ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/07 12h00 GMT

លោកពូទីន ​បើកផ្លូវឲ្យ ​អ្នកស្រុក​តំបន់បះបោរ​ខាង​កើតអ៊ុយក្រែន ​ទទួល​អត្តសញ្ញាណ​បណ្ណរុស្ស៊ី​

លោកពូទីន ​បើកផ្លូវឲ្យ ​អ្នកស្រុក​តំបន់បះបោរ​ខាង​កើតអ៊ុយក្រែន ​ទទួល​អត្តសញ្ញាណ​បណ្ណរុស្ស៊ី​
 
លោក ពូទីន កំពុង​ថ្លែងនៅសភារុស្ស៊ី Sputnik/Mikhail Klimentyev/Kremlin via REUTERS

ថ្ងៃពុធ ២៤ មេសាកន្លងទៅ លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បាន​ចុះហត្ថលេខា​លើ​ ក្រឹត្យ​ សម្រួលរបៀបរបប​ងាយ​ទទួលអត្តសញ្ញាណ​បណ្ណរុស្ស៊ី ​ចំពោះ​អ្នកស្រុក នៃ សាធារណរដ្ឋស្វ័យ​ប្រកាសដូណេត DNR និង​ សាធារណរដ្ឋស្វ័យប្រកាសលូហ្កាន់  LNR

ដែល​ស្ថិតនៅតំបន់បះបោររុស្ស៊ីនិយម នៅប៉ែកខាងកើតអ៊ុយក្រែន។

តាមប្រសាសន៍លោកពូទីន ខ្លឹមសារក្រឹត្យនេះ គឺតែក្នុងគោលដៅ មនុស្សធម៌សុទ្ធសាធ គ្មានចេតនាបង្កើតជាបញ្ហាអ្វីណា ដល់អាជ្ញាធរអ៊ុយក្រែនឡើយ កុំថាដល់ទៅជា អំពើបង្កហេតុស្អីណា។ ទោះយាំងណាក្តី ក៏ អាមេរិក​ ដែលជាខ្នងបង្អែកក្រុងគៀវ  ចាត់ទុករឿងនេះ ថាជា អំពើ បង្កហេតុមួយថ្មីទៀត ពីខាងក្រុងម៉ូស្គូ។

តាមមតិ ប្រធានាធិបតីឈ្នះឆ្នោតនៅអ៊ុយក្រែន លោក Zelensky  ក្រឹត្យលោក Putin គឺញែកឲ្យកាន់តែឃ្លាតឆ្ងាយទៅ បញ្ហារៀបរយស្ថានការណ៍ នៅតំបន់ Donbass ខាង កើត អ៊ុយក្រែន។ ចំណែកលោក Poroshenko ប្រធានាធិបតីចប់អាណត្តិ អំពាវនាវ បស្ចិមលោក ឲ្យបង្កើន ទណ្ឌកម្មប្រឆាំងរុស្ស៊ី ថែមទៀត។

ស្របនឹងក្រឹត្យនេះ អ្នកស្រុកណា ដែលរស់នៅជាប់ជាអចិន្ត្រៃយ៏លើដែនដីទាំងនេះ មានសិទ្ធិ ដាក់ ពាក្យសុំ សញ្ជាតិរុស្ស៊ី តាមសណ្តាប់ធ្នាប់ងាយស្រួល ហើយទទួល Passport រុស្ស៊ី ក្នុងរយៈពេល ៣ ខែ។

កាលពីខែ ធ្នូ ឆ្នាំ ២០១៨ សភាឌូម៉ា បានអនុម័តគម្រោងច្បាប់ ដែលបំពាក់លើប្រមុខរដ្ឋ នូវសិទ្ធិ កំណត់ ប្រភេទ ជនបរទេស ដែលមានលទ្ធភាព ទទួលសញ្ជាតិរុស្សី តាមសណ្តាប់ធ្នាប់ងាយស្រួល​។

ពាក្យថា “ ងាយទទួលបាន អត្តសញ្ញាណនោះ “ គឺជាករណីលើកលែងទេតើ។ ពីព្រោះសម្រាប់អ្នកស្រុក DNR និង LNR ចាប់ពីអំណើះតទៅ មិនចាំបាច់ប្រឡង មុខវិជ្ជាចេះ ភាសារុស្ស៊ី ហើយមិនចាំបាច់រស់នៅ បានយ៉ាងហោចណាស់ ៥ ឆ្នាំជាប់ នៅលើដែនដីរុស្ស៊ីឡើយ។

នៅរុស្ស៊ី នឹងមានការចេញឲ្យ អត្តសញ្ញាណបណ្ណ ចំនួនរាប់លាន ឫ?

ចំនួនអ្នកដែលរស់នៅតាម សាធារណរដ្ឋស្វ៍យប្រកាសទាំងពីរនោះ ស្របនឹងស្ថិតិ នៃសាធារណរដ្ឋទាំងពីរ នេះ គិតត្រឹមថ្ងៃ ១ មករា ឆ្នាំ ២០១៨ គឺ មានចំនួនប្រមាណ ៣ លាន ៧ សែននាក់ ដែលមិនស្ថិតនៅ ក្រោមអំណាចក្រុងគៀវឡើយ។

ប៉ុន្តែ អាជ្ញាធរអ៊ុយក្រែន លើកយកទិន្នន័យផ្សេងមកបង្ហាញ ។ តាមសម្តី រដ្ឋមន្ត្រីអ៊ុយក្រែន ខាងបញ្ហាដែនដី ស្ថិតនៅក្រោមការកាន់កាប់បណ្តោះអាសន្ន នៃពួកផ្តាច់ទឹកដីរុស្ស៊ីនិយម។

ចំនួននេះ បច្ចុប្បន្ន គឺ ម្តុំពី  ២,៧ លាន ទៅ ២,៨ លាន នាក់។

អ្នកស្រុកមួយភាគនៃដែនដីទាំងនេះ បានចាកចេញទៅកាន់ប្រទេសរុស្ស៊ី ទៅហើយ។ តាមតួលេខផ្លូវការនៃ ក្រសួងមហាផ្ទៃរុស្ស៊ី គិតមកដល់ខែធ្នូ ឆ្នាំ ២០១៨ ជនចំណាកស្រុកពីតំបន់នោះ មាន ជាង ១ លាន នាក់។

គេមានលក្ខន្តិកៈប្លែកខុសគ្នា ៖ ខ្លះបានទទួល ប៉ាតង់រកស៊ី , ខ្លះកាន់ លិខិតស្នាក់នៅបណ្តោះអាសន្ន , ខ្លះ បានទទួលជម្រកបណ្តោះអាសន្ន - នេះបើតាមការដំណាលឲ្យដឹងនៃ លោកស្រី Valentina Kazakova នាយិកា ស្ថាប័នអន្តោប្រវេសន៍ មហាផ្ទៃរុស្ស៊ី។

គេមិនទាន់ដឹងទេ តើ មានអ្នកស្រុកតំបន់បះបោរនោះចំនួនប៉ុន្មាន ដែលចង់ទទួលអត្តសញ្ញាណបណ្ណរុស្ស៊ី។ ស្របនឹងច្បាបរុស្ស៊ី ដើម្បី ទទួលសញ្ជាតិរុស្ស៊ី ត្រូវលាចាកសញ្ជាតិដើម ជាពលរដ្ឋអ៊ុយក្រែន។ ចំណែក នៅ អ៊ុយក្រែន ច្បាប់តម្រូវ ឲ្យពលរដ្ឋមានសញ្ជាតិតែមួយ។ បានន័យថា ដើម្បីទទួល Passport រុស្ស៊ី គឺត្រូវ បោះបង់ Passport អ៊ុយក្រែន។

តើមាន អត្តសញ្ញាណបណ្ណរុស្ស៊ី ដើម្បីអ្វី ?

Passport រុស្ស៊ី អនុញ្ញាតឲ្យ ទទួលបានរាល់សិទ្ធិជាពលរដ្ឋរុស្ស៊ី គឺ៖ សិទ្ធិដើម្បីមានលំនៅរស់នៅ សិទ្ធិបោះ ឆ្នោត សិទ្ធិធ្វើការ សិទ្ធិទទួលប្រាក់ជំនួយសង្គម។ល។ អាជ្ញាធររុស្ស៊ី អះអាងថា ខ្លួនឈានជំហាននេះ គឺតែ ក្នុង គោលដៅមនុស្សធម៌សុទ្ធសាធ ហើយចាត់ទុក សណ្តាបធ្នាប់ខាងបង់ប្រាក់ជំនួយសង្គម នៅតំបន់នោះ ថាជា” ការខ្ទប់ដង្ហើមសេដ្ឋកិច្ច “ អ្នកស្រុកនៅទីនោះ ពីខាងក្រុងគៀវតែម្តង។

ជាការបង្ហាញកម្លាំងសាច់ដុំ ឲ្យប្រធានាធិបតីថ្មី នៅអ៊ុយក្រែន បានឃើញ ជាមុន ឬ ?

តាំងពីចប់ទៅ ការបោះឆ្នោតប្រធានាធិបតីនៅអ៊ុយក្រែន កន្លងផុត ៥ ថ្ងៃហើយ ។ គជប បានប្រកាស លទ្ធផលផ្លូវការ ដែល បញ្ជាក់ពីជ័យជំនះ តារាកំប្លែង លោក Volodymyr Zelensky ដែលបានទទួល ទៅហើយ សារអបអរ ពី មេដឹកនាំធំៗក្នុងលោក ។ ប៉ុន្តែ លោកពូទីន នៅមិនទាន់បញ្ជូនសារអបអរ ឡើយ។ តាមអ្នកនយោបាយវិទូរុស្ស៊ី លោក Andrei Kolesnikov  ៖ ក្រេមឡាំងត្រូវឲ្យសញ្ញា ដាស់សតិ លោក Zelensky ថា ក្នុងទំនាក់ទំនងរុស្ស៊ី-អ៊ុយក្រែន រាល់អ្វីៗលែងជាការងាយស្រួលឡើយ គឺត្រូវ ចាប់ផ្តើមជាថ្មី ឡើងវិញ។

តើអាជ្ញាធរអ៊ុយក្រែន នឹងចាត់វិធានការបែបណា ទល់នឹងរុស្ស៊ី?

ប្រធានាធិបតីចប់អាណត្តិ លោក Poroshenko  ដែលនៅមិនទាន់ផ្ទេរកៅអីខ្លួន ទៅប្រធានាធិបតីឈ្នះឆ្នោត ថ្លែងថា ៖ ការចេញអត្តសញ្ញាណបណ្ណរុស្ស៊ី ដោយខុសច្បាប់ គឺជា ការប៉ុនប៉ង ដោះសារ និង ផ្តល់លក្ខណៈ ស្របច្បាប់ ដល់វត្តមានយោធារុស្ស៊ី នៅតំបន់ Donbass ។ ជាការកត់សម្គាល់ វត្តមានបែបនេះ សូម្បីតែ ពួកអ្នកសង្កេតការណ៍ របស់ អង្គការដើម្បិសន្តិសុខនិងសហប្រតិបត្តិការនៅអឺរ៉ុប  OSCE ប្រចាំតំបន់នោះ ក៏ បដិសេធ មិនទទួលស្គាល់ឡើយ។

ចំណែកប្រធានាធិបតីឈ្នះឆ្នោត លោក Zelensky  បានចេញសេចក្តីថ្លែងការណ៍ដែលថា តាមរយៈសេចក្តី សម្រេចនេះ រុស្ស៊ី ទទួលស្គាល់នាទីទទួលខុសត្រូវ ជា ប្រទេសកាន់កាប់តំបន់បះបោរ Donbass ។ រីឯ ក្រសួងការបរទេសអ៊ុយក្រែន អំពាវនាវ អ្នកស្រុក DNR និង LNR កុំឲ្យលង់ខ្លនទទួល Passport រុស្ស៊ី ។

ជាតិរុស្ស៊ី អន់ជាង ជាតិ ប៉ូឡូញ រូម៉ានី និង ហុងគ្រី ឬ?

 ថ្លែងក្នុងសន្និសីទកាសែត ក្រោយពីចប់ទៅ កិច្ចចរចា នៅក្រុង Vladivostok ជាមួយអគ្គមគ្គុទេសក៏ កូរ៉េខាងជើង គិម ជុង អ៊ុន តបនឹងសំណួរទាក់ទងនឹងក្រឹត្យគាត់ ដែលសម្រួលការចេញ អត្តសញ្ញាណបណ្ណ រុស្ស៊ី ឲ្យអ្នកស្រុកនៅ DNR និង LNR លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន ថ្លែងជាអាទិ៍ ៖

-រដ្ឋប៉ូឡូញសឹង ១០ ឆ្នាំមកហើយ ចេញ អត្តសញ្ញាណបណ្ណប៉ូឡូញ ឲ្យជនជាតិខ្លួនដែលរស់នៅអ៊ុយក្រែន ដូច រូម៉ានី និង ហុងគ្រី បានចេញ អត្តសញ្ញាណបណ្ណរដ្ឋខ្លួន ឲ្យទៅជនជាតិខ្លួន ដែលរស់នៅអ៊ុយក្រែន ម៉្លោះហើយ បានជា ខ្ញុំសូមចោទជាសំណួរ តើជនជាតិរុស្ស៊ី ដែលរស់នៅអ៊ុយក្រែន អន់ជាង ជនជាតិប៉ូឡូញ រូម៉ានី ហុងគ្រី ឫ ជាតិអ៊ុយក្រែន ដែលក៏រស់នៅទីនោះ ដែរ ឬ? ៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • រុស្ស៊ី-កូរ៉េខាង​ជើង ៖ ជំនួបកំពូល លើក​ដំបូង​ រវាង​ លោក គីម ជុង អ៊ុន និង​លោក ពូទីន

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    សំណុំរឿង​រុស្ស៊ី៖ របាយការណ៍​របស់​រដ្ឋអាជ្ញា​ពិសេសគ្មាន​ដាក់​បន្ទុកលើ​លោកដូណាល់​ត្រាំ

    ស្វែងយល់បន្ថែម

  • ភ្ញៀវប្រចាំថ្ងៃ

    ​លោកស្រី ​ឡុង ​គឹមហ៊ាង​៖ ​ប្រសិន​បើ​នៅ​តែ​គ្មាន​ចម្លើយ​ពី​ស្ថាន​ទូត​រុស្ស៊ី ​ខ្ញុំ​នឹង​ធ្វើ​ការ​តវ៉ា​រាល់​ថ្ងៃ​

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ