អានតួអត្ថបទ
រុស្ស៊ី

ម៉ូស្គូ ចោទ ក្រុងវ៉ាស៊ីនតោនថា បង្កើន​ភាព​តាន​តឹង​យោធា​ ដោយ​បាញ់​បង្ហោះ​មីស៊ីលថ្មី ​

ថ្ងៃអង្គារ ២០ សីហា រុស៊ី ថ្លែងចោទសហរដ្ឋអាមេរិកថា “បង្កើនភាពតានតឹងយោធា” ក្រោយពី បានប្រកាសការបាញ់សាកល្បងជាលើកដំបូង មីស៊ីលថ្មីរយៈចម្ងាយមធ្យម។ ការបាញ់សាក​ល្បងនេះ​ បានប្រព្រឹត្តទៅ ដោយមកពី សន្ធិសញ្ញាហាមប្រាមមីស៊ីលនុយក្លេអ៊ែររយៈខ្លីនិងមធ្យម  INF លែង​មាន​សុពលភាពទៅ។ សន្ធិសញ្ញានេះ ហាមមិនឱ្យ រុស្ស៊ី និង អាមេរិកប្រើមីស៊ីលមាន​មូលដ្ឋាន​លើដីគោក អាចបាញ់ទៅចម្ងាយមធ្យម គឺ ពី ៥០០ ដល់ ៥.៥០០គីឡូម៉ែត្រ។  

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Serguei Riabkov
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Serguei Riabkov @AFP/YURI CORTEZ
ផ្សាយពាណិជ្ជកម្ម

ការបាញ់សាកល្បងមីស៊ីលថ្មីអាមេរិកាំង បានប្រព្រឹត្តទៅយ៉ាងជោគជ័យ ថ្ងៃអាទិត្យ ទី​១៨សីហា  ចេញពីកោះ San Nicolas ក្នុងលំហសមុទ្រ ខាងលិចពីឆ្នេរនៃរដ្ឋ Californie។ ​នេះបើតាម​ប្រភពក្នុង​មន្ទីរបញ្ចកោណ ដែលលម្អិថា វាជា ប្រភេទមួយ នៃមីស៊ីល​បណ្តែតសម្រាប់វាយប្រហារ ពីដីទៅដី ធុន Tomahawk

រូបភាពផ្សាយដោយកងទ័ពអាមេរិកាំង បង្ហាញឱ្យឃើញ មីស៊ីល ដែលបាញ់ចេញពីជើងបញ្ឈរ ត្រង់ភ្លឹង ទៅលើ នៃប្រព័ន្ធ M-41

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Serguei Riabkov ថ្លែងថា «ម៉ូស្គូ សម្តែងការសោកស្តាយ ចំពោះការ​បាញ់បង្ហោះនេះ ។ អាមេរិក​ប្រកាន់យកច្បាស់ក្រឡែត ផ្លូវដែល ឆ្ពោះទៅ បង្កើនភាពតានតឹងយោធា ប៉ុន្តែយើងមិនលង់ខ្លួនទៅតាមអំពើបង្កហេតុឡើយ»។

តាមលោក Riabkov បើគិតក្រោយពី សន្ធិសញ្ញា  INF ស្លាប់ទៅ  អាមេរិក​ “មានពេលខ្លីណាស់ “ សម្រាប់ បាញ់សាកល្បងមីស៊ីលថ្មី បានសម្រេចដូចចិត្តយ៉ាងនេះ ហេតុដែលសឱ្យឃើញថា ក្រុងវ៉ាស៊ីនតោន បានរៀបចំខ្លួនតាំងពីយូរមកហើយ មុនពេលសម្លាប់ចោល សន្ធិសញ្ញានេះ។

មន្ត្រីការទូតជាន់ខ្ពស់រុស្ស៊ីនេះ ក៏បញ្ចេញយោបល់ថា ៖ ការដែល អាមេរិក ប្រើមីស៊ីល Tomahawk និងជើង បាញ់បង្ហោះវា ធុន M-41 មានន័យថា “ ប្រព័ន្ធទាំងនេះ នឹងត្រូវប្រើមិនគ្រាន់តែ ដើម្បីបង្ហោះមីស៊ីលខាងស្កាត់ចាប់មីស៊ីលដទៃឡើយ ប៉ុន្តែក៏ដើម្បីបាញ់បង្ហោះមីស៊ីលបណ្តែត ដែលអាចហោះទៅចម្ងាយឆ្ងាយៗ។ 

ក្រោយពីចរចាគ្នាអស់ ៦ ខែ រវាង គូភាគីដែលសុទ្ធតែថ្លង់ រុស្ស៊ី និង អាមេរិក នៅដើមខែសីហា បាន សម្រេច ដកខ្លួនដូចគ្នាចេញពី សន្ធិសញ្ញាដែលហាមប្រាមមីស៊ីលនុយក្លេអ៊ែររយៈខ្លីនិងមធ្យម INF ដែលការចុះហត្ថលេខាលើវា ក្នុងឆ្នាំ ១៩៨៧ មានន័យថា បញ្ចប់យុគសង្គ្រាមត្រជាក់ បញ្ចប់វិបត្តិមីស៊ីលសូវៀត ពង្រាយនៅអឺរ៉ុប ធុន SS-20 ដែលពាំផ្ទុកក្បាលនុយក្លេអ៊ែរ។

សន្ធិសញ្ញានេះ ត្រូវបានបរិហារដោយ លោកប្រធានាធិបតីអាមេរិកាំង ដូណាល់ ត្រាំ ថ្ងៃ ១ កុម្ភៈ រួចនៅថ្ងៃ បន្ទាប់មក គឺដោយម៉ូស្គូ។ ប្រទេសទាំងពីរ ចោទគ្នាទៅវិញទៅមក ក្នុងរឿងបំពានលើ ឯកសារនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ