម្បី​ជិត​ផុត​អាណត្តិ​ក្តី ក៏​ខំ​ទូន្មាន​លោកត្រាំ​ឲ្យ​ប្រយ័ត្ន​ប្រយែង​ជានិច្ច​ក្នុង​ទំនាក់ទំនង​ ជាមួយ​រុស្ស៊ី។ មិនតែ​ប៉ុណ្ណោះ សភា​តំណាង​អាមេរិកាំង ម្សិលម៉្ងៃ បាន​ចាប់ផ្តើម​ប្រយុទ្ធ​ទៅហើយ​ទល់នឹង​”ឥទ្ធិពល​ស្ងាត់ៗ”​ពីខាង​រុស្ស៊ី។

ប្រធានាធិបតី​រុស្ស៊ី ពូទីន
ប្រធានាធិបតី​រុស្ស៊ី ពូទីន Sputnik/Alexei Druzhinin/Kremlin via REUTERS
ផ្សាយពាណិជ្ជកម្ម

នៅម៉ូស្គូ ថ្ងៃ​៣០វិច្ឆិកា​ម្សិលម៉្ងៃ មាន​បើកធ្វើ​សម័យ​ប្រជុំ​ដ៏​ឧឡារឹក​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​អតីត​នាយករដ្ឋមន្ត្រី​រុស្ស៊ី​ដ៏ឆ្នើម ក្នុង​ឋានៈជា​អ្នកប្រាជ្ញ​ខាង​បញ្ហា​មជ្ឈឹមបូព៌ា​ការពារ​សែន​រន្ទឺ​ផលប្រយោជន៍​រដ្ឋ​រុស្ស៊ី លោកEvgeny Primalov ដែល​បាន​ចាកដ្ឋាន​ទៅ មួយឆ្នាំ​កន្លះមុន ក្នុង​ជន្មាយុ​៨៥ឆ្នាំ។

ថ្លែង​ពីលើ​វេទិកា​សម័យ​ប្រជុំ​នោះ ដែលមាន​ឥស្សរជន​បរទេស​ដ៏ល្បីៗ​ជាច្រើន​ចូលរួម បែបយ៉ាង​អតីត​អគ្គលេខាធិការ​អូតង់ លោកXavier Solana ដែល​ទទួលស្គាល់​គុណូបការ​លោកPrimalov ខាង​ធានា​សន្តិសុខ​និង​ស្ថិរភាព​នៅក្នុង​លោក លោក​ប្រធានាធិបតី​ពូទីន​ដោយនិយាយ​ប៉ះ​លើ​ទំនាក់ទំនង​ជាមួយ​ស.រ.អា.បាន​មាន​ប្រសាសន៍៖

-លោក Primalov កាល​គាត់​នៅរស់ តែង​ប្រាកដ​ក្នុងចិត្ត​ថា រុស្ស៊ី​ត្រូវតែ​មាន​ទំនាក់ទំនង​ស្ថាបនា​និង​ល្អ​ធម្មតា​ជាមួយ​បណ្តា​ប្រទេស​ខាងលិច។ តបនឹង​សំនួរ៖​ តើ​នៅក្នុង​លោក​យើង​សព្វថ្ងៃ រុស្ស៊ី​អាច​ចង​មិត្តភាព​ជាមួយ​គ្រប់ប្រទេស​ទាំងអស់​ឬ? គាត់​បាន​ឆ្លើយថា ច្បាស់ជា​មិន​អាច​ឡើយ ប៉ុន្តែ​យើង​អាច​ហើយ​យើង​ត្រូវតែ​ធ្វើការងារ​រួម​ជាមួយ​គេ។ លោកPrimalov​ក៏បាន​យល់ឃើញ​ថា បើ​មិន​តាំងភាព​ជាដៃគូ​ឲ្យបាន​ហ្មត់ចត់​ជាមួយ​ស.រ.អា.​ទេ គឺ​ពិបាក​ដោះស្រាយ​បញ្ហា​ធំៗ​ក្នុង​លោក​បច្ចុប្បន្ន។ លោក​ពូទីន​សំដែង​ការ​សោកស្តាយ​ដែល​នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ទំនាក់ទំនង​រុស្ស៊ី-អាមេរិក​បាន​ស្រុតចុះ​អាក្រក់​មែនទែន ប៉ុន្តែ​តាម​សំដី​គាត់ មិនមែន​មកពី​កំហុស​រុស្ស៊ី​ឡើយ។

តាម​ប្រសាសន៍​លោក​ពូទីន៖ យុទ្ធនាការ​បោះឆ្នោត​នៅ​ស.រ.អា.បាន​ចប់​សព្វគ្រប់​ទៅហើយ ជាង​១ខែ​ទៀត​នឹងមាន​ប្រធានាធិបតី​ថ្មី​ឡើង​កាន់​តំណែង​ខ្លួន ក្នុង​សេតវិមាន​ក្រុង​វ៉ាស៊ីនតោន។ ខ្ញុំ​ចង់សំដែង​នូវ​ជំនឿ​ថា ខណៈនោះ នឹងមាន​លេច​ចេញមក​ភ័ព្វ​សំណាង​ដើម្បី​រៀបរយ​ទំនាក់ទំនង​រុស្ស៊ី-អាមេរិក​ឲ្យបាន​ធម្មតា​វិញ ដ្បិតវា​សំខាន់​មិន​គ្រាន់តែ​សម្រាប់​ប្រជាជន​ប្រទេស​ទាំងពីរ​ប៉ុណ្ណោះ​ទេ តែក៏​សម្រាប់​សហគមន៍​អន្តរជាតិ​ទាំងមូល សម្រាប់​ធានា​ស្ថិរភាព​និង​សន្តិសុខ​ក្នុង​លោក។

លោក​ពូទីន​ក៏បាន​ឲ្យដឹង​ថា នា​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​ពេល​ថ្មីៗ​ជាមួយ​លោក​ដូណាល់ ត្រាំ ភាគី​ទាំងពីរ​បាន​មូលមតិ​គ្នា​ថា ទំនាក់ទំនង​រុស្ស៊ី-អាមេរិក​បច្ចុប្បន្ន មិន​នាំឲ្យ​សោមនស្ស​ឡើយ ម៉្លោះហើយ​បានជា​ត្រូវតែ​កែវា​ឲ្យ​ប្រសើរ​ឡើង។ រួច​ដូចដែល​ខ្ញុំ​ធ្លាប់​បាន​និយាយ​ទៅ​ហើយ ភាគី​រុស្ស៊ី​ត្រៀម​ដើរឲ្យបាន​ផុត​ចំណែក​របស់​ខ្លួន​នៅលើ​ផ្លូវនេះ។

គួរ​និយាយថា លោក​ត្រាំ​ក៏​ចង់មាន​ទំនាក់ទំនង​ស្រួលបួល​ដែរ​ជាមួយ​លោក​ពូទីន។ បំណង​បែបនេះ ត្រូវបាន​គាត់​បន្លឺ​ឡើង ក្នុង​សម្ភាសន៍​ពេលថ្មីៗ ទៅ​កាសែត​The New York Time។
ប៉ុន្តែ តាំងពី​ឥឡូវ​ទៅហើយ នៅ​បស្ចិមលោក​ផ្ទាល់ មាន​បន្លឺឡើង​ជា​ការ​ទូន្មាន​លោកត្រាំ ឲ្យ​ប្រកាន់​ឥរិយាបថ​មធ្យ័ត ក្នុង​ការ​សេពគប់​ជាមួយ​រុស្ស៊ី។ ឧទាហរណ៍ នាយក​ចារកិច្ច​អាមេរិកាំង​លោក​John Brennan ក្នុង​សម្ភាសន៍​ទៅ​BBC បាន​ទូន្មាន​លោកត្រាំ​ឲ្យ​ប្រយ័ត្ន​ប្រយែង ចំពោះ​ពាក្យ​សន្យា​របស់​រុស្ស៊ី​ក្នុង​រឿង​ស៊ីរី។ តាម​សម្តី​គាត់៖ ខ្ញុំ​មិនជឿ​ឡើយថា រុស្ស៊ី​នឹង​សុខចិត្ត​ធ្វើ​សម្បទាន ដរាបណា​ដែលគេ​ចេះ​ទទួលបាន​ជោគជ័យ​លើ​សមរភូមិ​ស៊ីរី។

ចំណែក​សភា​តំណាង​អាមេរិកាំង ថ្ងៃ​៣០​វិច្ឆិកា បាន​អនុម័ត​គម្រោង​ច្បាប់ ដែល​ប្រមើល​បង្កើត​ឡើងជា​គណៈកម្មការពិសេសអន្តរក្រសួង ដែលនឹង​ជាប់ដៃ​រវល់​ខាង​ប្រឈម​ទល់នឹង​ការ​ប៉ុនប៉ង​ស្ងាត់ៗ​ពី​ខាង​រុស្ស៊ី”ជះឥទ្ធិពល​លើ​ពលរដ្ឋ​និង​រដ្ឋាភិបាល​រដ្ឋ​ឯទៀត។ តាម​មតិ​ពួក​អ្នកកាសែត គម្រោងច្បាប់​នេះ គឺមាន​ន័យ​បញ្ច្រាស​នឹង​សេចក្តី​ថ្លែងការណ៍​របស់​លោកត្រាំ​ដែល​សន្យា​កែ​ឲ្យល្អ​ឡើង​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី។ ឯកសារ​នោះ​ដែលមាន​៩៣ទំព័រ អនុម័ត​ដោយ​សម្លេង​ភាគច្រើន​លើសលុប​ដល់ទៅ​៣៩០សម្លេង​ទល់នឹង​សម្លេង​ជំទាស់​តែ​៣០ ប៉ុណ្ណោះ លើកឡើង​ថា រុស្ស៊ី​“ប្រើ​មធ្យោបាយ​ឃោសនា​មហាជន​សម្រាប់​ផ្សាយ​ដំណឹង​មិនពិត​ហើយ​ចេះតែ​ផ្តល់​ហិរញ្ញប្បទាន​ចិញ្ចឹម​បំប៉ន​ពួក​ភ្នាក់ងារ​ខ្លួន​ឲ្យ​ជះ​ឥទ្ធិពល​ស្ងាត់ៗ​ទៅលើ​ប្រជាជន​និង​រដ្ឋាភិបាល​ប្រទេស​ឯទៀត។ ឯកសារ​នោះ​ក៏​ប្រឈមនឹង​ការ​បំពាន​លើ​សិទ្ធិមនុស្ស​នៅ​រុស្ស៊ី ការ​លួច​ធ្វើឃាត​អ្នកប្រឆាំង​ដោយ​អង្គការ​សន្តិសុខ​ឬ​ថ្នាក់ដឹកនាំ​នយោបាយ​នៃ​សហព័ន្ធ​រុស្ស៊ី។

សាមគ្គី​ជាមួយ​រដ្ឋបាល​សព្វថ្ងៃ​នៃ​ស.រ.អា.គឺ​សម្ព័ន្ធមិត្ត​អង់គ្លេស​ដ៏​សែន​ជំនិត។ លោក​រដ្ឋមន្ត្រី​ការពារជាតិ​អង់គ្លេស Michael Fallon ទូន្មាន​លោកត្រាំ​ឲ្យ​និយាយ​ជាមួយ​រុស្ស៊ី​ដោយ​កុំ​លើក​រុស្ស៊ី​ឲ្យមាន​ស្ថានភាព​ស្មើនឹង​អាមេរិក គឺត្រូវ​ស្ថិតនៅ​ក្នុង​កម្រិត​ខ្ពស់ជាង​រុស្ស៊ី។ តាម​សំដី​គាត់៖

-លោកត្រាំ​ត្រូវតែ​ចេះញែក​ឲ្យនៅ​ដាច់​ពីគ្នា វោហារ​ពោលក្នុង​សម័យ​ឃោសនា​បោះឆ្នោត និង​ការ​អនុវត្ត​ជាក់ស្តែង។ រដ្ឋបាល​អាមេរិកាំង​ណា​ក៏ដោយ ពេល​ដឹកនាំ​ប្រទេស គឺ​តែង​ប្រឈម​ជានិច្ច​ទល់នឹង​រុស្ស៊ី។ យើង​មិន​និយាយ​ឡើយថា កុំ​សន្ទនាអី​ជាមួយ​រុស្ស៊ី ប៉ុន្តែ​សន្ទនា​នេះ គឺ​ដោយ​កុំ​ចាត់ទុក​រុស្ស៊ី​ជា​ដៃគូ​ស្មើសិទ្ធិ។

ជា​ការ​កត់​សម្គាល់ នៅ​រុស្ស៊ី ទាំង​លោក​ប្រធានាធិបតី​ពូទីន ទាំង​លោក​រដ្ឋមន្ត្រី​ការបរទេស​ឡាវ៉្រូវ តែង​លើកឡើងពី​ជំហរ​រុស្ស៊ី​ខាង​សហការ​ជាមួយ​រដ្ឋ​បរទេស ជាពិសេស​សំដៅ​លើពួក​ប្រទេស​មហាអំណាច​នៅ​បស្ចិមលោក គឺ​ដោយឈរ​លើ​គោលការណ៍​ដូច​តទៅ៖​ចាត់ទុក​គ្នា​ជា​ដៃគូ​ស្មើភាព ស្មើសិទ្ធិ ធានា​អធិបតេយ្យ​រដ្ឋ គោរព​ផលប្រយោជន៍​គ្នា​ទៅវិញ​ទៅមក មិន​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​ម្ខាងៗ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ