អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សូរខ្ទរ និង​ ចំហាយ នៃ World Cup -2018 ដែលបានចប់ទៅនៅរុស្ស៊ី  

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ ១៥ កក្កដា កន្លងទៅ នៅម៉ូស្គូ មានប្រព្រឹត្តទៅពិធីបិទបញ្ចប់ជាផ្លូវការ ការប្រកួតបាល់ទាត់ ពិភពលោក ឆ្នាំ ២០១៨ នៅរុស្ស៊ី ដែលក្នុងពិធីនេះ លោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន បានផ្ទេរជូនថ្នាក់ ដឹកនាំប្រទេសកាតារ នូវសិទ្ធិធ្វើជាម្ចាស់ផ្ទះ ទទួល ការប្រកួតបែបនេះ ក្នុង៤ ឆ្នាំទៀត គឺ World Cup-2022 ។  ថ្លែងក្នុងសន្និសីទកាសែត ឧទ្ទិសដល់ World Cup-2018 ដែលបានប្រព្រឹត្តទៅអស់ពេញ ១ ខែ នៅរុស្ស៊ី ប្រធានសហព័ន្ធអន្តរជាតិនៃសមាគមន៍បាល់ទាត់ជាតិ ហៅថា FIFA លោក Gianni Infantino បានចាត់ទុកការប្រកួតចាត់ចែងឡើងដោយរុស្ស៊ីជាម្ចាស់ផ្ទះថា “ល្អបំផុត” ក្នុងប្រវត្តិ World Cup ។  តើ​ក្រៅ​ពីនេះ គេ​អាច​ទាញ​លទ្ធផលអ្វី​ផ្សេងទៀត ពី​ World Cup -2018?

ទិដ្ឋភាព​ក្រុម​ជម្រើសជាតិ​បារាំងឈ្នះ ក្នុង​ការ​ប្រកួត​បាត់ពិភពលោក ថ្មីៗនេះ
ទិដ្ឋភាព​ក្រុម​ជម្រើសជាតិ​បារាំងឈ្នះ ក្នុង​ការ​ប្រកួត​បាត់ពិភពលោក ថ្មីៗនេះ REUTERS/Carl Recine
ផ្សាយពាណិជ្ជកម្ម

ប្រធាន FIFA សរសើរ ៖

“ ការប្រកួតជើងឯកពិភពលោកខាងបាលទាត់ នៅរុស្ស៊ី បានក្លាយជាការប្រកួតដ៏” ឆើតបំផុត “ ក្នុង ប្រវត្តិសាស្ត្រ - សេចក្តីនេះ ត្រូវបានថ្លែងក្នុងសន្និសីទកាសែត ដោយប្រធាន FIFA លោក Gianni Infantino ដែលបានសំដែងការស្ងើចសរសើររបស់ខ្លួន ចំពោះការចាត់ចែង និង បរិយាកាសនៃការប្រកួត។ នេះជា World Cup សែនខ្ញង់ សឹងមិនអាចជឿបាន។ ខ្ញុំហ៊ានសន្និដ្ឋានបែបនេះ ពីព្រោះខ្ញុំមានបទពិសោធន៍ខាង ចាត់ចែង មហាបុណ្យកីឡាបែបនេះ ជាង ២០ ឆ្នាំមកហើយ។ បើកាលពី ២ ឆ្នាំមុន ខ្ញុំបាននិយាយថា ការប្រកួត World Cup នៅរុស្ស៊ី នឹងមានរូបភាពល្អបំផុត ក្នុងគ្រប់កាលសម័យទាំង ៨៨ ឆ្នាំ របស់វា នោះ ឥឡូវ ខ្ញុំអាចនិយាយអំពីរឿងនេះ ដោយកាន់តែប្រាកដក្នុងចិត្តទៅទៀត។ លោក Infantino បានបង្ហាញ ខ្លួននៅពីមុខពួកអ្នកកាសែត ដោយស្លៀកពាក់ឯកសណ្ឋានជា ជនស្ម័គ្រចិត្ត បម្រើភ្ញៀវដែលមកទស្សនា។ តាមសំដីគាត់ ជនស្ម័គ្រចិត្តបែបនេះ មានគ្នាដល់ទៅ ៥០.០០០ នាក់ រាយនៅតាមក្រុងរុស្ស៊ី ចំនួន ១១ ដែលបានទទួលការប្រកួត។ គាត់បានថ្លែងអំណរគុណ ទៅកាន់រាល់អ្នកណាដែលរួមចំណែកក្នុងការប្រកួត គឺ “ ប្រជាជនរុស្ស៊ី និង ប្រទេសរុស្ស៊ីទាំងមូល”។ World Cup-2018 តាមសំដីគាត់ គឺមានសារសំខាន់ សម្រាប់ប្រទេសរុស្ស៊ី ជាម្ចាស់ផ្ទះ ដោយវាបានបើកភ្នែកបរទេស ឲ្យយល់ឃើញផ្សេងស្រឡះ ក្នុងន័យ ល្អសុទ្ធសាធ អំពី ប្រទេសនេះ។ 

គួរនិយាយថា ស្របនឹងតួលេខ FIFA ទស្សនិកជន ដែលបានអង្គុយមើលការប្រកួតចំនួន ៦៤ លើក នៅតាមគ្រប់តែ ១២ កីឡាដ្ឋាន នៃក្រុងរុស្ស៊ី ចំនួន ១១ គឺមានចំនួន ប្រមាណ ៣ លាននាក់ពីក្នុងនោះ ភ្ញៀវបរទេស មាន ២ លាននាក់ និង ត្រូវបានតាមដានមើល តាមកញ្ចក់ទូរទស្សន៍ ដោយបណ្តាជន ដល់ទៅ ជាង ៣.០០០ លាននាក់ នៅតាមគ្រប់ច្រកល្ហកនៃផែនដី។

 

លោក ពូទីន ដឹងគុណ FIFA

លោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន ពីចំណែកគាត់ បានសំដែងអំណរគុណទៅកាន់ ប្រធាន FIFA  លោក  Gianni Infantino ចំពោះទំនុកចិត្តមកលើ ប្រទេសរុស្ស៊ី ឲ្យធ្វើជាម្ចាស់ផ្ទះ ចាត់ចែងការប្រកួតបាល់ទាត់ ពិភពលោក  World Cup-2018 ។​ តាមប្រសាសន៍លោកពូទីន ៖ ប្រទេសរុស្ស៊ី ជាប្រទេសកាន់សំដីខ្លួន ហើយ គោរពបណ្តាដៃគូខ្លួន។ ទោះបី ការប្រកួតបានចប់សព្វគ្រប់ក្តី ក៏ រុស្ស៊ី តែងរីករាយជានិច្ច នឹងទទួល “ ទាំងមិត្តចាស់ ទាំងមិត្តថ្មី”។ លោក ពូទីន គូសបញ្ជាក់ថា ៖

-ប្រទេសរុស្ស៊ី អាចមានមោទនភាព ចំពោះការចាត់ចែងការប្រកួតបាល់ទាត់ពិភពលោក លើដែនដីខ្លួន ។ យើងបានធ្វើកិច្ចការនេះ ទាំងសម្រាប់ពួកអ្នកគាំទ្រក្រុមបាល់ទាត់ជាតិយើង ទាំងសម្រាប់ពួកអ្នកចូលចិត្ត កីឡានៅរុស្ស៊ី ទាំងសម្រាប់គ្រប់តែអ្នកដែលចូលចិត្តកីឡាលើពិភពលោក។  ហើយព្រឹត្តិការណ៍ដ៏សំបើម នេះ ត្រូវបានយើងបំពេញបានរួច ក្នុងគ្រប់ទិដ្ឋភាពទាំងអស់។

មិនតែប៉ុណ្ណោះ ប្រមុខរដ្ឋរុស្ស៊ី បានសន្យានៅពីមុខពួកអ្នកកាសែត ថា សម្រាប់អ្នកគាំទ្របរទេសណា ដែល ក្នុងដំណាក់ឥឡូវ មាន ក្នុងដៃខ្លួន Passport  ជា Fan ID  ម៉ូស្គូ នឹង ផ្តល់សម្រាប់គេ គឺ របបចូលប្រទេស រុស្ស៊ី ប៉ុន្មានដង ក៏បានដែរ ដោយមិនបាច់មានទិដ្ឋាការអ្វីណាទេ លុះរហូតដល់ចុងឆ្នាំ ២០១៨ នេះ។ 

Passport  ជា Fan ID  ត្រូវបានចេញឲ្យខានមិនបាន ដល់អ្នកណាដែលមានសំបុត្រ សម្រាប់ចូលមើល ការប្រកួតនានា ក្នុងបរិវេណ World Cup ។ Fan ID  បានអនុញ្ញាត ឲ្យគេធ្វើដំណើរចូលប្រទេសរុស្ស៊ី ដោយមិនបាច់មាន ទិដ្ឋាការ  , ធ្វើដំណើរតាមរថភ្លើងទៅ កាន់កីឡាដ្ឋាននៃក្រុងណា ជាទីដែលមានប្រព្រឹត្ត ទៅ ការប្រកួតនៃក្រុមជម្រើសប្រទេសដែលគេគាំទ្រ ,  អនុញ្ញាតឲ្យធ្វើដំណើរតាមយានជំនិះ សាធារណៈ ក្នុងក្រុងនោះ ដោយសុទ្ធតែមិនបាច់បង់ថ្លៃអ្វីណាទេ។

 

កាសែតបស្ចិមលោក សុំការអភ័យទោស ពីរុស្ស៊ី ៖

កាសែតអង់គ្លេស The Guardian និង កាសែតអាល្លឺម៉ង់ Die Welt ដែលនាប៉ុន្មានឆ្នាំចុងក្រោយ ល្បីខាង នាំមុខ រលកឃោសនាប្រឆាំងរុស្ស៊ី នៅទីបំផុត បានសារភាពទទួលស្គាល់ថា ប្រព័ន្ធផ្សព្វផ្សាយបស្ចិមលោក និយាយមិនត្រឹមត្រូវទេ ដោយសរសេរភូតភរ និង ថែមទាំង មួលបង្កាច់បង្ខូចឈ្មោះប្រទេសរុស្ស៊ីទៅផង។ ការសារភាពនេះ លាន់ឮ គឺក្រោយពីឃើញ​​​ វិមានក្រេមឡាំងចេះសម្រេចបានដូចចិត្តមែន គោលដៅ ចាត់ចែងការប្រកួត World Cup ឲ្យបានក្នុងកម្រិតជំនាញយ៉ាងខ្ពស់។ ទីភ្នាក់ងារពត៏មានរុស្ស៊ី RIA Novosti បានប្រៀបប្រដូចការសារភាព ដោយកាសែតបស្ចិមលោក ទៅនឹងការរញ្ជួយដីតែម្តង។ ដ្បិត ធាតុពិត នៃ ការងារអ្នកកាសែតលោកខាងលិចនៅរុស្ស៊ី ជាបឋម គឺរាវរកចំណុចខ្វះខាត ក្នុងសង្គមរុស្ស៊ី ដើម្បី ទិតៀន ចាប់ថ្នាក់ មេដឹកនាំរុស្ស៊ី ។ ការចុះផ្សាយពត៏មានអំពីប្រទេសរុស្ស៊ី គ្រាន់តែជារឿងបន្ទាប់បន្សំទេតើ។

 

អំពីចំហៀងហិរញ្ញវត្ថុ ផងទាំងឡាយនៃ World Cup កន្លងទៅ ៖

តាមការចុះផ្សាយឲ្យដឹង នៃ ទីភ្នាក់ងារពត៏មានរុស្ស៊ី Russian Business Consulting ៖

-បើមុនការប្រកួតនេះ ក្រុមជម្រើសបាល់ទាត់បារាំង ថ្លៃ ៦៣៦ លាន អឺរ៉ូ នោះក្រោយពីក្រុមនេះបានទទួល ពានរង្វាន់ជា ជើងឯកពិភពលោក តម្លៃនេះ វាត់ដល់ ១.១០០ លាន អឺរ៉ូ ឯណោះ។

-ក្នុងរយៈពេល ៣០ ថ្ងៃ នៃការប្រកួត ភ្ញៀវបរទេស បានចំណាយនៅរុស្ស៊ី អស់ ១.៥០០ លានដុល្លារ ពី ក្នុង នោះ ភ្ញៀវមកពីកាតារ គ្រាន់តែក្នុងមួយថ្ងៃ ដោយទិញវត្ថុ តែ ៤ បានចំណាយអស់ជាង ១២ ម៉ឺន ដុល្លារ។

-ប្រព៍ន្ធផ្សព្វផ្សាយអង់គ្លេស BBC បានឲ្យដឹងថា ចំណូល FIFA បានមកពីពួក Sponsor បើប្រៀបទៅនឹង ៤ ឆ្នាំមុន នៅប្រេស៊ីល បានធ្លាក់ចុះពី ១.៦២៩ លានដុល្លារ ដល់ ១.៤៥០ លាន ដុល្លារ ។

World Cup-2018 នៅរុស្ស៊ី បានបិទបញ្ចប់ក្រោមបាវចនាថា ៖ បារាំងទៅមុខតទៅទៀត , អរគុណប្រទេស រុស្ស៊ី , ចាំជួបគ្នាជាថ្មី នៅកាតារ ក្នុងឆ្នាំ ២០២២ ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ